en     km
en     km

​វិភាគ​៖​កម្ពុជា​រម្លឹក​ខួប​ឯករាជ្យ​ភាព​ពី​អាណានិគម​បារាំង​ តែ​មាន​កំហុស​ប្រវត្តិសាស្ត្រ​ករណី​ របូត​ដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម (មានសំឡេង)

Share

កម្ពុជា​ប្រារព្ធ​ខួប​ឯករាជ្យ​ភាព​ ៩​វិច្ឆិកា​ ពី​អាណានិគម​បារាំង​ឆ្នាំ​១៩៥៣​។​ ការ​ដណ្ដើម​ឯករាជ្យ​ភាព​ពី​បារាំង​ នៅ​ពេល​នោះ​ គឺ​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​នៃ​សម័យ​សង្គមរាស្ដ្រនិយម​  ដែល​ក្នុង​នោះ​ សម្ដេចឪ​  ព្រះបាទ​ នរោត្ដម​ សីហ​នុ​  ព្រះ​អង្គ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​  ធ្វើ​អោយ​បារាំង​ប្រគល់​ឯករាជ្យ​ មក​ឱ្យ​កម្ពុជា​វិញ​។​

independence-day​ជា​អកុសល​នៅ​ពេល​ដែល​កម្ពុជា​គ្រប់គ្រង​ដែនដី​របស់​ខ្លួន​  បែរជា​ពេល​នោះ​ កម្ពុជា​របូត​ដែនដី​ខ្មែរក្រោម​ទៅ​ឱ្យ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩​ គឺ​ មុន​៤​ឆ្នាំ​ប៉ុណ្ណោះ​  ដែល​បារាំង​ប្រគល់​ឯករាជ្យ​ភាព​មក​ឱ្យ​កម្ពុជា​នៅ​ឆ្នាំ​១៩៥៣​។​  

​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​១៩៤៩​ សភា​បារាំង​ក៏​បាន​អនុម័ត​ច្បាប់​មួយ​បញ្ចប់​លក្ខន្តិកៈ​ ជា​ទឹកដី​នៅ​នាយ​សមុទ្រ​របស់​កូសាំងស៊ីន​ ដោយ​ភ្ជាប់​អតីត​ដែនដី​របស់​នគរ​ខ្មែរ​នេះ​ ទៅ​ជាមួយនឹង​ប្រទេស​វៀតណាម​។​ ១០​ថ្ងៃ​ក្រោយមក​ គឺ​នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ តុងកឹង​ អាណ្ណា​ម​ និង​កូសាំងស៊ីន​ត្រូវ​បាន​គេ​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ជា​រដ្ឋ​វៀតណាម​ឯករាជ្យ​មួយ​ ដែល​មាន​រដ្ឋធានី​នៅ​សៃ​ហ្គ​ន​ (​ព្រៃនគរ​)​ ក្រោម​ការ​ដឹកនាំ​របស់​អតីត​អធិរាជ​បាវ​ដាយ​។​

​ការ​របូត​ដែនដី​កម្ពុជា​ក្រោម​នេះ​ ធ្វើ​អោយ​អ្នកវិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា​ ជា​ការ​ធ្វេសប្រហែស​មួយ​របស់​កម្ពុជា​ ដែល​ធ្វើ​អោយ​វៀតណាម​ វាយលុក​នយោបាយ​ការទូត​ ដើរ​ឈានមុខ​កម្ពុ​ជាមួយ​ជំហាន​។​​ សូម​ស្ដាប់​ការ​រៀបរៀង​បទ​វិភាគ​ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

 

