en     km
en     km

​មុខរបរ​ដាំ​ត្រសក់ស្រូវ​ធម្មជាតិ​ជួយ​ឲ្យ​គ្រួសារ​អ្នកស្រី​ ឌុ​ក​ អូន​ មាន​ជីវភាព​ធូរធារ​

Share

ត្រសក់ស្រូវ_cover
អតិថិជនកំពុងទិញត្រសក់ស្រូវ

​កំពង់ស្ពឺ​៖​ បើ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពង់ស្ពឺ​ នៅ​តាម​ផ្លូវ​ចូល​ទៅ​កាន់​ភ្នំ​ជ្រៃ​ហូរ​ខ្មៅ​ ក្នុងភូមិ​ត្រាវ​ នៃ​ស្រុក​គងពិសី​ អ្នក​នឹង​មើលឃើញ​តូប​តូច​មួយ​នៅ​ខាងស្តាំ​ដៃ​ នៅ​អែប​នឹង​ផ្លូវ​ ដែល​នៅ​ក្នុង​តូប​នោះ​មាន​ស្ត្រី​វ័យ​ ៤៥​ឆ្នាំ​ម្នាក់​កំពុង​អង្គុយ​លើ​គ្រែ​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ផ្លែ​ត្រសក់ស្រូវ​ពណ៌​បៃតង​លាយឡំ​ពណ៌​លឿង​គរ​គ្នា​ជា​គំនរ​។​ ស្ត្រី​នោះ​ស្ថិត​ក្នុង​កាយវិកា​យ​ដៃ​ទាំង​សងខាង​ចាប់​កាន់​ត្រសក់​ឡើង​ អម​ដោយ​សម្តីរ​សរាយ​រាក់ទាក់​និយាយ​ណែនាំ​ពី​ ត្រសក់​ទាំងនោះ​ ទៅ​កាន់​អតិថិជន​ពីរ​នាក់​ដែល​កំពុង​ឈរ​រើស​ត្រសក់​។​

​មុខរបរ​ដាំ​ត្រសក់ស្រូវ​លក់​ បាន​ជួយ​ឲ្យ​គ្រួសារ​អ្នកស្រី​ ឌុ​ក​ អូន​ មាន​ជីវភាព​សមរម្យ​ជាង​បី​ឆ្នាំ​មក​ហើយ​ ដោយ​មិន​ចាំបាច់​ឲ្យ​អ្នកស្រី​ រួម​ទាំង​គ្រួសារ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​ឡើយ​។​

​មូលហេតុ​ដែល​ជំរុញ​ឲ្យ​អ្នកស្រី​ និង​ប្តី​សម្រេចចិត្ត​ចាប់ផ្តើម​មុខរបរ​ជា​អ្នក​ដាំ​ត្រសក់​លក់​ ដោយសារ​អ្នក​ទាំង​ពីរ​យល់​ថា​ មុខរបរ​ដាំ​ត្រសក់​ងាយស្រួល​ដាំ​ មិន​ប្រើប្រាស់​ពេលវេលា​យូរ​ដូច​ដាំ​ដំណាំ​ដទៃ​ ព្រមទាំង​មិន​ចាំបាច់​ឲ្យ​អ្នកស្រី​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​ឬ​ពី​ស្រុក​កំណើត​អ្នកស្រី​ឡើយ​ ម្យ៉ាងទៀត​ប្តី​អ្នកស្រី​ក៏​ធ្លាប់​រៀន​បច្ចេកទេស​ដាំ​ត្រសក់ស្រូវ​នេះ​ស្រាប់​ផង​។​

