en     km
en     km

​វិធីសាស្ត្រ​ ៣​ សំខាន់ៗ​ កែប្រែ​ដីស្រែ​ឱ្យ​មាន​ជីជាតិ​ជាប់​រហូត​

Share

ភ្នំពេញ ៖ ​ប្រទេស​កម្ពុជា​ត្រូវ​បានដឹង​ថា​ ជា​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ជា​ចម្បង​ ហើយ​ពលរដ្ឋ​ប្រមាណ​ ៨០%​ជា​កសិករ​។​ ចំណែក​ស កម្មភាព​ប្រកប​របប​កសិកម្ម​ដាំ​ដុះ​របស់​ពលរដ្ឋ​ខ្មែរ​វិញ​ ក៏​បាន​ធ្វើ​ឡើង​រាប់​សតវត្សរ៍​មក​ហើយ​។​ យ៉ាងណា​នា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ប្រជា​កសិ ករ​កម្ពុជា​ក៏​ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ប្រើប្រាស់​ជីគីមី​ ដើម្បី​ព​ន្លឿ​ន​ និង​បង្កើន​ផល​កសិកម្ម​បាន​កាន់តែ​ច្រើន​ និង​ឆាប់រហ័ស​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ដី​កសិកម្ម​ត្រូវ​ខូច​រេចរឹល​ខ្សោះ​ជីវជាតិ​។​

ផលស្រូវរបស់ប្រជាកសិករខ្មែរនារដូវស្រូវទុំ។
ផលស្រូវរបស់ប្រជាកសិករខ្មែរនារដូវស្រូវទុំ។

​ទាក់ទិន​បញ្ហា​ដី​បាត់បង់​ជីវជាតិ​នេះ​ អង្គការ​សេ​ដាក​ដែល​ធ្វើ​ការងារ​ផ្តោត​លើ​កសិកម្មសរីរាង្គ​ បាន​ចែករំលែក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ឲ្យ​ដីស្រែ​មាន​ជីវជាតិ​ឡើង​វិញ​ និង​មាន​ជីវជាតិ​ជាប់​ជា​និច្ច​ ដើម្បី​ធានា​ឲ្យ​កសិករ​ទទួល​បាន​ទិន្នផល​ និង​ប្រាក់​ចំណេញ​ខ្ពស់​ពីមុខ​របរ​ធ្វើស្រែ​ចំការ​នេះ​។​

ដើម្បី​ឲ្យ​កសិករ​អ្នក​ធ្វើស្រែ​អាច​បង្កើន​ជីជាតិ​ដី​ និង​ទិន្នផល​ស្រូវ​បាន​ល្អ​ប្រសើរ​ កសិករ​អាច​អនុវត្ត​វិធីសាស្ត្រ​៣​ សំខាន់ៗ​។

ទី​ ១​ ធ្វើ​ជី​កំ​ប៉ុ​ស្ដ​ឲ្យ​បាន​ច្រើន​៖​ កសិករ​គួរ​ប្រមូល​នូវ​កាក​សំណល់​រុក្ខជាតិ​ លាមក​សត្វ​ ដីមមោក​ ភ្ចា​ប់​លើ​ ដី​បាត​ស្រះ​ ប្រឡាយ​ ដីដំបូក​ ជាដើម​ មក​ដាក់​លាយ​គ្នា​ដើម្បី​រលាយ​ក្លាយជា​ជី​កំ​ប៉ុ​ស្ដ​ សម្រាប់​យក​ទៅ​ដាក់​ក្នុង​ស្រែ​។​ កសិករ​គួរ​ស្រោច​ទឹក​បន្ថែម​លើក​ជី​កំ​ប៉ុ​ស្ត​ដែល​ដាក់​ពីលើ​ផ្ទៃដី​ស្រែ​នោះ​ ដើម្បី​ជួយ​ឲ្យ​សារធាតុ​ទាំងនោះ​ឆាប់​ពុក​ ម៉ត់​ បាន​ល្អ​តែ​ជៀសវាង​កុំ​ឲ្យ​មាន​ភាព​ជាំ​ទឹក​។​

ជីកំប៉ុស្តរបស់កសិករផ្អាប់ទុកសម្រាប់ដាក់ក្នុងស្រែនិងដំណាំផ្សេងៗជំនួសជីគីមី។រូបភាពពីCEDAC
ជីកំប៉ុស្តរបស់កសិករផ្អាប់ទុកសម្រាប់ដាក់ក្នុងស្រែនិងដំណាំផ្សេងៗជំនួសជីគីមី។រូបភាពពីCEDAC