​កម្ពុជា​ក្រោម​ ជា​ដែនដី​មួយ​ភាគ​ដែល​ស្ថិត​នៅ​ប៉ែក​ខាងកើត​ ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន​ ។​ កាលពី​សម័យ​ដើម​ដែនដី​នេះ​មានឈ្មោះ​ ហៅ​ថា​កម្ពុជា​ទឹក​លិច​។​ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ឲ្យ​ដឹង​ថា​កាលសម័យ​នោះ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​វិសាលភាព​ធំធេង​ណាស់​។​ អ្នកប្រវត្តិសាស្ត្រ​បាន​ហៅ​ថា​ ជា​  ចក្រភព​ខ្មែរ​។​  នៅ​ក្នុង​សម័យ​នោះ​ កម្ពុជា​ ជា​ប្រទេស​ចក្រពត្តិ​ មាន​ឥទ្ធិពល​ និង​ឫទ្ធានុភាព​ទៅ​លើ​ប្រទេស​នានា​នៅ​ជិតខាង​ ដូច​ជា​ ប្រទេស​ចម្ប៉ា​  ប្រទេស​មន​ ប្រទេស​ជ្វា​ ជាដើម​ ។​

​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ គឺ​មុន​អាណានិគម​បារាំង​ប្រគល់​ឯករាជ្យ​ភាព​ឱ្យ​កម្ពុជា​ ។​
​ចុះ​ហេតុ​អ្វី​បានជា​បារាំង​ពេល​នោះ​  ប្រគល់​កម្ពុជា​ក្រោម​អោយទៅ​វៀតណាម​  ហើយ​យល់​ព្រមអោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ភាព​?

​អ្នកវិភាគ​មើលឃើញ​គុណសម្បត្តិ​ និង​គុណវិបត្តិ​នៅ​ពេល​តែ​មួយ​ ។​ គុណសម្បត្តិ​ត្រង់​ថា​ កម្ពុជា​បាន​ឯករាជ្យ​ភាព​គ្រប់គ្រង​ដែនដី​ដោយ​ខ្លួនឯង​ ។​ រីឯ​ គុណវិបត្តិ​ គឺ​ ហាក់ដូចជា​យល់ព្រម​សម្របសម្រួល​ តាម​កាលៈទេសៈ​។

kapuchea-kroum​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ដ្រ​ចា​រ្យ​វិទ្យាសាស្ដ្រ​នយោបាយ​  យល់​ឃើញ​ថា​ ការ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​ហាក់ដូចជា​កំហុស​ប្រវត្តិសាស្ដ្រ​មួយ​របស់​កម្ពុជា​។​លោក​ថា​ បារាំង​ដាក់​លក្ខខណ្ឌ​អោយ​កម្ពុជា​ ទើប​បារាំង​ប្រគល់​ឯករាជ្យ​ភាព​អោយ​កម្ពុជា​ ជា​ថ្នូរ​និង​ការ​ដែល​បារាំង​កាត់​ដី​កម្ពុជា​ក្រោម​អោយទៅ​វៀតណាម​។​

​លោក​សាស្ដ្រា​ចា​រ្យ​បាន​ពន្យល់​បន្ថែម​ដូចនេះ​ ៖​ «​ ទស្សនៈ​ខ្ញុំ​ផ្ទាល់​មើលឃើញ​ថា​ ការ​ប្រគល់​ទឹកដី​កម្ពុជា​ក្រោម​ មក​កម្ពុជា​ ទាមទារ​ច្រើន​។​ ក្នុង​លក្ខ​ន្ថិ​កៈ​នឹង​យើង​ពុំ​បាន​មាន​ឯកសារ​ច្បាស់លាស់​បញ្ជាក់​ពី​បញ្ហា​នៃ​ការ​ទាមទារ​នេះ​ទេ​ នៅ​ពេល​ដែល​យើង​ទាមទារ​ឯករាជ្យ​ពី​បារាំង​ហ្នឹង​ គឺ​ បារាំង​គេ​ចង់​បានឱ្យ​កម្ពុជា​នៅ​ក្រោម​របប​អាណា​ព្យ​បាល​បារាំង​ដដែល​ ក៏​ប៉ុន្ដែ​ដោយសារ​តែ​ កម្ពុជា​យើង​ចង់បាន​ឯករាជ្យ​ភាព​ បារាំង​គេ​ដាក់​លក្ខ​ខ័​ណ្ឌ​រឿង​ទឹកដី​កម្ពុជា​ក្រោម​ គេ​មិន​ប្រគល់​ឱ្យ​កម្ពុជា​»​។​

