en     km
en     km

​សហគមន៍​រស់នៅ​តាម​ផ្លូវ​រថភ្លើង​ព្រមាន​តវ៉ា​បើ​សាលាក្រុង​មិន​បើក​វេទិកាសាធារណៈ​

Share

ភ្នំពេញ៖ ​ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ចំនួន​៩​ ព្រមាន​ធ្វើការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ ប្រសិនបើ​សាលា​រាជធានី​ភ្នំពេញ​នៅ​តែ​មិន​ព្រម​បើក​វេទិកាសាធារណៈ​តាម​ការ​ស្នើ​សុំ​ ដើម្បី​ពន្យល់​ដល់​ពួក​គាត់​ជុំវិញ​គម្រោង​អភិ វឌ្ឍន៍​ផ្លូវ​មួយ​នេះ​។​ ការ​លើក​ទ្បើ​ង​ដូចនេះ​ បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ថា​ សាលា​រាជធានី​ភ្នំពេញ​ នឹង​ធ្វើការ​អភិវឌ្ឍន៍​ផ្លូវដែក​ ដែល​ជា​កន្លែង​របស់​ពួក​គេ​កំពុង​រស់នៅ​សព្វថ្ងៃ​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​។​

salarekteny-thum
​ប្រជាសហគមន៍ផ្លូវរថភ្លើងមកតវ៉ានៅមុខសាលាក្រុងភ្នំពេញដើម្បីសុំព័ត៌មាន ព្រោះពួកគេភ័យខ្លាចការបណ្តេញទាំងបង្ខំដូចអ្នកបឹងកក់ និងបុរីកីឡាដែរ។
នេះ​ជា​លើក​ទី​០៣​ ហើយ​ដែល​ប្រជា​សហគមន៍​ទាំង​៩​ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ទ្បើ​ង​មក​សាលា​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​បើក​វេទិកាសាធារណៈ​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ផ្លូវថ្នល់​ តាម​បណ្តោយ​ផ្លូវដែក​ តែ​ការ​ស្នើ​សុំ​នោះ​នៅ​តែ​ពុំ​មាន​លទ្ធផល​ដូចនឹង​អ្វី​ដែល​ពួក​គេ​ចង់បាន​នៅ​ទ្បើ​យ​។​

​តំណាង​សហគមន៍​ទាំង​៩​ ដែល​បាន​ទ្បើ​ង​មក​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​បាន​មន្ត្រី​សាលាក្រុង​ អនុ​ញ​ត​ឱ្យ​ជួប​ពិភាក្សា​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ផ្លូវថ្នល់​អម​សងខាង​ផ្លូវ​រថភ្លើង​។​ បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាង​មួយ​ម៉ោង​ត្រូវ​បាន​បញ្ចប់​ ពួក​គេ​ដើរ​ចេញ​មក​វិញ​ដោយ​ទឹកមុខ​មិន​ស្បាយចិត្ត​ ព្រោះ​លទ្ធផល​មិន​បាន​ដូច​ការ​រំពឹង​ទុក​។​

​តំណាង​សហគមន៍​មួយ​រូប​រស់នៅ​ភូមិ​ ១៧​ សង្កាត់​បឹ​កក់​០២​ ខណ្ឌទួលគោក​ ក្នុង​ចំណោម​សហគមន៍​ ៨​ ផ្សេង​ទៀត​ដែល​បាន​ចូល​ទៅ​ជួប​មន្ត្រី​សាលាក្រុង​នោះ​ គឺ​លោក​ នូ​ សា​រិ​ន​ មាន​ប្រសាសន៍​ថា​ គោលបំណង​សំខាន់​ដែល​លោក​ទ្បើ​ង​មក​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ​គឺ​ ដើម្បី​មក​តាម​ការ​ណាត់ជួប​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ការ​ឆ្លើយ​តប​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ដែល​ជាទី​កន្លែង​ដែល​ពួក​គាត់​កំពុង​រស់នៅ​សព្វថ្ងៃ​។​

