en     km
en     km

​អ្នកវិភាគ​ថា​ ការ​វិវឌ្ឍន​យោ​បាយ​ចុង​ក្រោយ​នេះ​អាច​នឹង​ទៅ​ដល់​ការ​ពន្យារពេល​បោះ​ឆ្នោត​ ហើយ​កម្ពុជា​កំពុង​ដើរ​ចេញពី​គន្លង​ប្រជាធិបតេយ្យ​

Share

ប្រ​ជា​ពល​រដ្ឋ​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​ បាន​ធ្វើ​បាតុកម្មនិង​ដាក់​ញត្តិ​ទៅកាន់​រដ្ឋសភា ដើម្បី​​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា កាលពីព្រឹឹកម្សិលមិញ
ប្រ​ជា​ពល​រដ្ឋ​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​ បាន​ធ្វើ​បាតុកម្មនិង​ដាក់​ញត្តិ​ទៅកាន់​រដ្ឋសភា ដើម្បី​​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា កាលពីព្រឹឹកម្សិលមិញ

​នៅ​ថ្ងៃ​ចន្ទ​ ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ ម្សិលមិញ​នេះ​ មាន​បាតុកម្ម​មួយ​ទាមទារ​ដក​តំណែង​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​រដ្ឋសភា​ និង​មានការ​វាយប្រហារ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ឲ្យ​រង​របួស​។​ ចំណែកឯ​នៅ​ប្រទេស​បារាំង​ឯណោះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ម្សិលមិញ​ថា​ លោក​សម​ រ​ង្ស៊ី​ អាច​នឹង​មានទោស​ជាប់​ពន្ធនាគារ​ ករណី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បាន​បង្ហោះ​ព័ត៌មាន​លោក​ ហុង​ សុខ​ហួរ​ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ថា​ បាន​ប្រើ​ឯកសារ​ក្លែងក្លាយ​ ។​ ករណី​ទាំង​ពីរ​នេះ​ អ្នកវិភាគ​យល់​ថា​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​ឡើង​កម្ដៅ​ខ្លាំង​ឡើង​ ដែល​អាច​ធ្វើ​ឲ្យ​មានការ​ពន្យារពេល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ហើយ​ក៏​បញ្ជាក់​ថា​ កម្ពុជា​កំពុង​ដើរ​ចេញពី​គន្លង​ប្រជា​ធិ​តេ​យ្យ​ផង​ដែរ​។​

អ្នក​ច្បាប់​ និង​អ្នក​តាមដាន​សង្គម​យល់​ថា​ ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នេះ​ បាន​បង្ហាញ​តម្រុយ​ឲ្យ​ឃើញ​នូវ​ការ​ប្រឈម​គ្នា​កាន់តែ​ខ្លាំង​ឡើង​ រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ ធ្វើ​ឲ្យ​កម្ពុជា​នឹង​ចាក​ចេញពី​គន្លង​ផ្លូវ​នៃ​ការ​អនុវត្ត​ប្រជាធិបតេយ្យ​។​​សូម​ជម្រាប​ថា​ នៅ​ថ្ងៃអាទិត្យ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ព្រមាន​ថា​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នឹង​ជាប់​ពន្ធនាគារ​ ករណី​ដែល​លោក​បាន​ឲ្យ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ បង្ហោះ​ឯកសារ​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ ដែល​រង​ការ​ចោទប្រកាន់​ពី​ការ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​។​

​ជាមួយ​គ្នា​ នៅ​ថ្ងៃ​ចន្ទ​ ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​  នៅ​រាជធានី​ភ្នំពេញ​ មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ ប្រឆាំង​នឹង​លោក​កឹ​ម​ សុខា​ ដោយ​ទាមទារ​ឲ្យ​មានការ​ដក​តំណែង​លោក​កឹ​ម​ សុខា​ ពី​តួនាទី​ជា​អនុប្រធាន​ទី​១​ រដ្ឋសភា​ ដោយ​បាតុករ​ចោទ​ថា​ ជា​អ្នក​បង្ក​បញ្ហា​ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​រដ្ឋាភិបាល​បច្ចុប្បន្ន​។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​មាស​ នី​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹ​ម​ ១០២​ នៃ​ WMC​ នៅ​ថ្ងៃ​ចន្ទ​ ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ ថា​ តាម​រយៈ​បាតុកម្ម​ប្រឆាំង​នឹង​លោក​កឹ​ម​ សុខា​ និង​តាម​រយៈ​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ករណី​ចាប់ខ្លួន​លោក​សម​ រ​ង្ស៊ី​ ជាដើម​ វា​រំលេច​ឲ្យ​ឃើញ​នូវ​ការ​ប្រឈម​ដាក់​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ ហើយ​ចុង​ក្រោយ​រដ្ឋាភិបាល​អាច​នឹង​មាន​ហេតុផល​គ្រប់គ្រាន់​ ដើម្បី​ពន្យារ​ការ​បោះ​ឆ្នោត​។​

