en     km
en     km

«​ឧត្តម​ឆន្ទៈ​បៃតង​» ពង្រីង​សមត្ថភាព​យុវ​ជន​ជួយ​សង្គ្រោះ​បរិស្ថាន​កម្ពុជា

Share

ភ្នំពេញ​៖​ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បញ្ហា​បរិស្ថាន​មាន​ដូច​ជា​ ការ​កើនឡើង​កម្តៅ​ផែនដី​ ទឹកជំនន់​ ការ​បំពុល​បរិយាកាស​ បញ្ហា​សំរាម​ ការ​ដាំ​កូន​ឈើ​ដើម្បី​ជួយ​សង្គ្រោះ​បរិស្ថាន​ជាដើម​ ត្រូវ​បាន​គិត​គួរ​និង​យកចិត្តទុកដាក់​បាន​ប្រសើរ​ជាង​មុន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​នោះ​ក៏​មានការ​ចូលរួម​សកម្មភាព​ពី​អង្គការ​សង្គម​ស៊ី​វិល​ ប្រជាពលរដ្ឋ​ និង​យុវជន​ផង​ដែរ​។​ ទន្ទឹម​នឹង​ការ​យកចិត្តទុកដាក់​នេះ​ យុវជន​កម្ពុ​ជាមួយ​ក្រុម​បាន​នាំ​គ្នា​ផ្តួចផ្តើម​គំនិត​បង្កើត​កម្មវិធី​ផ្សេងៗ​ដែល​ជួយ​ដល់​បរិស្ថាន​តាម​រយៈ​ការ​បញ្ជ្រាប​ចំណេះដឹង​នានា​ពី​បរិស្ថាន​ក្រោម​ឈ្មោះ​ថា​ «​ឧត្ដម​ឆន្ទៈ​បៃតង​»​។​

​ឧត្ដម​ឆន្ទៈ​បៃតង​ បង្កើត​ឡើង​ក្នុង​គោលបំណង​ជួយ​ដល់​បរិស្ថាន​ បង្ហាញ​ពី​ការ​ព្រួយបារម្ភ​នានា​របស់​យុវជន​ ចំពោះ​ផល​ប៉ះពាល់​មួយ​ចំនួន​ ខណៈ​ដែល​មនុស្ស​ពុំ​បាន​យកចិត្តទុកដាក់​ថែរក្សា​បរិស្ថាន​។​«​ឧត្តម​ឆន្ទៈ​បៃតង​»​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ ដោយ​យុវជន​មួយ​ក្រុម​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​មាន​គ្នា​ ៥​ នាក់​រួម​មាន​ លោក​សុខ​ ឡាក់​ កញ្ញា​លី​ សុខ​ចេ​ង​ លោក​ គី​ វាសនា​ កញ្ញា​ វន​ ឆ​យ​សុ​នាថ​ និង​ លោក​ សំអាត​ ម៉ារ​ឌី​ ។​​

talk
សិក្ឋាសាលាស្តីពីបរិស្ថានទីក្រុង

ក្រុម​យុវជន​នេះ​ យល់​ថា​ ការ​ជួយ​សង្គ្រោះ​បរិស្ថាន​ ការ​បញ្ជ្រាប​ចំណេះដឹង​ពី​បរិស្ថាន​ដល់​យុវជន​និង​ប្រជាពលរដ្ឋ​ ជា​គន្លឹះ​មួយ​ក្នុង​ការ​រួមចំណែក​ជួយ​ដល់​ប្រទេស​កម្ពុជា​ឱ្យ​មាន​បរិស្ថាន​ល្អ​។​ ការ​បញ្ជ្រាប​ចំណេះដឹង​នេះ​ ធ្វើ​ឡើង​តាម​រយៈ​រូបភាព​និង​សកម្មភាព​ផ្សេងៗ​ ដូច​ជា​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​តាម​រយៈ​សកម្មភាព​របស់​យុវជន​ ផ្តល់​ឱកាស​ឱ្យ​យុវជន​ជជែក​ពី​បញ្ហា​បរិស្ថាន​ ការ​បង្រៀន​ដល់​យុវជន​និង​ពលរដ្ឋ​ពី​ការ​ប្រធានបទ​នានា​ស្តី​ពី​បរិ​ស្ថា​ ការ​តាំង​ពិ​ព័​ណ៏​ ការ​ជិះ​កង់​ដើម្បី​បរិស្ថាន​ ដំណើរ​កម្មសិក្សា​ ការ​ដាំ​ដើមឈើ​តាម​សហគមន៍​ និង​ការងារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​បរិស្ថាន​។​

