en     km
en     km

​ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្រើនរំឭក​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​សង្គ្រោះ​ស្រូវ​ប្រជា​កសិករ​

Share

 

Hunsen-Wife-01​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​អំពាវនាវ​ឲ្យ​មន្ត្រីរាជការ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ ឲ្យ​យកចិត្តទុកដាក់​ ជួយ​អន្តរាគមន៍​បូមទឹក​ដាក់​ស្រូវ​ប្រជា​កសិករ​ ក្នុង​គ្រា​ដែល​ដំណាំ​ស្រូវ​ ទាំង​ស្រូវ​វស្សា​ ទាំង​ស្រូវប្រាំង​ឆ្នាំ​នេះ​ នៅ​តាម​តំបន់​មួយ​ចំនួន​ កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ ។​

​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​០៧​ខែធ្នូ​នេះ​ បាន​កត់​សម្គាល់ថា​ កសិកម្ម​ឆ្នាំ​នេះ​ ពិសេស​ដំណាំ​ស្រូវ​ ទាំង​ស្រូវ​វស្សា​ ទាំង​ស្រូវប្រាំង​ បាន​នឹង​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ ។​

​ក្នុង​សភាពការណ៍​បែប​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំ​ដាក់​ថ្នាក់​ ត្រូវ​យកចិត្តទុកដាក់​ជួយ​ត្រូវ​អន្តរាគមន៍​ ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ស្រូវ​ខូច​នៅ​តំបន់​ដែល​មាន​ប្រភព​ទឹក​នោះ​ឡើយ​។​

​ក្នុង​សំ​ណេ​រលើ​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នោះ​ លោក​បាន​បញ្ជា​ថា​ រាល់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ មន្ត្រីរាជការ​ ត្រូវ​ចាត់តាំង​កម្លាំង​ចុះ​ជួយ​ច្រូតកាត់​ប្រមូល​ផល​ សម្រាប់​គ្រួសារ​ដែល​ខ្វះ​កម្លាំង​ពលកម្ម​ ដូច​ជា​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ ចាស់ជរា​ ស្ត្រី​មេម៉ាយ​ ជន​ពិការ​ និង​គ្រួសារ​យុទ្ធ​ជន​។​
​មិនតែប៉ុណ្ណោះ​ លោក​ ហ៊ុន​ សែន​ ក៏​បាន​ស្នើ​ដល់​ស្ថាប័ន​កសិកម្ម​ ត្រូវ​ផ្ដល់​ពូជ​ដំណាំ​ដល់​ប្រជា​កសិករ​ដែល​មិន​អាច​ធ្វើស្រែ​ប្រាំង​បាន​នោះ​ ត្រូវ​ជំរុញ​ឲ្យ​ពួក​គាត់​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ​វិញ​ និង​ត្រូវ​ត្រៀម​អន្តរាគមន៍​ កម្ចាត់​សត្វ​បំផ្លាញ​ដំណាំ​ និង​ទប់​សា្ក​ត់​ជំងឺ​សត្វ​គ្រប់​ប្រភេទ​។​

​មួយវិញទៀត​ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ ក៏​បាន​ស្នើ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​ និង​ធនាគារ​ ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​រក​វិធី​អនុគ្រោះ​មួយ​ចំនួន​ជូន​ប្រជាជន​ដែល​រង​គ្រោះ​ ដូច​ជា​ពន្យារពេល​សង​ ឬ​ពន្យារពេល​សង​ដោយ​មិន​យកការប្រាក់​ ឬ​បន្ថយ​ការ​ប្រាក់​ ទប់ស្កាត់​ ការ​ឆ្លៀតឱកាស​ រឹបអូស​ដីធ្លី​ ផ្ទះសម្បែង​ ទ្រព្យសម្បត្តិ​ ពី​សំណាក់​ម្ចាស់បំណុល​ ចំពោះ​កូនបំណុល​ដែល​កំពុង​ជួប​ការ​លំបាក​ ដោយសារ​គ្រោះ​ធម្មជាតិ​ ។​