​និយាយ​បណ្តើរ​ ដៃ​កាន់​ផ្លែ​ត្រសក់ស្រូវ​ជូត​ជម្រះ​ដី​បណ្តើរ​ អ្នកស្រី​ ឌុ​ក​ អូន​ បាន​និយាយ​ថា​៖​ «​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​អាច​រក​ចំណូល​ពី​ការ​ដាំ​ត្រសក់​នេះ​បាន​ពី​ ១០​ម៉ឺន​ទៅ​៣០​ម៉ឺន​ អាស្រ័យ​ទៅ​តាម​ផ្លែ​ត្រសក់​ដែល​រង្គោះ​(​ផ្លែ​ទុំ​ដាច់​ចេញពី​ទង​)»​។​ ជា​ទូទៅ​មាន​អតិថិជន​ជា​ច្រើន​ដែល​គាំទ្រ​ផលិតផល​ត្រសក់ស្រូវ​របស់​អ្នកស្រី​។​ ជាក់ស្តែង​ក្នុង​ចម្ការ​នីមួយៗ​ អ្នកស្រី​អាច​រក​ចំណូល​បាន​រហូត​ដល់​ទៅ​១០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដែល​អាច​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ដែល​មាន​សមាជិក​៥​នាក់​បាន​ ព្រមទាំង​ជួយ​សម្រួល​ដល់​បន្ទុក​ចំណាយ​ផ្សេងៗ​យ៉ាងច្រើន​ផង​។​

អ្នកស្រី ឌុក អូន-01
អ្នកស្រី​ ឌុ​ក​ អូន

​ត្រសក់​ដែល​អ្នកស្រី​ដាំ​មាន​បី​ពណ៌​រួម​មាន​ ពណ៌​បៃតង​ឆ្នូត​សរ​ ពណ៌​លឿង​សុទ្ធ​ ព្រមទាំង​ពណ៌​លឿង​លាយ​ពណ៌​បៃតង​ឆ្នូត​សរ​ និង​មាន​ទំហំ​តូច​ ដោយសារ​ខ្វះ​ទឹក​ស្រោចស្រព​។​ ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ត្រសក់​ដែល​អ្នកស្រី​ដាំ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​អ្នកដំណើរ​ឆ្លងកាត់​ ក៏​ដូច​ជា​អ្នក​ភូមិ​ក្បែរ​គ្នា​ ដោយសារ​ត្រសក់​នេះ​ ដាំ​ដោយ​ខ្លួនឯង​ និង​បេះ​លក់​ភ្លាមៗ​ ដែល​ធ្វើ​ឲ្យ​ត្រសក់​ថ្មី​ និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​។​

«​យក​អាណា​ល្អៗ​ ហើយ​រៀប​ដាក់​ក្នុង​កេស​នេះ​ឲ្យ​ខ្ញុំ​មក​អ៊ី​»​។​ នេះ​ជាស​ម្តី​របស់​អ្នកទិញ​ម្នាក់​ដែល​ប្រាប់​ឲ្យ​អ្នកស្រី​ ឌុ​ក​ អូន​ ជួយ​រើស​ត្រសក់​ឲ្យ​។​ អតិថិជន​ប្រចាំ​ដែល​មាន​វ័យ​ប្រហែល​ ៣៥​ឆ្នាំ​រូប​នេះ​ រស់នៅ​ភូមិ​ក្បែរ​អ្នកស្រី​ដែរ​ ហើយ​ជា​រៀង​រាល់​ឆ្នាំ​លោក​តែងតែ​មក​ទិញ​ត្រសក់​ពី​អ្នកស្រី​ដើម្បី​ផ្ញើរ​ទៅ​ភ្នំពេញ​។​
​ម៉ូយ​ប្រចាំ​រូប​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​ «​ខ្ញុំ​ទិញ​ច្រើនៗ​ណាស់​ ដើម្បី​ផ្ញើរ​ទៅ​ជូន​ លោកយាយ​ និង​ម្តាយ​ខ្ញុំ​ព្រមទាំង​បងប្អូន​ខ្ញុំ​នៅ​ភ្នំពេញ​។​ ពួក​គាត់​ចូល​ចិត្ត​ញុំ​ា​ត្រសក់​នេះ​ណាស់​ ជា​ពិសេស​ញុំ​ា​ជា​បង្អែម​ក្រោយ​ពេលបាយ​ ជួនកាល​ពិសារ​ជាមួយ​បាយ​តែ​ម្តង​»​។​

​អតិថិជន​ដែល​កំពុង​ទិញ​ត្រសក់ស្រូវ​ធម្មជាតិ​ម្តង​ជាង​១០​ផ្លែ​ដោយ​មិន​តថ្លៃ​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​៖​ «​ខ្ញុំ​ចូល​ចិត្ត​មក​ទិញ​នៅ​ទី​នេះ​ដោយសារ​គាត់​ដាំ​តាម​ធម្មជាតិ​ និង​មិន​ចាក់​បញ្ចូល​សារធាតុ​គីមី​អ្វី​ឡើយ​ ម្យ៉ាង​ត្រសក់​នេះ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​ផុស​ល្អ​ ព្រមទាំង​ខុស​ពី​ត្រសក់​អ្នក​ផ្សេង​លក់​ដែល​មាន​សភាព​រឹង​ពិបាក​ញុំ​ា​»​។​

