en     km
en     km

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ស្រះ​ទាំង​៨​ដែល​វៀតណាម​ជីក​ចូល​តំបន់ហាមឃាត់​នៅ​មិន​ទាន់​លុប

Share

sunn-chhai-cover
​លោក​សុ​ន​ ឆ័​យ (កណ្តាល)

​​ក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​ខេត្តរតនគិរី​ កាលពី​ថ្ងៃ​ទី​៣០​ វិច្ឆិកា​ម្សិលមិញ​ ក្រុមការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​ លោក​ សុ​ន​ ឆ័​យ​ និង​លោក​ ម៉ៅ​ មុនី​វណ្ណ​ បាន​ពិនិត្យ​ឃើញ​ថា​ ស្រះ​ទាំង​៨​ដែល​វៀតណាម​បាន​ជីក​ចូល​ក្នុង​តំបន់​ស​ ដែល​ជា​តំបន់ហាមឃាត់​នោះ​ គឺ​នៅ​មិន​ទាន់​បាន​លុប​នៅឡើយ​នោះ​ទេ​ ។​ លោក​ សុ​ន​ ឆ័​យ​ បាន​អះអាង​បែប​នេះ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ កាលពី​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ម្សិលមិញ​ ។​

​លោក​សុ​ន​ ឆ័​យ​ បាន​លើក​ឡើង​ទៀត​ថា​ បើ​ទោះបីជា​ភាគី​វៀតណាម​បាន​ផ្អាក​សកម្មភាព​ជីក​ស្រះ​បន្ថែម​ និង​មិន​បន្ត​ការ​ដាំ​ដំណាំ​យ៉ាងណា​ក្តី​ ក៏​គណបក្សប្រឆាំង​នឹង​គ្រោង​ផ្ញើ​លិខិតផ្លូវការ​ជា​ថ្មី​ទៅ​កាន់​រដ្ឋាភិបាល​ និង​ក្រសួងការបរទេស​ ដើម្បី​មាន​វិធានការ​ជាក់លាក់​ក្នុង​លុប​ស្រះ​ទាំងនោះ​វិញ​ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​ ជុំ​ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហ​ប្រ​តិ​បត្ត​ការ​អន្តរជាតិ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​នៅ​ថ្ងៃ​ទី​០១​ខែធ្នូ​នេះ​ថា​ លោក​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​ការ​លុប​ស្រះ​នេះ​បាន​ទេ​ ព្រោះ​លោក​កំពុង​ទាក់​តង​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ ដើម្បី​ស្វែង​ព័ត៌មាន​ពី​បញ្ហា​ការ​លុប​ស្រះ​ទាំង​៨​នៅ​ខេត្ត​រន​ត​គិរី​នេះ​នៅឡើយ​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​លោក​ ទឹប​ ទាវ​ នាយក​ប្រតិបត្តិ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា​ និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ដែល​តែងតែ​តាមដាន​បញ្ហា​ព្រំដែន​បាន​លើក​ឡើង​ថា​ ការ​អូស​បន្លាយ​ពេលវេលា​ក្នុង​ការ​លុប​ស្រះ​ ដែល​ប្រទេស​វៀតណាម​បាន​ជីក​រំលោភ​ចូល​តំបន់ហាមឃាត់​នេះ​ គឺ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ប្រទេស​វៀតណាម​នៅ​តែ​មាន​មហិច្ឆតា​ចង់​រំលោភ​យក​ទឹក​កម្ពុជា​ ទោះបីជា​ក្នុង​រូបភាព​បែប​ណា​ក៏​ដោយ​។​

​លោក​ ទឹប​ ទាវ​ បន្ត​ថា​ ការ​អូស​បន្លាយ​ពេលវេលា​នេះ​ ក៏​ជា​សញ្ញាណ​កម្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​តាម​បណ្ដោយ​ព្រំដែន​ ព្រោះថា​ ភាគី​វៀតណាម​ ធ្លាប់​បាន​សន្យា​ថា​នឹង​លុប​ស្រះ​ចំនួន​បី​ក្នុង​ចំណោម​ស្រះ​ទាំង​៨​ តែ​រហូត​មក​ដល់​ពេល​នេះ​ នៅ​តែ​មិន​ទាន់​មាន​វិធានការ​អ្វី​ឡើយ​ចំពោះ​បញ្ហា​នេះ​។​ «​ទី​១​ វៀតណាម​នៅ​តែ​ជា​ប្រទេស​ដែល​រំលោភ​បំពាន​លើ​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា​ដ​ដែរ​ ដោយ​សំអាង​លើ​តំបន់​ដែល​មានការ​ជីក​ស្រះ​ទាំង​៣​ហ្នឹង​។​ ទី​២​ គឺ​បង្ហាញ​ពី​ភាព​កម្សោយ​សំណាក់​ភាគី​ខាង​ខ្មែរ​យើង​ ដែល​មក​ដល់​ថ្ងៃនេះ​អត់​ទាន់​មាន​អន្តរាគមន៍​ ឬ​ក៏​កិច្ចការ​ណាមួយ​ឈាន​ដល់​ការ​លុប​ស្រះ​ហ្នឹង​ឡើង​វិញ​»​។​
​សូម​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​១០​ កក្កដា​ ឆ្នាំ​២០១៥​ ក្រសួងការបរទេស​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ស្នើ​សុំ​ឲ្យ​វៀតណាម​ លុប​ស្រះ​ចំនួន​ ៨​កន្លែង​ ដែល​ក្រសួងការបរទេស​ ធ្វើ​កំណត់​ទូត​តវ៉ា​ពីរ​ដង​កាលពី​ថ្ងៃ​ទី​១២​ និង​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​ ជា​ការ​ឆ្លើយ​តប​ អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ សន្យា​ថា​ នឹង​លុប​ស្រះ​ចំនួន​បី​នេះ​ចោល​វិញ​ រីឯ​ស្រះ​ ៥​ ទៀត​ ក្រុមបច្ចេកទេស​ចម្រុះ​នៃ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​ តែ​ក្នុង​នោះ​មាន​ស្រះ​ ២​ ជា​ស្រះ​ចាស់​យូរ​មក​ហើយ​។​

​តែ​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ អាជ្ញាធរ​ស្រុក​អូ​រយ៉ា​ដាវ​ បាន​ជួប​ពិភាក្សា​ជាមួយ​តម្រួត​ព្រំដែន​វៀតណាម​ នៅ​ចំណុច​មាន​ទំនាស់​ជីក​ស្រះ​ ក៏​ប៉ុន្តែ​ក្នុង​ជំនួប​នេះ​មិន​មាន​លទ្ធផល​អ្វី​ទេ​ ពីព្រោះ​តម្រួត​ព្រំដែន​វៀតណាម​ អះអាង​ថា​ រង់ចាំ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ជួប​គ្នា​ពិភាក្សា​បញ្ហា​នេះ​ ជា​ពិសេស​ស្រះ​បី​ដែល​ភាគី​វៀតណាម​ ព្រមព្រៀង​លុប​ ពួក​គេ​មិនដឹង​ថា​ស្រះ​មួយ​ណា​ដែល​ត្រូវ​លុប​ ហេតុនេះ​លុះត្រា​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ចុះ​ពិនិត្យ​ជាក់ស្តែង​ជា​មុន​សិន​៕

Share

Image
Image
Image