​លោក​សាស្ដ្រាចា​រ្យ​បន្ដ​ថា​ បើ​និយាយ​ពី​យុ​ត្ថិ​សាស្ដ្រ​វិញ​ គឺ​ វៀតណាម​សុខចិត្ត​បាត់​អត្ដសញ្ញាណ​ប្រវត្តិ​សាស្ដ្រ​របស់​ខ្លួន​ ដោយ​យល់ព្រម​ទទួលយក​ការ​បង្កើត​ទម្រង់​អក្សរ​ដោយ​អាណានិគម​បារាំង​។​ តែ​កម្ពុជា​ ព្យាយាម​ការពារ​វប្បធម៌​អក្សរសាស្ដ្រ​របស់​ខ្លួន​ប្រឆាំង​នឹង​បារាំង​។​ លោក​ថា​ អាច​មក​ពី​កត្តា​ដូចនេះ​ហើយ​ ទើប​បារាំង​កាត់​ដី​កម្ពុជា​ក្រោម​ ឱ្យទៅ​វៀតណាម​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ ៖«​ ហើយ​មួយទៀត​ វា​ពាក់ព័ន្ធ​ទៅ​នឹង​តថភាព​ប៉ិន​ប្រសប់​នៃ​នយោបាយ​បរទេស​របស់​វៀតណាម​ នៅ​សម័យ​កាលនោះ​ ភាព​ទ​ន្ល​ន់​ គេ​មានការ​ទំនាក់ទំនង​ស្និ​ទ​ស្នាល​ជាមួយ​មន្ដ្រី​ដែល​ប្រចាំការ​របស់​បារាំង​នៅ​ឥណ្ឌូចិន​នេះ​ វា​មាន​ទំនាក់ទំនង​ល្អជា​មួយ​វៀត​ ណា​ម​ ហើយ​កត្តា​មួយទៀត​ គឺ​ ពាក់ព័ន្ធ​ទៅ​នឹង​ គេ​ហៅ​ថា​ ចូល​សង្គម​តាម​បែបបទ​វៀតណាម​និង​ច្រើន​ ដោយសារ​តែ​បារាំង​នឹង​គេ​ដាក់​ការ​ផ្លាស់​ប្ដូរ​គេ​ហៅ​ថា​សាសនា​ ឬ​ក៏​អក្សរ​បារាំង​ អក្សរ​វៀតណាម​អី​នឹង​ គេ​ទទួលយក​បាន​ ដោយឡែក​នៅ​កម្ពុជា​កាលណា​នៅ​ពេល​ដែ​គេ​ផ្លាស់​ប្ដូរ​ នៅ​ឆ្នាំ​១៩៤២​ ផ្លាស់​ប្ដូរ​អក្សរ​ខ្មែរ​ ឱ្យ​សរសេរ​តាម​សំនៀង​ ឬ​ទម្រង់​អក្សរ​បែប​ឡា​តាំង​ហ្នឹង​ គឺ​ កម្ពុជា​យើង​ធ្វើ​បដិវត្តន៍​មួយ​ ដែល​មាន​ព្រះសង្ឃ​ចេញ​ការពារ​ មាន​សិស្ស​ និស្សិត​ តវ៉ា​ជាមួយ​បារាំង​ រហូត​ដល់​ផ្ទុះ​ទៅ​ជា​បញ្ហា​បះបោរ​ មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​។​ ចឹ​ង​ហើយ​ យើង​មើល​ចរន្ដ​នៃ​ការ​ផ្លាស់​ប្ដូរ​ហ្នឹង​ បារាំង​គេ​មិន​ប្រគល់​ឱ្យ​កម្ពុជា​ វា​មាន​កត្តា​ច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ដ្រ​»​។​

