ភ្នំពេញ៖ ប្រហែលមិនយូរមិនឆាប់ទេ ប្រធានគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួន អាចនឹងវិលចូលកម្ពុជាវិញ តាមរយៈមធ្យោបាយរបស់សហគមន៍អន្ដរជាតិ ដែលត្រូវអន្តរាគមន៍ជាបន្ទាន់ បើករណីលោក សម រង្ស៊ី ដើរដល់ចំនុចចាំបាច់ត្រូវអន្ដរាគមន៍។ នេះជាការយល់ឃើញរបស់អ្នកវិភាគ ដែលវិទ្យុស្ដ្រី បានសុំពួកគាត់វិភាគអំពីយន្ដការ របស់សហគមន៍អន្ដរជាតិ ករណីលោក សម រង្ស៊ី។
អ្នកវិភាគបានផ្ដល់ជាគំនិតថា មធ្យោបាយដែលធ្វើឲ្យលោក សម រង្ស៊ី វិលចូលស្រុកបាន គឺ តាម រយៈ អន្ដរាគមន៍ ពី សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងលោក សម រង្ស៊ី ផ្ទាល់ ដែលត្រូវស្នើទៅកាន់អង្គការសហប្រជាជាតិ ។
តើអ្នកវិភាគមានហេតុផលអ្វីខ្លះ បានជាអះអាងដូចនេះ ? សូមស្ដាប់បទវិភាគ ដែលរៀបរៀងដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖
រយៈពេលចុងក្រោយនេះ លោក សម រង្ស៊ី បានបង្ហាញភាពអន្ទះសា របស់លោកដើម្បីចង់ចូលប្រទេសវិញ។
លោក សម រង្ស៊ី បានប្រកាសថា លោកចាំបាច់ត្រូវចូលកម្ពុជាវិញអោយខានតែបានក្នុងពេលឆាប់ៗនេះ បើទោះជាលោកត្រូវបានអាជ្ញាធរកម្ពុជាចាប់លោកដាក់ពន្ធធនាគារ ឬសម្លាប់លោក ក៏ដោយ។ លោកបានអះអាងថា អ្វីដែលលោកត្រូវត្រឡប់មកវិញនោះ គឺ ដើម្បីជួយរំដោះ សកម្មជន តំណាងរាស្ដ្ររបស់លោក និងសកម្មជនសិទ្ធិមនុស្ស ដែលកំពុងឃុំខ្លួនក្នុងពន្ធធនាគារឱ្យមានសេរីភាពឡើងវិញ។
លោកថា ការត្រឡប់មកវិញរបស់លោក ដើម្បីឱ្យអាជ្ញាធរនាំខ្លួនលោកចូលពន្ធធនាគារ ហើយដោះលែងអ្នកទោសមនសិការទាំងអស់។
ទំនងបែបនេះហើយ បានជាគណៈរដ្ឋមន្ដ្រីចេញបញ្ជាទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃឱ្យចាត់វិធានការទប់ស្កាត់ គ្រប់បែបយ៉ាងដើម្បីឃាឃាំង និងចាប់ខ្លួនមេបក្សប្រឆាំងនេះ ត្រឡប់ទៅក្រៅប្រទេសវិញ ទោះបីចូលកម្ពុជាដោយមធ្យោបាយណាក៏ដោយ ហើយបើមកទាំងយប់ចាប់បញ្ចូនទៅវិញទាំងយប់។
ឆ្លើយតបវិធានការនេះ លោក សម រង្ស៊ី ដែលកំពុងស្នាក់នៅប្រទេសបារាំង បានប្ដេជ្ញាជាថ្មីទៀតថា លោក ត្រូវតែវិលមកវិញជាដាច់ខាត បើមិនមកតាមផ្លូវអាកាស ត្រូវតែមកតាមផ្លូវគោក ឬផ្លូវទឹក ដែលលោកថា យ៉ាងយូរនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ខាងមុខនេះ។
ការអះអាងរបស់លោក សម រង្ស៊ី និងវិធានការរបស់រដ្ឋាភិបាលត្រូវបានអ្នកវិភាគបញ្ហានយោបាយ និងសង្គម មើលឃើញថា ស្ថិតក្នុងស្ថានភាពប្រឈមមុខគ្នាយ៉ាងខ្លាំង។ តែពួកគាត់ ផ្ដល់ជាអនុសាសន៍ថា យន្ដការអាចធ្វើឲ្យអ្នកនយោបាយខ្មែរត្រូវរ៉ូវគ្នាវិញ គឺ មានច្រើនយ៉ាង ក្នុងនោះយន្ដការដែលមានប្រសិទ្ធិភាពបំផុត អង្គការសហប្រជាជាតិ ចាំបាច់រៀបចំកំលាំងសន្ដិសុខ ជូនលោក សម រង្ស៊ី វិលចូលប្រទេសវិញ ជាមួយនឹងការសម្របសម្រួល នយោបាយ។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ បានលើកឡើងថា ប្រសិនបើអង្គការសហប្រជាជាតិចេញយុទ្ធនាការ ជួយអន្តរាគមន៍ គឺ កម្រិតភាគរយដែលលោក សម រង្ស៊ី ចូលស្រុកវិញបាន មានច្រើន ហើយភាគីកាន់អំណាចក៏អាចទទួលយកបានដែរ។
