នៅរយៈពេលចុងក្រោយនេះ កម្ពុជាត្រូវបានមើលឃើញថាមានភាពកាន់តែស្និទ្ធ ជាមួយនឹងប្រទេសចិន។ ភាពស្និទ្ធស្នាលនេះបាននាំឱ្យមានការចោទសួរជាច្រើនជុំវិញ ភាពអព្យាក្រិតនៃមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ។
អ្នកវិភាគដែលវិទ្យុស្ដ្រីFM102 បានសាកសួរពួកគាត់ យល់ឃើញថា មិត្ដភាពជាប្រវត្ដិសាស្ដ្រ រវាងកម្ពុជា និងចិនពិតជានាំមកនូវការជោគជ័យ ពិតប្រាកដមែនចំពោះការអភិវឌ្ឍ ប្រទេសជាតិ ប៉ុន្ដែ ក៏ជាហានិភ័យទៅថ្ងៃអនាគតដែរ។
ពួកគាត់ថា ចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ច ដែលបានផ្ដល់ប្រាក់កម្ចីមកឲ្យប្រទេសកម្ពុជា ច្រើនសន្ធឹកសន្ធាប់ ក៏អាចនាំឲ្យកម្ពុជាឃ្លាតឆ្ងាយ ទំនាក់ទំនងការទូតនៅលើឆាកអន្ដរជាតិ ដែលធ្វើឲ្យកម្ពុជាទទួល ការអាមាស់ផ្នែកការទូត។ តែមន្ត្រីបក្សកាន់អំណាច ចាត់ទុកការវិភាគរបស់អ្នកវិភាគ លំអៀងទៅរកបក្សប្រឆាំង ហើយមិនឈរលើគោលការណ៍ យុត្តិធម៌។ កញ្ញា ឆេង ណា ជូនការវិភាគជូនលោកអ្នក ដូចតទៅ៖
ចិន និងកម្ពុជា ត្រូវបានគេមើលឃើញថា មានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាយ៉ាងជិតស្និត។ នៅលើឆាកអន្តរជាតិ គេតែងតែលឺចិន លើកសរសើរកម្ពុជា។ ប្រទេសមហាអំណាចសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីមួយនេះ ក៏តែងតែផ្តល់ជំនួយមកដល់កម្ពុជាផងដែរ តាមរយៈការជួយសាងសង់ស្ពាន ថ្នល់ និងអាគារផ្សេងៗ ហើយជំនួយទាំងនោះទៀតសោត មិនបានដាក់លក្ខខណ្ឌឱ្យកម្ពុជា ដូចប្រទេសមហាអំណាចផ្សេងៗទៀត ដែលទាមទារឱ្យកម្ពុជា ត្រូវគោរពសិទ្ធិមនុស្ស ពង្រឹងលិទ្ធិប្រជាធិបតេយ្យនោះទេ។
មិត្តភាព កម្ពុជា-ចិន គឺជាប្រវត្តិសាស្ត្រ ដែលមានឡើងតាំងពីអតីតកាល ជាពិសេស សម័យ សង្គមរាស្ត្រនិយម និងបច្ចុប្បន្ននេះ។ មិត្តភាព ដ៏គួរចំលែកមួយទៀតនោះ គឺសូម្បីសម័យខ្មែរក្រហម ដែលជារបបប្រល័យពូជសាសន៍ ក៏ប្រទេសកុម្មុយនិស្តមួយនេះ មានទំនាក់ទំនងល្អផូរផង់ជាមួយដែរ។
តើមិត្តភាពនេះនាំឱ្យកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិដែរឬទេ?