យុវជន​ជា​សហ​ស្ថាបនិក​នៃ​គម្រោង​ឧត្ដម​ឆន្ទៈ​បៃតង​របស់​ «​សម្ព័ន្ធ​អ្នក​សរសេរ​»​ លោក​ សុខ​ ឡាក់​ ក្នុង​វ័យ​ ២៧​ ឆ្នាំ​មានបាន​ឱ្យ​ដឹង​ថា​៖​ «​ គម្រោង​ឧត្ដម​ឆន្ទៈ​បៃតង​ បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​បរិស្ថាន​ ព្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ យុវជន​កម្ពុជា​ បើ​និយាយ​ពី​ការ​យល់​ដឹង​ពី​បញ្ហា​បរិស្ថាន​ គឺ​នៅ​មាន​កម្រិត​នៅឡើយ​ ពុំ​ទាន់​យល់​ដឹង​ទូលំទូលាយ​ពី​បញ្ហា​បរិស្ថាន​ទេ​…​ ទោះបី​កម្ពុជា​ជា​ប្រទេស​មាន​អំណោយផល​ពី​ធនធានធម្មជាតិ​ច្រើន​ក្តី​…​ ប៉ុន្តែ​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​តែង​មើល​រំលង​បញ្ហា​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ជា​រៀងរាល់ថ្ងៃ​»​។​

លោក​ សុខ​ ឡាក់​ មាន​ប្រសាសន៍​ថា​៖​ «​ឆន្ទៈ​បៃតង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែសីហា​ ឆ្នាំ​ ២០១៣​ គោលបំណង​របស់​គ​ម្រា​ង​នេះ​ គឺ​ចង់​អភិវឌ្ឍ​ផ្នត់គំនិត​យុវជន​កម្ពុជា​ ឱ្យ​មាន​ផ្នត់គំនិត​បៃតង​ក្នុង​សកម្មភាព​លើ​បរិស្ថាន​ និង​ជំរុញ​ឲ្យ​យុវជន​មានការ​ចូលរួម​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​ព្រឹត្តិការ​ណ៏​សង្គម​ដែល​ទាក់ទង​នឹង​បរិស្ថាន​»​។​​

cycling
កម្មវិធីជិះកង់ដើម្បីបរិស្ថាន

កញ្ញា​ លី​ សុខ​ចេ​ង​ បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​ ៤​ នៃ​វិទ្យាស្ថាន​ភាសាបរទេស​ ហើយ​ក៏​ជាស​មា​ជិ​ស្នូរ​មួយ​រូប​នៃ​ក្រុម​យុវជន​ឧត្ដម​ឆន្ទៈ​បៃតង​ក៏​បាន​រៀបរាប់​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ចំពោះ​បញ្ហា​បរិស្ថាន​ដែរ​ថា​ បញ្ហា​បរិស្ថាន​ មិនមែន​ជា​បញ្ហា​របស់​កញ្ញា​ ឬ​បញ្ហា​របស់​ន​ណា​ម្នាក់​នោះ​ទេ​។​ បញ្ហា​បរិស្ថាន​ វា​ជា​បញ្ហា​របស់​មនុស្ស​ទាំងអស់​គ្នា​ ដូច្នេះ​ហើយ​មនុស្ស​ម្នាក់​នៅ​ក្នុង​សង្គម​ត្រូវ​តេ​គិត​គួរ​បញ្ហា​បរិស្ថាន​មាននៅ​ក្នុង​សង្គម​របស់​ខ្លួន​ ហើយ​ចាប់ផ្តើម​បង្កើត​ឬ​បង្ហាញ​សកម្មភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រួម​គ្នា​ បើ​ពុំនោះ​ទេ​បរិយាកាស​សង្គម​ដែល​ខ្លួន​រស់នៅ​នឹង​មិន​ផ្តល់​សេចក្តីសុខ​ដល់​ខ្លួន​ឡើយ​។​

