ភ្នំពេញ៖ និស្សិតស្រីមួយចំនួន ដែលបានសិក្សាជំនាញផ្សេងៗគ្នា បានចូលខ្លួនមកបង្ហាញពីបទពិសោធន៍ដែលខ្លួនមាន មុនពេលជាប់អាហាររូបករណ៍ទៅសិក្សានៅប្រទេសបារាំង។និស្សិតស្រីទាំងនេះ បានធ្វើបទបង្ហាញដូចនេះ នៅក្នុងកម្មវិធីជួបជុំមួយ នៅវិទ្យាស្ថានជាតិភាសាបារាំង នាទីក្រុងភ្នំពេញកាលពីថ្មីៗកន្លងមកនេះ។
ចង់ដឹងថា និស្សិតស្រីទាំងនោះពួកគេធ្វើយ៉ាងណាខ្លះទើបអាចជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសបារាំង បានដោយជោគជ័យ? ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយកញ្ញា ជុំ ជោគជាតា ដូចតទៅ៖
នៅក្នុងកម្មវិធីអបអរសាទរនិស្សិតជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសបារាំង ឆ្នាំ២០១៦នេះ និស្សិតកម្ពុជាចំនួន៥១រូបបានទៅសិក្សានៅប្រទេសបារាំង លើមុខវិជ្ជា សេដ្ឋកិច្ច នីតិសាស្ដ្រ វិទ្យាសាស្ដ្រវិស្វករ ចិត្តវិទ្យា និងមុខវិជ្ជា ភាសាបារាំង។
ក្នុងចំនោមអ្នកជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងទាំងនោះ គេឃើញមានវត្តមាននិស្សិតស្រីជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងជាមួយចំនួន បានចូលខ្លួនមកបង្ហាញពីបទពិសោធន៍របស់ខ្លួន ដែលបានត្រៀម និងហាត់រៀន មុនពេលជាប់អាហាររូបករណ៍ទៅសិក្សានៅប្រទេសបារាំង។
កញ្ញា គី ម៉ីលិញ និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ជំនាញសេដ្ឋកិច្ចគ្រប់គ្រង នាងបានចែករំលែកបទពិសោធន៍ដែលខ្លួនមានមួយចំនួនថា ដើម្បីទទួលបានអាហារូប ករណ៍សិក្សានៅប្រទេសបារាំង ទីមួយ ត្រូវចេះភាសាបារាំង ទីពីរ ត្រូវមានចំណាត់ថ្នាក់ល្អលើមុខវិជ្ជាដែលខ្លួនរៀននៅក្នុងថ្នាក់រៀន។
កញ្ញា គី ម៉ីលិញ ៖«ចា៎ គឺ ដំណាក់កាលទីមួយ ខ្ញុំត្រូវខំប្រឹងរៀនសូត្រម៉េចអោយបានចំណាត់ថ្នាក់ល្អនៅក្នុងថា្នក់ ចឹងនៅពេលដែលអ្នកដែលបានចំណាត់ថ្នាក់ល្អ នៅក្នុងថ្នាក់ហ្នឹងហើយ សាលាគាត់ពិនិត្យ ហើយគាត់សួរពីចំណង់ចំនូលចិត្ត ថាយើងចង់រៀនផ្នែកអីគេ …»។
កញ្ញាវ័យ ២១ឆ្នាំ រូបនេះបានរម្លឹកដែរថា បើចង់រៀនភាសាបារាំងឆាប់ចេះ គឺទាល់តែ មានក្ដីសុបិន្ដនិងមានឆន្ទៈ។
កញ្ញា គី ម៉ីលិញ ៖«និយាយទៅចង់ដឹងពីវប្បធម៌នៃប្រទេសផ្សេង ព្រោះនៅពេលដែលទៅប្រទេសបារាំងចឹង យើងអាចឆ្លងកាត់ប្រទេសច្រើន ព្រោះវាស្ថិតក្នុងសហភាពអឺរ៉ុប ដល់ពេលអាចដឹងពីប្រទេសច្រើន យើងអាចផ្លាស់ប្ដូរបទពិសោធន៍ជាមួយ ប្រជាជនប្រទេសផ្សេងៗនៃប្រទេសផ្សេងៗ…»។
