en     km
en     km

​តុលាការ​សាកសួរ​ ​លោកស្រី ​ចក់ ​សុភាព​ ពាក់ព័ន្ធ​ការងារ​របស់​ CCHR​ និង ​លោក​ កឹ​ម ​សុខា​

Share

ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​សាកសួរ​នាយិកា​អង្គការសិទ្ធិមនុស្ស​ម្នាក់​ក្នុង​នាម​ជា​សាក្សី​ជុំវិញ​រឿង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR)​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រង​ការ​ចោទ​ពី​បទ​អំពើ​ក្បត់ជាតិ​ថា​ឃុបឃិត​ជាមួយ​បរទេស​ផ្តួល​រលំ​រដ្ឋាភិបាល​។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ។ រូបភាព៖ Taken from Sopheap Chak’s Twitter



​លោក​ កឹ​ម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពីដើម​ខែកញ្ញា​ ឆ្នាំ​២០១៧​ ហើយ​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​ក្រោម​បទ​ចោទ​អំពើ​ក្បត់ជាតិ​។​ ក្នុង​សំណុំរឿង​របស់​អតីត​ប្រធាន​មេ​បក្ស​ប្រឆាំង​នេះ​នាំ​ឲ្យ​មាន​ដីកា​កោះហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​ជា​ច្រើន​នាក់​មក​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​។​

​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​នេះ​ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR)​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ​ជុំវិញ​សំណុំរឿង​លោក​ កឹ​ម​ សុខា​ អតីត​មេ​បក្ស​ជំទាស់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​។​

​លោកស្រី​ ចក់​ សុភាព​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ចេញពី​សាលាដំបូង​ថា​ ប្រធាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ គី​ ឬ​ទ្ធី​ សួរ​លោកស្រី​ពី​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR)​ក្រោម​ការ​ដឹកនាំ​របស់​លោក​ កឹ​ម​ សុខា​ ជា​អតីត​ប្រធាន​អង្គការ​នេះ​។​

​លោកស្រី​បន្ថែម​ថា​លោក​ចៅក្រម​ក៏​សួរនាំ​អំពី​បទ​ពិសោធន៍​ការងារ​របស់​លោកស្រី​នៅ​ CCHR​ តែ​លោកស្រី​ សុំ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​ ព្រោះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុល​ការ​។​

​តែ​បែប​នេះ​ក្តី​ លោកស្រី​ សុភាព​ សង្ឃឹមថា​ ដំណើរការ​នីតិវិធី​នេះ​ធ្វើ​ឡើង​ដោយ​ឯករាជ្យ​ និង​មិនមានជះ​ឥទ្ធិពល​ណាមួយ​ ហើយ​ធានា​ការ​ជំនុំជម្រះ​ផ្តល់​ភាព​យុត្តិធម៌​ដល់​សាក្សី​ និង​ជនជាប់ចោទ​។​

​លោកស្រី​ ចក់​ សុភាព​៖​ «​ក្តី​សង្ឃឹម​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ឬ​ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ី​វិល​យើង​គ្រាន់តែ​ចង់​ឃើញ​ថា​ ដំណើរការ​នីតិ​វិ​អ​ធ​នេះ​នឹង​ធ្វើ​ទៅ​ដោយ​ឯករាជ្យ​ ហើយនឹង​មិន​មានការ​ជះ​ឥទ្ធិពល​ណាមួយ​ ជា​ពិសេស​ធានា​ដល់​សិទ្ធិ​អ្នក​ពាក់ព័ន្ធ​ទាំំ​ង​ឡាយ​ រួម​ទាំង​សាក្សី​ រួម​ទាំំ​ង​ជនជាប់ចោទ​ទទួល​បាន​សិទ្ធិ​នៃ​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​។​»