យុវតី​ សុខ​ចេ​ង​ បាន​បន្ត​លើក​ឡើង​ផង​ដែរ​ថា​៖​ «​ការ​ចូលរួម​សកម្មភាព​ធ្វើ​ការងារ​ជាមួយ​ក្រុម​យុវជន​ឧត្ដម​ឆន្ទៈ​បៃតង​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​ផ្លាស់​ប្តូរ​ការ​គិត​បាន​ច្រើន​ជា​មុន​ ខ្ញុំ​បាន​យល់​ច្រើន​ពី​បញ្ហា​បរិស្ថាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​និង​តាម​ជនបទ​ដូច​ជា​ របៀប​គ្រប់គ្រង​សំណល់​នា​ សព្វថ្ងៃ​នៅ​មាន​កម្រិត​ ការ​បែងចែក​ប្រព័ន្ធ​លូ​បង្ហូរទឹក​ស្អុយ​ក្នុង​ក្រុង​ជាដើម​។​ …​ ខ្ញុំ​ចាប់ផ្តើម​មាននូវ​គំនិត​បៃតង​ ហើយ​បាន​អនុវត្ត​គំនិត​ទាំងនោះ​ទៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​ ជាក់ស្តែង​ខ្ញុំ​មិនសូវ​ប្រើប្រាស់​ថង់​ធ្វើ​ពី​ប្លា​ស្ទិ​ច​ឡើយ​ ហើយ​ពេលវេលា​នេះ​មិនមែន​ជា​ពេល​ដែល​យើង​ត្រូវ​រង់ចាំ​ទៀត​ទេ​ គ្រប់​គ្នា​ត្រូវ​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​ខាន​តែ​បាន​ និង​ត្រូវ​រួម​គ្នា​ដោះស្រាយ​ក្នុង​រយៈពេល​ខ្លី​បំផុត​»​។​

មាន​វ័យ​ ២០​ ឆ្នាំ​ មាន​តួនាទី​ជា​ប្រធាន​ក្រុម​នៃ​ក្រុម​យុវជន​ទទួល​ខុល​ត្រូវ​ផ្នែក​តាំង​ពិ​ព័​ណ៍​រូបភាព​របស់​ឧត្ម​ឆន្ទៈ​បៃតង​ យុវជន​ សាម​ អាន​ម៉ា​ឌី​ បាន​និយាយ​ថា​ រូបភាព​ដែល​ «​ឧត្ដម​ឆន្ទៈ​បៃតង​»​ យក​មក​ដាក់​តាំង​ ត្រូវ​បាន​ប្រមូល​រូបភាព​ពី​ការ​ប្រឡង​រូបភាព​ដែល​ជា​ស្នាដៃ​ធ្វើ​ឡើង​ដោយ​យុវជន​ ដើម្បី​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​ និង​ត្រូវ​ធានា​ថា​រូបភាព​ទាំងនោះ​មាន​អត្ថន័យ​ និង​មាន​ភាព​ទាក់ទាញ​។​​

