en     km
en     km

​លទ្ធផល​ស្រាវជ្រាវ​ ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​រក​ឃើញ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​មាន​លក្ខណៈ​កម្មសិទ្ធិ​ប្រមូលផ្តុំ​

Share

​នៅ​ថ្ងៃ​ទី​ ០២​ ខែធ្នូ​ ឆ្នាំ​២០១៥​ អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា​ CCIM​ បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ ស្តី​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ ។​ លទ្ធផល​ស្រាវជ្រាវ​នេះ​ បាន​បង្ហាញ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​លក្ខណៈ​ជា​កម្មសិទ្ធិ​ប្រមូលផ្តុំ​ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ស្ថិត​ក្នុង​គ្រោះថ្នាក់​។​

​លទ្ធផល​ស្រាវជ្រាវ​ស្តី​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ បាន​រក​ឃើញ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​មាន​លក្ខណៈ​ជា​កម្ម​សិទ្ធ​ប្រមូលផ្តុំ​ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ស្ថិត​ក្នុង​គ្រោះថ្នាក់។​

​លោកស្រី​clothilde​ coz​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​គម្រោង​ «​ឃ្លាំមើល​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថា​ ទូរទស្សន៍​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​ ហើយ​មានការ​ប្រមូលផ្តុំ​ជាងគេ​ផង​ដែរ​ ។​ ក្នុង​នោះ​ទូរទស្សន៍​ចំនួន​៤​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​ មាន​អ្នក​ទស្សនា​សរុប​ប្រមាណ​៧៨%​។​

​លោកស្រី​បន្ត​ថា​ ស្ថានីយ៍ទូរទស្សន៍​៧​ ក្នុង​ចំណោម​១០​ មាន​ម្ចាស់​ដែល​មាន​ពាក់ព័ន្ធ​នឹង​គណបក្សកាន់អំណាច​ មាន​ន័យ​ថា​ពួក​គេ​អាច​ទទួល​ប្រាក់ខែ​ពី​រដ្ឋាភិបាល​ ឬ​ត្រូវ​តែងតាំង​ជាទី​ប្រឹក្សា​។​

media-sample-cover

​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​រូប​នេះ​ បាន​បង្ហាញ​ការ​រក​ឃើញ​ទៀត​ថា​ ផ្នែក​បោះពុម្ពផ្សាយ​ក៏​មានការ​ប្រមូលផ្តុំ​ខ្ពស់​ដែរ​ ក្នុង​នោះ​មានការ​សែត​ ទស្សនាវដ្តី​នាំមុខ​៤​ ដែល​មាន​អ្នក​អាន​សរុប​៥៩%​។​ លោកស្រី​បន្ថែម​ថា​ ចំណែក​ស្ថានីយ​វិទ្យុ​លំដាប់​នាំមុខ​៤​ មាន​អ្នក​ស្តាប់​៤៣%​ នៃ​អ្នក​ស្តាប់​អ្នក​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ បង្ហាញ​ថា​ មានការ​ប្រមូលផ្តុំ​មធ្យម​។​
​លោក​ ប៉ា​ ងួ​ន​ទៀង​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ បាន​ថ្លែង​ថា​ ភាគច្រើន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច​ ។​ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា​ ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ណា​ ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​នយោបាយ​ណាមួយ​ នោះ​នឹង​ទាញ​ចរន្ត​ ឱ្យទៅ​បម្រើ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ស្រលាញ់​ ដែល​វា​ជំរុញ​ឱ្យ​ជះ​ឥទ្ធិពល​ទៅ​លើ​សាធារណជន​ ឱ្យ​មាន​និន្នាការ​បែប​ហ្នឹង​ដែរ​។​

​លោក​បន្ត​ទៀត​ថា​ ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ផង​ដែរ​ ។​ លោក​បន្ថែម​ថា​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​រឹង​មាំ​មួយ​ចំនួន​ គេ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ​ ក្នុង​វាយតម្លៃ​ និង​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ។​ លោក​ថា​ដើម្បី​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ សង្គម​ស៊ី​វិល​នឹង​ធ្វើការ​តស៊ូ​មតិ​ ដើម្បី​ធ្វើ​ឱ្យ​មានការ​កែទម្រង់​នៅ​ថ្នាក់​ជាតិ​ ដូច​ជា​ ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ និង​នីតិវិធី​នៃ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ជាដើម​។​

​ឆ្លើយ​តប​នឹង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ លោក​ អ៊ុ​ក​ គឹ​ម​សេង​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ថា​ លោក​មិន​ទាន់​អាច​វាយតម្លៃ​ភា្ល​មៗ​បាន​នោះ​ទេ​ ត្រូវ​មានការ​សិក្សា​ឱ្យ​បាន​ច្បាស់​សិន​ ។​ ទោះជា​យ៉ាងណា​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រូប​នេះ​ មាន​ប្រសាសន៍​ថា​ មិន​ថា​តែ​ប្រទេស​កម្ពុជា​ទេ​ ដែល​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​លក្ខណៈ​បែប​ហ្នឹង​ នៅ​តាម​បណ្តា​ប្រទេស​ធំៗ​ មួយ​ចំនួន​ បុគ្គល​ណា​ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​ច្រើន​ គេ​អាច​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។​ លោក​បន្ត​ថា​ ប្រទេស​កម្ពុជា​មិនមែន​មាន​តែ​បណ្តាញ​ផ្សព្វផ្សាយ​ធំ​ ៤​ ឬ​៥​ស្ថាប័ន​នោះ​ទេ​ នៅ​មាន​បណ្តាញ​ផ្សព្វផ្សាយ​តូចៗ​ជា​ច្រើន​ទៀត​ ដែល​បង្ហាញ​ពី​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា​។​

​ចំពោះ​ការ​ស្នើ​ឱ្យ​បង្កើត​ស្ថាប័ន​ ក្នុង​ការ​សិក្សា​ និង​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ លោក​ អ៊ុ​ក​ គឹ​ម​សេង​ បាន​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​ក្រសួង​មាន​សមត្ថកិច្ច​រួច​ហើយ​ ដូច្នេះ​រដ្ឋាភិបាល​មិន​ចាំបាច់​ត្រូវ​បង្កើត​ទៀត​នោះ​ទេ​។​

​សូម​ជម្រាប​ថា​ ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ក្រោម​គម្រោង​ «​ឃ្លាំមើល​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​ បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។​ គម្រោង​នេះ​ គឺជា​ការ​សិក្សា​ស្រាវជ្រាវ​ជាស​កល​ និង​ជា​កិច្ច​ប្រឹងប្រែង​តស៊ូ​មតិ​ ដើម្បី​លើកកម្ពស់​តម្លាភាព​ និង​ប្រព័ន្ធ​ផ្សាយ​ចម្រុះ​ក្នុង​កម្រិត​អន្តរជាតិ​៕

Share

Image
Image
Image