en     km
en     km

​លោក​ ឆាយ​ ធី​ ៖​ ចូលរួម​ជាមួយ​ CPP​ ព្រោះ​គោលនយោបាយ​បក្ស​នេះ​រឹង​មាំ​?

Share

​ភ្នំពេញ​ ៖​ លោក​ ឆាយ​ ធី​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អា​ដ​ហុ​ក​ប្រចាំ​ខេត្ត​រតនគីរី​ ដែល​ធ្លាប់តែ​រិះគន់​រដ្ឋាភិបាល​យ៉ាង​ខ្លាំងក្លា​ នៅ​ទី បំផុត​បាន​សម្រេចចិត្ត​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ អ្នកនាំពាក្យ​សមាគម​អា​ដ​ហុ​ក​ចាត់​ទុក​ថា​ នេះ​ជា​ការ​សម្រេចចិត្ដ​របស់​បុគ្គលិក​។​ រីឯ​មន្ត្រី​សង្គម​ស៊ី​វិល​យល់​ថា​ មិនមែន​ជា​ការ​ទាស់​ខុស​អ្វី​ទេ​ដែល​មន្ដ្រី​សិទ្ធិ​មនុស្ស​ចូលរួម​ជាមួយ​គណបក្សកាន់អំណាច​ ប៉ុន្ដែ​គួរតែ​ឈរ​លើ​ឆន្ទៈ​ឲ្យ​បាន​រឹង​មាំ​។​

លោក ឆាយ ធី ។រូបភាពពីកោះសន្តិភាព
លោក ឆាយ ធី ។រូបភាពពីកោះសន្តិភាព
លោក ឆាយ ធី ។រូបភាពពីកោះសន្តិភាព[/caption]​អ្នក​បរិហារ​ការ​រំលោភសិទ្ធិ​មនុស្ស​ដ៏​ក្លៀវក្លា​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ត​រតនគីរី​ ថ្មីៗ​នេះ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​និង​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សំរាប់​ការ​បោះ​ឆ្នោត​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៧​ នេះ​ទៀត​ផង​។​

​លោក​ ឆាយ​ ធី​ អ្នកសម្របសម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ គឺជា​បុគ្គល​ដែល​រិះគន់​មិន​សំចៃមាត់​លើ​ការ​រំលោភសិទ្ធិ​មនុស្ស​និង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ក៏​ដូច​ជា​ការ​រំលោភ​ដីធ្លី​ក្នុង​ខេត្ត​រតនគីរី​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​ លោក​គឺជា​អ្នក​សហការ​ផ្តល់​ព័ត៌មាន​យ៉ាង​សំខាន់​ដល់​បណ្តាញ​ផ្សព្វ​ ផ្សាយ​ព័ត៌មាន​ដើម្បី​ឲ្យ​មានការ​ផ្សព្វផ្សាយ​អំពី​ភាព​អវិជ្ជមាន​ខាងលើ​នេះ​។​

លោក​ ឆាយ​ ធី​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​តាម​ទូរ​សព្ទ័​នៅ​ថ្ងៃ​ច​ន្ទ័​ ទី​៩​មក​រា​ នេះ​ថា​ មូលហេតុ​ដែល​លោក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ពីព្រោះ​តែ​លោក​មើលឃើញ​ថា​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​កែប្រែ​ការ​ដឹកនាំ​របស់​ខ្លួន​ជា​ច្រើន​ស្ដី​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​។​ ហើយ​មិនតែប៉ុណ្ណោះ​លោក​ថា​ គោលនយោបាយ​បក្ស​នេះ​ក៏​មាន​ភាពរឹងមាំ​មិន​ងាយ​បែកបាក់​គ្នា​ដូច​គណបក្ស​ផ្សេងៗ​។​

លើស​ពី​នេះ​លោក​ថា​ លោក​នឹង​អាច​ជួយ​ពលរដ្ឋ​ដោយ​ផ្ទាល់​បាន​ក្រោយ​ពី​លោក​បាន​ជាប់​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ អាណត្ដិ​ទី​០៤​ នេះ​។​ លោក​ ឆាយ​ ធី​៖​ “​ខ្ញុំ​ផ្ទាល់​ជឿជាក់​ទៅ​លើ​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​មានការ​កែទម្រង់​ច្រើន​ដែល​រហូត​ទៅ​ដល់​បង្កើត​ការ​សហការ​ បង្កើត​វប្បធម៌​សហការ​ជាមួយ​ NGO​ ហើយ​សន្ទនា​ជាមួយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដើម្បី​រួម​គ្នា​កសាង​ប្រទេស​ជាតិ​នេះ​ហើយ​ចំណុច​ដែល​ខ្ញុំ​មើលឃើញ​”​។​