​លោក​សាស្ដ្រា​ចា​រ្យ​ ថា​ បើ​ទោះជា​កម្ពុជា​របូត​ដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម​ រយៈពេល​៦៧​ឆ្នាំ​ក៏​ដោយ​ តែ​កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​ប្ដឹង​រឿង​នេះ​ ទៅ​កាន់​អង្គការសហប្រជាជាតិ​ ព្រោះ​ច្បាប់​អន្ដរជាតិ​គេ​និយាយ​ថា​ លុះត្រាតែ​ផុត​ ១០០​ឆ្នាំ​ ទើប​មិន​អាច​ប្ដឹងផ្ដល់​បាន​។​ តែ​បែប​នេះ​ក្ដី​ លោក​សាស្ដ្រ​ចា​រ្យ​ គិត​ថា​ កំហុស​មួយទៀត​ គឺ​ កម្ពុជា​ បង្កើត​ច្បាប់​បំពេញបន្ថែម​ដែល​សភា​បាន​អនុម័ត​នៅ​ឆ្នាំ​២០០៥​ ធ្វើ​អោយ​វៀតណាម​មាន​ភាព​កាន់តែ​ស្របច្បាប់​គ្រប់គ្រង​ដែនដី​កម្ពុជា​ក្រោម​និង​កោះត្រល់​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ ៖​ «​បើ​ទស្សនៈ​ខ្ញុំ​ ថា​ លំបាក​ណាស់​នៅ​ក្នុង​ការ​តស៊ូ​ ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​ មក​កម្ពុជា​ ដោយសារ​តែ​ កត្តា​អី​ កត្តា​ទី​មួយ​យើង​ពាក់ព័ន្ធ​ទៅ​កត្តា​ផ្លូវច្បាប់​ យើង​ត្រូវ​មើលទៅ​លើ​កត្តា​ផ្លូវច្បាប់​ជា​កត្តា​សំខាន់​ដែល​កម្ពុជា​យើង​ យើង​បានអោយ​សច្ចាប័ន​នៅ​ឆ្នាំ​២០០៥​ លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ បាន​ន័យ​ថា​ យើង​ទទួលស្គាល់​ព្រំដែន​ទឹកដី​កម្ពុជា​ក្រោម​ របស់​វៀតណាម​ទៅ​ហើយ​ ទី​ពីរ​ ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​ខ្លួនឯង​ កំលាំង​ខ្លួនឯង​ កម្ពុជា​យើង​មាន​លក្ខណៈ​ទន់ខ្សោយ​ជាង​ប្រទេស​ជិតខាង​  យើង​កុំ​និយាយ​ថា​ប្រទេស​វៀតណាម​  តែឡាវ​ក៏​យើង​នៅ​ចង់​មានការ​លំបាក​ដែរ​  ថ្វី​ត្បិត​តែ​ពលរដ្ឋ​យើង​ច្រើន​ តែ​កំលាំង​យើង​នៅ​មាន​កម្រិត​ ហើយ​យើង​អត់​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ទាមទារ​ ឬ​ក៏​ដណ្ដើម​មក​វិញ​ទេ​ ចឹ​ង​ហើយ​ខ្ញុំ​ដូច​ជា​ ពុំ​មាន​សង្ឃឹម​ ឬ​ក៏​ទស្សនៈ​សុទិដ្ឋិនិយម​ទៅ​លើ​បញ្ហា​នៃ​ការ​វិល​ត្រឡប់​នូវ​ទៅ​ដឹក​ដី​កម្ពុជា​ក្រោម​ទេ​»​ ។​

​ទឹកដី​កម្ពុជា​ក្រោម​លាតសន្ធឹង​លើ​ផ្ទៃដី​ ៩៨​ពាន់​ ៩៦៥​គឺ​ឡូ​ម៉ែត្រក្រឡា​ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​ប្រហែល​ជាង​១៤​លាន​នាក់​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។​ ប៉ុន្តែ​បើ​តាម​តួលេខ​របស់​អង្គការសហប្រជាជាតិ​ដោយ​ផ្អែក​ទៅ​លើ​ជំរឿន​ឆ្នាំ​២០០៩​របស់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ខ្មែរក្រោម​មាន​ចំនួន​ត្រឹម​១​សែន​២​លាន​នាក់​។​​ការ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​មិនមែន​ជា​កំហុស​របស់​មេដឹកនាំ​ខ្មែរ​សម័យ​សង្គមរាស្ដ្រនិយម​នោះ​ទេ​ ។

