en     km
en     km

​គ​.​ជ​.​ប​ និង​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​យល់​ឃើញ​ខុស​គ្នា​លើ​ការ​កំហិត​ការ​ហែ​ក្បួន​ឃោសនា​ បោះ​ឆ្នោត​ឃុំ​សង្កាត់​

Share

​ទាក់ទង​នឹង​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ អំពី​ការ​កំហិត​លើ​ការ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​ ដែល​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឃោសនា​ឆ្លង​ឃុំ​ សង្កាត់​នោះ​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ថា​ខ្លួ​នឹង​ធ្វើ​តាម​ច្បាប់​ ឯ​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ថា​ ការ​រឹតត្បិត​នេះ​នឹង​ប៉ះពាល់​ដល់​សេរីភាព​នយោបាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ។​

ព័ត៌មានជាសំឡេង៖

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ ការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​នា​ពេល​ខាង​មុខ​នេះ​ នឹង​មិន​ឲ្យ​ហែ​ក្បួន​ឆ្លង​ឃុំ​ទេ​ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ ។​
​លោក​ ស​ ខេ​ង​ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​ព្រះ​សីហ​នុ​ នា​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ លោក​មាន​ប្រសាសន៍​ថា​ បោះ​នៅ​មណ្ឌល​ណា​ ត្រូវ​ហែ​នៅ​មណ្ឌល​នោះ​ ។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ លោក​ ហង្ស​ ពុទ្ធា​ ថ្លែង​ថា​ ការ​ប្រកាស​របស់​លោក​ស​ ខេ​ង​ បញ្ជាក់​ពី​ស្មារតី​របស់​អាជ្ញាធរ​ដែនដី​ ក្នុង​ការ​សម្រេច​យ៉ាងណា​ ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ។​ យ៉ាងនេះ​ក្ដី​ លោក​ហង្ស​ ពុទ្ធា​ បញ្ជាក់​ថា​ គ​.​ជ​.​ប​ នឹង​ធ្វើ​តាម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ “​ខ្ញុំ​គិត​ថា​ នេះ​ជា​ស្មារតី​មួយ​ ដើម្បី​សាធារណជន​បានដឹង​អំពី​គម្រោង​នៃ​អាជ្ញាធរ​ដែនដី​ តើ​លោក​គិតគូរ​យ៉ាងណា​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ។​ សម្រាប់​ គ​.​ជ​.​ប​ មិន​មានអី​ប៉ះពាល់​ទេ​ ផ្ទុយ​ទៅ​វិញ​ គ​.​ជ​.​ប​ នឹង​ត្រៀមខ្លួន​ក្នុង​ការ​រៀបចំ​នូវ​អ្វី​ដែល​ជា​ច្បាប់​ ធ្វើ​យ៉ាងណា​ឲ្យ​តែ​ច្បាប់​ត្រូវ​បាន​សភា​អនុម័តិ​”​ ។​

​ទោះ​យ៉ាងណា​ លោក​ហង្ស​ ពុទ្ធា​ បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ​ ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ពុំ​ទាន់​បាន​ពិភាក្សា​គ្នា​ហើយ​ជា​ស្ថាពរ​ រវាង​ក្រុម​ជំនាញ​ ឬ​ក្រុម​គណបក្ស​នយោបាយ​ ដែល​កំពុង​ពិភាក្សា​គ្នា​នៅឡើយ​ទេ​ ហើយ​សភា​ក៏​មិន​ទាន់​បាន​អនុមតិ​នៅឡើយ​ដែរ​ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​ សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោ​ លោក​សួន​ ប៊ុ​ន​ស័ក្តិ​ មាន​ប្រសាសន៍​ថា​ ប្រសាសន៍​នោះ​ហាក់ដូចជា​ហាមឃាត់​ដល់​សេរីភាព​នយោបាយ​ ។​ លោក​ថា​ សេរីភាព​នយោបាយ​ មិន​បាន​ចែង​កម្រិត​ព្រំដែន​បែប​នេះនោះ​ទេ​ លើកលែងតែ​ការ​ឃោសនា​នោះ​ ធ្វើ​ហួស​ពី​ព្រំដែន​ប្រទេស​កម្ពុជា​ “​បាទ​នីតិវិធី​ពី​រឿង​ការ​បោះ​ឆ្នោត​ជា​ទូទៅ​គេ​រាប់​តាំងពី​ការ​ចុះបញ្ជី​ តាំងពី​ការ​ឃោសនា​រហូត​ទៅ​ដល់​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ គឺ​មាន​ចែង​ជា​បញ្ញត្តិ​ផ្សេងៗ​នៅ​ក្រោម​ច្បាប់បោះឆ្នោត​កម្ពុជា​ហ្នឹងឯង​ ក៏​ប៉ុន្តែ​អត់​មាន​ភាព​ជាក់លាក់​កន្លែង​ណាមួយ​ ដែល​គេ​ហាម​មិន​ឲ្យ​ឃោសនា​ឆ្លង​រដ្ឋបាល​ឃុំ​ ដែនដី​ឃុំ​ អត់​ទេ​ ។​ ខ្ញុំ​ថា​ បើកាលណា​យើង​ចាត់វិធានការ​រាង​ចង្អៀត​អ៊‍ីចឹង​ គឺ​ដូច​ខ្ញុំ​បាន​និយាយ​ខាង​ដើម​អ៊‍ីចឹង​ វា​ប៉ះពាល់​សេរីភាព​នយោបាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​គឺ​គណបក្ស​នយោបាយ​របស់​កម្ពុជា​យើង​ហើយ​បាទ​”​ ។​

​សូម​ជម្រាប​ថា​ តាម​គម្រោង​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នឹង​ត្រូវធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ នឹង​ត្រូវធ្វើ​នៅ​ខែ​រវាង​ខែកុម្ភៈ​ ឬ​ក្នុង​ខែកក្កដា​នោះ​ទេ​ ។​ ក្នុង​រឿង​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​នៅ​ខែកុម្ភៈ​ ដោយ​សំអាង​ថា​ ជា​រដូវប្រាំង​ មិន​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ធ្វើស្រែ​ចម្ការ​របស់​កសិករ​ និង​មិន​រំខាន​ដោយ​ទឹកជំនន់​ជាដើម​ ។​ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អះអាង​ថា​ ការ​បោះ​ឆ្នោតជាតិ​អាណត្តិ​ក្រោយ​ នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខែកក្កដា​ ឆ្នាំ​២០១៨​ មិនមែន​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ដូច​ធ្លាប់​បាន​ឯកភាព​ជា​គោលការណ៍​កាលពី​ការ​ចរចា​កន្លង​ទៅ​នោះ​ទេ​។​

យ៉ាងណា​ក៏​ដោយ​ លោកនាយក​រដ្ឋមន្ត្រី​មិន​បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ​ឡើយ​ ៕

Share

Image
Image
Image