​លោក​ នូ​ សា​រិ​ន​ បាន​បន្ត​ទៀត​ថា​ កិច្ច​ពិភាក្សា​នោះ​មិន​ទទួល​បាន​លទ្ធផល​ដូច​ពួក​គាត់​ចង់​បា​នោះ​ទេ​ ដោយសារ​តែ​មន្ត្រី​របស់​សាលា​រាជធានី​ភ្នំពេញ​ថា​ សាលា​រាជធានី​ភ្នំពេញ​មិន​អាច​បើក​វេទិកាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​នៅ​ទ្បើ​យ​នោះ​ទេ​ ព្រោះ​សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​ក្រុមបច្ចេកទេស​ដើម្បី​ចុះ​ទៅ​ពិនិត្យ​អំពី​ករណី​នេះ​។​

​លោក​ នូ​ សា​រិ​ន​ បន្ថែម​ថា​ តំណាង​សហគមន៍​ទាំង​៩​ នឹង​ស្នើ​សុំ​ជួប​អភិបាល​សាលា​រាជធានី​ភ្នំពេញ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ នៅ​ថ្ងៃ​ទី​ ១៤​ ខែកក្កដា​ខាង​មុខ​នេះ​ ដើម្បី​ស្នើ​ឱ្យ​លោក​បើក​វេទិកាសាធារណៈ​ ប៉ុន្តែ​បើ​ការ​ស្នើ​សុំ​នោះ​មិន​ទទួល​បាន​លទ្ធផល​ទេ​នោះ​ ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវដែក​នឹង​រក​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ជា​ពិសេស​នឹង​ដាក់​ញត្តិ​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ឱ្យ​ជួយ​អន្តរាគមន៍​។​ លោក​ នូ​ សា​រិ​ន​ ៖«​ប្រសិនបើ​លោក​មិន​ចេញ​មក​ជួប​ប្រជាពលរដ្ឋ​ ហើយ​ក៏​មិន​ទទួល​សំណើរ​ជំនួប​ប្រជាពលរដ្ឋ​ចំពោះ​ឯកឧត្តម​ខ្ញុំ​នឹង​នាំ​បងប្អូន​ខ្ញុំ​មក​ច្រើន​ទ្បើ​ងៗ​គ្រប់​សហគមន៍​ រង់ចាំ​មើល​ថា​ថ្ងៃ​ទី​១៤​ ថា​តើ​គាត់​អាច​ខ្ញុំ​បាន​ឬ​មួយ​ក៏​គាត់​បដិសេធ​បើកាលណា​គាត់​អាច​ជួប​តំណាង​ប្រជាពលរដ្ឋ​យើងទាំង​អស់​​គ្នា​ទាំង​៩​សហគមន៍​នេះ​អូ​ខេ​ខ្ញុំ​អបអរសាទរ​ជាមួយ​គាត់​ក៏​ប៉ុន្តែ​បើ​គាត់​បដិសេធ​មិន​អាច​ជួប​តំណាង​សហគមន៍​បាន​ទេ​ខ្ញុំ​នឹង​រក​វិធីសាស្ត្រ​នាំ​បងប្អូន​ខ្ញុំ​ទាំងអស់​ទៅ​សួរ​ដល់​ក្រសួង​ដែនដី​នគរូបនីយកម្ម​ទី​០១​ ទី​០២​អាច​នឹង​ដាក់​ញត្តិ​សុំ​ជួប​សម្តេច​នាយក​តែ​ម្តង​»​។​

salarekteny-thum-01
តំណាងសហគមន៍ដែលត្រូវបានសាលាក្រុងអនុញ្ញាតឱ្យចូលជួបពិភាក្សាពីគម្រោងសងផ្លូវថ្នល់អមផ្លូវរថភ្លើង។

តំណាង​សហគមន៍​មួយ​រូប​ទៀត​ដែល​បាន​ចូល​ជួប​មន្ត្រី​សាលាក្រុង​ដែរ​នោះ​ គឺ​អ្នកស្រី​ នី​ សន្តោស​ បាន​និយាយ​ថា​ ការ​ស្នើ​សុំ​បើក​វេទិកាសាធារណៈ​របស់​ប្រជា​សហគមន៍​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នៅ​ទ្បើ​យ​នោះ​ទេ​។​ បើ​តាម​ការ​ឱ្យ​ដឹង​បន្ថែម​​ពី​អ្នកស្រី​ សន្តោស​ ប្រធាន​ការ​រិ​យា​ល័យ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​សាលា​រាជធានី​ភ្នំពេញ​លោក​ មាស​ ម៉េ​ត​ភក្តី​ ដែល​បាន​ជួប​តំណាង​សហគមន៍​ទាំង​៩​ កាលពី​ព្រឹក​មិ​ញ​ បាន​ប្រាប់​ទៅ​កាន់​ពួក​គាត់​ថា​ សាលាក្រុង​មិន​ទាន់​អាច​បើក​វេទិកាសាធារណៈ​បាន​នៅ​ទ្បើ​យ​ទេ​។​