​លោក​មាស​ នី​ មាន​ប្រសាសន៍​ថា​៖​ «​ការ​ហែ​បាតុកម្ម​ប្រឆាំង​លោក​កឹ​ម​ សុខា​ ឬ​ការ​រំខាន​ផ្សេងៗ​ទៅ​លើ​ ដំណើរការ​ឃោសនា​ ឬ​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​របស់​គណបក្សប្រឆាំង​អី​នេះ​ ហើយ​និង​រួម​ទាំង​ការ​គំរាម​របស់​លោក​ហ៊ុន​ សែន​ ផង​ ខ្ញុំ​គិត​ថា​ វា​ហាក់ដូចជា​ឃើញ​តម្រុយ​មួយ​ ដែល​ឈាន​ទៅ​រក​ការ​ប្រឈម​គ្នា​កាន់តែ​ធ្ងន់​ឡើងៗ​ ហើយ​បើសិនជា​អ្នកដឹកនាំ​ទាំង​សងខាង​មិន​បាន​ប្រុង​ប្រយ័ត្ន​ទេ​ ខ្ញុំ​គិត​ថា​នឹង​មាន​ឧបទ្ទវហេតុ​ផ្សេងៗ​ជា​អំពើ​ហិង្សា​កើតឡើង​នៅ​មុន​ពេល​បោះ​ឆ្នោត​ ហើយ​នៅ​ពេល​នោះ​ គឺ​រដ្ឋាភិបាល​អាច​មាន​មូលហេតុ​គ្រប់គ្រាន់​ក្នុង​ការ​ពន្យារពេល​បោះ​ឆ្នោត​»​។​
​ចំណែក​ប្រធាន​ផ្នែក​ស៊ើបអង្កេត​ និង​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​ក​ លោក​នី​ ចរិយា​ មាន​ប្រសាសន៍​ថា​ ករណី​ចាប់ខ្លួន​លោក​ហុង​ សុខ​ហួរ​ គឺជា​រឿង​នយោបាយ​ ហើយ​ការ​គំរាម​ចាប់ខ្លួន​លោក​សម​ រ​ង្ស៊ី​ ពាក់ព័ន្ធ​នឹង​ករណី​លោក​ ហុង​ សុខ​ហួរ​ ក៏​ជា​រឿង​នយោបាយ​ដែរ​ ។​ លោក​ថា​ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ដើរ​ចេញពី​គន្លង​ប្រជាធិបតេយ្យ​ ហើយ​យក​ល្អ​អ្នកនយោបាយ​គួរតែ​គោរព​តាម​វប្បធម៌​សន្ទនា​ ដែល​គណបក្ស​ទាំង​ពីរ​បាន​បង្កើត​ឡើង​។​

​លោក​នី​ ចរិយា​ មាន​ប្រសាសន៍​ថា​៖​ «​បើ​និយាយ​អំពី​ស្ថានភាព​នយោបាយ​វិញ​ អ្នកនយោបាយ​គួរតែ​ប្រកាន់​យក​ ដែល​យើង​បង្កើត​ឡើង​ថា​ វប្បធម៌​សន្ទនា​នោះ​ ល្អ​ជាង​យើង​ប្រើប្រាស់​យន្តការ​មួយ​ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​រំលោភសិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ ហើយ​អ្វី​ដែល​ចាប់​លោក​ហុង​ សុខ​ហួរ​ ជា​រឿង​នយោបាយ​ ហើយ​បើ​ពាក់ព័ន្ធ​ទៅ​ដល់​លោក​សម​ រ​ង្ស៊ី​ទៀត​ អាហ្នឹង​ខ្ញុំ​គិត​ថា​ វា​សុទ្ធតែ​ជា​រឿង​នយោបាយ​ ។​ អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប្រទេស​យើង​បាន​ចាកចេញ​ផុត​ពី​គន្លង​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ហើយ​»​។​

​សូម​ជម្រាប​ថា​ នៅ​ក្នុង​បាតុកម្ម​នា​ថ្ងៃនេះ​ បាន​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ២​នាក់​រង​របួស​ គឺ​លោក​ញយ​ ចំរើន​ និង​លោក​គង់​ សភា​ ហើយ​មានការ​កម្ទេច​រថយន្ត​ ដែល​ជា​ទ្រព្យសម្បត្តិ​រថ​អស់​មួយ​គ្រឿង​ ចំណែកឯ​ភូមិ​គ្រឹះ​លោក​កឹ​ម​ សុខា​  ឯណោះ​វិញ​ ហ្វូង​បាតុករ​បាន​គប់​ដុំ​ថ្ម​ចូល​ផង​ដែរ៕

Share

Image
Image
Image