​តាមគម្រោងលោក​ ឆាយ​ ធី​ នឹង​លាឈប់​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ជា​ផ្លូវការ​នៅ​ដំណាច់​ខែមករា​នេះ​។​ពោលគឺ​ប្រាំ​ខែ​ប៉ុណ្ណោះ​មុន​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចាប់ផ្តើម​។​

​លោក​ សំ​ ច័ន្ទ​គា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​មាន​ប្រសាសន៍​ថា​ ការ​សម្រេចចិត្ដ​របស់​លោក​ ឆាយ​ ធី​ គឺជា​ឆន្ទៈ​របស់​លោក​ផ្តា​ល់​ ហើយ​សមាគម​អា​ដ​ហុ​ក​គោរព​ទៅ​តាម​ការ​សម្រេចចិត្ដ​នេះ​ ហើយ​ក៏​មាន​បុគ្គលិក​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ជា​ច្រើន​ក៏​បាន​លាឈប់​ទៅ​បំពេញការងារ​អ្វី​ផ្សេង​ដែល​ពួក​គាត់​ចង់​ផង​ដែរ​។​ លោក​ សំ​ ច័ន្ទ​គា​ ៖​ «​បាទ​គឺ​ដូច​អត់​មាន​មូលហេតុ​ណា​ផ្សេង​គ្រៅ​ពី​ គេ​ហៅ​ថា​ទៅ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​របស់​គាត់​ផ្ទាល់​ទេពី​ព្រោះ​យើង​បាន​ចុះ​ទៅ​អង្កេត​នៅ​មូលដ្ឋាន​ផ្ទាល់​ហើយ​វា​អត់​មាន​ហេតុផល​អី​ផ្សេង​ពី​នេះ​»​។​

អ្នកនាំពាក្យ​កាន់​អំណាច​លោក​ សុខ​ ឥ​សាន្ដ​ មាន​ប្រសាសន៍​ថា​ មិនមែន​មាន​តែ​លោក​ ឆាយ​ ធី​ ម្នាក់​ទេ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលយក​ជា​សមាជិក​នោះ​។​ពោល​គឺ​គណបក្សកាន់អំណាច​ ស្វាគមន៍​គ្រប់​គ្នា​ទាំងអស់​ឲ្យ​តែ​ពួក​គេ​បំពេញ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​របស់​គណបក្ស​។​
​លោក​ សុខ​ ឥ​សាន្ដ​ ៖​ «​អ្នក​ចូល​យើង​ស្វាគមន៍​តែ​ទាំងអស់​ហ្នឹង​មិន​ថា​លោក​ ឆាយ​ ធី​ ទេ​ សូ​ម្បី​ សម​ រ​ង្ស៊ី​ សុំ​ចូល​ក៏​យើង​ឲ្យ​ចូល​ដែរ​ ឲ្យ​តែ​គាត់​បំពេញ​បាន​ត្រឹមត្រូវ​តាម​បែបបទ​ ហើយ​គោរព​តាម​លក្ខន្ដិក​របស់​គណបក្ស​ ហ្នឹង​គឺ​អត់​មាន​យល់​ទាស់​អី​ទេ​»​។​

ជាមួយ​គ្នា​នេះ​សង្គម​ស៊ី​វិល​បង្ហាញ​ជា​ទស្សន​ថា​ ជា​ធម្មតា​បុគ្គលិក​អង្គការ​មួយ​ចំនួន​គឺ​មាន​សិទ្ធិ​ផ្លាស់​ប្ដូរ​ការងារ​ទៅ​តាម​ការ​ចង់បាន​របស់​ពួក​គេ​។​
​លោក​ សៀ​ ភារ​ម្យ​ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ មាន​ប្រសាសន៍​ថា​ មិន​មាន​អ្វី​ប្លែក​ទេ​សម្រាប់​បុគ្គល​អង្គការ ក្រៅរដ្ឋាភិបាល​ដែល​សម្រេចចិត្ដ​ផ្លាស់​ប្ដូរ​ការងារ​នោះ​។​ លោក​ សៀ​ ភារ​ម្យ​ យល់​ថា​ ជា​ឆន្ទៈ​របស់​លោក​ ឆាយ​ ធី​ ដែល​ទំនង​មិន​អាច​មានការ​ទិញ​ទឹកចិត្ដ​ ឬ​គម្រាម​ពី​គណបក្ស​ប្រជាជន​នោះ​ទេ​។​ លោក​ សៀ​ ភារ​ម្យ​ ៖​ “​ខ្ញុំ​គិត​ថា​ សម័យនេះ​ទៅ​ហើយ​ខ្ញុំ​គិត​ថា​មិន​អាច​មានការ​គម្រាមកំហែង​អី​ទេ​ បក្ស​កាន់​អំណាច​គាត់​មិន​ទៅ​អ​ញ្ចឹ​ង​ទេ​ នេះ​គឺជា​ការ​សម្រេចចិត្ដ​របស់​គាត់​ បើ​តាម​ខ្ញុំ​គិត​ពីព្រោះ​តាម​ស្ដាប់​បទ​សម្ភាសន៍​គាត់​គឺ​គ្មាន​អី​ដែល​គួ​ឲ្យ​កត់សំគាល់​ទេ​”​។​