​លោក​ សំបូរ​ មា​ណ្ណា​រ៉ា​ សាស្ដ្រាចា​រ្យ​ប្រវត្តិសាស្ដ្រ​ មាន​ប្រសាសន៍​ថា​ បុណ្យ​ឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា​ ១៩៥៣​ ជា​អត្ថន័យ​មួយ​ដែល​បង្ហាញ​អំពី​គោល​ជំហរ​របស់​ជាតិខ្មែរ​ ដែល​ឱ្យ​ពិភពលោក​ដឹង​ថា​ យើង​ជា​ប្រទេស​មួយ​ដែល​មាន​ឯករាជ្យ​  អធិបតេយ្យភាព​  និង​សេរីភាព​ ដែល​ទទួល​បានការ​អបអរសាទរ​ ពី​ បណ្ដា​ប្រទេស​ នៅ​លើ​ពិភពលោក​ ។​ តែ​លោក​ថា​ ករណី​ដែនដី​កម្ពុជា​ក្រោម​ក៏​មិនមែន​ជា​ការ​ធ្វេសប្រហែស​របស់​មេដឹកនាំ​ខ្មែរ​ ជំនាន់​សង្គមរាស្ដ្រនិយម​នោះ​ដែរ​ ។​

សាស្ដ្រា​ចា​រ្យ​ សំបូរ​ មា​ណ្ណា​រ៉ា​  ៖​ «​ខ្ញុំ​សូម​ជម្រាប​ថា​ ក្ដី​សំខាន់​បំផុត​បុណ្យ​ឯករាជ្យ​ រម្លឹក​អំពី​ការ​តស៊ូ​ យើង​មានការ​ដឹកនាំ​ម​គ្គុ​ទេស៍​ដ៏​ឆ្នើម​ សម្រាប់​ករុណា​នរោត្ដម​សីហ​នុ​ ព្រះបាទ​រតន​កោដ្ឋ​ផង​ដែរ​ ហើយ​ចំនែក​នេះ​ដែរ​ យើង​អាច​និយាយ​ពី​ប្រជាជន​ គឺ​ ខ្មែរ​យើង​ច្រើន​ណាស់​ ទោះបី​ខ្មែរ​ដែល​ប្រកាន់​និន្នាការ​ឆ្វេងនិយម​ ស្ដាំ​និយម​ ឬ​កណ្ដាល​បែប​ណា​ក៏​ដោយ​  ប៉ុន្ដែ​ចំពោះ​បញ្ហា​ដែល​នឹកឃើញ​អំពី​ការ​បាត់បង់​ទឹកដី​ មិនមែន​ចាំ​ថ្ងៃ​ឯករាជ្យ​ទេ​ ខ្មែរ​យើង​ដឹង​ ខ្មែរ​យើង​ចេះ​និង​យល់​ច្រើន​ណាស់​អំពី​ប្រវត្តិសាស្ដ្រ​នៃ​ការ​បាត់បង់​ទឹកដី​។​ អ្វី​ដែល​យើង​ចង​ចាំ​បំផុត​នោះ​ តើ​ខ្មែរ​យើង​បាន​រៀន​ពី​ប្រវត្តិសាស្ដ្រ​ដែល​នាំ​ទៅ​ដល់​ការ​បាត់បង់​ និង​សិក្សា​ពី​ប្រវត្តិសាស្ដ្រ​កុំអោយ​បាត់បង់​តទៅ​ទៀត​ កម្រិត​ណា​ »​។​

ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​អោយទៅ​វៀតណាម​ គឺ​ ខ្មែរ​គ្រប់​ជំនាន់​ទាំងអស់​ត្រូវ​តែ​សោកស្ដាយ​ ទោះបី​ខ្មែរ​ ក្នុង​ជួរ​គណបក្សប្រឆាំង​ ឬ​បក្ស​កាន់​អំណាច​ក៏​ដោយ​។​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា​ ដោយ​លោក​ចាត់​ទុក​ថា​ ជា​ស្នា​ព្រះ​ហ​ស្ថ​ របស់​អតីត​ព្រះមហាក្សត្រ​ ព្រះបាទ​នរោត្ដម​សីហ​នុ​ ។​ តែ​យ៉ាងណា​ក៏​ដោយ​ លោក​ថា​ ករណី​ដែនដី​កម្ពុជា​ក្រោម​ហាក់ដូចជា​អស់​លទ្ធភាព​ក្នុង​ការ​ប្ដឹងផ្ដល់​ទៅ​ហើយ​ ព្រោះ​បារាំង​បាន​ប្រគល់​ដី​ទៅ​ឱ្យ​វៀតណាម​ដោយ​មាន​ឯកសារ​គតិ​យុ​ត្ត​ត្រឹមត្រូវ​។

