en     km
en     km

​លោក​ផៃ​ ស៊ី​ផា​ន​ គាំទ្រ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែលអំពាវនាវ​ឲ្យ​គូ​ជម្លោះ​ទាំងអស់​ចាប់​យក​សន្តិភាព​

Share

​ខណៈ​ពេល​ពិភពលោក​កំពុង​ជួប​អ​ស្ថេ​រ​ភាព​ ដូច​ជា​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ និង​បញ្ហា​ជនភៀសខ្លួន​ជាដើម​នោះ​ នៅ​ថ្ងៃ​ចន្ទ​ ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នេះ​ ក្នុង​ទិវា​អន្តរជាតិ​ដើម្បី​សន្តិភាព​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​ ដាក់អាវុធ​ចុះ​ ឈប់​កាប់សម្លាប់​បំផ្លាញ​គ្នា​ និង​ត្រូវ​បង្កើត​កន្លែង​សន្តិ​សភាព​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ ឲ្យ​ស្រប​តាម​គោលបំណង​នៃ​ការ​បង្កើត​អង្គការសហប្រជាជាតិ​ឡើយ​ ។​

​​

 

150921-dara-news-01
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក​បាន​ គី​មូ​ន​ ​

លោក​បាន​ គី​មូ​ន​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​អំពាវនាវ​ឲ្យ​គូ​ជម្លោះ​ទាំងអស់​ដាក់អាវុធ​ចុះ​ បញ្ឈប់​ការ​កាប់សម្លាប់​គ្នា​ ការ​បំផ្លាញ​គ្នា​ និង​បង្កើត​កន្លែង​សម្រាប់​សន្តិភាព​។

​​លោក​បាន​ គី​មូ​ន​ បាន​ថ្លែង​សារ​សម្រាប់​ទិវា​អន្តរជាតិ​ដើម្បី​សន្តិភាព​ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នេះ​ថា​ ទិវា​អន្តរជាតិ​ដើម្បី​សន្តិភាព​នៅ​ឆ្នាំ​នេះ​ ធ្វើ​ឡើង​ចំពោះ​ពេល​ដែល​អំពើ​ហិង្សា​កាប់សម្លាប់​មនុស្ស​ និង​ជម្លោះ​អ​ស្ថិរភាព​នៅ​ជុំវិញ​ពិភពលោក​។​ លិខិត​របស់​លោក​បាន​ គី​មូ​ន​ បន្ត​ថា​ ពិភពលោក​នេះ​មានការ​ទទួលខុសត្រូវ​រួម​គ្នា​ ក្នុង​ការ​ទាមទារ​ឱ្យ​បញ្ចប់​ភាព​ព្រៃផ្សៃ​ និង​និទណ្ឌភាព​ដែល​មាន​យ៉ាង​លើសលុប​។​

​ទាក់ទង​នឹង​សារលិខិត​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នេះ​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ លោក​ផៃ​ ស៊ី​ផា​ន​ មាន​ប្រសាសន៍​ថា​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ក៏​គាំទ្រ​គំនិត​របស់​លោក​បាន​ គី​មូ​ន​ នោះ​ដែរ​ ។​ លោក​បន្ត​ថា​ លោកនាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ភាព​សុខសាន្ត​ និង​ការ​រីក​ចម្រើន​ ក្រោម​គោលនយោបាយ​ធំៗ​ដូច​ជា​ បញ្ចប់សង្គ្រាម​តាម​រយៈ​នយោបាយ​ឈ្នះៗ​ និង​វប្បធម៌​សន្ទនា​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សណ្ដាប់ធ្នាប់​នយោបាយ​ ស្ថិត​នៅ​ក្នុង​ទិស​ដៅ​សន្តិភាព​ និង​ភាព​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​។​

​លោក​ផៃ​ ស៊ី​ផា​ន​ ក៏​បន្ត​ផង​ដែរ​ថា​ វប្បធម៌​សន្ទនា​ គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ មិនមែន​រំលាយ​ចោល​នីតិរដ្ឋ​នោះ​ទេ​ ។​ ជាមួយ​គ្នា​លោក​ក៏​អះអាង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ អ្នកនយោបាយ​មួយ​ចំនួន​នៅ​មិន​ទាន់​អភិវឌ្ឍន៍​នយោបាយ​របស់​ខ្លួន​ឲ្យ​សមជា​ភាព​ជា​ដៃគូ​នៅឡើយ​ទេ​ គឺ​នៅ​តែ​ជា​ភាព​ឧទ្ទាម​ប្រឆាំង​យកឈ្នះ​យក​ចាញ់​។​