treee
ការតាំងរូបភាពបង្ហាញពីបរិស្ថាន

អ្នក​ទទួលខុស​ត្រួ​វ​ផ្នែក​តាំង​ពិ​ព័​ណ៍​រូបភាព​រូប​នេះ​ បាន​រម្លឹក​ពី​បទ​ពិសោធន៍​របស់​ខ្លួន​ បន្ទាប់​ពី​បាន​ចូលរួម​សកម្មភាព​ជាមួយ​ «​សម្ព័ន្ធ​អ្នក​សរសេរ​»​ ធ្វើ​ការងារ​ក្នុង​គម្រោង​ឧត្ដម​ឆន្ទៈ​បៃតង​រួច​មក​ថា​ រូបគេ​អាច​ជួយ​ដល់​បរិស្ថាន​នៅ​ក្នុង​សង្គម​បាន​ច្រើន​ តាម​រយៈ​ចំណេះដឹង​និង​ជំនាញ​មួយ​ចំនួន​ដែល​ទទួល​បាន​ រួម​មាន​គ​ន្លឹៈ​ក្នុង​ការ​សម្រេចចិត្ត​ របៀប​ទំនាក់ទំនង​ របៀប​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ ការ​រៀបចំ​និង​ចាត់ចែង​គម្រោង​ ការ​រៀបចំ​ធ្វើ​ផែនការ​ និង​ការ​រ​រៀបចំ​ដំណើរការ​នៃ​ការ​តាំង​ពិ​ព័​ណ៍​រូបថត​ជាដើម​។​ ក្រៅពី​នេះ​ ឧត្ដម​ឆន្ទៈ​បៃតង​បាន​ជួយ​ឲ្យ​រូបគេ​មាន​ជំនឿ​លើ​ខ្លួនឯង​ មាន​ភាព​បត់បែន​តាម​កាលៈទេសៈ​ និង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការងារ​។​

ឧត្ដម​ឆន្ទៈ​បៃតង​ បច្ចុប្បន្ន​មាន​សមាជិក​ស្នូរ​ព្រមទាំង​ក្រុម​យុវជន​ស្ម​គ្រ័​ចិត្ត​ចូលរួម​ទាំងអស់​មាន​ចំនួន​ជាង​ ៤០​ នាក់​ និង​មាន​ដៃគូ​សហការ​ ២៦​ អង្គភាព​ផ្សេងៗ​គ្នា​ក្នុង​គោលបំណង​បង្កើត​ឱ្យ​មាន​ព្រឹត្តិការ​ណ៏​ដូច​ជា​៖​ ការ​ដាំ​ដើមឈើ​ ការ​ប្រឡង​រូបថត​ ការ​ប្រឡង​សំ​នេ​រ​ ការ​បង្ហាញ​ជា​រូបថត​ ការ​ធ្វើ​បទ​បង្ហាញ​ ដំណើរ​កម្មសិក្សា​ កម្មវិធី​ឯកអគ្គរាជទូត​បរិស្ថាន​ ដំណើរ​កម្មសិក្សា​ សិក្ខា​សិលា​ ជិះ​កង់​បៃតង​ ការ​ជប់លៀង​បៃតង​ និង​សកម្មភាព​មួយ​ចំនួន​ទៀត​ ដែល​បាន​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​យល់​ដឹង​ពី​បុព្វហេតុ​និង​ហានិភ័យ​នៃ​ការ​បំពុលបរិស្ថាន​ឡើង​វិញ​។​

ត្បិត​ ឧត្ដម​ឆន្ទៈ​បៃតង​ បាន​ធ្វើ​ការងារ​ជួយ​បរិស្ថាន​ និង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​សកម្មភាព​ជួយ​ដល់​បរិស្ថាន​ក៏​ពិតមែន​ ប៉ុន្តែ​ឧត្ដម​ឆន្ទៈ​បៃតង​ពុំ​ទាន់​មាន​ទីតាំង​ទីស្នាក់ការ​ឡើយ​នៅ​ពេល​នេះ​។​ ឧត្ដម​ឆន្ទៈ​បៃតង​ នៅ​តែ​បន្តសកម្មភាព​បញ្ជ្រាប​ចំណេះដឹង​ដល់​យុវជន​ឲ្យ​ចូលរួម​ស្វែង​យល់​ពី​បញ្ហា​បរិស្ថាន​ ដើម្បី​លើ​កម្ពស់​សម្រស់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕

Share

Image
Image
Image