en     km
en     km

​លោក​ កឹ​ម​ សុខា​៖​ យើង​មិន​ធ្វើ​បដិវត្ដន៍​ ហើយ​ក៏​មិន​ធ្វើ​រដ្ឋប្រហារ​ដែរ​ សូម​ដឹកនាំ​ប្រទេស​ដល់​ថ្ងៃ​បោះ​ឆ្នោត​ចុះ​?

Share

ភ្នំពេញ៖ ​ទោះ​រស់នៅ​ស្ថិត​ក្នុង​ស្ថានភាព​ជា​អ្នកនយោបាយ​បាត់បង់​សេរីភាព​នៃ​ការ​ដើរហើរ​ក្ដី​ ប៉ុន្ដែ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​ប្រើ​វោហារសាស្ដ្រ​ចំអកឡកឡឺយ​ទៅ​គូប្រកួត​របស់​ខ្លួន​ (​គណបក្ស​ប្រជាជន​កម្ពុជា​)​ ដោយ​និយាយ​ថា​ យើង​មិន​ធ្វើ​បដិវត្ដន៍​ ហើយ​ក៏​មិន​ធ្វើ​រដ្ឋប្រហារ​ដែរ​ សូមអ្នក​ដឹកនាំ​ប្រទេស​ដល់​ថ្ងៃ​បោះ​ឆ្នោត​សភា​ឆ្នាំ​ ២០១៨​ ទៅ​ចុះ​។​

​ការ​ថ្លែង​របស់​លោក​ កឹ​ម​ សុខា​ ធ្វើ​ឡើង​នៅ​ស្នាក់​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ជាទី​ដែល​លោក​ទៅ​ជ្រកកោន​នៅ​ទីនោះ​ ពី​ការ​កោះហៅ​ឡើង​តុលាការ​។​ តែ​យ៉ាងនេះ​ក្ដី​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ចំអក​វិញ​ថា​ លោក​ កឹ​ម​ សុខា​ ពេល​នេះ​ខ្នង​ដល់​ជញ្ជាំង​ហើយ​ គឺ​នៅ​រង​ចាំតែ​ថ្ងៃ​តុលាការ​ចាប់​ញេច​តែ​ប៉ុណ្ណោះ​ ។​

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។

​ថ្លែង​នៅ​ចំពោះ​មុខ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​ ១​ ពាន់​នាក់​ នា​ព្រឹក​ថ្ងៃ​ សៅរ៍​ ទី​ ១៧​ កញ្ញា​ នេះ​ លោក​ កឹ​ម​ សុខា​ ក្នុង​ឋានៈ​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មេ​បក្ស​របស់​គណបក្សប្រឆាំង​នេះ​ កំពុង​ភៀសខ្លួន​នៅ​ក្រៅប្រទេស​ លោក​បាន​ថ្លែង​ថា​ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ចុះចាញ់​និង​សមរភូមិ​ដែល​លោក​កំពុង​ប្រយុទ្ធ​នេះ​ទេ​។​

​មើលទៅ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​គិត​ថា​ បក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ​ មិន​បាន​ភ្លេច​ទេ​នៃ​ការ​និយាយ​ដៀមដាម​លើ​គូរ​ប្រកួត​របស់​ខ្លួន​។​

​លោក​បាន​និយាយ​ដោយ​ទឹកមុខ​ ស្វាហាប់​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​គឺ​គ្មាន​បក្ស​ណា​មាន​កម្លាំង​ធំ​ជាង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ផ្ដូ​ល​គូ ប្រកួត​នោះ​ទេ​។​ លោក​បញ្ជាក់​ថា​ សង្គ្រោះ​ជាតិ​គឺជា​ដៃគូ​ដែល​មាន​តុល្យភាព​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ការ​ដឹកនាំ​មួយ​នៅ​កម្ពុជា​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ ២០១៧​ ២០១៨​ ខាង​មុខ​នេះ​ ។​ លោក​បន្ដ​ថា​ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ប្រព្រឹត្ដ​ទៅ​ប្រក​ដ​ដោយ​ភាព​រលូន​ និង​សន្ដិភាព​គឺ​គូប្រកួត​មួយ ទៀត​ (​គណបក្ស​ប្រជាជន​កម្ពុជា​)​ ត្រូវ​ដឹកនាំ​ប្រទេស​ឲ្យ​បាន​ដល់​ថ្ងៃ​បោះ​ឆ្នោត​ ដែល​លោក​ថា​ សង្គ្រោះ​ជាតិ​មិន​ធ្វើ​រដ្ឋប្រហារ​ សម្លាប់​ខ្លួនឯង​នោះ​ទេ​ ។​ លោក​ កឹ​ម​ សុខា​៖«​ខ្ញុំ​ចង់​បញ្ជាក់​ពី​គោល​ជំហរ​បស់​យើង​ឲ្យ​បាន​ច្បាស់លាស់​  យើង​មិន​ធ្វើ​បដិវត្ដន៍​ទេ​ យើង​មិន​ធ្វើ​រដ្ឋប្រហារ​ទេ​ អ​ញ្ចឹង!​ដឹកនាំ​ឲ្យ​ចប់​អាណ​ត្ដិ​ចុះ​»​។​

