en     km
en     km

​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​ថា​ វិធានការ​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល​លើ​លោក​អ៊ុំ​ សំ​អាន​ គឺ​រំលោភ​លើ​សិទ្ធិ​ ​តំណាងរាស្ត្រ​

Share

​អ្នកវិភាគ​នយោបាយ​ និង​សង្គម​ស៊ី​វិល​ បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា​ វិធានការ​ផ្លូវច្បាប់​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ទៅ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ ករណី​ដែល​លោក​បន្ត​លើក​ឡើង​ពី​បញ្ហា​ផែនទី​នោះ​ ថា​ជា​ការ​រំលោភសិទ្ធិ​ និង​កិច្ចការ​របស់​អ្នកតំណាង​រាស្ត្រ​ ។​ ការ​លើក​ឡើង​បែប​នេះ​ គឺ​បន្ទាប់​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ កាលពី​ថ្ងៃ​ទី​០៨​ខែតុលា​ ម្សិលមិញ​ ថា​នឹង​ពិចារណា​ចាត់វិធានការ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ ដែល​បាន​លើកយក​បញ្ហា​ផែនទី​មក​សើរើ​ជា​ថ្មី​ ដោយ​ចាត់​ទុក​សកម្មភាព​លោក​អ៊ំ​ សំ​អាន​ ថា​ជា​ឧបាយកល​ទុច្ចរិត​ បំពុលបរិយាកាស​សង្គម​ ។​​

លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​
លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (COMFREL)​ លោក​ គល់​ បញ្ញា​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​អេ​ស្វ​អឹ​ម​ ១០២​ នៅ​ថ្ងៃ​ទី​៩​ ខែតុលា​ ថា​ ការ​ចេញ​សេចក្តី​បំភ្លឺ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ថា​នឹង​ពិចារណា​ចាត់វិធានការ​លើ​លោក​ អ៊ុំ​ សំ​អាន​ នោះ​គឺជា​ការ​រំលោភសិទ្ធិ​ និង​កិច្ចការ​របស់​អ្នកតំណាង​រាស្ត្រ​ ។​

​លោក​ គល់​ បញ្ញា​ ពន្យល់​ថា​ អ្នកតំណាង​រាស្ត្រ​គឺ​មាន​សិទ្ធិ​ស្រប​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ ដែល​អនុញ្ញាត​ដល់​អ្នកតំណាង​ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​សំខាន់ៗ​ ដើម្បី​យក​មក​ដាក់​បង្ហាញ​ និង​សួរ​ដេញដោល​រដ្ឋាភិបាល​ ។​ ​លោក​ គល់​ បញ្ញា​៖​ «​ដើម្បី​គេ​ដេញដោល​រដ្ឋាភិបាល​បាន​ គេ​ត្រូវ​ស្រាវជ្រាវ​ទៅ​ ដល់​ពេល​ គេ​រក​ឃើញ​មាន​បញ្ហា​អី​ គេ​ដាក់​បង្ហាញ​បញ្ហា​ហ្នឹង​។​ យើង​គេ​មាន​សិទ្ធិ​ដេញដោល​គ្រប់​វិស័យ​ តាំងពី​ វិស័យ​សន្តិសុខ​ រហូត​ដល់​វិស័យ​ព្រំដែន​ ឬ​ក៏​រឿង​សេដ្ឋកិច្ច​ ឬ​រឿង​អី​ក៏​ដោយ​ ។​ ដូច្នេះ​អាហ្នឹង​ ជា​តួនាទី​របស់​អ្នកតំណាង​រាស្ត្រ​ អ​ញ្ចឹ​ង​គ្មាន​រឿង​អី​មក​ចោទប្រកាន់​អី​គេ​បាន​ទេ​»​។​

​ចំណែកឯ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ លើក​ឡើង​ថា​ ការ​ព្រមាន​របស់​អង្គភាព​ប្រតិកម្ម​រហ័ស​ ទៅ​លើក​ការ​ស្រាវជ្រាវ​បន្ថែម​លើ​ផែនទី​ របស់​លោក​ អ៊ុំ​ សំ​អាន​ គឺ​មិនមែន​ជា​ប្រការ​ល្អ​នោះ​ទេ​ ព្រោះថា​បញ្ហា​បូរណភាព​ទឹកដី​ គឺជា​រឿង​របស់​ជាតិ​ទាំងមូល​ ។​

លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (COMFREL)​
លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​ ខុមហ្វ្រែល​ (COMFREL)​

