en     km
en     km

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ថា ពលរដ្ឋ​មាន​សន្ទុះ​ខ្លាំង​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​អរូបី​យ

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោក​ ថៃ​ នរៈ​សត្យា​ បាន​លើក​ទ្បើ​ង​ថា​ ប្រជាជន​កម្ពុជា​ពិតជា​មានការ​យល់​ដឹង​ច្រើន​ជាង​មុន​ទាក់ទង​នឹង​ការ​អភិរក្ស​បេតិកភណ្ឌ​អរូបី​ ប៉ុន្តែ​លោក​ថា​ ពលរដ្ឋ​ត្រូវ​តែ​ចូលរួម​ថែរក្សា​បន្ថែម​ទៀត​ ដើម្បី​ផ្សា​ភ្ជាប់ពាក្យ​ថា​ វប្បធម៌​រលត់​ ជាតិ​រលាយ​ វប្បធម៌​ពន្ធ​នា​រាយ​ ជាតិ​ថ្កើងថ្កាន​។​ ការ​លើក​ទ្បើ​ង​បែប​នេះ​បន្ទាប់​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ធ្វើ​សិក្ខាសាលា​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ “​ការ​បង្កើត​គម្រោង​ផែនការ​សម្រាប់​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​អរូបី​នៅ​កម្ពុជា​” ​កាលពី​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០១៦​ ។​

Mistry-of-Culture-web

​លោក​ ថៃ​ នរៈ​សត្យា​ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ មាន​ប្រសាសន៍ថា ការ​បង្កើត​គម្រោង​ផែនការ​សម្រាប់​ការពារ​ និង​អភិរក្ស​បេតិកភណ្ឌ​អរូបី​នៅ​កម្ពុជា​ ​មាន​សារៈ​សំខាន់​​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​ លោក​ ថៃ​ នរៈ​សត្យា​ បានឱ្យ​ដឹង​ថា​ ក្រសួង​បាន​បង្កើត​គម្រោង​ខាងលើ​នេះ​ជា​យូរ​មក​ហើយ​។​ ប៉ុន្តែ​ការ​បង្កើត​ឱ្យ​មាន​សិក្ខាសាលា​ ដែល​លើកយក​ប្រធានបទ​ដដែល​យក​មកនេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ទៅ​លើ​អ្វី​ដែល​មាន​ស្រាប់តែ​ប៉ុណ្ណោះ​។ ​លើស​ពី​នេះ​ទៀត​លោក​ថា​ ចាប់តាំងពី​បង្កើត​ឱ្យ​មាន​គម្រោង​នេះ​ឡើង​ ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ពី​ការ​អភិរក្ស​បេតិកភណ្ឌ​អរូបី​នៅ​កម្ពុជា​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​រូប​នេះ​បន្ថែម​ថា​ ការ​បង្កើត​ឱ្យ​មាន​គម្រោង​ផែនការ​សម្រាប់​ការពារ​ និង​អភិរក្ស​បេតិកភណ្ឌ​អរូបី​នៅ​កម្ពុជា​នេះ​ បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​ដល់​សង្គម​កម្ពុជា​។​

