en     km
en     km

​វិភាគ​៖​ លោក​ដូ​ណា​ល់​ត្រាំ​ ទំនង​មិន​ទុក​ឱ្យ​ចិន​ធ្វើស្ដេច​ នៃ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​

Share

មេទ័ព​អា​មេ​រិ​ក​ម្នាក់​ និយាយ​ថា​ អា​មេ​រិ​ក​នៅ​រក្សា​ការ​ប្រឈម​ជាមួយ​ចិន​ កាន់តែ​ខ្លាំង​ជាង​មុន​ ជា​ពិសេស​ សម័យ​កាលនៃ​ការ​គ្រប់គ្រង​របស់​ លោក​ដូ​ណា​ល់​ត្រាំ​ ចំពោះ​ អ្វី​ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​ ព្រមាន​ថា​ មិន​ទុក​ឱ្យ​ចិន​ បង្ករឿង​ក្នុង​ការ​គ្រប់គ្រង​ដែនទឹក​ នៃ​សមុទ្រ​ចិន​ខាងត្បូង​តែ​ម្នាក់ឯង​បាន​ឡើយ​។​

usa-ship1
លោក​ Harry​ Harris​ មាន​ប្រសាសន៍​ថា​៖«​នយោបាយ​ចិន​តែ​មួយ​គឺជា​ការ​សន្យា​ផ្នែក​ការទូត​ ដែល​អនុ​ញ្ញ​ត​ឱ្យ​អា​មេ​រិ​ក​ ធ្វើ​ជំនួញ​ជាមួយ​ចិន​ និង​តៃវ៉ាន់​ តែ​បែប​នេះ​ក្ដី​យើង​ មិន​បណ្ដោយ​ ឱ្យ​មានការ​គ្រប់គ្រង​ដោយ​ ឯកតោភាគី​ ឡើយ​។​ វា​គ្មាន​បញ្ហា​ទេ​ ទោះជា​ចិន​ស្ថាបនា​កោះ​សិប្ប​និ​មិ្ម​ត​ ច្រើន​ក៏​ដោយ​ នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ សម្រាប់​យើង​ នឹង​សហប្រតិបត្តិការ​ទីណា​ដែល​យើង​អាច​ធ្វើ​បាន​ ប៉ុន្តែ​យើង​ត្រៀម​រួច​ហើយ​ ដើម្បី​ប្រឈម​មុខ​ទីណា​ដែល​យើង​ជួប​ប្រទះ​»​។​

​ការ​ព្រមាន​របស់​មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ លោក​ Harry​ Harris​ ធ្វើ​ឡើង​បន្ទាប់​ពី​ ក្រុង​ប៉េ​កាំ​ង​បាន​ ព្រមាន​ក្រុង​វ៉ា​ស៊ី​ន​តោន​ កុំឱ្យ​លើកដំកើង​កោះ​តៃវ៉ាន់​ ដល់​កម្រិត​ការទូត​ ដោយ​សម្រេច​លុប​ចោល​ គោលនយោបាយ​ចិន​តែ​មួយ​។​

​ទីក្រុង​ប៉េ​កាំ​ង​ តាម​រយៈ​រដ្ឋមន្ត្រី​ការ​បទេស​ចិន​ លោក​វ៉ាង​យី​ បាន​ព្រមាន​ថា​ បើ​អា​មេ​រិ​ក​មិន​ទទួលស្គាល់​នយោបាយ​ ចិន​តែ​មួយ​គឺ​ស្មើ​ នឹង​អា​មេ​រិ​ក​លើក​ដុំ​ថ្ម​ធំ​មួយ​ហើយ​ ទម្លាក់​ត្រូវ​ជើង​ខ្លួនឯង​។​

