បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅរដូវបុណ្យទាន គឺជាបញ្ហសំខាន់ដែលរដ្ឋាភិបាល ក៏ដូចជាសង្គមស៊ីវិលមានការព្រួយបារម្ភ ព្រោះថាក្នុងមួយឆ្នាំៗមនុស្សមិនតិចជាង ២០ នាក់ទេ ដែលបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ។ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរដូវភ្ជុំបិណ្ឌខាងមុខនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានដាក់វិធានការមួយចំនួន ដើម្បីទប់ស្កាត់បញ្ហានេះ។
មន្ត្រីនិយាយថា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ រួមទាំងអង្គភាពពាក់ព័ន្ធមួយចំនួន បានដាក់ចេញវិធានការ និងអនុសាសន៍មួយចំនួន ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវភ្ជុំបិណ្ឌឆ្នាំ២០១៥នេះ ។
ថ្លែងនៅក្នុងវេទិកាពិភាក្សាស្តីពីចរាចរណ៍ ក្រោមប្រធានបទ «វិធានការចាំបាច់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យភ្ជំបិណ្ឌ២០១៥» ដែលធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ នេះ លោក លុយ ឈីន តំណាងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានថ្លែងថា នៅក្នុងរដូវបិណ្ឌភ្ជុំក្នុងឆ្នាំ ២០១៥ នេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ បានដាក់ចេញផែនការមួយចំនួនក្នុងការសម្រួលចរាចរណ៍ ផ្សព្វផ្សាយ ណែនាំ និងឃាត់រថយន្តល្មើសច្បាប់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ។
លោក លុយ ឈីន បានឱ្យដឹងថាផែនការទប់ស្កាត់ទាំងនោះរួមមាន នៅថ្ងៃទី ២ និងទី ៣ ខែតុលានេះ នាយកដ្ឋានលោកនឹងប្រើប្រាស់រថយន្តស៊ីរ៉ែន ចំនួន ១០ គ្រឿង ដើម្បីចុះផ្សព្វផ្សាយអំពីច្បាប់ និងវិធានការ ទៅដល់ក្រុមហ៊ុនរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាអ្នករត់តាក់ស៊ីដឹកអ្នកដំណើរពីភ្នំពេញទៅតាមបណ្តាខេត្ត។ ឯនៅថ្ងៃទី០៩ កៀកថ្ងៃភ្ជុំបិណ្ឌ ដែលជាថ្ងៃកម្មករកម្មារិនី ធ្វើដំណើរទៅស្រុកកំណើត នាយកដ្ឋានរបស់លោកនឹងចុះដល់ទីតាំងម្តងទៀត ដើម្បីដាក់វិធានការតឹងរ៉ឹងចំពោះអ្នកបើបររថយន្តក្រុង និងរថយន្តតាក់ស៊ីតូចៗ ដែលដឹកអីវ៉ាន់សំពីងសំពោង ដាក់មនុស្សលើសចំណុះ និងដាក់មនុស្សនៅលើដំបូល។
លោក លុយ ឈីន បន្តថាវិធានមួយទៀតកងកម្លាំងប៉ូលីសចរាចរណ៍ នឹងចុះទៅរៀបចំសណ្តាបធ្នាប់ផ្លូវមួយចំនួនដែលឧស្សាហ៍កើតមានការកកស្ទះ។
លោកលុយ ឈីន ថ្លែងថា៖ «ខ្ញុំនឹងដាក់វិធានការជាក់លាក់មួយចំនួន ព្រោះយើងដើម្បីទប់ស្កាត់ ព្រោះយើងឃើញថា រថយន្តក្រុង គាត់តែងតែបើកបរ អាងតែគាត់មាឌធំ គាត់បើកលឿនណាស់ ជាពិសេសរថយន្តដែលបើកបរទៅប្រទេសវៀតណាម ក្រុមហ៊ុនវៀតណាមគឺបើកបរលឿនណាស់ អញ្ចឹងគឺថាបើកបរលឿន គឺអាឡានតូចក៏ដូចជាម៉ូតូមិនអាចរួចខ្លួនបានទេ ស្អែកហ្នឹងត្រូវរឹតបន្ដឹងឡានក្រុងហ្នឹងមែនទែន»។
បើតាមលោក លុយ ឈីន គ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបិណ្ឌភ្ជុំកាលពីឆ្នាំ២០១៣ ក្នុងរយៈពេល៥ថ្ងៃ មានចំនួន៦៥លើក រងរបួស១៦៩នាក់ និងបាត់បង់ជីវិត២៤នាក់។ លោកក៏បានស្នើសុំទៅក្រសួងធម្មការផងដែរ សុំឱ្យនៅតាមទីវត្តអារាម នៅពេលដែលមានការទេសនាសុំបញ្ចូលការផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍នេះ។
