បន្ទាប់ពីពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ២០១៥នេះបានបិទបញ្ចប់ដោយសភាពស្ងប់ស្ងាត់ជាងបណ្តាឆ្នាំកន្លងទៅ អ្នកវិភាគសង្គមនៅកម្ពុជាយល់ឃើញ ខុសៗគ្នា ជុំវិញភាពស្ងប់ស្ងាត់នេះ។ ស្ងប់ស្ងាត់ ពីព្រោះថាអាចបណ្តាលមកពីការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចឪ កៀកនឹងពិធីបុណ្យភ្ជុំបិណ្ឌពេក ហើយមួយវិញទៀតអាចមកពីស្ថាប័នពាក់ព័ន្ធ មិនបានប្រកាសឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានទូលំទូលាយ។
ខុសពីបណ្តាឆ្នាំមុនៗ ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ២០១៥នេះបានបិទបញ្ចប់ទៅ ដោយមានតែថ្នាក់ដឹកនាំកំពូលៗ ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលតែប៉ុណ្ណោះ បានគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ កាលពីថ្ងៃទី១៥ខែតុលាម្សិលមិញ។
ជុំវិញសភាពស្ងប់ស្ងាត់នេះ អ្នកវិភាគសង្គម លោកស្រី ជា វណ្ណាត បានមានប្រសាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃទី១៦ខែតុលានេះថា ការដែលពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះ នរោត្តម សីហនុ ឆ្នាំនេះ មិនមានភាពអធិកអធមនោះ គឺអាចបណ្តាលមកពីការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋឆ្នាំនេះ កៀកទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌពេក ។ លោកស្រីថា ការដែលពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចឪ កៀកទៅនឹងពិធីបុណ្យភ្ជុំបែបនេះ គឺជាហេតុមួយដែលអាចនិយាយបានថា ប្រជាពលរដ្ឋជាប់រវល់ដើរកម្សាន្តត្រលប់មកចូលរូមពិធីគោរពព្រះវិញ្ញាណក្ខន្ធមិនទាន់ ។ ទោះបីជាមិនមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋឲ្យបានច្រើនកុះករដូចបណ្តាឆ្នាំមុនៗក្តី ក៏លោកស្រី ជា វណ្ណាត កត់សម្គាល់ថា ទឹកចិត្តប្រជាពលរដ្ឋ នៅតែមានការគោរពស្រលាញ់ អតីតព្រះបរមរតនកោដ្ឋជានិច្ច ។ លោកស្រី ជា វណ្ណាត៖ «ការដែលមិនមានភាពអធិកអធម ពីព្រោះលើកមុនៗយើងអត់ធ្វើកៀកថ្ងៃភ្ជុំពេកអញ្ចឹងទេ ដ៏ពេលកៀកថ្ងៃភ្ជុំម្ល៉េះហើយប្រជាពលរដ្ឋខ្លះ រវល់តែនៅក្រៅក្រុងនៅឡើយឬមួយក៏អាល័យតែជួបជុំបងប្អូន ម្ល៉ោះហើយការដែលនឹករលឹកធ្វើឲ្យអធិកអធមក៏គេធ្វើរបៀបគេអញ្ចឹងទៅ។ អញ្ចឹងចំណុចដែលខ្ញុំចង់និយាយថា ភាពអធិកអធមគ្រាន់តែឃើញសំបកក្រៅមិនសំខាន់នោះទេ សំខាន់ទឹកចិត្តរបស់កូនចៅ ចៅទួត ដែលមានចំពោះលោក ហើយដែរនឹកឃើញគុណូបការៈ ហើយខិតខំប្រឹងប្រែងដើរតាមអ្វីដែលលោកបានផ្តែផ្តាំចាស់!។
សម្រាប់ លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមវិញសង្កេតឃើញថា មូលហេតុដែល ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំនេះ មិនសូវមានប្រជាពលរដ្ឋចូលរួមឲ្យមានភាពអ៊ូអរនោះ គឺអាចបណ្តាលមកពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ មិនបានធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មហាជនដូចឆ្នាំមុនៗនោះទេ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះបន្តថា ប្រសិនបើស្ថាប័នពាក់ព័ន្ធមិនបង្កលក្ខណៈងាយស្រួយដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះ នរោត្តម សីហនុនោះទេ នោះធ្វើឲ្យប្រជាប្រិយភាពរបស់ព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រក្រោយៗទៀតធ្លាក់ចុះជាក់ជាមិនខាន ។ លោក មាស នី៖ «ភាពស្ងប់ស្ងាត់នេះ ទី១វាអាចមកពីរដ្ឋាភិបាលដែរ ដែលរដ្ឋាភិបាលមិនចង់ធ្វើអ្វីដែលជាទ្រង់ទ្រាយធំ ទី២ទៀតការរៀរចំពិធីនេះប្រហែលមិនបានប្រកាសអ្វីឲ្យអធិកអធមដូចពីមុន។ ខ្ញុំគិតថាវាពិតជាមានផលប៉ះពាល់ដល់ទឹកចិត្តរបស់ប្រជាពលចំពោះព្រះករុណានោះទេ វាអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ព្រះមហាក្សត្រក្រោយៗទៀតដែរ»។
ជាការកត់សម្គាល់ ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចឪនៅឆ្នាំនេះ នៅមុខព្រះបរមរាជវាំង ក្បែរច្រកចេញចូល មិនមានសង់រោងសម្រាប់ឲ្យប្រជារាស្ត្ររាប់បាត្រដូចឆ្នាំកន្លងទៅនោះទេ ។ រីឯនៅកន្លែងរូបសំណាករបស់ព្រះអង្គជិតវិមានឯករាជ្យវិញ ឃើញមានការដាក់កម្រងផ្កា ដែលរៀបចំដោយមន្ត្រីរដ្ឋាភិបាលតែប៉ុណ្ណោះ។
សូមរំឭកថា កាលពីឆ្នាំ២០១២ ជាពេលដែលសម្តេចឪយាងសោយទិវង្គតនោះ គឺមានប្រជាពលរដ្ឋ យុវជន ព្រះសង្ឃចូលរួមពិធីបុណ្យនេះរាប់សែនអង្គ និងនាក់ បានសម្តែងទុក្ខក្រៀមក្រំ និងធ្វើពិធីកាន់ទុក្ខ។ បន្ទាប់មកនៅពេលគម្រប់ខួបលើកទី១ និងទី២ នៅឆ្នាំ២០១៣-២០១៤ ការចូលរួមរបស់ប្រជាពលរដ្ឋចូលរួមបានថយចុះជាបន្តបន្ទាប់។ ដោយឡែកនៅឆ្នាំ២០១៥នេះ ស្ទើរតែមិនមានវត្តមានប្រជាពលរដ្ឋចូលរួម ខណៈបុណ្យភ្ជុំឆ្នាំនេះបានអូសបន្លាយជិត១សប្តាហ៍៕