​ក្នុង​ន័យ​នេះ​ ចិន​ចង់​អប់​រំអា​មេ​រិ​ក​ ជា​ពិសេស​ លោក​ដូ​ណា​ល់​ត្រាំ​ ឱ្យ​គិត​ច្រើន​ដង​សិន​មុន​ នឹង​សម្រេច​ដូចនេះ​។​ ទំនង​មិន​ទទួលយក​សារ​ព្រមាន​របស់​ចិន​ ហើយ​ មើលទៅ​បានជា​ ឧត្តម​នាវា​ អា​មេ​រិ​ក​ Harry​ Harris​ ព្រមាន​តប​វិញ​ថា​ ក្រុង​វ៉ា​ស៊ី​ន​តោន​មិន​បណ្ដោយ​ ក្រុង​ប៉េ​កាំ​ង​ ប្រើប្រាស់​អំណាច​ត្រួតត្រា​ តំបន់​សមុទ្រ​ចិន​ខាងត្បូង​ បាន​ឡើយ​។​ លោក​បន្ត​ថា​ ទោះជា​ ចិន​បាន​ស្ថាបនា​ កោះ​សិប្បនិម្មិត​  ដើម្បី​ដាក់​ពង្រាយ​ យន្តហោះ​ យោធា​បាន​ហើយ​ក៏​ដោយ​។​

​ លោក​ដូ​ណា​ល់​ត្រាំ​ ព្រមាន​លុប​ចោល​គោលនយោបាយ​ចិន​តែ​មួយ​

​តែ​អ្វី​នាំ​ឱ្យ​ក្រុង​ប៉េ​កាំ​ង​ ប្រៀនប្រដៅ​អា​មេ​រិ​ក​ដូចនេះ​ គឺ​ដើមចម​ដោយសារ​ លោក​ដូ​ណា​ល់​ ត្រាំ​អនាគត​ប្រធានាធិបតី​អា​មេ​រិ​ក​ បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ សម​ភាគី​កោះ​តៃវ៉ាន់​ លោកស្រី​ Tsai​ Ing-wen​ ដោយ​មេដឹកនាំ​ទាំង​២​រូប​បាន​ជ​ជែង​គ្នា​ យ៉ាង​ស៊ីជម្រៅ​ ពី​បញ្ហា​សហប្រតិបតិការ​ទ្វេភាគី​  បញ្ហា​ ដែន​អធិបតេយ្យ​របស់​ កោះ​តៃវ៉ាន់​ ហើយ​ទើប​ឈាន​ដល់​ការ​លើក​ឡើង​ពី​គោលនយោបាយ​ចិន​តែ​មួយ​ «One​ China​ Policy»​។​

​បន្ថែម​ទៀត​នោះ​ លោក​ដូ​ណា​ល់​ត្រាំ​ បាន​ព្រមាន​ថា​ លោក​នឹង​ពិនិត្យ​ឡើង​វិញ​ គោលនយោបាយ​ចិន​តែ​មួយ​ ឬ​ក៏​ត្រូវ​លុប​ចោល​ បើ​ក្រុង​ប៉េ​កាំ​ង​ មិន​កែ​ទម​ម្រ​ង់​ ឡើង​វិញ​ នយោបាយ​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​ ដែល​លោក​ត្រាំ​ ចោទ​ថា​ចិន​ បាន​រំលោភ​គោល​ការណ៍​សហការ​គ្នា​ ដោយ​ស្មើភាព​។

​ការ​បំបែក​ខ្លួន​ពី​ចិន​ នាំ​ឱ្យ​តៃវ៉ាន់​ពង្រឹង​សន្តិសុខ​ជាតិ​របស់​ខ្លួន​កាន់តែ​ខ្លាំង​

​គោលនយោបាយ​ចិន​តែ​មួយ​ បាន​ដាក់ចុះ​ដោយ​ប្រទេស​ចិន​ មាន​ឡើង​បន្ទាប់​ពី​ ក្រុង​តៃប៉ិ​ បាន​បំបែក​ខ្លួន​ ពី​ក្រុង​ប៉េ​កាំ​ង​នៅ​ឆ្នាំ​១៩៤៩​  ដោយសារ​ បងប្អូន​ទាំង​២​នេះ​ មុនផ្ទុះសង្គ្រាម​នឹង​គ្នា​។​