​កំពុង​អង្គុយ​លក់​ត្រសក់ស្រូវ​ទើបនឹង​បេះ​ថ្មីៗ​ ក្នុង​តូប​តូច​មួយ​ក្បែរ​ចំការ​របស់​គាត់​អ្នកស្រី​ ឌុ​ក​ អូន​ បាន​បង្ហើប​ពី​មូលហេតុ​ដែល​ត្រសក់​គ្មាន​ជាតិ​គីមី​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ថា​ អតិថិជន​ចូល​ចិត្ត​ និង​តែង​ទិញ​ត្រសក់​របស់​អ្នកស្រី​ ដោយសារ​ត្រសក់​ទាំងនេះ​ផ្អែម​ឆ្ងាញ់​ ផុស​ និង​ដាំ​ដោយ​ប្រើ​ជីធម្មជាតិ​ដូច​ជា​លាមក​សត្វ​ រូ​ម​ផ្សំ​នឹង​ការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​តាម​បច្ចេកទេស​ដែល​ប្តី​អ្នកស្រី​បាន​រៀន​។​ ការ​ថែទាំ​តាម​បច្ចេកទេស​ដែល​អ្នកស្រី​និយាយ​ គឺ​សំដៅលើ​ថែទាំ​រុក្ខជាតិ​កូន​កុំ​ឲ្យ​ដង្កូវ​ស៊ី​ប​ណ្តូ​រ​ ព្រមទាំង​ប្រើ​ថ្នាំ​បំប៉ន​ប​ណ្តូ​រដែ​ល​ផ្សំ​ពី​ធម្មជាតិ​ដើម្បី​ជួយ​ឲ្យ​ប​ណ្តូ​រ​ត្រសក់​លូតលាស់​ឡើង​វិញ​ជាដើម​ បូក​រួម​ទាំង​ការ​ថែទាំ​ត្រសក់​ដោយ​គ្រប​ត្រសក់​ដើម្បី​កុំ​ឲ្យ​ត្រូវ​ថ្ងៃ​ខ្លោច​ដើម្បី​តំរូវ​ចិត្ត​អតិថិជន​។​

​ដើម្បី​ដាំ​ត្រសក់ស្រូវ​ឲ្យ​មាន​រស់ជាតិ​ឆ្ងាញ់​ ស្ត្រី​ម្ចាស់​ចំការ​ត្រសក់​រូប​នេះ​ បាន​ពន្យល់​ពី​របៀប​ដាំ​ថា​ ដំបូង​ត្រូវ​ភ្ជួរ​ដី​ឲ្យ​ដី​ផុស​ និង​អស់​ស្មៅ​សិន​ ទុក​មួយ​រយៈ​សិន​សឹម​ភ្ជួរ​ម្តងទៀត​ បន្ទាប់​មក​ឆូត​រង​ ព្រមទាំង​រោយ​ជី​លាមក​សត្វ​លើ​ដី​នោះ​ ក្រោយមក​ចុច​គ្រាប់​ត្រសក់​ដែល​ បំបៅ​រួច​លើ​ដី​នោះ​ ចម្ងាយ​៨០​សង់ទីម៉ែត្រ​ពី​គ្នា​។​ រង់ចាំ​រយៈពេល​ពីរ​ខែ​ទើបបាន​ផល​ ម្យ៉ាងទៀត​ដើម្បី​ឲ្យ​ផ្លែ​ធំ​ និង​ថ្លុះ​ល្អ​ចាំបាច់​ត្រូវ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់​។​ តែបើ​ទោះ​គ្មាន​ទឹកភ្លៀង​ស្រោចស្រព​ដំណាំ​គ្រប់គ្រាន់​ក្តី​ ក៏​កសិករ​វ័យឆ្លាត​វៃ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​រូប​នេះ​ មិន​ភ្លេច​ឡើយ​នូវ​ការ​បម្រុង​ទឹក​ប្រឡាយ​ទុក​ប្រើ​ជំនួស​ឲ្យ​ទឹកភ្លៀង​នៅ​រដូវប្រាំង​។​

