en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ ៖​ ការ​ផ្ដួលរំលំ​មេដឹកនាំ​ខ្លះ​នាំ​ឱ្យ​មាន​សង្គ្រាម​ តែ​អ្នកវិភាគ​ថា​អំណាច​ផ្ដាច់​ការ​គឺជា​ដើមចម​🔊

Share

ភ្នំពេញ ៖ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ប្រាប់​មេដឹកនាំ​ពិភពលោក​ឲ្យ​ដឹង​ថា​ ការ​កើតសង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា​គឺជា​ដើមចម​នៃ​ការ​ផ្ដូ​ល​រំលំ​មេ ដឹកនាំ​តាម​រយៈ​ការ​អុជអាល​នឹង​ផ្ដូ​ច​ផ្ដើម​ពី​លោក​ខាងលិច​ ក្នុង​នោះ​មាន​អា​មេ​រិ​ក​ជា​មេខ្លោង​ ។​ តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​មិន​យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ​ទេ​។​ លោក​ថា​ សង្គ្រាម​កើតឡើង​ដោយសារ​តែ​អំណាច​ផ្ដាច់​ការ​។​

 

សម្តេច ហ៊ុន សែន ថ្លែងនៅក្នុងកម្មវិធីបើកមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩នៅ សៀមរាប កាលរសៀលថ្ងៃទី២៨ ខែវិច្ឆិកា។រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
កាលរសៀលថ្ងៃទី២៨ ខែវិច្ឆិកា។រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន

​ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ផ្ដល់​អនុសាសន៍​ និង​រិះគន់​ធ្ងន់ៗ​ទៅ​លើ​លោក​ខាងលិច​ ជា​ពិសេស​ទៅ​លើ​សហរដ្ឋអាមេរិក​ដែល​សម្ដេច​ថា​ ជា​អ្នក​ផ្ដើម​ឱ្យ​មាន​បដិវត្តន៍​ពណ៌​ នៅ​មជ្ឈិមបូព៌ា​ ដោយសារ​តែ​បដិវត្តន៍​នេះ​ហើយ​ បង្ក​ឱ្យ​មាន​សង្គ្រាម​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ ។​

​សម្ដេច​បន្ដ​ថា​ ការ​ផ្ដួល​រលំ​មេដឹកនាំ​មជ្ឈិមបូព៌ា​ គឺជា​កំហុស​យ៉ាង​ពិតប្រាកដ​ចំពោះ​អ្នក​ដែល​ផ្ដើម​អោយ​មាន​បដិវត្តន៍​ពណ៌​ ព្រោះ​វា​បាន​ជះ​ត្រឡប់​មក​វិញ​នៃ​អំពើ​ហិង្សា​សង្គ្រាម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​។​ សម្ដេច​ ហ៊ុន​ សែន​៖«​ការ​ផ្ដួលរំលំ​របប​ សា​ដាម​ ហូ​សេន​តើ​បាន​ផ្ដល់​ផលប្រយោជន៍​អ្វី​ខ្លះទៅ​ដល់​ប្រជាជន​អី​រ៉ា​ក់​ កា​ផ្ដួលរំលំ​ ប៊ិ​ន​ណេ​ស៊ី​ នៅ​ទុ​ណេ​ស៊ី​ ការ​ផ្ដួលរំលំ​ ហ្គា​ដា​ហ្វី​ នៅ​លី​ប៊ី​ ការ​ផ្ដួលរំលំ​ មូ​ស៊ី​មូ​បា​រ៉ា​ក់​ នៅ​អេ​ហ្ស៊ី​ប​ ការ​ប្រឆាំង​នឹង​របប​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​អា​ហ្សា​ដ​ ក៏​ដូច​ជា​សង្គ្រាម​នៅ​យ៉េ​មែន​ តើ​អ្នក​ណា​ត្រូវ​ទទួលខុស​ត្រូ​»​។​