usa-ship
តាម​រយៈ​នេះ​ កោះ​តៃវ៉ាន់​ បាន​ក្លាយជា​ តំបន់​ផ្ដាច់ខ្លួន​ ពី​ចិន​ទាំង​សេដ្ឋកិច្ច​ និង​រដ្ឋបាល​សាធារណៈ​ រួម​ទាំង​ វិស័យ​កងទ័ព​ផង​ដែរ​។​ នៅ​ពេល​ពីភពលោក​ផ្ទុះ​សង្គ្រាម​ ត្រជាក់​  គឺ​អា​មេ​រិ​ក​ និង​កោះ​តៃវ៉ាន់​កាន់តែ​ ជិត​ស្និ​ទ​ ដោយ​ ក្រុង​តៃប៉ិ​ ធ្វើខ្លួន​ឱ្យ​តែ​ស្និទ្ធ​ ទៅ​កាន់​ក្រុង​វ៉ា​ស៊ី​ន​តោន​ តាម​រយៈ​ការ​ទិញ​សព្វាវុធ​ទំនើបៗ​ជា​ច្រើន​ ពី​ប្រទេស​មហាអំណាច​មួយ​នេះ​ ដើម្បី​យក​ប្រើប្រាស់​ និង​ការពារ​ដែនទឹក​របស់​ខ្លួន​ ត្រៀម​បង្ការ​ ទប់ទល់​សង្គ្រាម​ជា​ថ្មី​ទៀត​ជាមួយ​ចិន​។​ សព្វាវុធ​ដែល​កោះ​តៃវ៉ាន់​ ទិញ​ពី​អា​មេ​រិ​ក​ មាន​ភាព​ទំនើប​យ៉ាង​ខ្លាំង​ មិន​អន់​ជាង​ចិន​នោះ​ទេ​។​ ចិន​ មាន​កាំជ្រួច​បាញ់​យន្តហោះ​ ឬ​នាវាចម្បាំង​ នាវាមុជទឹក​ កោះ​តៃវ៉ាន់​ក៏​មាន​ដែរ​។

​លោក​ដូ​ណា​ល់​ត្រាំ​ នឹង​ចាប់​យក​ការ​ប្រឈម​មុខ​ខាង​កងទ័ព​ជាមួយ​ចិន​មិន​គិត​ពី​ពាណិជ្ជកម្ម​

​លោក​ Scott​ Kennedy​ នាយក​គម្រោង​នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ដ្រ​អន្ដរជាតិ​ក្រុង​វ៉ា​ស៊ី​ន​តោន​  បាន​ព្យាករណ៍​ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ ទំនង​នឹង​ជ្រើសរើស​ការ​ប្រឈម​មុខ​ផ្នែក​យោធា​ជាមួយ​ចិន​ច្រើន​ជាង​ ការ​គិត​ទៅ​រក​កែទម្រង់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ ដោយ​ភ្ជាប់​ជាមួយ​គ្នា​នេះ​ អា​មេ​រិ​ក​កាន់តែ​ធ្វើខ្លួន​អោយ​ស្និទ្ធ​ថែម​ទៀត​ជាមួយ​កោះ​តៃវ៉ាន់​។​

ចំណែកឯ​ លោក​  John​ Bolton​ អតីតមន្ដ្រី​សេត​វិមាន​ របស់​ប្រធានាធិបតី​  Bush​ បាន​និយាយ​ថា​ លោក​ត្រាំ​ អាច​និង​រក​វិធានការ​ដើម្បី​បញ្ឈប់​សកម្មភាព​យោធា​ នៅ​សមុទ្រ​ចិន​ខាងត្បូង​ និង​សមុទ្រ​ចិន​ខាងកើត​ ហើយ​ទីបំផុត​នឹង​នាំ​អោយ​មានការ​ទទួលស្គាល់​ទំនាក់ទំនង​កា​ទូត​កោះ​តៃវ៉ាន់​ ពេញលេញ​។​

​សកម្មភាព​យោធា​របស់​ចិន​កើតឡើង​ភ្លាមៗ​

​ក្រសួងការបរទេស​ចិន​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ធ្នូ​ថា​ ចិន​បាន​ដាក់​ពង្រាយ​គ្រឿង​សព្វាវុធ​យោធា​ នៅ​លើ​ ប្រជុំ​កោះ​ Spratly​ រួច​ហើយ​ ដោយ​ក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​ថា​សកម្មភាព​របស់​ខ្លួន​ស្របច្បាប់​។​