លោក​ផៃ​ ស៊ី​ផា​ន​ អះអាង​ថា​ ការ​លើក​ឡើង​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ គឺ​ចំ​គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​ ។​ លោក​មាន​ប្រសាសន៍​ថា​ «​គណបក្ស​ប្រជា​ជាន​ ក៏​ដូច​ជាស​ម្ដេច​តេ​ជោ​ហ្នឹង​ យើង​ធ្វើ​យ៉ាងម៉េច​គឺ​នាំ​គ្នា​ទៅ​កាន់​សន្តិភាព​ ទទួលខុសត្រូវ​ចំពោះ​មុខ​យុវជន​ ដែល​ជា​អនាគត​របស់​យើង​ គឺ​ឲ្យ​លោក​ទទួល​បាន​សន្តិភាព​ ទទួល​បានការ​អប់រំ​ ទទួល​បាន​វិជ្ជាជីវៈ​ ដែល​យើង​ត្រូវ​ប្រជែង​នឹង​ភាព​ក្រី​ក្រី​ ប្រជែង​ជាមួយ​ប្រទេស​ជិតខាង​ ដែល​យើង​បម្រុង​ចូល​ទៅ​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះឯង​ ។​ ដូច្នេះ​ការ​លើក​ឡើង​របស់​អង្គការសហប្រជាជាតិ​ ជា​ការ​លើក​ឡើង​មួយ​ចំ​ទិស​ដៅ​ដែល​យើង​បាន​ធ្វើ​»​។

​វិទ្យុ​ស្ត្រី​ នៃWMC មិន​អាច​ទាក់ទង​សុំ​មតិយោបល់​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក​សាម​ អ៊ី​ន​ មាន​ប្រសាសន៍​ថា​ ការ​អំពាវនាវ​របស់​លោក​បាន​ គី​មូ​ន​ គឺជា​រឿង​ល្អ​ ។​ លោក​ថា​ គ្រប់​គូភាគី​ប្រកួតប្រជែង​ទាំងអស់​គួរតែ​ស្វែងរក​វិធីសាស្ត្រ​ជជែក​ពិគ្រោះគ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាស់​ផ្សេងៗ​នៅ​ក្នុង​សង្គម​ជាតិ​ នីមួយៗ​ ជា​ជាង​ប្រើប្រាស់​អំពើ​ហិង្សា​ ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ ។​ លោក​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​គិត​ថា​ ជា​សារ​មួយ​ល្អ​ប្រពៃ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់​ឃើញ​ថា​ ជា​សារ​មួយ​ល្អ​ប្រពៃ​ ផ្ញើ​ជូន​អ្នកនយោបាយ​ទូ​ទាំង​ពិភពលោក​ ហើយ​វា​ក៏​ល្អ​ប្រពៃ​ដែរ​សម្រាប់​អ្នកនយោបាយ​នៅ​ស្រុក​ខ្មែរ​ ឲ្យ​ចេះ​ជជែក​គ្នា​ ចេះ​ពិគ្រោះគ្នា​ ស្វែង​យល់​ពី​គ្នា​ គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ជាង​ការ​ជេរ​ប្រមាថ​គ្នា​ ការ​រុក​គ្នា​ ការ​សម្លុត​ ការ​ចាប់​ដាក់គុក​អី​ផ្សេងៗ​ ដើម្បី​សម្លុត​ ដើម្បី​គំរាមកំហែង​គ្នា​ទៅ​វិញ​ទៅ​មក​ វា​មិនមែន​ជា​រឿង​ល្អ​ប្រពៃ​ទេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​នៅ​ក្នុង​សង្គម​ ដោះស្រាយ​វិវាទ​ ដោះស្រាយ​ជម្លោះ​ទាំងឡាយ​នៅ​ក្នុង​សង្គម​ហ្នឹង​»។​

​សូម​ជម្រាប​ថា​ សេចក្ដី​ថ្លែង​សារ​របស់​លោក​បាន​ គី​មូ​ន​ ធ្វើ​ឡើង​នៅ​ខណៈ​ពេល​ដែល​អង្គការសហប្រជាជាតិ​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៧០​ នៃ​ការ​បង្កើត​អង្ក​ការ​នេះ​ ។​ លោក​បាន​ គី​មូ​ន​បាន​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ ឆក់​យក​ឱកាស​នៃ​ការ​ប្រារព្ធ​ខួប​ទី​៧០​នេះ​ ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​គោលបំណង​នៃ​ការ​បង្កើត​អង្គការសហប្រជាជាតិ​ ដើម្បី​ជួយ​ឲ្យ​ជំនាន់​ថ្មី​ទទួល​បាន​ជោគជ័យ​ផុត​ពី​សង្គ្រាម​ ៕

Share

Image
Image
Image