ដៃកាន់ទឹកក្រូច បណ្ដើរជជែកបណ្ដើរជាមួយនិងមិត្តភក្ដិ កញ្ញា កាង សុធានី និស្សិតច្បាប់ឆ្នាំទី៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ វិទ្យាសាស្ដ្រសេដ្ឋកិច្ច នាងក៏បានលើកឡើងដែរថា ការត្រៀមខ្លួនសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងគឺមានច្រើនដំណាក់កាល។ កញ្ញា ថាដើម្បីទទួលបានអាហារូបករណ៍ ជាដំបូងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួន បន្ទាប់មកក៏ត្រូវជ្រើសរើសយកកម្មវិធីណាមួយដែលប្រទេសបារាំងបានផ្ដល់អោយនោះ រួចហើយត្រៀមខ្លួនទៅលើលក្ខខណ្ឌដែលគេតម្រូវ ។
កញ្ញា កាង សុធានី៖ «ដើម្បីទទួលបានអាហារូបករណ៍ហ្នឹង គឺ យើងត្រូវឆ្លងកាត់ច្រើនដំណាក់កាលមែនទែន ដំបូងគឺយើងត្រូវជ្រើសរើសយក Program រៀនផ្នែកច្បាប់ដែលសិក្សាជាភាសាបារាំង គឺមានន័យថា យើងត្រូវប្រឡងចូល Program ហ្នឹង អោយជាប់មុនសិន ហើយបន្ទាប់មកទៀត …»។
កាង សុធានី ដែលត្រៀមនិងចេញទៅសិក្សាបន្ដថ្នាក់បរិញ្ញបត្រជាន់ខ្ពស់នៅប្រទេសបារាំង លើ នីតិពាណីជ្ជកម្ម នៅថ្ងៃទី៣១ ខែសីហា ២០១៦ខាងមុខនេះ បានលើកឡើងបន្ដទៀតថា ជំហានដំបូងដែលអាចទៅសិក្សា នៅប្រទេសបារាំង ចំនុចសំខាន់ គឺ ភាសា។
«ចា៎ សំខាន់បំផុតគឺភាសាបារាំងតែម្ដង ព្រោះថាក្នុងកម្មវិធីភាសាសិក្សាគឺយើងត្រូវការចាំបាច់ គឺ ភាសាបារាំង ព្រោះរាល់មុខវិជ្ជាដែលយើងរៀនគឺសុទ្ធតែជាភាសាបារាំង ហើយលោកគ្រូដែលជាសាស្ដ្រចារ្យមកបង្រៀន សុទ្ធតែជាសាស្ដ្រចារ្យបារាំង»។
នៅក្នុងកម្មវិធីនេះដែរ អ្នកស្រី ប៊ុន ពលីការ បានឱ្យដឹងដែរថា ដើម្បីបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងគឺគេត្រូវអនុវត្តតាមផែនការជាច្រើន។
អ្នកស្រី ប៊ុន ពលីការ ៖ « ដំបូងឡើងយើងត្រូវខំប្រឹងរៀននៅសាលាយើងអោយពូកែសិន ពីព្រោះដើម្បីបានអាហារូបករណ៍គេត្រូវ ធ្វើShortlist ទីពីរត្រូវចេះនិយាយភាសាបារាំង ទីបី ក៏ត្រូវមានទំនាក់ទំនងជាមួយនិងសាលាដែលចង់ទៅធ្វើការសិក្សាហ្នឹង …»។
អ្នកស្រី ប៊ុន ពលីការ ក៏បានបញ្ជាក់ដែរថា ចំនុចសំខាន់មួយទៀតដែលមិនអាចភ្លេចបាន គឺ ចាំបាច់ត្រូវ ដឹងពីដំណឹងផ្សេងៗ ដែលទាក់ទងទៅនឹងព័ត៌មាន អាហារូបករណ៍របស់ប្រទេសបារាំង ផងដែរ។
អ្នកស្រី ប៊ុន ពលីការ ៖«ចា៎ត្រូវដឹងថា ពេលណាគេមានចេញអាហារូបករណ៍ សំរាប់អោយយើងទាក់ទងគេបានទាន់ពេលវេលា បើសិនណា ជាយើងអត់ដឹងថា តើទៅរកអាហារូបករណ៍នៅណា តើអាហារូបករណ៍របស់បារាំងពេលណាគេប្រកាសមក យើងអត់ដឹង និងក៏យើងអត់ទទួលបានអាហារូបករណ៍ដែរ»។