លោក គឹម សុខ បានពន្យល់ដូចនេះ ៖ « បើសិនជាក្នុងករណីដែលមានកិច្ចអន្ដរាគមន៍ធំ ពីប្រទេសមហាអំណាចដែលជាសមាជិកអង្គការសហប្រជាជាតិ ហើយនិងអង្គការសហប្រជាជាតិខ្លួនឯង ព្រមទាំងសហភាពអឺរ៉ុប ដែលមានឥទ្ធិពលខាងនយោបាយ ខាងហិរញ្ញវត្ថុ ខាងសិទ្ធិមនុស្ស ខាងកិច្ចការសង្គមនៅប្រទេសកម្ពុជាដែរ ជួយកម្ពុជាច្រើន គឺក្នុងករណីនេះ កម្ពុជាត្រូវពិចារណា។ មិនអាចនិយាយថា គេមិនអាចលូកលាន់បាន នេះគ្រាន់តែជាការនិយាយដោះសារក្នុងស្ថានភាពដែរ រកច្រកចេញមិនទាន់ឃើញ ថាតើសម្រួលឱ្យលោក សម រង្ស៊ី ចូលស្រុកនៅពេលណាតែប៉ុណ្ណឹងទេ»។
បើតាមលោក គឹម សុខ អង្គការសហប្រជាជាតិ អាចសម្របសម្រួលរឿងនេះបាន តាមរយៈការស្នើសុំអន្ដរាគមន៍ ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
ចំណែក លោក ឡុង គឹមឃន អ្នកសិក្សាគោលនយោបាយការបរទេស និងច្បាប់អន្ដរជាតិ លើកឡើងថា លោក សម រង្ស៊ី អាចត្រឡប់មកកម្ពុជាវិញ តាមរយៈរូបភាពពីរយ៉ាង៖
-ទីមួយ. លោក សម រង្ស៊ីខ្លួនឯងត្រូវដាក់ការស្នើសុំអន្ដរាគមន៍ ទៅសហគមន៍អន្ដរជាតិ ឬអង្គការសហប្រជាជាតិ ឲ្យជួយ។
-ទីពីរ.សហគមន៍អន្ដរជាតិ ដែលមានសហភាពអឺរ៉ុប អង្គការសហប្រជាតិ រួមទាំងបណ្ដាប្រទេសមួយចំនួនដែលមានឥទ្ធិពល ក៏អាចជួយលោក សម រង្ស៊ី បានដែរ គឺ តាមរយៈការជជែកចរចាជាមួយរដ្ឋាភិបាល និងកិច្ចព្រមព្រៀងនានា ដែលកម្ពុជាមានជាមួយប្រទេសទាំងនោះ ។
លោក ឡុង គឹម ឃន បានពន្យល់បន្ថែមដូចនេះថា ៖ «លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ គឺ លោកត្រូវស្នើសុំទៅសហគមន៍អន្ដរជាតិ មានន័យថា ជាការសរសេរលិខិតផ្លូវការ សរសេរលិខិតច្បាប់ ដើម្បីជូនដំណឹងសុំអន្ដរាគមន៍ ដាក់ទៅអគ្គលេខា ធិការដ្ឋានអង្គការសហប្រជាជាតិ ដាក់ទៅតំណាងសហគមន៍អឺរ៉ុប នៅទីក្រុងព្រុចហ្សែល ហើយលោកក៏អាចដាក់ទៅបណ្ដាប្រទេសមួយចំនួនទៀតដែរ លោកយល់ថាមានឥទ្ធិពល នៅក្នុងការជជែកចរចាជាមួយរដ្ឋាភិបាល ដើម្បីងាកមកគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយមិនបំពានរដ្ឋធម្មនុញ្ញនៃច្បាប់អន្ដរជាតិ»។
លោក ឡុង គឹមឃន បង្ហាញទស្សនៈទៀតថា លោកសម រង្ស៊ី អាចវិលត្រឡប់មកកម្ពុជាវិញបាន គឺ តាមរយៈការដាក់សំពាធជាក់ស្ដែង ពី សហគមន៍អន្ដរជាតិ។
