en     km
en     km

​យុវជន​កម្ពុជា​រក​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​ទ្បា​វ​បញ្ឈប់​ការ​សាងសង់​វា​រី​អគ្គិសនី​ ដ​ន​សា​ហុង​

Share

​ក្រោយ​ពី​រដ្ឋាភិបាល​ឡាវ​ អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ ទំនប់​វា​រី​អគ្គិសនី​ ដ​ន​សា​ហុង​ យុវជន​កម្ពុជា​បាន​តវ៉ា​ជា​បន្តបន្ទាប់​ ឲ្យ​បញ្ឈប់​ការ​សាងសង់​នោះ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ ជា​ពិសេស​គឺ​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​ ក៏​ដូច​ជា​ការ​ប្រឈម​ដល់​សត្វ​ផ្សោត​ទឹកសាប​ផង​ដែរ​។​

150928-Sareth-News-01-dara-ed-cover

​នៅ​ព្រឹក​ថ្ងៃ​ ចន្ទ​ ទី​២៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ នេះ​ តំណាង​យុវជន​កម្ពុជា​ ធ្វើការ​ខាង​ការពារ​បរិស្ថាន​ ចំនួន​ ៥​ រូប​ បាន​ដាក់​ញ្ញត្តិ​ទៅ​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ (UN)​  ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ទ្បា​វ​ ឲ្យ​បញ្ឈប់​គំរោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ​ន​ សា​ហុង​លើ​ព្រំប្រទល់​ទឹក​នៃ​ទន្លេមេគង្គ​ ខែ្ម​រ​ ទ្បា​វ​។​
​ញ្ញត្តិ​នោះ​មាន​ខ្លឹមសារ​ថា​ ប្រសិនបើ​ទំនប់​វា​រី​អគ្គិសនី​ដ​ន​ សា​ហុង​ ត្រូវ​បាន​សាងសង់​ នឹង​បង្ក​គ្រោះថ្នាក់​មហន្តរាយ​ធំធេង​ ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ និង​នៅ​តាម​ដង​ទន្លេសាប​ដូច​ជា​ ប៉ះពាល់​ដល់​ការ​នេសាទ​ កសិកម្ម​ នាវាចរណ៍​ ការ​ផ្លាស់​ប្តូរ​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ជាដើម​ ហើយ​វា​ក៏​អាច​មាន​ផល​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​ក្នុង​ទឹក​ដូច​ជា​ត្រី​សត្វ​ ផ្សោត​ដែល​ជា​សត្វ​កម្រ​ជាដើម​។​

​នៅ​ម៉ោង​ប្រមាណ​ជាង​ ៩​ ព្រឹក​មិ​ញ​នេះ​ ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​យុវជន​ការពារ​សង្គម​ និង​ បរិស្ថាន​ទាំង​ ៥​ រូប​ បាន​ចូល​ទៅ​ខាងក្នុង​ ដើម្បី​បង្ហាញ​ពី​គោលបំណង​របស់​ខ្លួន​។​

​ក្រោយ​ពេល​យុវជន​ទាំង​ ៥​ រូប​ ដាក់​ញ្ញត្តិ​ហើយ​ លោក​ឆាន់​ រិ​ទ្ធ​ឧត្តម​ បាន​និយាយ​ថា​ មូលហេតុ​ដែល​លោក​ដាក់​ញ្ញត្តិ​នៅ​ថ្ងៃនេះ​ ពីព្រោះ​ថា​ បន្ទាប់​ពី​លោក​បានដឹង​ថា​មាន​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដង​ សា​ហុង​ នៅ​តាម​ព្រំប្រទល់​ទឹក​នៃ​ទន្លេមេគង្គ​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ ដែល​កំពង់​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ និង​តាម​ដង​ទន្លេសាប​ ដូច្នេះ​ហើយ​ ទើប​លោក​យក​ ញ្ញត្តិ​មក​ដាក់​  ឲ្យ​ខាង​ តំណាង​UN​ ជួយ​អន្តរាគមន៍​ ដែល​ទាក់ទង​សិទ្ធិ​មនុស្ស​ នឹង​ធ្វើការ​ស៊ើបអង្កេត​ ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​ សា​ហុង​។​

ក្រុមយុវជនការពារសង្គម និងបរិស្ថាន ដាក់ញ្ញត្តិជូនអង្គការសហប្រជាតិ អំពីបញ្ហា ទំនប់វារីអគ្គីសនី ដនសាហុង
ក្រុមយុវជនការពារសង្គម និងបរិស្ថាន ដាក់ញ្ញត្តិជូនអង្គការសហប្រជាតិ អំពីបញ្ហា ទំនប់វារីអគ្គីសនី ដនសាហុង

