ភ្នំពេញ៖ ធនាគារអេស៊ីលីដា(ACLEDA Bank Plc. )បានបន្ថែមទុនលើដើមទុនដែលមាន ស្រាបកើនឡើងរហូតដល់ជិត ៤០០ លានដុល្លារអាមេរិកគិតនៅឆ្នាំ២០១៨នេះ។ ការថែមទុនបន្ថែមនាំឱ្យទ្រព្យសកម្មសរុបរបស់ធនាគារនេះកើនឡើងជាង ២២ ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី(ACLEDA Bank Plc. ) ចេញផ្សាយ នៅថ្ងៃទី ៣ កញ្ញានេះ បញ្ជាក់ថា ធនាគារពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា សម្រេចបន្ថែមដើមទុនរបស់ខ្លួនចំនួន ៣៦.៦៧៩.១៤៩ ដុល្លារអាមេរិក ថែមទៅលើ ដើមទុនដែលមានស្រាបចំនួន ៣៥៨.៥៤៤.៩៥៦ ដុល្លារ ដែលនាំឱ្យទុនវិនិយោគ ធនាគារនេះកើនឡើងរហូតដល់ ៣៩៥.២២៤.១០៥ ដុល្លារ។
សេចក្តីជូនដំណឹងដដែលពន្យល់ថា ធនាគារ អេស៊ីលីដា មានដើមទុន ៥១ ភាគរយ ដែលកាន់កាប់ដោយភាគហ៊ុនកម្ពុជា។ ក្នុងនោះភាគទុនិកដោយអេស៊ីលីដា ហ្វាយណាន់ហ្សល់ត្រាល់ និងក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី។ ចំណែកភាគហ៊ុន ៤៩ ភាគរយ ទៀតកាន់កាប់ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ក្នុងនោះរួមមាន Sumitomo Mitsui Banking Corporation (SMBC), ORIX Corporation, COFIBRED S.A, Triodos Sustainable Finance Foundation (TSFF), Triodos SICAV II-Triodos Microfinance Fund (TMF), និង Triodos Fair Share Fund (TFSF) ។
ការបន្ថែមដើមទុនជាង ៣៦ លានដុល្លារជាការបែកចែកភាគលាភសម្រាប់ប្រចាំឆ្នាំ ២០១៧ ដែលជាការបន្ថែមទុនលើកទី១៥របស់ធនាគារ អេស៊ីលីដា ចាប់តាំងពីធនាគារនេះចុះបញ្ជី។
លោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារអេស៊ីលីដា បញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា មូលហេតុសំខាន់បីដែលធនាការអេស៊ីលីដាសម្រេចបន្ថែមទុនគឺទី ដោយសារអាជីវកម្មរបស់ធនាគាលោកមានការរីកលូតលាស់បន្តបន្ទាប់ជារៀងរាល់ឆ្នាំទាំងក្នុងប្រទេសនិងក្រៅប្រទេសតាមរយៈការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុ។ ជាក់ស្តែងលោកថា ទ្រព្យសកម្មសរុបរបស់ធនាគារកើនឡើងជាង ២២ ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
មូលហេតុទី២ លោក ឆាយ សឿន ពន្យល់ថា ការរក្សាមូលដ្ឋានដើមទុនក្នុងកម្រិតមួយខ្ពស់ជាងបញ្ញត្តិអនុបាតប្រុងប្រយ័ត្ន តែមូលហេតុចម្បងជាងគេបំផុតគឺការកសាងទំនុកចិត្តពីអតិថិជន និងសាធារណជន។ ជាពិសេសភាគទុនិក ឬភាគហ៊ុនមានភាពរឹងមាំរបស់ធនាគារក្នុងការជួយបង្កើនជំនឿទុកចិត្តនិងសមត្ថភាពគាំពារប្រាក់បញ្ញើ សន្សំ របស់អតិថិជន។
ការបន្ថែមដើមទុនជាភាគហ៊ុនរបស់ធនាគារបានបង្កើនទុនបម្រុងរក្សាទុកនៅចន្លោះពី ៥០ ភាគរយ ទៅ ៦០ ភាគរយ នៃប្រាក់ចំណេញក្រោយបង់ពន្ធរួចនាំឱ្យមូលនិធិផ្ទាល់សុទ្ធបច្ចុប្បន្ន កើនឡើងរហូតដល់ចំនួន ៧៣៤.៥៧២.៦៩៨ ដុល្លារ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ ២០១៨។ នេះបើតាមលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី។
លោកបណ្ឌិត អ៊ិន ចាន់នី បន្ថែមថា ការបន្ថែមទុនជាបន្តបន្ទាប់ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ បានធ្វើឱ្យដើមទុនធនាគារនេះកាន់តែរឹមមាំនិងមានការរីកលូតលាស់ទាំងក្នុងស្រុកនិងក្រៅស្រុក។ លោកថា ដើមទុនធនាគារអេស៊ីលីដាបានគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនាគារអេឡិចត្រូនិច និងឌីជីថល កាន់តែជឿនលឿនទាន់សម័យ។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ប្រូភើធី អិលធីឌី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងស្ថាប័នមីក្រូ ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការិយាល័យសាខាសរុបចំនួន ២៦២ ទូទាំងប្រទេសកម្ពុជា, ៤១ ការិយា ល័យ នៅប្រទេសឡាវ និង ៩ ការិយាល័យ នៅប្រទេសមីយ៉ាន់ម៉ា និងមានទ្រព្យសកម្មសរុបចំនួនជាង ៥,៤៣ ពាន់លានដុល្លារអាមេរិក និងមានគណនីប្រាក់បញ្ញើប្រមាណ ២ លានគណនី គិតត្រឹមដំណាច់ខែ កក្កដា ឆ្នាំ២០១៨៕