en     km
en     km

​បទ​វិភាគ​ ៖​ តើ​បក្ស​ណា​ អាច​ដណ្ដើម​អាសនៈ​ទាំង​ ៥៥​ របស់​បក្ស​ CNRP​ បាន​ក្នុង​ការ​បោះ​ឆ្នោត​ខែកក្កដា​?

Share

​ភ្នំពេញ​ ៖​ ខណៈ​នេះ​ ការ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​គណបក្ស​ និង​បេក្ខជន​តំណាងរាស្ត្រ​ របស់​បក្សនយោបាយ​ បាន​ចាប់ផ្ដើម​ហើយ​។​ សម្រាប់​បក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចុះ​ឈ្មោះ​មុនគេ​ ដោយ​មាន​បេក្ខជន​សរុប​ ២៧១​នាក់​ នៅ​ទូ​ទាំង​ប្រទេស​។​ ចំណែកឯ​គណបក្ស​ មួយ​ចំនួន​ទៀត​ក៏​បាន​ទៅ​ចុះបញ្ជី​ដែរ​។​ ការ​បោះ​ឆ្នោត​សភា​ អាណត្តិ​ថ្មី​នេះ​គឺ​ទំនង​មិន​មាន​ វត្តមាន​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ឈ្នះ​ការ​បោះ​ឆ្នោត​បាន​ ៥៥​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ នីតិកាល​ទី​០៥​ ឆ្នាំ​២០១៣​ ចូលរួម​នោះ​ទេ​។​ បើ​និយាយ​ពី​ការ​បោះ​ឆ្នោត​ សភា​ អាណត្តិ​មុន​នេះ​ គឺ​ប៉ូ​ល​នយោបាយ​មាន​តែ​ពីរ​ប៉ុណ្ណោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​។​ តែ​អវត្តមាន​បក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ បាន​នាំ​ឲ្យ​មានការ​ចោទសួរ​ ថា​តើ​បក្ស​ណា​អាច​ដណ្ដើម​បាន​អាសនៈ​ទាំង​៥៥​ របស់​បក្ស​ CNRP​ ដែល​មិន​មាន​វត្តមាន​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​?​

អត្ថបទ​នេះ​ រៀបរៀង​ដោយ​លោក​ នួន​ បូ​រិ​ន​ ហើយ​អ្នកស្រី​ អ៊ឹម​ សុ​ខន​ ជូន​សេចក្ដីអធិប្បាយ​ដូច​តទៅ​៖​

 

​ទំនង​មិន​កែប្រែ​ទេ​ ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩​ ខែមេសា​ ថា​ ការ​បោះ​ឆ្នោត​សភា​ ថ្ងៃ​ទី​២៩​ ខែកក្កដា​ ពិតជា​មិន​ត្រូវ​បាន​ពន្យារ​នោះ​ទេ​ បើ​ទោះជា​គ្មាន​បក្ស​ប្រឆាំង​ (​បក្ស​សង្គ្រោះ​ជាតិ​ )​ ចូលរួម​ក៏​ដោយ​។​ អ្វី​ដែល​មេដឹកនាំ​កម្ពុជា​បាន​អះអាង​ គឺ​ច្រើន​តែ​ជា​រឿង​ពិត​។​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ពន្យល់​ថា​ ទោះបី​អវត្តមាន​បក្ស​នេះ​ក្ដី​ តែ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ ដូចនឹង​ប្រទេស​ដទៃ​ដែរ​។​ សម្ដេច​សង្ឃឹមថា​ ពលរដ្ឋ​កម្ពុជា​ នឹង​ទៅ​បោះ​ឆ្នោត​ ហើយ​បោះ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត​។​

​បើ​ដូច្នេះ​មែន​ ការ​បោះ​ឆ្នោត​សភា​ខាង​មុខ​នេះ​ ពិតជា​មាន​ប៉ូ​ល​នយោបាយ​ខ្លាំង​តែ​មួយ​ទេ​ នៅ​លើ​សង្វៀន​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ដឹកនាំ​ប្រទេស​ជិត​ ៤០​ឆ្នាំ​មកនេះ​។​ ការ​បោះ​ឆ្នោត​ដែល​គ្មាន​ តុល្យភាព​អំណាច​ បាន​នាំ​ឲ្យ​មានការ​ចោទសួរ​ ថា​តើ​អាសនៈ​របស់​បក្ស​ប្រឆាំង​ ទាំង​ ៥៥​ នឹង​បាន​ទៅ​លើ​គណបក្ស​មួយ​ណា​ ឬ​ក៏​មាន​តែ​បក្ស​កាន់​អំណាច​ដណ្ដើម​យក​តែ​ម្នាក់ឯង​ ដូច​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​មែនឬ​ ។​

​តើ​បក្ស​ផ្សេងៗ​ មាន​លទ្ធភាព​ដណ្ដើម​យក​អាសនៈ​របស់​ CNRP​ បាន​ឬទេ​?