ត្រសក់ស្រូវ_cover-02
​បើ​និយាយ​ពី​វិធីសាស្ត្រ​រើស​ពូជ​ត្រសក់​ល្អ​វិញ​ អ្នកស្រី​ ឌុ​ក​ អូន​ និយាយ​ប្រាប់​ដោយ​ទឹកមុខ​ញញឹម​ថា​ ដំបូង​អ្នកស្រី​រក្សា​ទុក​ពូជ​ត្រសក់​ទុំ​តាម​ប្រភេទ​ពណ៌​ដែល​អ្នកស្រី​ចង់​ទុក​ ក្រោយមក​ទៀត​អ្នកស្រី​កាយ​គ្រាប់​នោះ​ចេញពី​ផ្លែ​ដែល​ទុក​ពូជ​នោះ​ ព្រមទាំង​បំបៅ​មេ​វា​ឲ្យ​ជូរ​ពី​៤​ទៅ​៥​ថ្ងៃ​សិន​។​ បន្ទាប់​មក​ទៀត​អ្នកស្រី​ក៏​ច្របាច់​គ្រាប់​ដែល​បំបៅ​នោះ​ឲ្យ​អស់​ជាតិ​រំអិល​ រួច​លាង​ទឹក​ និង​យក​វា​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត​រហូត​ដល់​ស្រួយ​គ្រាប់​។​អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​ថា​ បើកាលណា​គ្រាប់​អត់​ស្ងួត​នោះ​បណ្តូល​វា​ងាប់​ និង​មិន​អាច​ដុះ​បាន​ឡើយ​។​

​នៅ​ក្នុង​ការ​ដាំ​ត្រសក់​ដដែល​ស្ត្រី​ សម្បុរ​ស្រអែម​ ដែល​ឈ្នួល​ក្បាល​ដោយ​ក្រមា​ក្រឡា​ល្អិត​ស​-​ក្រហម​រូប​នេះ​ បាន​ប្រើប្រាស់​ចំការ​ទំហំ​ជិត​១​ហិច​តា​ដាំ​បណ្តាក់​គ្នា​ពី​ចំការ​មួយ​ទៅ​ចំការ​មួយទៀត​វិល​ជុំ​ពេញ​មួយ​ឆ្នាំ​។​ អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ថា​ ការ​ដាំ​ស្រូវ​បណ្តាក់​គ្នា​នេះ​ក៏​ងាយស្រួល​ឲ្យ​អ្នកស្រី​ប្រមូល​ផល​បាន​រាល់ថ្ងៃ​ដោយ​មិន​បារម្ភ​ភ័យ​ខ្លាច​ប្រមូល​ផល​មិន​ទាន់​ឡើយ​ «​ខ្ញុំ​ដាំ​ត្រសក់​នេះ​ ឃ្លាត​ពី​គ្នា​មួ​យស​ប្តា​ហ៍​ទើប​ដាំ​លើ​ស្រែ​មួយទៀត​ ដូច្នេះ​នៅ​ពេល​ត្រសក់​នៅ​ស្រែ​មួយ​ទុំ​ ស្រែ​មួយទៀត​ចាប់ផ្តើម​ផ្លែ​ ឯ​ស្រែ​មួយទៀត​ចាប់ផ្តើម​ដាំ​ បើ​មិន​ដាំ​ដូច្នេះ​ទេ​យើង​ប្រមូល​ផល​មិន​ទាន់​ទេ​»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ដាំ​ត្រសក់​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​តាម​ធម្មជាតិ​នេះ​ ប្តី​របស់​អ្នកស្រី​បាន​រៀន​បច្ចេកទេស​ពី​អង្គការ​មួយ​។​ ក្រោយ​រៀន​ចប់​ក៏​ចាប់ផ្តើម​មុខរបរ​ដាំ​ត្រសក់ស្រូវ​នេះ​រហូត​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ច្រើន​ និង​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​រស់នៅ​សមរម្យ​និង​មាន​ជីវភាព​ធូរធារ​ដូច​សព្វថ្ងៃ​៕

Share

Image
Image
Image