អ្នកវិភាគមើលឃើញថា បើទោះជាចិនលើក សរសើរកម្ពុជា បង្កើនទំនាក់ទំនងជាមួយកម្ពុជា និងចាត់ទុកកម្ពុជាជាបងប្អូន តែផ្ទុយទៅវិញចិនមិនបានស្មោះត្រង់ ជាមួយកម្ពុជានោះទេ ថែមទាំងនាំកម្ពុជា ឱ្យកាន់តែពិបាកថែមទៀត ជាពិសេសទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិច។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវគោលនយោបាយការបរទេស និងច្បាប់អន្តរជាតិ ពិនិត្យឃើញថា ប្រទេសនៅលើពិភពលោក មានប្រទេសមិនតិចទេ ដែលមានជំហរគាំទ្រចិន ប៉ុន្តែនៅក្នុងសន្និសីទអន្តរជាតិជាច្រើន ចិនមិនដែលលើកឡើងពីប្រទេសដ៏ទៃនោះទេ បែរជាលើកឡើងតែពីកម្ពុជាប៉ុណ្ណោះ ព្រោះតែមានផលប្រយោជន៍ជាច្រើន ជាពិសេសករណីសមុទ្រចិនខាងត្បូង។
លោកបន្តថា ការលើកយកតែកម្ពុជាតែម្នាក់ឯង កោតសរសើរ លើឆាកអន្តរជាតិនេះហើយ ដែលធ្វើឱ្យនយោបាយមិនស្មោះត្រង់ ហើយព្យាយាមអូសទាញកម្ពុជាទៅភ្ជាប់ជាមួយខ្លួនឯង ដែលនាំឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាព មិនមានមុខមាត់លើឆាកអន្តរជាតិ។
លោក ឡុង គឹមឃន ៖«តាមប្រវត្តិសាស្ត្រនយោបាយ កន្លងមក តាំងពីទស្សវត្ស៦០ នាយករដ្ឋមន្ត្រីចិន ជូ អែនឡាយ បាននិយាយចិន មិនដែលក្បត់មិត្តភក្តិចិនខ្លួនឯងនោះទេ ប៉ុន្តែជាក់ស្តែង ចិនធ្លាប់បានក្បត់កម្ពុជា»។
បែបនេះក្តី លោកថាបើទោះជា ចិនមិនស្មោះត្រង់ជាមួយកម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជាចាំបាច់ត្រូវការចិន ទាំងទីតាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងការវិវត្តិនយោបាយ ទៅថ្ងៃអនាគត។
លោក ឡុង គឹមឃន៖«រាប់អានឱ្យស្មើគ្នា កុំបង្ហាញលក្ខណៈណាមួយ ថាយើងទៅអោបទៅរិតទៅ ជ្រកទៅកោនជាមួយហ្នឹង បណ្តាប្រទេសមហាអំណាច ណាមួយ។ ទី១ ខ្ញុំមើលទៅស្ថាននយោបាយការបរទេស ក្នុងតំបន់គឺកាន់តែក្តៅទៅ ដូច្នេះទាមទារឱ្យរដ្ឋាភិបាលរបស់យើងត្រូវកំណត់នូវបន្ទាត់ក្រហមមួយ។ បន្ទាត់ក្រហមមួយហ្នឹងគឺកំណត់រវាងកម្ពជា ជាមួយនឹងចិន។ អ្វីទៅជាបន្ទាត់ក្រហម? រាប់អានចិនត្រូវការចិន ប៉ុន្តែគួរមានគោលដៅ និងការកំណត់ច្បាស់លាស់ថា តើរឿងណាដែលយើងគាំទ្រចិន ហើយយើងគាំទ្រកំរិត ហើយរឿងណាដែលយើងមិនគួរគាំទ្រចិន»។
ដោយសារតែ កម្ពុជា ទទួលបានជំនួយច្រើនពីចិន ហើយចិនក៏មិនដែលដាក់លក្ខខណ្ឌឱ្យកម្ពុជា គោរពសិទ្ធិមនុស្ស បានធ្វើឱ្យកម្ពុជា ខ្លួនឯងភ្លេច កសាងកេរ្តិ៍ឈ្មោះ នៅលើឆាកអន្តរជាតិ ហើយកម្ពុជា ក៏មិនសូវខ្វល់ពីបញ្ហា ការគោរពសិទ្ធមនុស្ស និង លិទ្ធិប្រជាធិបតេយ្យផងដែរ។ ចំណុចទាំងនេះហើយ គេតែងតែឃើញអន្តរជាតិ ជាពិសេស អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ដាស់តឿនកម្ពុជាឱ្យ ពិនិត្យមើលបញ្ហានេះឡើងវិញ។