ចំណែកលោកស្រី ម៉ែន ចាន់សុកល តំណាងមកពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏មានវិធានមួយចំនួនផងដែរ ក្នុងការជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុរដូវភ្ជុំបិណ្ឌនេះ ។ លោកស្រីថា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយរៀបចំចែកខិតបណ្ណផ្សព្វផ្សាយស្តីពី ការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការបើកបរដោយពាក់មួកសុវត្ថិភាព ទៅតាមតំបន់គោលដៅមួយចំនួនដូចជា នៅអគ្គនាយកដ្ឋានដឹកជញ្ជូន នៅសាកលវិទ្យាល័យបីក្នុងរាជធានីភ្នំពេញ និងនៅតាមវិទ្យាល័យមួយចំនួនទៀត ដើម្បីពញ្ញាក់អារម្មណ៍អ្នកប្រើប្រាស់ផ្លូវ។
លោក គឹម បញ្ញា នាយកប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិបង្ការរបួសអាស៊ី បានមានប្រសាសន៍ដែរថា តាមរយៈការពិភាក្សានៅព្រឹកថ្ងៃទី០១ តុលានេះ ឃើញថាមានវិធានការល្អជាច្រើនក្នុងការទប់ស្កាត់ចរាចរណ៍ក្នុងរដូវបុណ្យភ្ជុំឆ្នាំ២០១៥នេះ ប៉ុន្តែអ្វីដែលសំខាន់ថាតើការអនុវត្តហ្នឹងបានកម្រិតណា។ លោក គឹម បញ្ញា មានប្រសាសន៍ថា៖ «ពិសេសទាក់ទងនឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ វាបានគ្រាន់ជួយក្នុងការបង្កើនការយល់ដឹង ប៉ុន្តែបើទាក់ទងឥរិយាបថ ប្រហែលជាវាទាមទារការអនុវត្តច្បាប់ហ្នឹងច្រើន ។ អញ្ចឹងយើងរង់ចាំមើល ថាតើខាងនគរបាលហ្នឹងគាត់អនុវត្តបែបណា ហើយខ្ញុំជឿជាក់ថា ខាងក្រុមការងាររៀបចំនេះ គាត់នឹងធ្វើជារបាយការណ៍ ឬជាអនុសាសន៍អី ដើម្បីជូនទៅអង្គភាពសាម៉ី ដើម្បីឱ្យមានវិធានការបន្ថែម» ។
យោងតាមស្ថិតិដែលបង្ហាញដោយលោក បូរ៉ា សត្យា មន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤ មាន ៤៦៤៥ ករណី ក្នុងនោះមានជនរងគ្រោះ ១៥.៣១៥ នាក់ (មួយម៉ឺនប្រាំពាន់បីរយដប់ប្រាំនាក់) ក្នុងនោះដែរមានអ្នកស្លាប់ចំនួន ២២២៦ នាក់ និងអ្នករងរបួសមាន ៦០០៥ នាក់ ដែលជាមធ្យមមានអ្នកស្លាប់ជាង៦នាក់ក្នុងមួយថ្ងៃ។
លោក បូរ៉ា សត្យា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ចំនួនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យសំខាន់បានកើនឡើងជារៀងរាល់ឆ្នាំ។ លោកបន្តថា ក្នុងរយៈពេល៧ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០១៤ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន៥០នាក់ ។ លោកថា ម៉ោងដែលមានអ្នកស្លាប់ច្រើនបំផុតគឺចន្លោះពីម៉ោង៦ ដល់ម៉ោង៩ ក្នុងនោះ ប្រភេទយានជំនិះដែលបង្កគ្រោះថ្នាក់ច្រើនជាងគេ គឺម៉ូតូ។ លោកថា អ្នកដែលរងគ្រោះថ្នាក់ច្រើនជាងគេ គឺកសិករ កម្មករ និងសិស្សសាលា ហើយផ្លូវដែលបង្កគ្រោះថ្នាក់ច្រើនបំផុតគឺផ្លូវជាតិ លេខ៤ និងលេខ៥។ លោកបន្តថា មូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺបើកបរហួសល្បឿនកំណត់ និងមូលហេតុទី១ បើកបរក្នុងស្ថានភាពស្រវឹង៕