HunSen-Happy-Face​ឆ្លើយ​តប​នឹង​ការ​ក្រើនរំឭក​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះ​ លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ អ្នកនាំពាក្យ​ក្រ​ សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ក្រសួង​ក៏​ដូច​ជា​មន្ទីរ​កសិកម្ម​តាម​បណ្តាល​ខេត្ត​ធ្លាប់​បាន​អនុវត្ត​ និង​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់​មក​ហើយ​ ព្រោះ​ការ​ចុះ​ជួយ​កសិករ​ក្នុង​គ្រា​ដែល​ដំណាំ​ស្រូវ​ជួប​បញ្ហា​ គឺជា​ផែនការ​មួយ​របស់​ក្រសួងកសិកម្ម​ផង​ដែរ​។​ លោក​បន្ត​ថា​ កាលពី​ឆ្នាំ​កន្លង​ទៅ​ គ្រោះ​រាំង​ស្ងួត​បាន​បង្ក​ផល​ប៉ះពាល់​ផ្ទៃដី​កសិកម្ម​ប្រមាណ​២៥​ម៉ឺន​ហិ​កតា​ តែ​តាម​រយៈ​ការ​ចុះ​ជួយ​ស្តារ​ឡើង​វិញ​ពី​សំណាក់​ក្រសួងកសិកម្ម​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ទើប​ការ​ខូចខាត​បាន​កាត់​បន្ថយ​នៅ​សល់​តែ​ប្រមាណ​១​ម៉ឺន​ហិ​កតា​តែ​ប៉ុណ្ណោះ​។​

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​៖​ «​កន្លង​មក​ហ្នឹង​!​ គឺ​យើង​បាន​អនុវត្ត​ការងារ​ហ្នឹង​។​ អ្វី​ដែល​សម្តេច​លោក​មាន​ប្រសាសន៍​គឺជា​ការ​ត្រឹមត្រូវ​ហើយ​ ហើយ​យើង​ក្រសួង​កំពុង​តែ​អនុវត្ត​តាម​ហ្នឹងហើយ​បាន​។​

​កសិករ​មួយ​រូប​រស់នៅ​ស្រុក​កំពុងស្វាយ​ ខេត្តកំពុងធំ​ អ្នកស្រី​ ឡេ​ង​ យៀ​ត​ លើក​ឡើង​ថា​ ផល​ស្រូវ​របស់​អ្នកស្រី​ ក៏​ដូច​ជា​កសិករ​ដទៃ​ទៀត​ បាន​ខូចខាត​ជា​ច្រើន​ ព្រោះ​ជួបនឹង​គ្រោះ​រាំង​ស្ងួត​។​ អ្នកស្រី​បញ្ជាក់​ថា​ កន្លង​មក​មិន​ដែល​មាន​មន្ត្រី​កសិកម្ម​ណា​ ចុះ​អន្ត​គម​ន៍​ជួយ​កសិករ​នោះ​ទេ​ គឺ​មាន​តែ​អ្នកបច្ចេកទេស​កសិកម្ម​របស់​អង្គការ​តែ​ប៉ុណ្ណោះ​ ដែល​មក​ជួយ​ណែនាំ​ពី​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​។​

​អ្នកស្រី​ ឡេ​ង​ យៀ​ត​៖​ មិន​ដែល​មាន​ខាង​មន្ត្រី​កសិកម្ម​ណា​មក​ជួយ​ទេ​ គឺ​ប្រហែល​ឆ្នាំ​២០១៤​ធ្លាប់​មាន​ខាង​កាត​កា​បាត​ក្រហម​គេ​ធ្លាប់​មក​ជួយ​ច្រូត​ម្តង​។​ ហើយ​តំបន់​នេះ​ ប្រសិនបើ​ខ្វះ​ទឹក​វិញ​ក៏​គ្មាន​ប្រព័ន្ធ​ស្រោច​ស្រប់​ឯណា​មក​បូម​ដាក់​ស្រូវ​ដែល​ គឺ​មាន​តែ​ខាត​ហ្នឹងឯង​។​