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ មើលឃើញថា ដោយសារតែការគោរព សិទ្ធិមនុស្ស និង សិទ្ធិសេរីភាពបញ្ចេញមតិ របស់ប្រជាពលរដ្ឋ ធ្លាក់ចុះកាន់តែអាកក្រក់ បានធ្វើឱ្យកម្ពុជា បាក់មុខមាត់នៅលើ ឆាកអន្តរជាតិ។
លោកគិតថា បើកម្ពុជាចង់មានកេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិ រដ្ឋាភិបាលកម្ពុជា គួរតែពិនិត្យមើល និងកែទម្រង់ឡើងវិញ។
លោក សូ ចន្ថា៖«ប៉ុន្តែយើងមើលទៅសម្រាប់រដ្ឋាភិបាលហាក់ដូចជាមិនសូវខ្វល់ចាប់ឬក៏ចាប់អារម្មណ៍រឿងនេះទេ ដោយសារតែយើងឃើញថាអ្វីដែលរដ្ឋាភិបាល កំពុងតែធ្វើសព្វថ្ងៃលោកតែងលើកឡើងពីនិតិរដ្ឋពីការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែស្តង់ដាររបស់កម្ពុជាទៅវិញ»។
បែបនេះក្តីទាំងលោក សូ ចន្ថា និងលោក ឡុង គឹមឃន អះអាងថា កម្ពុជាមិនអាចខ្លះចិនបាននោះទេ។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សកាន់អំណាច មិនទទួលយកការបកស្រាយ របស់អ្នកវិភាគនោះទេ។ លោកថា អ្នកវិភាគទាំងនេះ មិនស្គាល់ពីអ្វីហៅថា មិត្តភាព និង សហប្រតិបត្តិការ ជាមួយប្រទេសចិន។
លោក សុខ ឥសាន៖«អារំលោភសិទ្ធិមនុស្សអាហ្នឹងគាត់ថាទេ ហើយជាក់ស្តែងមិនមានករណីហ្នឹងទេ ហើយ មិនមែនជំនួយចិន យកមករំលោភសិទ្ធិមនុស្សទេ គឺដើម្បីអភិវឌ្ឍប្រទេសជាតិ។ មិនមែនឱ្យជំនួយដើម្បីរំលោភសិទ្ធិមនុស្សណា ក៏ប៉ុន្តែរាល់ថ្ងៃនេះយើងឃើញហើយពីណាខ្លះ ចាកចោលចិន ចិនហ្នឹងគឺថាក្រោមសម្ពាធ គាបសង្កត់ រំលោភសិទ្ធិមនុស្សដូចជាពួក រ៉ូហ៊ីងយ៉ាអី ក៏ប៉ុន្តែធ្វើអីចិនកើតអាលូវហ្នឹង ទីបំផុតចិនទៅជាមហាអំណាច សេដ្ឋកិច្ចទីមួយ លើស អាមេរិចទៅទៀត ឥលូវហ្នឹងអាមេរិកចោលចិនមិចបាន ទីអោបដៃ អោបជើងចិន»។
ប៉ុន្តែអ្នកវិភាគទាំងពីរលើកឡើងថា កម្ពុជាគួរតែប្រើនយោបាយឆ្លាតវៃ ដែលធ្វើយ៉ាងណា ឱ្យទំនាក់ទំនងទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ មានតុល្យភាពរវាងគ្នា និងគ្នា ដោយមិនចាប់យកចិនតែមួយប៉ុណ្ណោះទេ។
អ្នកវិភាគ បន្តថា បើទោះជាកម្ពុជា ត្រូវការចិនយ៉ាងណាក៏ដោយ ប៉ុន្តែនៅក្នុងវិស័យនយោបាយ ការបរទេស គឺកម្ពុជាត្រូវប្រកាន់ជំហរមួយគឺមិត្តភាព ស្មើមុខស្មើមាត់៕