​ដោយ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ពីរ​អាណត្តិ​ចុង​ក្រោយ​នេះ​ ឃើញ​ថា​ បក្ស​ផ្សេងៗ​ រួម​ទាំង​គណ​ប​បក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ ដែល​ជា​គណបក្ស​រាជា​និយម​ដ៏​ធំ​ មិន​មាន​លទ្ធភាព​ ដណ្ដើម​អាសនៈ​ បាន​ចាប់ពី​ ៥​អាសនៈ​ឡើយ​។​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ សភា​កាលពី​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ ទាំង​បក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ និង​បក្ស​តូចៗ​ដទៃ​ទៀត​ មិន​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​អ្នកបោះឆ្នោត​នោះ​ទេ​ ។​ គេ​អាច​លើក​ឡើង​ទៀត​ថា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ខែ​មី​ថុ​នា​ ឆ្នាំ​២០១៧​ គឺ​មាន​តែ​បក្ស​ធំ​២​ តែ​ប៉ុណ្ណោះ​ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​ បាន​កាន់កាប់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ និង​មេឃុំ​ នៅ​ទូ​ទាំង​ប្រទេស​។​ ដោយ​ឆ្លងកាត់​ ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៣​ និង​២០១៧​ ឃើញ​ថា​ បក្ស​ផ្សេងៗ​ ទំនង​ពុំ​មាន​សមត្ថភាព​ក្លាយ​ ជា​កម្លាំង​នយោបាយ​ ស្ថិត​ក្នុង​ជម្រើស​របស់​អ្នកបោះឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត​សភា​ខាង​មុខ​នេះ​ទេ​។​

​មូលហេតុ​អ្វី​បានជា​បក្ស​ទាំងនេះ​ មិន​ស្ថិត​ក្នុង​ជម្រើស​របស់​អ្នកបោះឆ្នោត​ ?

​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ ដើម្បី​ធ្វើ​ឲ្យ​បក្ស​មួយ​ខ្លាំង​ មិនមែន​កើត​ចេញពី​ការ​ដេក​គិត​ស្រមៃ​ភ្លាម​ហើយ​ បង្កើត​បក្សនយោបាយ​ចូលរួម​ការ​បោះ​ឆ្នោត​ នឹង​គេ​គ្រែង​បាន​ពីរ​ ឬ​បី​អាសនៈ​លេង​នឹង​គេ​នោះ​ទេ​។​ ការ​ធ្វើ​ដូចនេះ​ ហាក់ដូចជា​ការ​ផ្សងព្រេង​ច្រើន​ជាង​។​ នៅ​ប្រទេស​ណា​ក៏​ដោយ​ គឺ​មិន​ថា​ ប្រទេស​កម្ពុជា​នោះ​ទេ​ ឲ្យ​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​ ឃើញ​ថា​ ពលរដ្ឋ​ប្រទេស​នោះ​ហាក់​ជ្រួលជ្រើម​ ចង់​ប្រើ​ឆន្ទៈ​របស់​ពួក​គេ​ខ្លាំង​ណាស់​។​ តែ​ឆន្ទៈ​របស់​ពួក​គេ​ ច្រើន​តែ​បោះ​ឆ្នោត​ឲ្យ​បក្ស​ ធំៗ​ ដែល​មាន​ស្នាដៃ​រួច​ហើ់យ​ ដើម្បី​ប្រទេស​។​ បក្ស​ធំៗ​ ដែល​គេ​ឲ្យ​តម្លៃ​ទៅ​លើ​បក្ស​ កាន់​អំណាច​ និង​បក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​។​ បក្ស​ធំៗ​ ទោះជា​មាន​ពីរ​ ឬ​បី​ក៏​ដោយ​ គឺ​ស្ថិត​នៅ​ក្នុង​កែវភ្នែក​ របស់​អ្នកបោះឆ្នោត​រួច​ទៅ​ហើយ​។​ ចំណែកឯ​បក្ស​ផ្សេងៗ​ទៀត​ ដែល​ពុំ​សូវ​មាន​ស្នាដៃ​ ដើម្បី​ជាតិ​ ទំនង​មិន​អាច​ជា​កម្លាំង​នយោបាយ​ គួរ​ទុកចិត្ត​បាន​ទេ​។​ បក្ស​ទាំងនោះ​ ត្រូវ​បាន​ ពលរដ្ឋ​ចាត់​ទុក​ថា​ ចូលរួម​បោះ​ឆ្នោត​ដើម្បី​លម្អ​បរិយាកាស​របស់​ខ្លួន​ចង់​ស្ទង់​មតិ​ពី​អ្នកបោះឆ្នោត​តែ​ប៉ុណ្ណោះ​។​ តែ​ដល់​ពេល​ចេញ​លទ្ធផល​បោះ​ឆ្នោត​ សឹង​រក​សន្លឹក​ឆ្នោត​រាប់​មិន​បាន​ផង​។​ តែ​បែប​នេះ​ក្ដី​ បរិយាកាស​បោះ​ឆ្នោត​ដែល​មាន​បក្ស​ច្រើន​ចូលរួម​ ក៏​ល្អ​ម្យ៉ាងដែរ​គ្រាន់តែ​ មិនមែន​ជា​ជម្រើស​របស់​អ្នកបោះឆ្នោត​។​ ការ​ដែល​ស្ថិត​ក្នុង​ជម្រើស​អ្នកបោះឆ្នោត​នេះ​ហើយ​ បាន​នាំ​ឲ្យ​មានការ​ចោទសួរ​ថា​ តើ​បក្ស​ណា​ អាច​ដណ្ដើម​អាសនៈ​ ពី​បក្ស​សង្គ្រោះ​ជាតិ​ បាន​ដែល​បក្ស​នេះ​ បាន​កាន់កាប់​៥៥​ អាសនៈ​ហើយ​នោះ​។​