​សម្ដេច​ក៏​បាន​អះអាង​ថា​ ការ​ផ្ដួល​រលំ​អតីត​ព្រះមហាក្សត្រ​កម្ពុជា​នៅ​ឆ្នាំ​ ១៩៧០​ ក៏​ជាដើម​ចម​ដែល​ធ្វើ​អោយ​កម្ពុជា​ផ្ទុះ​សង្គ្រាមស៊ីវិល​ផង​ដែរ​។​

​តាម​រយៈ​នេះ​ ប្រមុខ​រដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​ ៣០​ ឆ្នាំ​មកនេះ​  បាន​ទទូច​ឱ្យ​ពិភពលោក​ជា​ពិសេស​គណៈប្រតិភូ​ដែល​មក​ចូលរួម​ប្រជុំ​សភា​អាស៊ី​(​អេ​ប៉ា​)​ APA​ ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប​ ត្រូវ​រួម​គ្នា​ជួយ​គិត​និង​សហការ​គ្នា​ ដើម្បី​អោយ​ពិភពលោក​មាន​សន្ដិភាព​ ។​ ​សម្ដេច​ ហ៊ុន​ សែន​៖«​ដើម្បី​ការពារ​សន្ដិភាព​បាន​ទាល់តែ​កុំ​ឲ្យ​មាន​អ្នក​បំផ្លាញ​សន្ដិភាព​ ដើម្បី​រក្សា​សន្ដិភាព​បាន​ទាល់តែ​ទប់​ស្ដា​ត់​កុំ​ឲ្យ​មាន​អ្នក​បង្ក​សង្គ្រាម​»​។​

​ប៉ុន្ដែ​អ្នកវិភាគ​មួយ​រូប​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​សិក្សា​គោលនយោបាយ​ការ​បរទេស​ មិន​យល់​ស្រប​ដូច​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ​ទេ​។​

​លោក​ថា​ ដើមចម​ដែល​ធ្វើ​អោយ​មាន​អំពើ​ហិង្សា​និង​ផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ គឺ​ ដោយសារ​តែ​ប្រព័ន្ធ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ប្រទេស​ទាំង នោះ​មានគុណ​វិបត្តិ​ ហើយ​ម្យ៉ាងវិញទៀត​ ដោយសារ​តែ​មេដឹកនាំ​ទាំងនោះ​ ក្រាញ​អំណាច​ជិះជាន់​ គៀបសង្កត់​លើ​អ្នក​ទន់ខ្សោយ​នៅ​ពេល​ដែល​ខ្លួន​អស់​ការ​គាំទ្រ​ពី​ប្រជាជន​ បែរជា​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ប្រជាជន​ខ្លួនឯង​ទៅ​វិញ​។​ លោក​ថា​ មេដឹកនាំ​មិន​ត្រូវ​គិត​ថា​ អំណាច​ជា​មរតក​របស់​គ្រួ សារ​ខ្លួន​ ហើយ​គំរាម​ធ្វើសង្គ្រាម​នោះ​ទេ​។​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន ​៖«​តាម​ពិត​ការ​កើតសង្គ្រាម​ហ្នឹង​គឺ​មក​ពី​មេដឹកនាំ​ផ្ដាច់​ការ​នៅ​មជ្ឈិមបូព៌ា​ហ្នឹង​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​គេ​មិន​គាំទ្រ​ ហើយ​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ ហើយ​មេដឹកនាំ​ផ្ដាច់​ការ​ហ្នឹង​មិន​ព្រម​ចុះ​ចេញពី​អំណាច​ហើយ​ប្រើ​កងកម្លាំង ប្រដាប់អាវុធ​តបត​ជាមួយ​ប្រជាជន​ខ្លួនឯង​ បាញ់​សម្លាប់​ប្រជាជន​ខ្លួនឯង​បាន​បង្ក​ទៅ​ជា​សង្គ្រាម​ ធម្មតា​អ្នកប្រឆាំង​មាន​កាំភ្លើង​មកពីណា​»​។​