​លោក​ យ៉ង​ សាំង​កុមារ​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​សេ​ដាក​ និយាយ​ថា​ លោក​សាទរ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ ដែល​ជួយ​ដល់​កសិករ​ក្នុង​គ្រា​មាន​ភាព​អាសន្ន​បែប​នេះ​។​ ក៏​ប៉ុន្តែ​លោក​ថា​ រដ្ឋាភិបាល​គួរ​មាន​ដំណោះស្រាយ​វែង​ឆ្ងាយ​ក្នុង​ការ​ជួយ​ដល់​កសិករ​ ដើម្បី​ឲ្យ​ប្រជា​កសិករ​ចេះ​ត្រៀមខ្លួន​ទប់ទល់​នឹង​បញ្ហា​ផ្សេងៗ​ដូច​ជា​ គ្រោះ​រាំង​ស្ងួត​ជាដើម​។​ លោក​ យ៉ង​ សាំង​កុមារ​៖​ ដំណោះស្រាយ​វែង​ឆ្ងាយ​ ទី​១​ រដ្ឋាភិបាល​ត្រូវ​មាន​មន្ត្រី​ជំនាញ​កសិកម្ម​គ្រប់គ្រាន់​ចុះ​ធ្វើការ​តាម​ភូមិ​ឃុំ​។​ ទី​២​ ត្រូវ​គិតគូរ​ពី​បញ្ហា​ធា​រាស្ត្រ​ឲ្យ​បាន​ច្រើន​ជាង​មុន​។​ មួយទៀត​គឺ​ត្រូវ​មាន​ទុន​សម្រាប់​កសិករ​ ដើម្បី​ឲ្យ​កសិករ​ធ្វើ​ស្រះ​ ឬ​អាង​ទឹកតូចៗ​តាម​គ្រួសារ​ដើម្បី​ជា​ដោះស្រាយ​រឿង​ទឹក​ហ្នឹង​ដែរ​។​

​តាម​ការ​ព្យាករ​របស់​អ្នកជំនាញ​ឃើញ​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​អាច​នឹង​ធ្វើ​ឱ្យ​ទិន្នផល​កសិកម្ម​កម្ពុជា​ថយ​ចុះ​ប្រមាណ​ជា​២០​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០២០​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០៥០​ អាច​ធ្លាក់​រហូត​ដល់​ទៅ​ ៤០​ភាគរយ​។​ ដោយឡែក​សម្រាប់​ខេត្តកោះកុង​វិញ​ បើ​នី​វូ​ទឹកសមុទ្រ​ឡើង​ដល់​ កម្រិត​១​ម៉ែត្រ​ម​ នោះ​វា​នឹង​ធ្វើ​ឱ្យ​ផ្ទៃដី​ខេត្តកោះកុង​ប្រមាណ​ជា​ ៥៦​ភាគរយ​ ត្រូវ​ជន់​លិច​ ហើយ​សីតុណ្ហភាព​នៅ​ក្នុង​ប្រទេស​អាច​នឹង​មានការ​កើនឡើង​នៅ​ក្នុង​រង្វង់​ប្រមាណ​ជា​ពី​១.៣៥​ អង្សា​សេ​ ទៅ​ដល់​ ២.៥​ អង្សា​សេ​ ខណៈ​ដែល​សីតុណ្ហភាព​ប្រក្រតី​នៅ​កម្ពុជា​ គឺ​នៅ​ ក្នុង​ចន្លោះ​ពី​ ២២​ អង្សា​សេ​ទៅ​ដល់​៣៨​អង្សា​សេ​៕

Share

Image
Image
Image