en     km
en     km

​អង្គការ​លី​កាដូ​រៃ​អង្គាសប្រាក់​គាំទ្រ​សិទ្ធិ​និង​សុខមាលភាព​កុមារ​និង​ស្រី្ត​មាន​ផ្ទៃពោះ​ក្នុង​ពន្ធនាគារ​

Share

ភ្នំពេញ​៖​អង្គការ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​បាន​បង្កើត​គម្រោង​រៃ​អង្គាសប្រាក់​ដើម្បី​តាមដាន​និង​គាំទ្រ​សិទ្ធិ​និង​សុខមាលភាព​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​។​
​ករណី​នេះ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​គាំទ្រ​ចំពោះ​សកម្មភាព​មនុស្សធម៌​របស់​អង្គការ​សង្គម​ស៊ី​វិល​មួយ​នេះ​។​

                                       ទំនងជាស្រ្តីនិងកូនកំពុងជាប់ឃុំ។photo៖ Licadho faecbook

​អង្គការ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​(Licadho)​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​អំពី​គម្រោង​រៃ​អង្គាសប្រាក់​ឈ្មោះ​ថា​«Early​ Years​ Behind​ Bars»​។​ គម្រោង​នេះ​មាន​បំណង​ដើម្បី​តាមដាន​ឃ្លាំមើល​និង​គាំទ្រ​សិទ្ធិ​និង​សុខុមាលភាព​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​កំពុង​ជាប់​ពន្ធនាគារ​ចំនួន​១៨​ក្នុង​ចំណោម​២៨​ពន្ធនាគារ​នៅ​កម្ពុជា​។​

​គម្រោង​រៃ​អង្គាសប្រាក់​ដើម្បី​មនុស្សធម៌​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ដោយ​មានកា​ប្រគុំ​តន្ត្រីសម័យ​នៅ​ភោ​ជនី​ដ្ឋា​ន​ទន្លេបាសាក់​រាជធានី​ភ្នំពេញ​។​សំបុត្រ​ចូល​ទស្សនាការ​ប្រគុំ​តន្ត្រី​មាន​ថ្លៃ​៣០​ដុល្លារ​ក្នុង​ម្នាក់​និង​សាធារណៈជន​អាច​បរិ​ច្ចាក​ថវិកា​នៅ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណែ​ត​ក្នុង​គេហទំព័រ​របស់​អង្គ​កាលី​កាដូ​។​

​ថវិកា​ទទួល​បាន​ពី​ការ​រៃ​អង្គាស​របស់​គម្រោង​នេះ​ អង្គការ​លី​កាដូ​និង​អង្គការ​ដៃគូ​នឹង​ផ្តល់​អាហារ​ហូប​ចុក​បន្ថែម​និង​ជំនួយ​ផ្នែក​សម្ភារៈ​ផ្សេង​ទៀត​សម្រាប់​ទារក​និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ក្នុង​ពន្ធនាគារ​កំពុង​មានការ​កើនឡើង​។​

​លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​សាទរ​ចំពោះ​គម្រោង​រៃ​អង្គាស​ថវិកា​មនុស្សធម៌​ដើម្បី​ជួយ​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ក្នុង​ពន្ធនាគារ​នេះ​។

​អង្គការ​លី​កាដូ​សង្កេត​ឃើញ​ថា​ទារក​និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាប់​ពន្ធនាគារ​ត្រូវ​បាន​បាត់បង់​សិទ្ធិ​និង​ការ​ថែទាំ​សុខភាព​ជា​មូលដ្ឋាន​ អាហារ​រូប​ត្ថ​ម​និង​ការ​អប់រំ​។​បើ​ទោះបីជា​អាជ្ញាធរ​ក្នុង​ពន្ធនាគារ​បាន​ផ្តល់​ប្រាក់​ថ្លៃ​អាហារ​ចំនួន​១៤០០​រៀល​ឬ​០,៣៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កូន​ម្នាក់​និង​តម្រូវការ​ផ្សេង​ទៀត​ក៏​ដោយ​។​

​លោក​ នុ​ត​ សវ​នា​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ច្រាន​ចោលការ​លើក​ឡើង​ចំពោះ​អង្គការ​សង្គម​ស៊ី​វិល​នេះ​។​លោក​អះអាង​កុមារ​និង​ស្ត្រី​ជាប់​ឃុំ​ត្រូវ​បាន​យក​ ចិត្ត​ទុកដាក់​ខ្លាំង​បំផុត​។​

«​អ្នកមាន​ផ្ទៃពោះ​យើង​យកចិត្តទុកដាក់​ខ្លាំង​ណាស់​តាំងពី​ចាប់ខ្លួន​នាំ​ខ្លួន​ចូល​ទៅ​គាត់​មាន​ផ្ទៃពោះ​យើង​តែងតែ​យកចិត្តទុកដាក់​ពិនិត្យ​តាម​ការ​កំណត់​របស់​ពេទ្យ​បញ្ជូន​សម្ភព​ផ្ទាល់ៗ​។​ខ្ញុំ​មិនដឹង​ការ​អះអាង​វា​យ៉ាង​មិច​ព្រោះ​កន្លង​មក​យើង​មិន​ហាន​ទុក​ចោល​ទេ​សូ​ម្បី​ដល់​ពេល​គាត់​ត្រូវ​ជិត​កើត​ក៏​យើង​យក​ទៅ​មន្ទីរពេទ្យ​ដែរ​មិន​ឲ្យ​កើត​នៅ​ក្នុង​ពន្ធនាគារ​ទេ​។​»

​តែយ៉ាងណា​លោក​ណែនាំ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​ត្រូវ​គោរព​ច្បាប់​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ណាមួយ​ដល់​ជាប់​ឃុំ​។​

​នៅ​ក្រោម​ច្បាប់​ពន្ធនាគារ​របស់​កម្ពុជា​ទារក​អាច​រស់នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​រហូត​ដល់​អ​យុ​បី​ឆ្នាំ​។​ប៉ុន្តែ​កុមារ​អាច​រស់នៅ​ជា​ម្តាយ​មាន​រយៈពេល​យូ​ជាង​នេះ​ប្រសិនបើ​គ្មាន​សាច់ញាត្តិ​មិន​អាច​មើលថែ​ទាំ​កូនៗ​បាន​។​នេះ​បើ​តាម​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។​

​បើ​តាម​អង្គការ​លី​កាដូ​ បច្ចុប្បន្ន​កុមារ​ជាង​១០០​នាក់​និង​ស្ត្រី​មាន​ផ្ទៃពោះ​ប្រហែល​៥០​នាក់​ដែល​ពួក​គេ​ភាគច្រើន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​គ្រឿងញៀន​៕

Share

Image
Image
Image