នៅសល់ ៧ខែទៀត ភូមិសាស្ត្រនយោបាយនៃប្រទេសម៉ាឡេស៊ី នឹងក្លាយជាទស្សនីយភាព ដ៏អស្ចារដែល ពលរដ្ឋប្រទេសនេះ ជាង ៣១លាននាក់កំពុងរង់ចាំឡើងសម្ដែងមតិគឺតាមរយៈសិទ្ធិរបស់ពួកគេកាន់សន្លឹកឆ្នោតក្នុងការជ្រើសតាំង នាយករដ្ឋមន្ត្រីនិងសមាជិកសភា តាមរដ្ឋនិមួយៗ នៃរាជណាចក្រនេះ។
តើ អ្នកនយោបាយម៉ាឡេស៊ីដែលអ្នកនិពន្ធដាក់រសហ័សនាមថាបុរសខ្លាំងដូចគ្នានោះ ពួកគាត់នឹងទាក់ទាញសន្លឹកឆ្នោតពី ពលរដ្ឋម៉ាឡេស៊ីបានដោយរបៀបណាម?
លោក នួន បូរិន ជូន សេចក្ដីវិភាគដូចតទៅ៖
ការសម្លែងនយោបាយមួយ ដែលមើលទៅ ធ្វើអោយប្រជាជនម៉ាឡេស៊ីចង់ទស្សនា នោះគឺការ ត្រឡប់មកឆាកវិញ របស់អ្នកនយោបាយជើងចាស់ គឺអតីតនាយករដ្ឋមន្ត្រី មហាធាមហាមាដ ដែលធ្លាប់កាន់តំណែងនេះជាង២០ឆ្នាំ។ អ្នកនយោបាយជើងចាស់ដ៏មានប្រជាប្រិយភាពនេះ មានអាយុ ៩២ឆ្នាំ។ ទោះបីជាដើរកាន់ឈើច្រត់មែន តែ អារម្មណ៍ និង ស្មារតី នៅតឺរឹងមាំ។ លោក ឆ្លើយទៅកាន់អ្នកសារព័ត៌មានដោយមិនភ្លេចភ្លាំងឡើយ។ ដោយសារសុខភាពនៅបន្តរឹងមាំនេះធ្វើ អោយ លោកនៅបន្តទុកចិត្តពីសមាជិកបក្សរបស់លោក តែងតាំងលោកជាបេក្ខជន នាយករដ្ឋមន្ត្រី តាងនាមអោយ មេបក្សប្រឆាំងលោកអាន់វ៉ាអ៊ីប្រាហ៊ិម ដែលកំពុងជាប់ឃុំ។
ហេតុអ្វីបានជាអតីត បុរសខ្លាំងនេះ ហក់ចូលនយោបាយវិញ?
លោក មហាធា មហាមាដ គឺជានាយករដ្ឋមន្ត្រីទី៤នៃរាជាណាចក្រម៉ាឡេស៊ី។ លោកបានកាន់តំណែងនេះ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។ លោកបានលាលែងពីតំណែងនេះ ដោយទុកអោយ គណបក្ស អង្គការជាតិ ម៉ាឡេស៊ីរួបរួម UMNO មានមេដឹកនាំថ្មី និងនាយករដ្ឋមន្ត្រីថ្មី។ លោកលាលែង ក្រោយពី លោកមានជំលោះ ជាមួយ ឧបនាយករដ្ឋមន្ត្រីរបស់លោក គឺលោកអាន់វ៉ាអ៊ីប្រាហ៊ិម។ លោកបានកែទម្រង់បក្សនេះ មុនលោកចាកចេញដែលធ្វើឱ្យអ្នកស្នងពីលោក និងបក្សរបស់លោកមានប្រជាប្រិយរៀងរហូតមក។ តែចុងក្រោយនេះ អ្វីដែលធ្វើឲ្យលោកឈឺចាប់គឺលោក នាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់ បានជួបរឿងអាស្រូវ ក្នុងការគ្រប់គ្រងអំណាចរបស់ខ្លួន ដែលធ្វើឲ្យបក្ស UMNO ធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង។ រឿងអាស្រូវរបស់លោក ណាជីប ត្រូវបាន សារព័ត៌មានអាមេរិក ដ៏ល្បីមួយ គឺ the Wall Street Journal ចុះផ្សាយរបាយការណ៍ស៊ើបអង្គេតរបស់ខ្លួនថា បុរសខ្លាំង ម៉ាឡេស៊ី បានលួចផ្ទេរប្រាក់ពីធនាគាររបស់រដ្ឋ “1MDB” នូវទឹកប្រាក់ជាង៧០០លានដុល្លាចូលគណនី របស់ខ្លួន។ រឿងអាស្រូវនេះ ធ្វើឲ្យលោក ណាជិប ហៀបនឹងដកហូតពីតំណែង រួចទៅហើយ។ ប៉ុន្តែ ដោយសារតែលោក ណាជិប ប្រើប្រាស់អំណាចរបស់ខ្លួន ទប់ទល់បានយ៉ាងមានប្រសិទ្ធិភាពនៅឯតុលាការ។ រឿងអាស្រូវរបស់លោក ណាជិប បាននាំឲ្យ រដ្ឋមន្ត្រីរបស់លោក