ទី ​២​ កាប់​មែកឈើ​គ្រប​លើ​ដីស្រែ​៖​ ជា​ធម្មតា​នៅ​តាម​ស្រុកស្រែ​ចំការ​ តែង​មាន​ដើមឈើ​ដុះ​តាម​ភ្លី​ស្រែ​ និង​ដី​ទួល​ ហេតុនេះ​កសិករ​គួរ​កាប់​មែក ឈើ​ទាំងនោះ​យក​មក​រាយ​គ្រប​លើ​ដីស្រែ​ទៅ​តាម​ទំហំ​ដី​ ដែល​អាច​ធ្វើ​បាន​។​ មែកឈើ​ និង​ស្លឹកឈើ​នឹង​ជួយ​ការពារ​ដី​ពី​កម្តៅថ្ងៃ​ខ្លាំង​ ផ្ដល់​ជា​ជម្រក​ដល់​សត្វល្អិត​មាន​ប្រយោជន៍​ជា​ច្រើន​នៅ​ក្នុង​ដី​ ហើយ​ស្លឹកឈើ​រលួយ​នឹង​ក្លាយជា​ជីធម្មជាតិ​ដ៏​ល្អ​។​

ស្លឹករុក្ខជាតិដែលកសិករអាចរកបាននៅក្បែរផ្ទះដើម្បីយកទៅធ្វើជាគម្របដីស្រែ។រូបភាពពីCEDAC
ស្លឹករុក្ខជាតិដែលកសិករអាចរកបាននៅក្បែរផ្ទះដើម្បីយកទៅធ្វើជាគម្របដីស្រែ។រូបភាពពីCEDAC

​ទី​ ៣​ ដាំ​សណ្ដែក​ធ្វើ​ជា​ជី​៖​ នៅ​ដើមរដូវ​វស្សា​កសិករ​គួរ​សាបព្រោះ​គ្រាប់សណ្ដែក​ដូច​ជា​ សណ្ដែកបាយ​ សណ្ដែកអង្គុយ​ ជាដើម​ ដើម្បី​ភ្ជួរ​លប់​ធ្វើ​ជា​ជី​ ។​ ម្យ៉ាងវិញទៀត​ ពពួក​សណ្ដែក​ទាំងនេះ​វា​ជួយ​ស្រូប​សារធាតុ​ ពី​បរិយាកាស​ ផ្ដល់​សារធាតុចិញ្ចឹម​ដល់​ដំណាំ​ស្រូវ​។​ បរិមាណ​សណ្ដែក​ដែល​គួរ​ប្រើ​ គឺ​ប្រមាណ​ ២០​ គីឡូក្រាម​ក្នុង​ ១​ ហិ​កតា​។​

ដំណាំសណ្តែកដែលកសិករដាំលើផ្ទៃដីស្រែក្រោយប្រមូលផល។ ដំណាំសណ្តែកនេះពេលឱ្យផល កសិករអាចប្រមូលផលទុក រួចភ្ជួរលុបដើមសណ្តែកតែម្តងពេលរៀបចំដីធ្វើស្រែបន្ត។រូបភាពពីCEDAC
ដំណាំសណ្តែកដែលកសិករដាំលើផ្ទៃដីស្រែក្រោយប្រមូលផល។ ដំណាំសណ្តែកនេះពេលឱ្យផល កសិករអាចប្រមូលផលទុក រួចភ្ជួរលុបដើមសណ្តែកតែម្តងពេលរៀបចំដីធ្វើស្រែបន្ត។រូបភាពពីCEDAC

ដើម្បី​ឲ្យ​ដីស្រែ​របស់​យើង​មាន​ជីជាតិ​ជា​និរន្ត​ ទទួល​បាន​ទិន្នផល​ស្រូវ​ល្អ​ និង​ចំណាយ​តិច​លើ​ការ​ទិញ​ជីគីមី​ កសិករ​គួរ​ងាក​មក​អនុវត្ដ​វិធីសាស្ត្រ​ទាំង​ ៣​ ខាងលើ​ឲ្យ​បាន​ច្រើន​។​ កសិករ​គ​ម្បី​នាំ​គ្នា​កាត់​បន្ថយ​ការ​អាស្រ័យ​ទាំងស្រុង​លើ​ការ​ប្រើប្រាស់​ជីគីមី​ ឬ​ឈាន​ទៅ​ឈប់​ប្រើ​ទាំងស្រុង​ តាម​រយៈ​ការ​អនុវត្ដ​កសិកម្ម​តាម​គោល​ការ​ណ៏​ធម្មជាតិ​ ជា​ពិសេស​ការ​គ្រប់គ្រង​ជីជាតិ​ដី​ តាម​គោល​ការ​ណ៏​ធម្មជាតិ​៕​

ប្រភព​អត្ត​បទ ​៖ ​អង្គការ​ សេ​ដាក ​(​រៀបរៀង​ដោយ​បណ្ឌិត​ យ៉ង​ សាំង​កុមារ​)

Share

Image
Image
Image