en     km
en     km

​បណ្ដាញ​និស្សិត​ឃ្លាំមើល​ធនធានធម្មជាតិ​ និង​បរិស្ថាន​ព្រួយបារម្ភ​អំពី​ការ​ត្រឡប់​មក​វិញ​នៃ​អាជីវកម្ម​វ​ល្លិ៍​រមៀត​

Share

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ បណ្ដាញ​និស្សិត​ឃ្លាំមើល​ធនធានធម្មជាតិ​ និង​បរិស្ថាន​ដែល​វិទ្យុ​ស្ដ្រី​ទទួល​បាន​ នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ២០១៦​នេះ​ គឺ​ បណ្ដាញ​និស្សិត​ឃ្លាំមើល​បរិស្ថាន​ និង​ធម្មជាតិ​ បាន​រក​ឃើញ​ទីតាំង​រោងចក្រ​កំពុង​ដំណើរការ​សាងសង់​ រោងចក្រ​ផលិត​ម្សៅ​រមៀត​មួយ​ដ៏​ធំ​នៅ​ខេត្តកោះកុង​។​

vol-romeatតាម​ការ​ស៊ើបអង្កេត​របស់​បណ្ដាញ​និស្សិត​ឃ្លាំមើល​ធនធានធម្មជាតិ​ ទីតាំង​ផលិត​ម្សៅ​រមៀត​នេះ​ មាន​ទំហំ​ប្រមាណ​ ១០០​ហិ​កតា​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ ផ្ដាច់ជីវិត​ ដោយ​ក្រុមហ៊ុន​បាន​ដាក់​កំលាំង​ ប្រដាប់​អាវុធ​យាមកាម​ យ៉ាង​តឹងរ៉ឹង​ និង​មាន​កម្មករ​ជា​ច្រើន​សំរុក​សាងសង់​ឃ្លាំង​ អាគារ​ស្នាក់​នៅ​ ឡ​រំលាយ​វ​ល្លិ៍​រមៀត​ ចំនួន​៣៧​ស្រះ​ សំរាប់​ស្ដុក​កាក​សំណល់​អាស៊ីត​ និង​ឃ្លាំង​ស្ដុក​អំបិល​រាប់​តោន​ ជាដើម​។​

​ក្រុមហ៊ុន​ក៏​បាន​ប្រកាស​ជ្រើសរើស​កម្មករ​ ប្រកាស​ទិញ​វ​ល្លិ៍​រមៀត​តម្លៃ​ ២០០​រៀល​ ក្នុង​ ១​គីឡូក្រាម​ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​កំពុង​រត់ការ​ សុំ​លិខិតអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។​

​សូម​ជម្រាប​ថា​ រោងចក្រ​វ​ល្លិ៍​រមៀត​ត្រូវ​បាន​រាជរដ្ឋាភិបាល​បិទ​អាជីវកម្ម​ម្ដង​រួច​មក​ហើយ​ កាលពី​ឆ្នាំ​២០១៤​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ ទ្រី​ ភាព​ នៅ​ខេត្តពោធិ៍សាត់​។​ តែ​បែប​នេះ​ក្ដី​ក្រុមហ៊ុន​ ទ្រី​ ភាព​ បាន​ទទួល​សិទ្ធិ​ប្រមូល​ និង​កែ​ច្នៃ​វ​ល្លិ៍​រមៀត​នៅ​កម្ពុជា​ តាម​លិខិតអនុញ្ញាត​ចុះ​ថ្ងៃ​ទី​ ១​ ខែមីនា​ ២០១៣​។​

​វ​ល្លិ៍​រមៀត​ ជា​ប្រភេទ​រុក្ខជាតិ​វ​ល្លិ៍​ម្យ៉ាង​ដែល​មាន​ក្លិន​ក្រពុល​ រស់ជាតិ​ជូរ​ផ្អែម​ ដូច​ស្ពាន់ធ័រ​លាយ​ជាមួយ​ស្ករត្នោត​ វា​ជា​សារជាតិ​មេ​សម្រាប់​ផលិត​គ្រឿងញៀន​ ជា​ពិសេស​អិ​ច​ស្ដា​ស៊ី​។​ បណ្ដាញ​និស្សិត​ បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​បើក​អោយ​មាន​រោងចក្រ​ផលិត​វ​ល្លិ៍​រមៀត​ ដែល​ជា​សារធាតុ​ផ្សំ​មួយ​សំរាប់​ផលិត​គ្រឿងញៀន​ដែល​បំផ្លាញ​អាយុជីវិត​មនុស្ស​ ជា​ពិសេស​បំផ្លាញ​អនាគត​យុវជន​ យុវនារី​។​

​យ៉ាងណា​ក៏​ដោយ​មិន​មាន​ប្រភព​ ណាមួយ​របស់​រដ្ឋាភិបាល​ បញ្ជាក់​បន្ថែម​លើ​របាយការណ៍​ស៊ើបអង្កេត​របស់​បណ្ដាញ​និស្សិត​ឃ្លាំមើល​ធនធានធម្មជាតិ​ និង​បរិស្ថាន​នៅឡើយ​ទេ​។​ ស្រប​ពេល​នេះ​ ក្រុមហ៊ុន​ ទ្រី​ ភាព​ ក៏​មិន​បាន​ចេញ​ប្រតិកម្ម​ភា្ល​មៗ​ចំពោះ​ របាយការណ៍​ស៊ើបអង្កេត​នេះ​ទេ​ ខណៈ​ដែល​វិទ្យុ​ស្ដ្រី​ មិន​អាច​សុំ​ការ​ទាក់ទង​ពី​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នេះ​បាន​៕

Share

Image
Image
Image