លោក ឡុង គឹមឃន ៖«សហគមន៍អឺរ៉ុប អាចប្រើប្រាស់នូវយន្ដការ សហប្រតិបត្តិការទ្វេភាគីរវាងសហគមន៍អឺរ៉ុបនិងប្រទេសកម្ពុជា ប្រទេសមហាអំណាចមួយចំនួនទៀតអាចប្រើប្រាស់នូវយន្ដការសហប្រតិបត្តិការ ពានិជ្ជកម្មទ្វេភាគី ហើយអង្គការសហប្រជាជាតិ គាត់អាចប្រើប្រាស់នូវយន្ដការច្បាប់អន្ដរជាតិ ដែលប្រទេសកម្ពុជា ជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយបានចុះសន្ធិសញ្ញាអន្ដរជាតិជាច្រើន ដូច្នេះ ត្រូវបំពេញកាតព្វកិច្ចតាមច្បាប់អន្ដរជាតិ។ ចឹង គឺ អង្គការសហប្រជាជាតិលោកអាចបញ្ចូនតំណាង របស់ខ្លួនឯង មកប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ការពិតពីរឿងនេះ ហើយក៏ដើម្បី ជជែកជាមួយរដ្ឋាភិបាល រកដំណោះស្រាយតាមផ្លូវច្បាប់»។
ជុំវិញរឿងនេះដែរ លោក ឯម សុវណ្ណារ៉ា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ បានបញ្ចេញទស្សនៈ ដោយយល់ស្របនិងការយល់ឃើញរបស់ លោក ឡុង គឹម ឃន។
សាស្ដ្រាចារ្យ ឯម សុវណ្ណារ៉ា បានលើកឡើងបន្ថែមថា ៖ «ជាទូទៅ គេមានការលើកឡើង អំពីការឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ហើយប្រសិនបើរដ្ឋាភិបាល បិទគៀបសង្កត់គេ គឺ រដ្ឋាភិបាល រំលោភទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយ។ ចឹង សហគមន៍អន្ដរជាតិ ទាមទារឲ្យរដ្ឋាភិបាលអាចគោរពតាម ហើយប្រសិនបើរដ្ឋាភិបាលមិនគោរពតាមក្នុងករណីណាមួយ សហគមន៍អន្ដរជាតិគេអាចលើក បញ្ហាផ្សេងៗ ដូចជាកិច្ចសហប្រតិបត្តិការជាមួយនិងរដ្ឋាភិបាលកម្ពុជា គេនឹងព្យួរ ឬក៏គេនឹងដកមិនអោយនាំទំនិញចូល ឬរហូតដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច »។
លោក សម រង្ស៊ី ត្រូវបានមជ្ឈដា្ឋនមួយចំនួនដាក់រហ័ស្សនាមថា ជាអ្នកទោសដែលមិនដែលបានដេកក្នុងគុក ព្រោះលោកតែងតែវិលចូលកម្ពុជាវិញ តាមរយៈដំណោះស្រាយនយោបាយ និងការលើកលែងទោសពីព្រះមហាក្សត្រ។ ជាការពិតលោកត្រូវចូលពន្ធធនាគារ៤ដងទៅហើយ ដែលការកាត់ទោសលោកម្ដងៗមានទោសរហូតដល់២០ឆ្នាំក៏មានដែរ។
កាលពីមុន ថ្ងៃបោះឆ្នោតចូលមកដល់នៃការបោះឆ្នោតសភាឆ្នាំ២០១៣ ប្រធានគណបក្សប្រឆាំងរូបនេះ បានសម្រេចវិលចូលកម្ពុជាវិញ ដោយឯកតោភាគី តែពេលនោះ ស្ថានភាពនយោបាយហាក់អំណោយផលដល់លោកយ៉ាងខ្លាំង ទើបនាយករដ្ឋមន្ដ្រី និងព្រះមហាក្សត្រ ចេញលិខិតលើកលែងទោសអោយលោកភ្លាមៗ ពេលនោះពលរដ្ឋដែលគាំទ្រលោក អន្ទះសា រង់ចាំស្វាគមន៍លោក។ ទីបំផុត លោក បានវិលមកវិញដោយមានមនុស្សជិតមួយលាននាក់ទៅទទួលលោក នៅអាកាសយាន្ដដ្ឋានភ្នំពេញអន្ដរជាតិ។
ករណីរបស់លោកនៅពេលនេះ ទំនងជាលំបាកជាងពេលមុន ព្រោះប្រមុខរដ្ឋាភិបាលបានប្ដេជ្ញា មិនលើកលែងទោសឱ្យលោកជាដាច់ខាត ទោះក្នុងករណីបែបណាក៏ដោយ។
អ្នកវិភាគមើលឃើញថា មានតែអង្គការសហប្រជាជាតិ ចេញមុខមកសម្របសម្រួល នឹងនាំលោក សម រង្ស៊ី ផ្ទាល់ចូលប្រទេសវិញ ទើបជាឱកាសដែលមេបក្សប្រឆាំងរូបនេះ មានលទ្ធភាព ធ្វើនយោបាយដោយផ្ទាល់នៅកម្ពុជា៕