​តើ​បក្ស​ណា​អាច​ដណ្ដើម​អាសនៈ​ទាំង​ ៥៥​ របស់​បក្ស​ CNRP​ បាន​?

​គណបក្ស​សង្គ្រោះ​ជាតិ​ CNRP​ ទំនង​ មិន​មានឱកាស​ចូលរួម​ការ​បោះ​ឆ្នោត​សភា​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​នេះ​ទេ​។​ គណបក្សប្រឆាំង​ធំ​មួយ​នេះ​ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ក្រោម​ហេតុផល​ដែល​មេ​បក្ស​នេះ​ ត្រូវ​បាន​ចោទ​ករណី​ក្បត់ជាតិ​។​ បក្ស​សង្គ្រោះ​ជាតិ​ កើតឡើង​ដោយសារ​ការ​បូ​កប​ញ្ជូ​ល​គ្នា​ រវាង​គណបក្សប្រឆាំង​ធំ​ពីរ​ គឺ​បក្ស​សម​ រ​ង្ស៊ី​ និង​បក្ស​សិទ្ធិ​មនុស្ស​។​ បក្ស​ប្រឆាំង​នេះ​ បាន​បង្ហាញ​ សកម្មភាព​របស់​ខ្លួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​ការងារ​ យ៉ាង​សកម្ម​ ដើម្បី​សង្គម​និង​ ដើម្បី​ម្ចាស់​ឆ្នោត​ ប្រយោជន៍​ឲ្យ​ខ្លួន​មានការ​គាំទ្រ​។​ បក្ស​នេះ​បាន​ហក់​យក​អានៈ​បាន​ ៥៥​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ សភា​ កាល​ខែកក្កដា​ ឆ្នាំ​២០១៣​ ដែល​អាសនៈ​ភាគច្រើន​ ដណ្ដើម​យក​ពី​បក្ស​កាន់​អំណាច​។​ នៅ​ពេល​បក្ស​នេះ​ អវត្តមាន​ក្នុង​ការ​បោះ​ឆ្នោត​ ធ្វើ​អោយ​មានការ​ នឹក​ទៅ​រក​បក្ស​ដែល​ត្រូវ​ស្នង​ដំណែង​ពី​បក្ស​នេះ​បាន​។​ តែ​មើលទៅ​ ដូច​ជា​ លំបាក​សន្និដ្ឋាន​ណាស់​ ថា​បក្ស​ណា​អាច​ គ្រប់​គ្រង់​អាសនៈ​ទាំង​៥៥​របស់​ បក្ស​ CNRP​ បាន​នោះ​ ។​ តើ​បក្ស​ណា​ទៅ​ ?​ ពលរដ្ឋ​ខ្មែរ​ដែល​កាន់សាសនា​ ព្រះពុទ្ធ​ គឺ​បើ​ងប់​នឹង​បក្ស​ណា​ ឬ​បុគ្គល​ណា​ហើយ​ គឺ​មិន​ងាយ​ដកខ្លួន​ចេញ​បាន​ងាយៗ​ទេ​។​ បើ​ដូច្នេះ​មែន​ ថា​តើ​អាសនៈ​ ៥៥​ អាច​បាន​ទៅ​លើ​បក្ស​ណា​ទៅ​វិញ​។​ ទំនង​មាន​តែ​បក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​អាច​ដណ្ដើម​អាសនៈ​ពី​ CNRP​ នេះ​បាន​ ហើយ​បាន​យ៉ាង​ងាយ​ទៀត​ផង​។​