​ទាក់ទិន​ករណី​របស់​លោក​កឹ​ម​សុខា​ មាន​សាក្សី​ជា​ច្រើន​ទៀត​ត្រូវ​បាន​កោះហៅ​មក​បំភ្លឺ​។​ ក្នុង​នោះ​ លោក​ មាស​ គឹ​ម​សេង​ ប្រធាន​អង្គការ​សមាគម​ធាងត្នោត​នឹង​ត្រូវ​ចូល​បំភ្លឺ​ជុំវិញ​សំណុំរឿង​លោក​ កឹ​ម​ សុខា​ នៅ​រសៀល​ ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ លោក​ សៀ​ ភារ​ម្យ​ អតីត​ប្រធាន​អង្គការ​សិទ្ធិ​លំនៅ​ឋាន​ និង​សកម្មជន​គណបក្ស​ក៏​ត្រូវ​បាន​កោះហៅ​ក្នុង​សំណុំរឿង​ លោក​ កឹ​ម​ សុខា​។​

​លោក​ គង់​ សំ​អុ​ន​ ជា​សហ​មេធាវី​នៅ​សាលាក្តី​ខ្មែរក្រហម​ការពារ​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ពន្យល់​ថា ​ការ​ផ្តល់​ចម្លើយ​របស់​សាក្សី​ជា​ព័ត៌មាន​សំខាន់​ បូក​រួម​ទាំង​ភស្តុ​តាំង​ផ្សេង​ទៀត​ ជា​មូលដ្ឋាន​ក្នុង​ការ​ដាក់បន្ទុក​ ឬ​ដោះ​បន្ទុក​នៃ​សំណុំរឿង​របស់​លោក​ កឹ​ម​ សុខា​។​

​លោក​ គង់​ សំ​អុ​ន​៖​ «​សាក្សី​តួនាទី​របស់​គេ​គឺ​សម្រាប់​បំភ្លឺ​លើ​អង្គហេតុ​ អ្វី​ដែល​គេ​ដឹង​ គេ​លឺ​ គេ​បានឃើញ​អ​ញ្ចឹ​ង​អ្វី​ដែល​លោកស្រី​ ចក់​ សុភាព​បានដឹង​ពី​បញ្ហា​នេះ​ទាក់ទង​រឿង​ក្តី​របស់​លោក​ កឹ​ម​ សុខា​ គាត់​និយាយ​ទៅ​ គាត់​ប្រាប់​ទៅ​តុលាការ​ហើយ​ អាហ្នឹង​។​អ​ញ្ចឹ​ង​តុលាការ​គេ​យក​អាហ្នឹង​ជា​មូលដ្ឋាន​មួយ​ វា​មិនមែន​ជាស​ម្តី​របស់​ ចក់​ សុភាព​ តែ​ប៉ុណ្ណឹង​ទេ​ គេ​មាន​ភស្តុ​តាំង​ផ្សេង​ទៀត​ យក​ទៅ​ថ្លឹងថ្លែង​រួម​គ្នា​ ខ្លះ​ក៏​ដាក់បន្ទុក​ ខ្លះ​ក៏​ដោះ​បន្ទុក​ ជា​រឿង​ទូទៅ​។​»

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ តាម​មាត្រា​ ៤៤៣​ នៃ​ក្រមព្រហ្មទណ្ឌ​ ដោយ​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ ខេត្ត​ត្បូងឃ្មុំ​ ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម​។​

​កាលពី​ថ្ងៃ​ទី​ ៤​ ខែ​ មិថុនា​នេះ​ តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដោយ​បន្ត​ឃុំខ្លួន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​។​

​ជាមួយ​គ្នា​នេះ​ឧត្តមស្នងការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​ទទូច​ឲ្យ​រដ្ឋ​ជា​សមាជិក​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ត្រូវ​ការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដោយ​គ្មាន​ការ​គំរាមកំហែង​។

​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​បំពេញការងារ​ដោយ​សេរី​ តែ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ផ្លូវ​តុលាការ​ដោយសារ​មិន​គោរ​ច្បាប់​ប៉ុណ្ណោះ​។​

​សូម​រំលឹក​ថា​ លោកស្រី​ ចក់ ​សុភាព​ បាន​ឡើង​ធ្វើ​ជា​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បន្ទាប់​ពី​លោក​អ៊ូ ​វីរៈ ​បាន​លាលែង​។​ ចំណែក​ លោក​ កឹ​ម​ សុខា ​បាន​ធ្វើ​ជា​ប្រធាន​អង្គការ​នេះ​ ចាប់ពី​ឆ្នាំ​២០០២ ​ដល់ ​ឆ្នាំ​ ២០០៧៕

Share

Image
Image
Image