​ដូច​គ្នា​ដែរ​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​មាន​ប្រសាសន៍​ថា​ លោក​អបអរ​សារ​ទរ​ដែល​មាន​ធនធានមនុស្ស​ចូល​ទៅ​ក្នុង​គណបក្ស​នយោបាយ​ដើម្បី​ធ្វើ​ការងារ​ ពិសេស​បុគ្គល​ដែល​ធ្លាប់​ធ្វើការ​ខាង​សិទ្ធិ​មនុស្ស​ថែម​ទៀត​។​ ប៉ុន្ដែ​លោក​សង្កត់ធ្ងន់​ផង​ដែរ​ថា​ បើ​អ្នកធ្វើការ​សិទ្ធិ​មនុស្ស​ចូល​ក្នុង​គណបក្ស​ប្រកបដោយ​ឆន្ទៈ​ដើម្បី​ពលរដ្ឋ​ពិត​ប្រាក​គឺជា​រឿង​ដែល​មិន​គួ​បារម្ភ​ទេ​។​ តែបើ​អ្នក​សិទ្ធិ​មនុស្ស​ចូល​គណបក្ស​នយោបាយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទើប​ជា​ប្រការ​ដែល​គួរ​ព្រួយ​​បារម្ភ​។​ ​លោក​ មាស​ នី​ ៖​ “​ មនុស្ស​យើង​ធ្វើការ​ដោយ​គុណ​តម្លៃ​ ប្រសិនបើ​យើង​កំពុងធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ដើម្បី​បាន​ប្រាក់ខែ​គឺជា​រឿង​មួយ​ផ្សេង​ ប៉ុន្ដែ​បើជា​យើង​ជា​ធ្វើការ​សិទ្ធ​មនុស្ស​ក្នុង​គុណ​តម្លៃ​មួយ​យើង​គោរព​សិទ្ធិ​មនុស្ស​នោះ​ ខ្ញុំ​ជឿ​ថា​ទៅ​ដល់​ទីណា​ក៏​មាន​គោលការណ៍​នេះ​ទៅ​ជាមួយ​ដែរ​”​។​  

​លោក​ មាស​ នី​ បន្ថែម​ទៀត​ថា​ គេ​គួរ​រង់ចាំ​មើល​សកម្មភាព​របស់​លោក​ឆាយ​ ធី​ ក្នុង​ការ​បំពេញការងារ​នយោបាយ​របស់​លោក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​ ឆាយ​ ធី​ បាន​ចូល​បំរើ​ការងារ​នៅ​សមាគម​អា​ដ​ហុ​ក​ជិត​១០​ឆ្នាំ​មក​ហើយ​ ។​ លោក​ បាន​សម្រេច ចិត្ត​ទៅ​បំរើ​ការងារជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ឈរឈ្មោះ​ ជា​បេក្ខជន​ មេឃុំ​ ប៉ា​តេ​ ក្នុងស្រុក​ អូរយ៉ាដាវ ​ ខេត្តរតនគិរី​ សម្រាប់​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៤​ មិថុនា​។​ ​ឃុំ​នេះ​ ត្រូវ​បាន​គណបក្សប្រឆាំង​ឈ្នះ​ជា​មេឃុំ​ចំនួន​ពីរ​អាណត្តិ​មក​ហើយ​។​  លោក​​ ឆាយ​ ធី​ ចូល​បំរើ​បក្ស​កាន់​អំណាច​នេះ​ ធ្វើ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​មជ្ឈដ្ឋាន​ សង្គម​ស៊ី​វិល​ ដែល​ធ្លាប់​ចាត់​ទុក​លោក​ជា​ សកម្មជន​សិទ្ធិមនុស្ស​ដ៏​ខ្លាំងក្លា​។​ យ៉ាងណា​សកម្មជន​រូប​ក៏​ធ្លាប់​ការ​គំរាមកំហែង​ អាយុជីវិត​ផង​ដែរ​៕​

Share

Image
Image
Image