en     km
en     km

​ទស្សនៈ​សង្គម​ស៊ី​វិល​ជុំវិញ​ជំនួប​សម្ដេច​ ហ៊ុន​ សែន​ និង​លោក​ កឹ​ម​ សុខា​ ជា​លើក​ដំបូង (មានសំឡេង)​

Share

ភ្នំពេញ​៖​ ក្រោយ​ពី​មាន​ដំណឹង​ស្ដី​ពី​ការ​ជួប​គ្នា​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​ ហ៊ុន​ សែន​ ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សភា​  អ្នកវិភាគ​និង​អង្គការ​ សង្គម​ស៊ី​វិល​ បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ការ​ផ្សះផ្សា​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​ដែល​ធ្លាប់​មាន​ទំនាស់​គ្នា​កន្លង​មក​។​ ប៉ុន្ដែ​ពួក​គាត់​បាន​ទទូច​ថា​ បើ​សម្រេច​ផ្សះផ្សា​គ្នា​សូម​ធ្វើ​ដោយ​ភាព​ស្មោះត្រង់​កុំ​ប្រើ​ល្បិច​ដាក់​គ្នា​បន្ដ​ទៀត​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

លោក កឹម សុខា និង សម្តេច ហ៊ុន សែន
លោក កឹម សុខា និង សម្តេច ហ៊ុន សែន

ទន្ទឹម​នឹង​ជំនួប​ក្នុង​សភា​រវាង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ និង​មេដឹកនាំ​គណបក្សប្រឆាំង​នាំ​ឱ្យ​មានការ​សាទរ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នកវិភាគ​ និង​សង្គម​ស៊ី​វិល​ ដែល​ពួក​គាត់​សង្ឃឹមថា​ ក្រោយ​ជំនួប​នេះ​ស្ថានការណ៍​នយោបាយ​ដែល​ធ្លាប់តែ​តានតឹង​ នឹង​វិល​មក​រក​ភាព​ប្រក្រតី​វិញ​។​

​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​ ១០២​ នៅ​ថ្ងៃ​ពុធ​ នេះ​ថា​ នេះ​គឺជា​ស្ថានភាព​នៃ​របត់​នយោបាយ​ថ្មី​មួយ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​អាច​អង្គុយ​និយាយ​គ្នា​បាន​។​ សាស្ដ្រាចារ្យ​សិក្សា​ពី​នយោបាយ​គិត​ ថា​ អ្នកនយោបាយ​ចាប់ពី​ពេល​នេះ​តទៅ​ត្រូវ​តែ​ឈរ​លើ​គោលការណ៍​ប្រកួតប្រជែង​គ្នា​ដោយ​ស្មើរ​ភាព​ តាម​របៀប​មនុស្ស​ចាស់ទុំ​ផ្នែក​នយោបាយ​ ដែល​ស្រប​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​ ហើយ​ជា​ពិសេស​គួរ​គិតគូរ​ពី​ការ​បន្សល់​ទុក​គំរូ​ល្អ​ដល់​អ្នកនយោបាយ​ជំនាន់​ក្រោយ​។​

​លោក​ សូ​ ច​ន្ថា​៖«​អ្នកនយោបាយ​ទាំងអស់​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ជា​ជាង​ផលប្រយោជន៍​ក្រុម​ ហើយ​រួបរួម​គ្នា​ឯកភាព​គ្នា​នៅ​ពេល​នោះ​ហើយ​ដែល​ជាតិ​នឹង​មានការ​រីក​ចម្រើន​»​។​

​បន្ថែម​ពី​នេះ​លោក​ សូ​ ច​ន្ថា​ ក៏​បញ្ជាក់​ដែរ​ថា​ ការ​ស្រុះស្រួល​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​ពេល​នេះ​ លោក​មិន​អាច​សន្និដ្ឋាន​បាន​ទេ​ថា​តើ​ការ​ឯកភាព​ខណៈ​នេះ​នឹង​ដំណើរការ​ល្អ​ តទៅ​ឬ​យ៉ាងណា​ទេ​ ដោយ​លោក​លើក​ហេតុផល​ថា​ កន្លង​មក​ក៏​ធ្លាប់​មាន​ព្រឹត្ដិការណ៍​ដូចនេះ​កើតឡើង​ដែរ​ក៏​ប៉ុន្ដែ​គឺ​បាន​ត្រឹម​រយៈពេល​ខ្លី​។​

​ចំណែក​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ ដែល​ធ្វើការ​លើ​ការ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​មាន​ប្រសាសន៍​ថា​ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​អ្នកនយោបាយ​អា​ចរចា​គ្នា​បាន​ដោយ​សន្ដិវិធី​។​ ប៉ុន្ដែ​ លោកស្រី​ក៏​ស្នើ​ផង​ដែរ​ថា​ សូម​ឲ្យ​អ្នកនយោបាយ​ទាំងអស់​កុំ​ប្រើ​ល្បិច​ដាក់​គ្នា​បន្ដ​ទៀត​ គឺ​ត្រូវ​តែ​ជជែក​គ្នា​ដោយ​ស្នើ​ភាព​ ប្រើប្រាស់​វប្បធម៌​សន្ដិភាព​ ហើយ​ត្រូវ​យក​បញ្ហា​ជាតិ​ជា​ធំ​។​

លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ ដែល​ធ្វើការ​លើ​ការ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​
លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ ដែល​ធ្វើការ​លើ​ការ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​

​លោកស្រី​ ធីតា​ ឃឹះ​៖«​ខ្ញុំ​សូម​ស្នើ​ថា​ ឲ្យ​មាន​គោលការណ៍​ជា​ធំ​គឺ​ជជែក​គ្នា​ដើម្បី​រក​ដំណោះ​ដោះស្រាយ​ និង​មានការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ សូម​ឲ្យ​ដោះស្រាយ​ជាមួយ​គ្នា​ដោយ​កុំ​ប្រើ​ល្បិច​កល​ គឺ​ត្រូវ​ប្រើប្រាស់​វប្បធម៌​សន្ដិភាព​ដើម្បី​ចរចា​តទៅ​មុខ​»​។​

​យ៉ាងណា​ក៏​ដោយ​លោកស្រី​ ធីតា​ ឃឹះ​ ក៏​បង្ហាញ​ក្ដី​សង្ឃឹម​ផង​ដែរ​ថា​ ក្រោយ​ជំនួប​រវាង​លោក​ កឹ​ម​ សុខា​ និង​ សម្ដេច​ហ៊ុន​ សែន​ នា​ពេល​នេះ​ប្រាកដជា​អាច​ដោះស្រាយ​រឿង​ដែល​នៅ​ជាប់​គាំង​ជា​ច្រើន​ទៀត​ បើ​អ្នកនយោបាយ​មាន​ឆន្ទៈ​បង្រួបបង្រួម​ជាតិ​ ពិតប្រាកដ​។​

​ដូច​គ្នា​ដែរ​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខម​ហ្វ្រែ​ល​ មាន​ប្រសាសន៍​ថា​ នេះ​ជា​សញ្ញា​ល្អ​ហើយ​ក៏​មាន​សារៈសំខាន់​ណាស់​ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​។​ ក៏​ប៉ុន្ដែ​នៅ​ខណៈ​នេះ​លោក​មិន​ទាន់​អាច​វាយតម្លៃ​បាន​ទេ​ថា​ មាន​ភាពល្អ​ប្រសើរ​ទៅ​ថ្ងៃ​មុខ​យ៉ាងណា​ទេ​។​

​លោក​ គល់​ បញ្ញា​ ក៏​នៅ​តែ​ចង់​ឃើញ​អ្នកនយោបាយ​ប្រើ​ការ​ចរចា​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជា​ជាង​ការ​ប្រើ​ច្បាប់​យក​មក​ដោះស្រាយ​។​ លោក​បន្ថែម​ថា​ ក្នុង​នាម​ជា​អ្នកនយោបាយ​គឺ​ប្រាកដជា​ចៀស​មិន​ផុត​ពី​ការ​រិះគន់​នោះ​ទេ​ ហើយ​បើ​ខ្លួន​សម្រេចចិត្ដ​ធ្វើ​នយោបាយ​ត្រូវ​រៀន​បើក​ចិត្ដ​ឲ្យ​ទូលាយ​។​

​លោក​ គល់​ បញ្ញា​៖«​ខ្ញុំ​យល់​ឃើញ​ថា​គេ​ត្រូវ​តែ​ខិតខំ​អត់ឱន​គ្នា​ឲ្យ​បាន​ច្រើន​ ធម្មតា​អ្នកនយោបាយ​គឺ​ចៀស​មិន​ផុត​ពី​ការ​តិះ​តៀន​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ ប៉ុន្ដែ​បើ​មានការ​តិះ​តៀន​ជ្រុល​ដោយ​ការ​បញ្ចេញមតិ​គេ​អត់ឱន​ឲ្យ​គ្នា​គេ​មិន​ត្រូវ​ប្រើ​រដ្ឋអំណាច​ប្រព័ន្ធ​តុលាការ​ទៅ​ដាក់ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​»​។​

​ខណៈ​មាន​ជំនួប​សម្ងាត់​រវាង​សម្ដេច​ ហ៊ុន​ សែន​ និង​លោក​ កឹ​ម​ សុខា​ ឯកអគ្គ​រដ្ឋ​សភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ លោក​ George​ Edgar​ ក៏​បាន​អបអរសាទរ​ចំពោះ​ស្ថានការណ៍​នយោបាយ​ដែល​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​នេះ​ផង​ដែរ​។​ បន្ថែម​ពី​នេះ​លោក​ George​ Edgar​ សង្ឃឹមថា​ អ្នកនយោបាយ​ខ្មែរ​ដែល​មាន​ជម្លោះ​និង​គ្នា​នឹង​លែង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​តានតឹង​បន្ដ​ទៀត​ហើយ​៕

Share

Image
Image
Image