​អ្នកស្រី​ថា​ គេ​ត្រូវ​រង់ចាំ​ក្រុមបច្ចេកទេស​របស់​សាលា​រាជធានី​ភ្នំពេញ​សិក្សា​ពី​គម្រោង​អភិវឌ្ឍ​ផ្លួ​វ​នោះ​ឱ្យ​ចប់​សព​គ្រប់​ជា​មុន​សិន​ ហើយ​ក្រោយ​ពេល​ពួក​គេ​ពិនិត្យ​រួចរាល់​ហើយ​នោះ​ សាលា​រាជធានី​នឹង​បើក​វេទិកាសាធារណៈ​ជូន​ប្រជា​សហគមន៍​។

ជាមួយ​គ្នា​នេះ​ដែរ​អ្នកស្រី​អះអាង​ថា​ សហគមន៍​នឹង​មិន​រង់ចាំ​តទៅ​ទៀត​នោះ​ទេ​ ដោយ​ពួក​គេ​នឹង​ដាក់​លិខិត​ទៅ​សាលាក្រុង​សុំ​ជួប​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ដោយ​ផ្ទាល់​ ប៉ុន្តែ​បើ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​មិន​ជួប​ពួក​គេ​ ឬ​ក៏​មិន​មាន​ដំណោះ​ស្រាយ​គឺ​ ពួក​គាត់​នឹង​បន្ត​តវ៉ា​រហូត​មាន​ដំណោះស្រាយ​។​ អ្នកស្រី​ សន្តោស​ ៖«​ពួក​យើង​នឹង​មក​ទៀត​ យើង​នឹង​ព្យាយាម​មក​ហើយ​មក​ទៀត​ លុះត្រាតែ​បាន​ជួប​អភិបាល​តែ​ម្តង​ពីព្រោះ​ពេល​ខ្លះ​ព័ត៌មាន​អ្នកនាំពាក្យ​ នឹង​ឯកឧត្តម​អភិបាល​មិន​ដូច​គ្នា​ ប្រសិនបើ​សាលា​រាជធានី​នៅ​មិន​ផ្តល់​ព័ត៌មាន​ឱ្យ​ពួក​យើង​ ហើយ​មិន​ធ្វើ​អ្វី​តាម​ជា​តំរូវការ​ដូច​ថា​ សេចក្តី​ត្រូវការ​របស់​យើង​រៀងខ្លួន​គឺ​យើង​នឹង​បន្ត​ទៅ​ជួប​សម្តេច​ ឬ​ទៅ​ក្រសួង​ដែនដី​ពេល​ក្រោយ​ទៀត​យើង​មិន​បោះបង់​ចោល​នោះ​ទេ​»​។​

ជុំវិញ​បញ្ហា​នេះ​ដែរ​វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​បន្ថែម​ពី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​នៅ​ទ្បើ​យ​នោះ​ទេ​នៅ​ថ្ងៃនេះ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។​

សូម​ជំរាប​ថា​ ប្រជា​សហ​គម​ន៏​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ មាន​៩​។​ សហ​គម​ន៏​ទាំងនោះ​រួម​មាន​៖​ ទី​០១​ សហ​គម​ន៏​អភិវឌ្ឍ​ន៏​ថ្មី​ទី​០២​ សហ​គម​ន៏​រួមចិត្ត​តែ​មួយ​ ទី​០៣​ សហ​គម​ន៏​ភូមិ​១០៤​ ទី​០៤​ សហ​គម​ន៏​ភូមិ​១០៥​ ទី​០៥​ សហ​គម​ន៏​ភូមិ​១៧​ ទី​០៦​ សហ​គម​ន៏​ភូមិ​២​ ទី​០៧​ សហ​គម​ន៏​ភូមិ​២៣​ ទី​០៨​ សហ​គម​ន៏​ភូមិ​២១​ និង​ទី​០៩​សហ​គម​ន៏​ទួល​សង្កែ​ប៊ី​៕​

Share

Image
Image
Image