​តើ​កត្តា​អ្វីខ្លះ​បានជា​បក្ស​CPP​ អាច​ដណ្ដើម​អាសនៈ​របស់​CNRP​ បាន​?​

​កត្តា​ប្រវត្តិសាស្ត្រ​ និង​នយោបាយ​ គឺជា​សត្យា​នុ​ម័ត​ ដែល​ប្រជាជន​កម្ពុជា​ មិន​អាច​ភ្លេច​បក្ស​កាន់​អំណាច​សព្វថ្ងៃ​បាន​ឡើយ​។​ ដោយសារ​មានគុណ​ដ៏​ធំធេង​មួយ​ជា​ប្រវត្តិសាស្ត្រ​ធ្វើ​ឲ្យ​បក្ស​នេះ​ នៅ​តែ​ទទួល​បានការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​។​ គុណ​បំណាច់​ នៃ​ការ​រំដោះប្រទេស​ និង​ប្រជាជន​ពី​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ពត​ គឺជា​កត្តា​ប្រវត្តិសាស្ត្រ​ ដែល​ធ្វើ​ឲ្យ​ បក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​ជា​ជម្រើស​ទី​មួយ​ របស់​អ្នកបោះឆ្នោត​ បើ​ទោះជា​បក្ស​ដ៏​ធំ​នេះ​ មានគុណ​វិបត្តិ​មួយ​ចំនួន​ក៏​ដោយ​។​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ស្ពាន​ សាលារៀន​ និង​អាគារ​ល្អៗ​ ខ្ពស់ៗ​ ការ​បង្កើន​ប្រាក់ខែ​មន្ត្រីរាជការ​ កម្មករ​ និង​ ប្រាក់​ចំណូល​ពលរដ្ឋ​ប្រចាំ​ថៃ្ង​ ក៏​ជា​កត្តា​មួយ​ ដែល​មិន​អាច​ភ្លេច​បក្ស​នេះ​បាន​ឡើយ​។​ កតា្ត​មួយទៀត​ ដែល​ អាច​ធ្វើ​អោយ​ពលរដ្ឋ​បន្ត​ទុកចិត្ត​បាន​ទៀត​នោះ​ គឺ​កត្តា​សន្តិសុខ​សង្គម​ សន្តិភាព​ និង​ការ​លើក​ស្ទួយ​ របប​រាជា​ន​និយម​ អាស​ស្រ័យ​ធម្មនុញ្ញ​។​ បក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​មើលឃើញ​ថា​ គឺជា​អាយុជីវិត​ស្លាប់​រស់​របស់​ប្រទេស​ជាតិ​។​ ទំនង​ទាំងនេះ​ហើយ​ ដែល​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ មិន​បាន​គិត​ថា​ បក្ស​ផ្សេងៗ​ដែល​ចូលរួម​ប្រកួត​នៅ​ចុងខែ​កក្កដា​ បាន​ក្លាយជា​បក្ស​ស្ថិត​ក្នុង​ចិត្ត​របស់​ពួក​គេ​នោះ​ទេ​ ព្រោះ​បក្ស​ទាំងនោះ​ មាន​តុល្យភាព​អំណាច​និង​សក្តានុពល​ តិចតួច​ណាស់​បើ​ប្រៀបធៀប​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ។​ បើ​បក្ស​ទាំងនោះ​មិន​ស្ថិត​បេះដូង​អ្នកបោះឆ្នោត​ មាន​ន័យ​ថា​ អាសនៈ​សរុប​ ១២៥​ឋ​ នៃ​អាណត្តិ​ថ្មី​របស់​រដ្ឋសភា​នេះ​ ទំនង​បក្ស​ផ្សេងៗ​នោះ​ ពុំ​មាន​លទ្ធភាព​ដណ្ដើម​បាន​ ពី​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃនេះ​ណាស់​៕​

Share

Image
Image
Image