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា[/caption]
លោក​ សុខ​ ឥ​សាន្ដ​ ៖​ «​វា​ច្បាស់​ហើយ​ បងប្អូន​មួយ​ចំនួន​ដែល​ស្រឡាញ់​ទឹកដី​ដែល​មានការ​សោកស្ដាយ​នេះ​ ចេះ​ថា​ ជា​ទឹកដី​កម្ពុជា​ក្រោម​របស់​ខ្មែរ​ ក៏​ប៉ុន្ដែ​វា​អតីត​ទេ​ តែ​បច្ចុប្បន្ន​នេះ​ វា​ជា​ដែនដី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទៅ​ហើយ​ ហើយ​យើង​មិន​បានដឹង​ថា​ផ្លូវ​ណា​ដែល​អាច​ទាមទារ​មក​បាន​ ពីព្រោះ​ព្រះករុណា​សម្ដេចព្រះ​នរោត្ដម​សីហ​នុ​ ពេល​ដែល​លោក​ទាមទារ​ឯករាជ្យ​បារាំង​មក​ លោក​ក៏​មិន​បាន​ទាមទារ​ដែនដី​កម្ពុជា​ក្រោម​ពី​បារាំង​ដែរ​  ពីព្រោះ​ដែនដី​កម្ពុជា​ក្រោម​ដូច​ខ្ញុំ​ថា​ ខាង​ដើម​ចឹ​ង​ ជា​ដែនដី​កូសាំងស៊ីន​ដែល​ជា​អាណានិគមនិយម​ ហើយ​ជា​កម្មសិទ្ធិ​របស់​បារាំង​  ពេល​ដែល​បារាំង​រៀប​ចេញ​ទៅ​ បាន​ប្រគល់​ឱ្យ​ស្ដេច​បាវ​ដាយ​នេះ​ ។​ យើង​គួរ​អោយ​សោកស្ដាយ​ណាស់​ ដែល​ទឹកដី​របស់​យើង​ធំធេង​ប៉ុណ្ណឹង​ហើយ​ បារាំង​បែរជា​មិន​មើល​ប្រវត្តិសាស្ដ្រ​តាំងពី​ដើម​មក​ បែរជា​ប្រគល់​អោយ​ភាគី​វៀតណាម​ ស្ដេច​បាវ​ដាយ​ទៅ​វិញ​»​។​

​បញ្ហា​ដែនដី​កម្ពុជា​ក្រោម​ នៅ​តែ​ជា​ប្រធានបទ​នៃ​ការ​បកស្រាយ​ផ្ទុយ​គ្នា​រវាង​ជនជាតិ​ខ្មែរ​ និង​វៀតណាម​។​ អ្នកប្រវត្តិសាស្ត្រ​ខ្មែរ​ភាគច្រើន​លើក​ឡើង​ថា​ ដែនដី​កម្ពុជា​ក្រោម​ គឺជា​អតីត​ទឹកដី​របស់​កម្ពុជា​។​ តែ​បែប​នេះ​ក្ដី​  រដ្ឋាភិបាល​វៀតណាម​ នៅ​តែ​អះអាង​ថា​ ដែនដី​កម្ពុជា​ក្រោម​ ជា​ដែនដី​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​ ដោយ​គេ​បាន​បង្ហាញ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​វៀតណាម​យល់​ថា​ ទឹកដី​កម្ពុជា​ក្រោម​ ជា​ដី​ភូមិសាស្ត្រ​របស់​ វៀតណាម​  ដោយ​លើក​ឡើង​ថា​ ពលរដ្ឋ​វៀតណាម​ គឺជា​អ្នក​ចូល​រុករាន​កាប់​ឆ្ការព្រៃ​ បង្កើត​សហគមន៍​កាន់កាប់​នៅ​ទីនោះ​ តាំងពី​ដើម​មក​៕

Share

Image
Image
Image