en     km
en     km

​គ​.​ប​.​ម​ ថា​ សារ​នយោបាយ​គណបក្ស​ធំ​២​ ជា​ការ​បំភិតបំភ័យ​ដល់​វិស័យ​ឯកជន​ និង​ប្រជាពលរដ្ឋ​

Share

កបម-cover

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (​គ​.​ប​.​ម​)​ ចាត់​ទុក​សារ​នយោបាយ​រវាង​គណបក្ស​ធំ​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ថា​បង្ហាញ​អំពី​ការ​បំភិតបំភ័យ​ដល់​វិស័យ​ឯកជន​ និង​ប្រជាពលរដ្ឋ​។​

​យោងសេចក្តី​ថ្លែងការណ៍​របស់​ គ​.​ប​.​ម​ ចេញ​ថ្ងៃ​ទី​៥​ ខែតុលា​​ ឲ្យ​ដឹង​ថា​ គ​.ប. ម​ ចាត់​ទុក​សារ​នយោបាយ​ឆ្លើយឆ្លង​គ្នា​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ អំពី​រឿង​ដីធ្លី​ គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ដំណោះស្រាយ​សម​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​ និង​សេដ្ឋកិច្ច​ទីផ្សារសេរី​នោះ​ទេ​។​ ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ គ​.​ប​.​ម​ បាន​ចាត់​ទុក​សារ​នយោបាយ​ដែល​មាន​គោល​គំនិត​រឹបអូស​ដី​ពី​អ្នកមាន​ ឲ្យ​ទៅ​អ្នកក្រ​ ជា​រឿង​មិន​ត្រឹមត្រូវ​ ក្នុង​របប​ទីផ្សារសេរី​។​

សេចក្ដីថ្លែងការណ៍​បន្ត​ថា​ សារ​នយោបាយ​អំពី​ការ​កើត​មាន​សង្គ្រាម​ បើ​មានការ​ផ្លាស់​ប្តូរ​អ្នកដឹកនាំ​នា​ពេល​អនាគត​នោះ​ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ទទួលខុសត្រូវ​របស់​មេដឹកនាំ​ប្រទេស​ ដែល​កាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ដដែល​នោះ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ធានា​នូវ​សិទ្ធិ​ដីធ្លី​ដល់​បុគ្គលិក​គ្រប់​រូប​ រួម​ទាំង​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ និង​អ្នក​វិនិយោគទុន​ក្នុង​វិស័យ​កសិកម្ម​ រដ្ឋ​ត្រូវ​ជួយ​កសិករ​ដែល​មាន​ដី​តិច​ឲ្យ​ចេះ​បង្កើន​ផលិតកម្ម​ តាម​រយៈ​ការងារ​ផ្សព្វផ្សាយ​ កសិកម្ម​ និង​ពួក​គេ​អាច​មាន​លទ្ធភាព​បាន​ទុន​កម្ចី​ ដែល​មានការ​ប្រាក់​ទាប​ សម្រាប់​វិនិយោគ​បង្កើន​ផលិតកម្ម​ និង​រដ្ឋាភិបាល​ត្រូវ​ប្រគល់​ដី​របស់​រដ្ឋ​ ដែល​នៅ​ទំនេរ​ដល់​កសិករ​ ដែល​អត់​ដី​តាម​រយៈ​ សម្បទាន​សង្គមកិច្ច​។​

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បន្ថែម​ថា​ ដើម្បី​ធានា​ឲ្យ​មានការ​គ្រប់គ្រង​ និង​វិនិយោគ​លើ​វិស័យ​ដីធ្លី​ ប្រកបដោយ​ប្រសិទ្ធភាព​ សមធម៌​ និង​សុចរិត​ភាព​ គណបក្ស​ខ្លួន​ នឹង​រៀបចំ​កម្មវិធី​នយោបាយ​ប្រកបដោយ​ការ​ចូលរួម​ទូលំទូលាយ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ជាមួយ​ស្មារតី​យល់​ដឹង​អំពី​សេដ្ឋកិច្ច​ទីផ្សារសេរី​ និង​សមធម៌​សង្គម​។​

Share

Image
Image
Image