​លោក​បន្ត​ថា​ខាង​តំណាង​ UN​ អ្នកស្រី​ កល្យាណ​ បាន​ទទួលយក​ញ្ញត្តិ​នោះ​ហើយ​ ហើយ​អ្នកស្រី​ នឹង​បន្ត​យក​ញ្ញត្តិ​នោះ​ទៅ​ថ្នាក់លើ​បន្ត​ទៀត​។​ លោក​បន្ថែម​ទៀត​ថា​  លោក​គ្រោង​នឹង​ដាក់​ញ្ញត្តិ​ទៅ​ក្រសួងបរិស្ថាន​ ប៉ុន្តែ​លោក​មិន​ទាន់​បាន​កំណត់​ថា​ថ្ងៃ​ណា​នោះ​ទេ​។​ «​មក​ថ្ងៃនេះ​គឺ​យើង​មក​ដាក់​លិខិត​ជូន​ទៅ​កាន់​ខាង​ UN​ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទាក់ទង​ផ្នែក​ សិទ្ធិ​មនុស្ស​ ហើយ​និង​ផល​ប៉ះពាល់​ក្នុង​ការ​សិក្សា​ ឬ​ការ​ស៊ើបអង្កេត​ អំពី​ទំនប់​វា​រី​អគ្គិសនី​ដ​ន​ សា​ហុង​ ។​ ខាង​ UN​ អ្នកស្រី​ កល្យាណ​គាត់​យល់ព្រម​ថា​ នៅ​ពេល​គេ​ទទួលយក​ញ្ញត្តិ​នេះ​ ហើយ​ នឹង​បញ្ជូន​ទៅ​ថ្នាក់លើ​ នឹង​ធ្វើការ​ពិចារណា​ បន្ទាប់​មក​ទៀត​គាត់​និយាយ​ថា​ យើង​អាច​ដាក់​ញ្ញត្តិ​នឹង​ទៅ​ក្រសួងបរិស្ថាន​ ដើម្បី​ឲ្យ​គេ​ជួយ​ធ្វើការ​ស្រាវជ្រាវ​នៅ​ខេត្តស្ទឹងត្រែង​ អំពី​ទំនប់​វា​រី​អគ្គិសនី​ដ​ន​ សា​ហុង​ ទំនប់​វា​រី​អគ្គិសនី​ដ​ន​ សា​ហុង​នឹង​សាងសង់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ អ​ញ្ចឹ​ង​ពួក​យើង​ជា​យុវជន​ស្រលាញ់​ធម្មជាតិ​ក៏​ចាប់ផ្តើម​ធ្វើការ​ដាក់​ញ្ញត្តិ​ដើម្បី​          ឲ្យ​ខាង​ UN​ ជួយ​អន្តរាគមន៍​»​។​

​វិទ្យុ​ស្ត្រី​ របស់​ WMC​ មិន​អាច​ទាក់ទង​អ្នកស្រី​កល្យាណ​ ដែល​ជា​អ្នក​ទទួលយក​ញត្តិ​របស់​យុវជន​ នា​ព្រឹក​មិ​ញ​នេះ​បាន​ទេ​ ។​

​គួរ​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​ ២១​ ខែកញ្ញា​ ឆ្នាំ​២០១៥​  សម្ព័ន្ធ​ទន្លេ​កម្ពុជា​ ព្រមទាំង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ ការ​អនុម័ត​យល់ព្រម​របស់​សភាជាតិ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ឡាវ​ លើ​កិច្ចសន្យា​សម្បទាន​ ដើម្បី​ឈាន​ទៅ​ធ្វើការ​សាងសង់​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ ដ​ន​ សា​ហុង​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ បាន​សូម​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឡាវ​ ឲ្យ​បញ្ឈប់​ ជា​បន្ទាន់​រាល់​សកម្មភាព​ទាំងឡាយ​ ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ ដ​ន​ សា​ហុង​ មិន​ត្រូវ​អនុម័ត​លើ​កិច្ចសន្យា​ទិញ​អគ្គិសនី​ មុន​ពេល​ដែល​បញ្ហា​ ឬ​សំណូមពរ​ទាំងឡាយ​របស់​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​បាន​ដោះស្រាយ​ កុំ​បន្ត​ឲ្យ​មានការ​ចុះ​កិច្ចសន្យា​ផ្សេង​ទៀត​លើ​គម្រោង​នេះ​ ដោយ​រួម​បញ្ចូល​ទាំង​ កិច្ចព្រមព្រៀង​លទ្ធកម្ម​វិស្វកម្ម​ទំនប់​ និង​ការ​សាងសង់​៕

Share

Image
Image
Image