en     km
en     km

​មន្ដ្រី​UNFPA​ ៖​ ស្ដ្រី​ជាង​ ៥០​ភាគរយ​ គិត​ថា​ បុរស​ជា​ប្ដី​មាន​សិទ្ធិ​ប្រើ​ហិង្សា​លើ​ខ្លួន​ជា​ប្រពន្ធ​

Share

ភ្នំពេញ៖ មន្ដ្រីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) លោកស្រី អាំង សុខចំរើន ដែលធ្វើការដើម្បីទប់ស្កាត់អំពើហិង្សាលើស្ដ្រី និងកុមារ ថា មានស្ដ្រីកម្ពុជាមួយនាក់ក្នុងចំណោមប្រាំនាក់ មានអាយុចន្លោះពី ១៥ ទៅ៤៩ឆ្នាំ បានទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្តពីដៃគូស្និទ្ធស្នាល។ លោកស្រីបានថ្លែងដូចនេះក្នុងកម្មវិធីយុទ្ធនាការ ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ដ្រី និងកុមារ ក្រោមប្រធានបទ «ញ្ឈប់អំពើហិង្សាលើស្ដ្រី និងកុមារចាប់ផ្ដើមពីយើង» នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ វិច្ឆិកា។

woman-today-1លោកស្រី អាំង សុខចំរើន មន្ដ្រីកម្មវិធីយេនឌ័រ បានឱ្យដឹងថា អ្វីដែលកាន់តែព្រួយបារម្ភនោះ គឺ ស្ដ្រីប្រហែល ៥១ភាគរយ គិតថា បុរសជាប្ដីមានសិទ្ធិប្រព្រឹត្តហិង្សាលើខ្លួន។ តាមលោកស្រី ពន្យល់ថាមូលហេតុគឺ ដោយសារស្ដ្រីទាំងនោះ គិតថាពួកគាត់ខកខានការបំពេញតួនាទីជាភរិយា។

លោកស្រី  អាំង សុខ ចំរើន បញ្ជាក់លើចំនុចនេះថា ៖ «វាអាចថា ស្ដ្រីគាត់នៅគិតថា គាត់អត់បានបំពេញតួនាទីជាភរិយាប្រពន្ធល្អ ជាភរិយាល្អ សមតែឱ្យប្ដីគាត់វ៉ៃ»។

ជាមួយគ្នានេះអគ្គនាយកអភិវឌ្ឍន៍សង្គមក្រសួងកិច្ចការនារី លោកស្រី ញាណ សូចិត្រា ក៏បាន លើកឡើងដែរថាបច្ចុប្បន្ន ស្ដ្រីនៅតែទទួលការរើសអើងពីសង្គម ហើយអំពើហិង្សានៅតែកើតមានឡើងទៅលើស្ដ្រី ដោយសារតែឥរិយាបថរបស់សង្គម គឺនៅមិនទាន់ផ្លាស់ប្ដូរ។

លោកស្រី ញាណ សូចិត្រា ៖«ចឹងយើងឃើញថាបញ្ហាទាក់ទងនឹងអំពើហិង្សាលើស្ដ្រី នៅតែមានការរើសអើង ហើយនៅមានការកើតឡើងនូវអំពើហិង្សានៅលើស្ដ្រី ដោយសារតែទាក់ទងនឹងឥរិយាបថរបស់សង្គមយើង មិនទាន់ផ្លាស់ប្ដូរ។ និយាយរួម ក្រសួងកិច្ចការនារី សហការជាមួយដៃគូសង្គមស៊ីវិលបានធ្វើការនេះច្រើន ហើយសង្គមក៏យល់ច្រើនដែរ តែគាត់អត់ឈានទៅដល់ដំណាក់កាលផ្លាស់ប្ដូរ»

បើតាមលោកស្រី ញាណ សូចិត្រា អំពើហិង្សាដែលកើតមានទៅលើស្ដ្រីកន្លងមកគឺមានអំពើហិង្សា ផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច ប៉ុន្ដែអំពើហិង្សាដែលកើតមានច្រើនជាងគេ គឺ អំពើហិង្សាផ្លូវកាយ និងផ្លូវចិត្ត។

តែទោះជាយ៉ាងណាក៏ដោយ ហិង្សាដែលកើតមានឡើងមានទម្រង់បែបណាទៅលើស្ដ្រី គឺ សុទ្ធតែជាអំពើដែលខុសច្បាប់ ហើយអ្នកដែលប្រព្រឹត្តអំពើនេះ ក៏ត្រូវតែទទួលទោសចំពោះមុខច្បាប់។