​ការ​ផ្តល់​អត្ថប្រយោជន៍​នោះ​ពីព្រោះ​ថា​ វា​នឹង​ជួយ​ថែរក្សា​វប្បធម៌​ ប្រពៃណី​ដែល​ខ្មែរ​មាន​តាំងពី​យូរណាស់​មក​ហើយ​នោះ​ ដល់​អ្នក​ជំនាន់​ក្រោយ​ ។​ លោក​ ថៃ​ នរៈ​សត្យា​ស្នើ​ឱ្យ​ពលរដ្ឋ​ ទាំងអស់​ត្រូវ​ចូលរួម​ចំណែក​ការពារ​ និង​អភិរក្ស​បេតិកភណ្ឌ​អរូបី​ ព្រោះ​វប្បធម៌​ ប្រពៃណី​នេះ​ គឺជា​អត្តសញ្ញាណ​របស់​ប្រទេស​ជាតិ​។​
«​​មហាជន​របស់​យើង​គួរតែ​ចូលរួម​​ យើង​គួរតែ​ជួយ​លើក​ស្ទួយ​ ជួយ​គាំទ្រ​នៅ​អ្វី​ដែល​យើង​មើលឃើញ​ថា​ក្រសួង​ក៏​ដូច​ជា​ប្រទេស​ជាតិ​ ក៏​ដូច​ជា​រដ្ឋាភិបាល​យើង​បាន​ដើរទៅ​លើ​ផ្លូវ​មួយ​ដែល​ស្រម​ស្រប​ហើយ​ផ្លូវ​នេះ​អត់​មាន​ខុស​នោះ​ទេ​មិន​មាន​ឃើញ​ផ្លូវ​មួយ​ណា​ដែល​គួរ​ឱ្យ​ទិះ​ទៀន​នោះ​ទេ​..»​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ខាង​ប្រវត្តិសាស្ត្រ​ អរិយធម៌​ និង​វប្បធម៌​ខ្មែរ​ លោក​ មី​សែ​ល​ ត្រា​ណេ​ មានប្រសាសន៍ជាមួយ​​វិទ្យុ​ស្ត្រី​​នៅ​ថ្ងៃនេះ​​ថា​ ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ពិតជា​មាន​សន្ទុះ​យល់​ដឹង​ច្រើន​ជាង​មុន​ ទាក់ទង​និង​ការ​អភិរក្ស​បេតិកភណ្ឌ​អរូបី​នេះ​។​

​លោក​ មី​សែ​ល​ ត្រា​ណេ​ បន្ថែម​ទៀត​ថា​ ប្រសិនបើ​អាច​រក្សា​បាន​នៅ​វប្បធម៌​នេះ​ ប្រទេស​ជាតិ​នឹង​កាន់តែ​មានការ​រីក​ចំរើន​ខ្លាំង​ ជា​ពិសេស​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្គាល់​ពី​មរតក​ដូនតា​ ដែល​បាន​រក្សា​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​។​ ប៉ុន្តែ​លោក​ថា​ ទន្ទឹម​នឹង​នឹង​មាន​សន្ទុះ​នៃ​ការ​យល់​ដឹង​នេះ​ ក្រសួង​សាមី​ ក៏​ដូច​ជា​រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​យុទ្ធសាស្ត្រ​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​ទៅ​ដល់​សាធារណជន​ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ច្រើន​ថែម​ទៀត​ពី​តម្លៃ​វប្បធម៌​ ប្រពៃណី​ វប្បធម៌​ខ្មែរ​។​

«​ដើម្បី​បង្កើន​ការ​អភិរក្ស​វា​ងាយ​ទេ​ ​អ្នកដឹកនាំ​លោក​ត្រូវ​តែ​មាន​បេះដូង​ជា​អ្នក​អភិរក្ស​ លោក​ត្រូវ​តែ​ដាក់​ទម្ងន់​ទៅ​លើ​វប្បធម៌​ជាតិ​ យើង​មិន​អាច​លើក​តម្លៃ​វប្បធម៌​អ្នក​ដទៃ​ជាង​វប្បធម៌​ជាតិ​ឯង​នោះ​ទេ​…​ »​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ធ្វើ​សិក្ខាសាលា​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​បង្កើត​គម្រោង​ផែនការ​សម្រាប់​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​អរូបី​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​ ២០១៦​នេះ​។​ ការ​ធ្វើ​សិក្ខាសាលា​នេះ​ ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ ទៅ​ដល់​អ្នកចូលរួម​ក៏​ដូច​ជា​សាធារណជន​គ្រប់​រូប​ត្រូវ​យល់​ដឹង​ពី​តម្លៃ​នៃ​ការ​ថែរក្សា​វប្បធម៌​ ប្រពៃណី​ ជា​ពិសេស​ការ​អភិរក្ស​ការពារ​ និង​អភិរក្ស​បេតិកភណ្ឌ​អរូបី​នៅ​កម្ពុជា​ឱ្យ​បាន​គង់វង្ស​៕

Share

Image
Image
Image