​លោក​សាស្ត្រាចារ្យ​សូ​ ច​ន្ថា​ បន្ថែម​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​អ្នកតំណាង​រាស្ត្រ​ អាច​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​ចូលរួម​ស្វែង​យល់​ និង​រក​ឲ្យ​ឃើញ​នូវ​ការ​ពិត​ ។​ លោក​បន្ត​ថា​ ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ គឺ​ហាក់​មិន​សម​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែក​អំពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ និង​អ្នកតំណាង​រាស្ត្រ​នោះ​ទេ​ ។​ លោក​ថា​៖​ «​ខ្ញុំ​ថា​មិនជា​រឿង​ល្អ​នោះ​ទេ​ ពីព្រោះ​បញ្ហា​រឿង​បូរណភាព​ទឹកដី​ ជា​រឿង​ ជាតិ​ទាំងអស់​ គ្នា​ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ គាត់​មាន​សិទ្ធិ​ មាន​កាតព្វកិច្ច​ក​ក្នុង​ ការ​ចូលរួម​ ស្វែង​យល់​ រក​ឲ្យ​ឃើញ​ការ​ពិត​។​ មួយវិញទៀត​លោក​ អ៊ុំ​ សំ​អាន​ ក៏​ជា​អ្នក​ តំណាង​ រាស្ត្រ​ អ​ញ្ចឹ​ង​អ្នក​ តំណាង​ រាស្ត្រ​ត្រូវ​មាន​កាតព្វកិច្ច​ការពារ​ផលប្រយោជន៍​រាស្ត្រ​ ផលប្រយោជន៍​ជាតិ​ ដូច្នេះ​ការ​ចេញ​សេចក្តី​ថ្លែង​ ការណ៍​ហ្នឹង​ មិន​សម​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ និង​អ្នកតំណាង​រាស្ត្រ​ទេ​ បាទ​!»​។​

​សូម​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​៧​ ខែតុលា​ លោក​ អ៊ុំ​ សំ​អាន​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ និង​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​ថា​ លោក​បាន​រក​ឃើញ​ផែន​បោ​ន​ខ្នាត​១/១០០.០០០​ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​Um-Samnan-01ឥណ្ឌូចិន​ឆ្នាំ​១៩៥២,​ ១៩៥៣ ដែល​កម្ពុជា​បាន​យក​ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​១៩៥៤​។​ លោក​ថា​ ផែនទី​នោះ​ស្រប​តាម​មាត្រា​២​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​ លោក​អ៊ុំ​ សំ​អាន​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្ចី​ផែនទី​បោ​ន​​ពី​អង្គការសហប្រជាជាតិ​ម្តងទៀត​ ដោយ​លោក​ថា​ កាលពី​លើក​មុន​មន្ត្រី​រដ្ឋាភិបាល​មិន​បាន​សុំ​ខ្ចី​ផែនទី​បោ​ន​ពី​អង្គការសហប្រជាជាតិ​ទេ​ តែ​យក​ខ្ចី​ផែនទី​UTM​ផ្ទៀងផ្ទាត់​ទៅ​វិញ​។​

មួយ​ថ្ងៃក្រោយ​ការ​បង្ហាញ​របស់​លោក​អ៊ុំ​ សំ​អាន​ អំពី​ការ​រក​ឃើញ​ផែនទី​នោះ​ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ បាន​ប្រតិកម្ម​តប​ ដោយ​ចោទ​ថា​ លោក​ អ៊ុំ​ សំ​អាន​ កំពុង​បន្ត​ចិញ្ចឹម​ឧបាយកល​ទុច្ចរិត​ បំពុលបរិយាកាស​ អំពី​បញ្ហា​អធិបតេយ្យ​ជាតិ​និង​បូរណភាព​ទឹកដី​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​បញ្ចប់​ការ​ផ្ទៀងផ្ទាត់​ផែនទី​ផ្លូវការ​ និង​ស្របច្បាប់​។​

​សេចក្តី​បំភ្លឺ​បន្ត​ថា​ រាល់​ផែនទី​ដែល​រាជរដ្ឋាភិបាល​ទទួលស្គាល់​ជា​ផ្លូវការ​ និង​មាន​តម្លៃ​គតិ​យុ​ត្ត​ គឺជា​ផែនទី​ដែល​មាន​ចែង​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ពោល​គឺ​រាជរដ្ឋាភិបាល​ស្នើ​ទៅ​អង្គការសហប្រជាជាតិ​នូវ​ផែនទី​ ដែល​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ដែល​បាន​តម្កល់​នៅ​ អ​.​ស​.​ប​ នៅ​ឆ្នាំ​១៩៦៤​ មិនមែន​ផែនទី​ឆ្នាំ​១៩៥៤​ ដូច​ការ​លើក​ឡើង​របស់​ឯកឧត្តម​ អ៊ុំ​ សំ​អាន​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា​ ក្រោយ​ការ​ផ្ទៀងផ្ទាត់​ផែនទី​រវាង​កម្ពុជា​ជាមួយ​ផែនទី​តម្កល់​ទុក​នៅ​អង្គការសហប្រជាជាតិ​និង​បារាំង​មក​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឲ្យ​មន្ត្រី​នៅ​ក្រោម​បង្គាប់​ បន្ត​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ និង​ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នក​រិះគន់​បញ្ហា​ព្រំដែន​ដែល​ថា​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​៕

Share

Image
Image
Image