​តាម​មន្ត្រី​យោធា​អា​មេ​រិ​ក​  ចិន​បាន​ដាក់​ពង្រាយ​ អាវុធ​ធុន​ធ្ងន់​ មាន​ទាំង​កាំ​ជ្រូ​ច​ បាញ់​យន្តហោះ​ និង​ កាំភ្លើងត្បាល់​ នៅ​លើ​កោះ​សិប្ប​និ​មិ្ម​ត​ទាំង​៧​ដែល​ចិន​បាន​ស្ថាបនា​រួច​ហើយ​។​

​ផលប្រយោជន៍​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នាំ​ឱ្យ​មាន​ជម្លោះ​

​តំបន់​នោះ​ សម្បូរ​ដោយ​ ត្រី​ ផ្កាថ្ម​ ឧស្ម័ន​ ប្រេងកាត​។​ ក្រៅពី​នេះ​ វា​ជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ​បើក​ឆ្លងកាត់​ ទៀត​ផង​។​ តំបន់​មួយ​ចំនួន​ បាន​ក្លាយជា​ តំបន់​ខួង​យក​ឧស្ម័ន​ និង​ ប្រេងកាត​ របស់​ប្រទេស​ពាក់ព័ន្ធ​ មាន​ដូច​ជា​ចិន​ ខ្លួន​គេ​ផ្ទាល់​ ឥណ្ឌា​ វៀតណាម​ និង​កោះ​តៃវ៉ាន់​។​ ប្រទេស​ជាប់​ពាក់ព័ន្ធ​នឹង​ជ​ ម្លោះ​ នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​ ហ្វី​លី​ពី​ន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ ព្រុយ​ណេ​ និង​កោះ​តៃវ៉ាន់​។​

​តែ​ប្រទេស​៤​នៃ​សមាគម​អាស៊ាន​ មាន​ជម្លោះ​ខ្លាំង​ជាមួយ​ចិន​។​ ក្រុង​ប៉េ​កាំ​ង​បាន​ទាមទារ​ថា​ដី​កោះ​នេះ​ជា​ដែនទឹក​របស់​ខ្លួន​តាំងពី​បុរាណកាល​មក​ខណៈ​ក្រុង​ហាណូយ​ ក្រុង​ម៉ានីល​ និង​ក្រុង​តៃប៉ិ​ ក៏​អះអាង​ថា​ជា​របស់​ខ្លួន​មួយ​ផ្នែក​នៅ​តំបន់​នោះ​ ហើយ​ជា​ដែនទឹក​ប្រវត្តិសាស្ត្រ​ទៀត​ផង​។​

​យ៉ាងណា​ក៏​ដោយ​ មិន​ត្រឹមតែ​ប្រទេស​ទាំងនោះ​ទេ​មាន​ជម្លោះ​ជាមួយ​ចិន​ សូ​ម្បី​ អូស្ត្រាលី​ ជប៉ុន​ ឥណ្ឌា​ ជា​ពិសេស​ អា​មេ​រិ​ក​  ក៏​បាន​ ទាមទារ​ប្រើប្រាស់​តំបន់​នោះ​ជា​ផ្លូវ​នាវា​អន្តរជាតិ​របស់​ពួក​គេ​ដែរ​។​ ទាក់ទិន​រឿង​នេះ​ លោក​ដូ​ណា​ល់​ត្រាំ​ អនាគត​ប្រធានាធិបតី​អា​មេ​រិ​ក​ ដែល​នឹង​ចូល​កាន់​តំណែង​នៅ​សេត​វិមាន​ នៅ​ថ្ងៃ​ទី​២០​មក​រា​ ឆ្នាំ​២០១៧​ បាន​ព្រមាន​ថា​ លោក​នឹង​ប​ញ្ចូ​ន​នាវាចម្បាំង​ដ៏​ធំ​មួយ​ របស់​កងទ័ពជើងទឹក​អា​មេ​រិ​ក​ កាត់​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​ភ្លាម​ ដើម្បី​ប្រាប់​ថា​ តំបន់​នោះ​គឺជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ​៕​ ប្រភព​CNA​ –BBC​

Share

Image
Image
Image