ជុំវិញវត្តមានរបស់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារាំងនេះដែរ លោក ហ្សង់ ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងតាមរយៈលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡាថា កន្លងមកនេះ ស្ថានទូតបារាំងបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្ដការសិក្សា ខាងផ្នែកច្បាប់ ផ្នែកសេដ្ឋកិច្ច ក៏ដូចជាផ្នែកពេទ្យ។ ប៉ុន្ដែឥឡូវនេះស្ថានទូតបារាំងក៏ចង់ពង្រីកមុខជំនាញទាំងនេះ ដោយបន្ថែមអាហារូបករណ៍ឲ្យបានច្រើនទៅលើមុខវិជ្ជា វិទ្យាសាស្ដ្រវិស្វករ ផងដែរ។
លោក ហ្សង់ ក្លូដ ពាំបឺហ្វ ថ្លែងបញ្ជាក់ថា ៖ «ក៏ប៉ុន្ដែ គឺថាដើម្បីអាចជ្រើសរើសយកបាន គឺសំខាន់ គឺថាពិន្ទុដែលនិស្សិតដែលត្រូវទទួលបាន គឺសំខាន់ បានន័យថា បានទៅសិក្សានៅប្រទេសបារាំងនៅសាលាល្អៗ ទាល់តែមានពិន្ទុខ្ពស់»។
បើតាម លោក ហ្សង់ ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គឺអាហារូបករណ៍ដែលបានផ្ដល់នេះ គឺលោកមិនទាន់បានបញ្ជាក់ថា នឹងជ្រើសរើសប៉ុន្មានលើមុខវិជ្ជាវិទ្យាសាស្ដ្រវិស្វករនោះទេ គ្រាន់តែថ្ងៃខាងមុខស្ថានទូតបារាំងនិងជំរុញលើមុខវិជ្ជាមួយនេះ ឱ្យមានការកើនឡើង។
ជារៀងរាល់ឆ្នាំ ស្ថានទូតបារាំងប្រចាំកម្ពុជាតែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលមានបំណងចង់ទៅបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់អនុបណ្ឌិតនៅប្រទេសបារាំង។ សម្រាប់ឆ្នាំនេះ និស្សិតកម្ពុជា៥១រូប គឺភាគច្រើនសិក្សាថ្នាក់ភាសាបារាំងនៅតាមសាកលវិទ្យាល័យ ដែលទ្រទ្រង់ដោយវិទ្យាស្ថានសហប្រតិបត្តិការបារាំង និងភ្នាក់ងារ ជ្រើសរើសនិស្សិតទៅសិក្សានៅប្រទេសបារាំង។
ក្រៅពីនេះ ស្ថានទូតបារាំងក៏គាំទ្រផងដែរដល់កម្មវិធីផ្ដល់អាហារូបករណ៍ផ្សេងទៀត ដូចជា អាហារូបករណ៍របស់ទីភ្នាក់ងារសាកលវិទ្យាល័យដែលប្រើប្រាស់ភាសាបារាំង (AUF) ឬរបស់ សហភាពអ៊ឺរ៉ុប កម្មវិធីអាហារូបករណ៍ Erasmus+ ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា បានដាក់អោយដំណើរការ ប្រកបដោយជោគជ័យនូវបណ្ដាញអតីតនិស្សិតកម្ពុជា មកពីប្រទេសបារាំង ដែលបានប្រមូលផ្ដុំអតីតនិស្សិតកម្ពុជា៥០០នាក់ ដែលបានទៅសិក្សានៅសាកលវិទ្យាល័យបារាំង លើមុខជំនាញដូចជា នីតិសាស្ដ្រ វិទ្យាសាស្ដ្រវិស្វករ វេជ្ជសាស្ដ្រ សេដ្ឋកិច្ច ស្ថាបត្យកម្ម ទេសចរណ៍។
ជារៀងរាល់ឆ្នាំ ប្រទេសបារាំងទទួលនិស្សិតកម្ពុជាជាង៦៦នាក់អោយទៅសិក្សា ដែលធ្វើអោយប្រទេសបារាំងក្លាយជាប្រទេសទិសដៅទីបី ដែលនិស្សិតកម្ពុជាចូលចិត្តទៅសិក្សា។
នៅលើពិភពលោក ប្រទេសបារាំងជាប្រទេសទិសដៅទី៤ ដែលនិស្សិតបរទេសចូលចិត្តទៅសិក្សាបំផុត ដោយទទួលនិស្សិត៣សែននាក់ អោយទៅសិក្សាជារៀងរាល់ឆ្នាំ៕