​ការ​បោះ​ឆ្នោត​ដ៏​មាន​សារៈសំខាន់​ជា​ប្រវត្ដិសាស្ដ្រ​ថ្មី​ម្ដងទៀត​ នៃ​រាជាណាចក្រ​កម្ពុជា​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​ ០៤​ មិថុនា​ ឆ្នាំ​ ២០១៧​ និង​ ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​ ២០១៨​ ។​ ដំណាក់កាល​នៃ​ការ​បោះ​ឆ្នោត​ទាំង​ពីរ​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​នៃ​សហគមន៍​អន្ដរជាតិ​យ៉ាង​ខ្លាំង​ ។​ សហគមន៍​អន្ដរជាតិ​ជា​ពិសេស​សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​អង្គការសហប្រជាជាតិ​ ថ្មីៗ​នេះ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ និង​ សេចក្ដីសម្រេច​ដោយ​ទាមទារ​ឲ្យ​មាន​បរិយាកាស​ស​ន្ថិ​ភាព​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ពោល​ គឺ​គ្មាន​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​គណបក្សប្រឆាំង​ និង​ អង្គការ​សង្គម​ស៊ី​វិល​ ។​

ក្នុង​ន័យ​នេះ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹ​ម​ សុខា​ បាន​ថ្លែង​អបអរសាទ​សហគមន៍​អន្ដរជាតិ​ដែល​បាន​បន្ដ​ដាក់​ការ​គាបសង្កត់​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ បើក​ឲ្យ​មាន​ភាព​សេរី​ដើម្បី​ប្រកួត​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​  ដោយ​ភាគី​ពាក់ព័ន្ធ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ ។​ តែ​យ៉ាងណា​ក៏​ដោយ​អ្វី​ដែល​លោក​ កឹ​ម​ សុខា​ បាន​ឡកឡឺយ​ចំអក​ឲ្យ​គូប្រកួត​នោះ​ ត្រូវ​បាន​មន្ដ្រី​បក្ស​កាន់​អំណាច​វាយបក​ភ្លាមៗ​ ដោយ​ប្រើ​វោហារសាស្ដ្រ​ចំអក​តប​វិញ​។​

លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមាន​ថា​ លោក​ កឹ​ម​ សុខា​ គ្មាន​អ្វី​ដែល​ត្រូវ​គេច​ពី​ការ​ចាប់ខ្លួន​បាន​ទេ​ នា​ពេល​ខាង​មុខ​នេះ​ ដោយ​លោក​ប្រើ​ពាក្យ​ថា​ តុលាការ​នឹង​ចាប់​ញេច​មិន​ខាន​ឡើយ​ ។​ លោក​ សុខ​ ឥ​សាន្ដ​៖«​នេះ​ត្រឹម​ជាក​រវើរ វាយ​ យល់សប្តិ​ទាំង​ថ្ងៃ​ ព្រោះ​នៅ​ ២​ឆ្នាំ​ទៀត​បាន​បោះ​ឆ្នោត​សភា​ អ​ញ្ចឹ​ង​គាត់​ទាយ​ទុក​មុន​អាហ្នឹង​គ្រាន់​ជា​កម្លា​ចិត្ដ​ប៉ុណ្ណោះ​ព្រោះ​ឥឡូវនេះ​កំពុង​តែ​ខ្នង​ទល់​ជញ្ជាំង​ហើយ​ នៅ​រង​ចាំតែ​ថ្ងៃ​គេ​ញិច​ទេ​»​។​
​យ៉ាងណា​ក៏​ដោយ​លោក​ សុខ​ ឥ​សាន្ដ​ ថា​គណបក្សកាន់អំណាច​គ្មាន​ខ្លាចញញើត​ និង​គណបក្ស​សង្គ្រោះ​ជាតិ​អ្វី​ឡើយ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។

សូម​ជម្រាប​ថា​ បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​មក​ដល់​ថ្ងៃនេះ​ មាន​គណបក្ស​ដែល​បាន​ចុះបញ្ជី​ជា​គណបក្ស​នយោបាយ​មាន​ប្រមាណ​ជាង​ ៥០​ គណបក្ស​ប៉ុន្ដែ​បើ​តាម​អ្នកជំនាញ​កិច្ចការ​បោះ​ឆ្នោត​ គឺ​គណបក្ស​ដែល​ប្រជាជន​ចាប់អារម្មណ៍​ និង​មាន​ទំនុកចិត្ដ​ច្រើន​ជាងគេ​គឺ​មាន​គណបក្ស​ចំនួន​ពីរ​ប៉ុណ្ណោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹកនាំ​ដោយ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​កាន់​អំណាច​ជាង​ ៣០​ ឆ្នាំ​ មកនេះ​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​ សម​ រង្សី​ និង​លោក​ កឹ​ម​ សុខា​ ។​

​ការ​បោះ​ឆ្នោត​លើក​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​មាន​តម្លាភាព​ច្រើន​ជាង​ការ​បោះ​ឆ្នោត​អណ​ត្ដិ​មុនៗ​ ដោយ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រើប្រាស់​ដោយ​ទិន្នន័យ​កុំព្យូទ័រ​ និង​ មានការ​សង្កេតការណ៍​ដោយ​ភ្នាក់ងារ​សង្កេតការណ៍​អន្ដរជាតិ​ យ៉ាងច្រើន​ទៀត​ផង​ ៕

Share

Image
Image
Image