និង រដ្ឋអាជ្ញារជាច្រើននាក់បានបាត់បង់តំណែង ដោយសារតែលោក បង្ខំឲ្យចាកចេញពីតំណែង។ ដោយសាររឿងនេះ លោក មហាធា បានវាយប្រហារលោកណាជិប យ៉ាងខ្លាំង ហើយ ក៏បង្ខំឲ្យលោក លាលែងពីតំណែងដែរ។ តែលោក ណាជិប ធ្វើព្រងើយហើយវាយប្រហារតបវិញ។ លោក អះអាងថា អ្វីដែលចោទប្រកាន់របស់លោកគឺជាការប្រឌិតរបស់អ្នកសារព័តមាននិងអ្នកនយោបាយបក្សប្រឆាំង។ ករណីនេះ នាំឲ្យលោក មហាធា ចាប់ផ្តើម ជម្រុញឲ្យគណបក្សនយោបាយទាំងអស់ដែលមកពីបក្សប្រឆាំង ទាំងអស់រួបរួមគ្នា ហើយមានគោលនយោបាយ តែមួយ គឺផ្តួលរំលំលោកណាជិប។ ដោយសារមានភាពរឹងមាំ ដូចនេះ លោក មហាធា ទទួលបាន ការតែងតាំង ពីសម្ព័ន្ធគណបក្សប្រឆាំង រួមរួម របស់អតីត មេដឹកនាំ គណបក្សប្រឆាំង ដែលកំពុងជាប់ឃុំ គឺ លោក អានវ៉ា អ៊ីប្រាហ៊ីម។
តើលោក ណាជិប រ៉ាហ្សាក់ អាចបន្តកាន់តំណែងទៀតឬទេ ?
លោក ណាជិប បានកាន់តំណែងប្រធានបក្ស UMNO នៅឆ្នាំ២០០៩និងជានាយករដ្ឋមន្ត្រីនៅក៏នៅឆ្នាំដដែលនេះដែរ។
លោក ក្លាយជាមេដឹកនាំរាជាណាចក្រម៉ាទ្បេស៊ី ដែលមានរឿងអាស្រូវច្រើនជាងគេបំផុតបើធៀបនឹងនាយករដ្ឋមន្ត្រី៥រូបកន្លងមក។ រឿងអាស្រូវហិរញ្ញវត្ថុនេះហើយដែលនាំឱ្យលោក ណាជិប និងបក្ស UMNO របស់លោក បាត់បង់ការគាំទ្រពីមួយអាណត្តិ ទៅមួយអាណត្តិ ដែលធ្វើ ឱ្យបក្សប្រឆាំង មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅដំណាក់កាលចុងក្រោយនេះ។ នៅក្នុងការបោះឆ្នោតសភាអាណត្តិទី១៣ ឆ្នាំ២០១៣បក្ស UMNO របូតអាសនៈ គួរឱ្យព្រួយបារម្ភគឺសឹងតែបង្កើតរដ្ឋាភិបាលដោយខ្លួនឯងមិនបាន។ រឿងអាស្រូវ ហិរញ្ញវត្ថុនេះ ទើបតែកើតទ្បើងនៅឆ្នាំ២០១៥នេះទេ ហើយត្រូវបានមើលឃើញថា UMNO កាន់តែពិបាករកការគាំទ្របាន ទៀតណាស់។តែយ៉ាងនេះក្តីលោកណាជិប បានប្រើប្រាស់យុទ្ធសាស្ត្រថ្មីៗជាច្រើន ដើម្បីទប់ទល់ ក្រុមគណបក្សប្រឆាំងដែលក្នុងនោះលោកបានលើកទ្បើងពី សមិទ្ធផលរបស់លោក និង ស្មារតីសាសនា ម៉ូស្លិម កិច្ចការនយោបាយការបរទេសនិង សន្តិសុខផ្ទៃក្នុង ដែលលោកថា ជាកត្តា នៃជីវិត នយោបាយ របស់UMNO ផងនិង ប្រទេសជាតិផង។ លោកក៏ជាអ្នកទាញ់ផលប្រយោជន៍បានច្រើនដែរពី សហមន៍ជនជាតិភាគតិចដូចជាជនជាតិចិនជាដើម។
តែយ៉ាងនេះ ក្ដីបុរសខ្លាំងទាំង២រូបនេះ ដែលធ្លាប់រួមរស់នឹងគ្នាជាច្រើនទសវត្ស បានក្លាយជាសត្រូវខាងនយោបាយនឹងគ្នានេះ ពីពេលនេះ គឺ ជាការបែកគ្នាយ៉ាងពិតប្រាកដ ព្រោះអ្នកទាំងពីរត្រូវឡើងសង្វៀន ប្រកួតដើម្បីឈ្នះចាញ់ នៅថ្ងៃទី២៤ សីហា ឆ្នាំ២០១៨នេះ។
បើ លោក ណាជិព ចាញ់ លោក មហាធា គឺជាប្រវត្តិសាស្ត្រនៃរាជាណាចក្រមួយនេះ ដែលមនុស្សអាយុ៩២ឆ្នាំមានឱកាស កាន់តំណែង ម្ដងទៀត ទោះជាលោកស្បថថានឹងផ្ទេរតំណែងនេះទៅអោយ មេបក្សប្រឆាំង លោកអាន់វ៉ាអ៊ីប្រាហ៊ិមដែលកំពុងជាប់ឃុំក៏ដោយ៕