នៅ​លើ​ពិភពលោក​មាន​ប្រទេស​ ១៩៤​ ប្រទេស​។​ ភាគច្រើន​ប្រទេស​ទាំងនោះ​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​។​ មេដឹកនាំ​ប្រទេស​ទាំងនោះ​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​ ហើយ​ត្រូវ​ទម្លាក់​ពី​អំណាច​ក៏​តាម​រយៈ​ការ​បោះ​ឆ្នោត​ដែរ​។​ ប្រទេស​ទាំងនេះ​កម្រ​ជួប​ប្រទះ​នូវ​ការ​ផ្ទុះ​សង្គ្រាម​ ឬ​ហិង្សា​បង្ក​ឲ្យ​មាន​សង្គ្រាម​កើតឡើង​ណាស់​។​

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ

លោក​ ឡុ​ង​គឹ​ម​ ឃ​ន​ បាន​ពន្យល់​ទៀត​ថា​ ប្រទេស​ទាំងនេះ​មាន​ប្រជាធិបតេយ្យ​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​ ហើយ​មេដឹកនាំ​របស់​ប្រទេស​ទាំងនេះ​ចាត់​ទុក​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ធំ​ជាង​អំណាច​ និង​បក្សពួក​របស់​ខ្លួន​។​ លោក​ថា​ បើ​អនុវត្ដន៍​ដូចនេះ​គឺ​គ្មាន​កើតសង្គ្រាម​វឹកវរ​អ្វី​ឡើយ​ លើកលែងតែ​ករណី​ពួក​ភេរវកម្ម​ជ្រៀតចូល​តែ​ប៉ុណ្ណោះ​។ លោក​ ឡុ​ង​ គឹ​ម​ឃ​ន ​៖«​ប្រទេស​នៅ​អឺរ៉ុប​ដែល​គេ​បោះ​ឆ្នោត​ហើយ​គេ​ដូរ​រដ្ឋាភិបាល​គេ​គ្មាន​សង្គ្រាម​នោះ​ព្រោះ​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​ស្រុក​គេ​រឹង​មាំ​ មិន​រត់​តាម​ខ្យល់​នយោបាយ​បុគ្គល់​ទេ​ ព្រោះ​ស្ថាប័នរដ្ឋ​មានច្បាប់​រឹង​មាំ​មិនតែប៉ុណ្ណោះ​អ្នកនយោបាយ​គេ​មានការ​យល់​ដឹង​ខ្ពស់​ ពី​ការ​ធានា​សន្ដិសុខ​ និង​ស្ថិរភាព​សម្រាប់​ប្រទេស​គេ​»​។

​តែ​បែប​នេះ​ក្ដី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ចោទ​ជា​សំណួរ​ថា​ តើ​អ្នក​ដែល​ផ្ដូ​ច​ផ្ដើម​ឲ្យ​មាន​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​គួរតែ​ប្រឈម​មុខ​នឹង​បទឧក្រិដ្ឋ​អ្វីខ្លះ​ នៅ​ចំពោះ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ អាយ​ ស៊ី​ ស៊ី​។​ ប្រមុខ​រដ្ឋាភិបាល​បន្ដ​ថា​ ប្រទេស​កម្ពុជា​បាន​ខិតខំ​ការពារ​សន្ដិភាព​មក​ដល់​ពេល​នេះ​ គឺ​ដោយសារ​តែ​កម្ពុជា​អាច​ទប់​ស្ដា​ត់​បាន​នូវ​ចលនា​បង្ក​សង្គ្រាម​។​

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ កាលពី​ថ្ងៃ​ចន្ទ​ ទី​២៨​ វិច្ឆិកា​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​សង្ឃឹមថា​ កម្ពុជា​នឹង​មិន​មាន​សង្គ្រាម​អ្វី​កើតឡើង​ទេ​ ព្រោះ​អ្នក​ចាញ់​ត្រូវ​តែ​ទទួលស្គាល់​លទ្ធផល​របស់​ខ្លួន​។​ មេ​បក្ស​ប្រឆាំង​រូប​នេះ​សង្ឃឹមថា​ គ្មាន​អំពើ​បះបោរ​ណាមួយ​ប្រឆាំង​នឹង​ការ​ផ្ទេរអំណាច​នៅ​ឆ្នាំ​ ២០១៨​ នោះ​ទេ​៕​

Share

Image
Image
Image