លោកស្រី ញាណ សូចិត្រា ៖«ត្បិតតែយើងមានច្បាប់ មានអី ផ្សព្វផ្សាយបានទូលំទូលាយចឹងប៉ុន្ដែសង្គមមួយចំនួននៅតែយល់ថា បញ្ហាអំពើហិង្សា នឹងជាបញ្ហាដែលអាចទទួលយកបាន នឹងសង្គមអត់ទាន់មានការផ្លាស់ប្ដូរ ព្រោះបញ្ហាទាក់ទងទៅនឹងអំពើហិង្សាគឺយើងទាំងអស់គ្នាបានដឹងហើយថា បញ្ហាអំពើហិង្សា គឺជាអំពើដែលខុសច្បាប់ ហើយអ្នកណាដែលប្រព្រឹត្តអំពើហិង្សាគឺត្រូវតែទទួលទណ្ឌកម្ម ការផ្ដន្ទាទោសទៅតាមច្បាប់ដែលបានចែង»

woman-today-2ចំណែកលោកស្រី ទិព្វ សូលីន មន្ដ្រីទទួលបន្ទុកកិច្ចការនារី នៅភូមិសូរសែន  ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានលើកឡើងដែរថា អំពើហិង្សាលើស្ដ្រីដែលធ្លាប់កើតមានឡើងភាគច្រើន គឺជា អំពើហិង្សាផ្លូវកាយ ហើយអំពើហិង្សានេះកើតមានឡើងនៅពេលដែលបុរសជាស្វាមីពិសាគ្រឿងស្រវឹង។

លោកស្រី ទិព្វ សូលីន បានបញ្ជាក់ដូច្នេះ ៖«កន្លងមកមានអំពើហិង្សាផ្លូវកាយលើស្ដ្រី ដោយសារបុរសនឹងគាត់ជួនកាលទៅហូបស្រាស្រវឹង ពេលមកវិញប្រពន្ធដាំបាយអត់ទាន់ ក៏មានអំពើហិង្សា ជួនកាលអំពើហិង្សានឹងក៏ដោយសារប្រពន្ធនឹងធ្វេសប្រហែស ដូចថាប្ដីទៅធ្វើការនៅខាងក្រៅទៅប្រពន្ធនៅអង្គុយលេងឡូតូក៏អាចជាអំពើហិង្សាដែរ »

បើតាមលោកស្រី ទិព្វ សូលីន រាល់ហិង្សាដែលធ្លាប់កើតមានឡើងទៅលើស្ដ្រីនៅភូមិឃុំរបស់អ្នកស្រីមិនមែនកើតឡើង ដោយសារ កំហុសរបស់បុរសជាដៃគូទាំងអស់នោះទេ  តែពេលខ្លះហិង្សាទាំងនោះក៏កើតឡើងដោយសារស្ដ្រីខ្លួនឯងដូចគ្នា។ តែជាមួយគ្នានេះ លោកស្រី ទិព្វ សូលីន នៅតែ គិតថា បុរសនិងស្ដ្រី គឺអាចរួមគ្នាបញ្ឈប់អំពើហិង្សានេះបាន។

លោកស្រី ទិព្វ សូលីន ៖«ចំពោះនាងខ្ញុំ ក្នុងនាមជាពលរដ្ឋ និងតំណាងស្ដ្រីនៅទូទាំងឃុំ ខ្ញុំសុំចូលរួមទៅលើបងប្អូនស្ដ្រី និងបុរសទាំងអស់ យើងត្រូវគិតថាគោលការណ៍បញ្ជ្រាបយេនឌ័រ ពាក្យថាយេនឌ័រ តួនាទីរបស់បុរសស្ដ្រីនៅក្នុងសង្គម ។ចឹងយើងធ្វើអ្វីមួយយើងត្រូវតែចេះជួយគ្នា កុំប្រកាន់តួនាទីបុរសធ្វើការតែបុរស ស្ដ្រីធ្វើការតែស្ដ្រី នឹងអាចឈាន ទៅកើត អំពើហិង្សា»

យោងតាមរបាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាព ឆ្នាំ២០១៤ ស្ដ្រីកម្ពុជាមួយនាក់ ក្នុងចំណោមប្រាំនាក់ ដែលមានអាយុចន្លោះពី ១៥ទៅ ៤៩ឆ្នាំ បានទទួលរងនូវអំពើហិង្សាយ៉ាងហោចណាស់មួយដងក្នុង មួយជីវិតរបស់ខ្លួន។

ជារឿយៗ អំពើហិង្សាលើស្ដ្រីត្រូវបានប្រព្រឹត្តដោយដៃគូស្និទ្ធស្នាល ហើយអ្វីដែលកាន់តែព្រួយបារម្ភនោះ មានស្ដ្រីប្រហែល ៥១ភាគរយ គិតថា បុរសជាស្វាមី មានសិទ្ធិប្រព្រឹត្តហិង្សាផ្លូវកាយ លើភរិយារបស់គាត់ ប្រសិនបើស្ត្រីនោះខកខានបំពេញតួនាទីជាភរិយា៕

Share

Image
Image
Image