en     km
en     km

​អាជ្ញាធរ​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ​ក្រោម​បទ​ចោទ​ជួញដូរ​មនុស្ស​ជិត​១០០​នាក់​

Share

ភ្នំពេញ​៖​អាជ្ញាធរ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោម​បទ​ចោទ​អំពើ​ជួញដូរ​មនុស្ស​ជិត​១០០​នាក់​ទៅ​បម្រើ​ការងារ​នៅ​លើ​ទូក​នេសាទ​ប្រទេស​ថៃ​និង​បម្រើ​ការងារ​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​      ​​​​​​​​​​​​​​​​​​​​​​​​​​​​                       ស្ត្រីជន​សង្ស័យ​ឈ្មោះ​ វ៉ា​ន់​ ធា​រី​ អាយុ​៤៥​ ឆ្នាំ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​ ២៧​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​។​

​គេហទំព័រ​អគ្គស្នងការ​នគ​បាល​ជាតិ​ឲ្យ​ដឹង​ថា​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​នីតិជន​កាលពី​ថ្ងៃ​ទី​២៨​ ខែ​ មីនា​នេះ​បាន​បញ្ជូន​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ទៅ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការ​នាំពលករ​ទៅ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​និង​ពល​ការិនី​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​ស្ត្រីជន​សង្ស័យ​ឈ្មោះ​ វ៉ា​ន់​ ធា​រី​ អាយុ​៤៥​ ឆ្នាំ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​ ២៧​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​។​

​ជនសង្ស័យ​ឈ្មោះ​ ធា​រី​ បាន​ដើរ​ឃោសនា​ជ្រើសរើស​ពលករ​ដោយ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ថា​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ចាប់ពី​៤០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​។​

«សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៨​ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បាន​សហការ​ជាមួយ​ព្រះរាជ​អ​ជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​មេខ្យល់​ម្នាក់​ឈ្មោះ​ វ៉ា​ន់​ ធា​រី​ ភេទ​ស្រី​ អាយុ​ ៤៥​ឆ្នាំ​ អា​ស័​យ​​ដ្ឋា​ន​មិន​ពិតប្រាកដ​ ដែល​បាន​ធ្វើ​សកម្មភាព​ឃោសនា​ ជ្រើសរើស​ បោក​បញ្ឆោត​ ដល់​ប្រជាពលរដ្ឋ​តាំងពី​អំឡុង​​ឆ្នាំ​២០១៤​ ដល់​ ២០១៧​ ឲ្យ​ទៅ​ធ្វើ​ជា​ពលករ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​ និង​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដោយ​ប្រាប់​ថា​ទទួល​បាន​ប្រាក់​ឈ្នួល​ចាប់ពី​ ៤០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​មួយ​ខែ​ ចំណែក​សោហ៊ុយ​គ្រប់​បែប​យ៉ាង​មេខ្យល​រូប​នេះ​ជា​អ្នក​ចំណាយ​ទាំងអស់​»។​

​គេ​ទំព័រ​នេះ​បញ្ជាក់​ថា​ជនសង្ស័យ​រូប​នេះ​បាន​អូស​ទាញ​ជន​រង​គ្រោះ​ចំនួន​៩៦​នាក់​នៅ​ខេត្តកំពង់ចាម​ ក្រចេះ​ កំពង់ធំ​ ស្ទឹង​ត្រែង​និង​ខេត្តតាកែវ​ដោយ​ធ្វើ​លិខិតឆ្លងដែន​ និង​ក្លែង​អត្តសញ្ញាណ​ជន​រង​គ្រោះ​ហើយ​ពល​ការិនី​មួយ​ចំនួន​គ្មាន​លិខិតឆ្លងដែន​។​

​សម​ត្ថិ​កិច្ច​បន្ថែម​ថា​ជនសង្ស័យ​ឈ្មោះ​ វ៉ា​ន់​ ធា​រី​ បាន​បញ្ជូន​ពល​ការិនី​ទាំងនោះ​ទៅ​អិ​យ​មេខ្យល់​៧​នាក់​ផ្សេង​ទៀត​ដោយ​បាន​ប្រាក់​កម្រៃ​១០០​ទៅ​២០០​ដុល្លារ​ពី​មេខ្យល់​ទាំងនោះ​។​

​កម្លាំង​សមត្ថកិច្ច​ថា​ពល​ការិនី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​ថៅកែ​ដកហូត​លិខិតឆ្លងដែន​ បិទ​សិទ្ធ​សេរីភាព​ ជេរ​ប្រមាថ​គំរាមកំហែង​ និង​កង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដោយ​ធ្វើការ​គ្មាន​ម៉ោង​សម្រាក​។​ ចំណែក​ពលករ​ត្រូវ​បាន​បង្ខំ​ដោយ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​។​

​ក្នុង​ចំណោម​ជង​រង​គ្រោះ​៩៦​នាក់​នោះ​សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី​និង​ថៃ​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​និង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​សរុប​២៧​នាក់​។​

​បើ​តាម​របាយការណ៍​របស់​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ករណី​ការ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស​ក្រោម​រូបភាព​រៀប​ការ​ដោយ​បង្ខំ​ក្នុង​ឆ្នាំ​២០១៧​មាន​ចំនួន​១៥២​ករណី​។​

​លោក​ ស្រ៊​ន់​ ឡង់​ដា​ ប្រធាន​គម្រោង​ ក្នុង​គម្រោង​គាំទ្រ​ករណី​ នៃ​ការ​ជួញដូរ​ របស់​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ បាន​ផ្ដល់​បទ​សម្ភាសន៍​​ឲ្យ​វិទ្យុ​ស្ដ្រី​កាលពីដើម​ខែមករា​ថា​បញ្ហា​ពី​ការ​ជួញដូរ​ស្ដ្រី​នៅ​ទៅ​ក្រៅប្រទេស​នៅ​តែ​កើត​មាន​។​ ក៏​ប៉ុន្ដែ​មិន​មាន​ចំនួន​ច្រើន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទេ​។​

​លោក​ថា​ក្នុង​ឆ្នាំ​២០១៧​ អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ បាន​ទទួល​ការ​សហការ​កាន់តែ​ល្អ​ពី​រាជរដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ អន្ដរជាតិ​នានា​ ដើម្បី​ជួយ​ស្ដ្រី​រង​គ្រោះ​ពី​ការ​ជួញដូរ​ បាន​រហូត​ដល់​ជាង​ ១០០​ករណី​ពី​ប្រទេស​ចិន​ ថៃ​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៧​ឲ្យ​ដឹង​ថា​ពលករ​ចំណាក់ស្រុក​ចំនួន​៩៨៦​ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ថៃ​ វៀតណាម​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ សឹ​ង្ហ​បុរី​ ចិន​ និង​ជប៉ុន​។​ក្នុង​ចំណោម​នោះ​ពលករ​ចំណាក់ស្រុក​ពី​ប្រទេស​ថៃ​ ២៨៨​នាក់​ វៀតណាម​១៧១​នាក់​ ៣៨២នាក់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ ៤៩​នាក់​ពី​ប្រទេស​ឡាវ​ ២៣​នាក់ពី​ឥណ្ឌូ​នេ​ស៊ី​ ៥៣នាក់​ពី​ប្រទេស​ចិន​ ១២​នាក់​ពី​ជប៉ុន​និង ​៣​នាក់​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​៕

Share

Image
Image
Image