en     km
en     km

​គ្រូបង្រៀន​២៣​រាជធានី​ខេត្ត​ទាមទារ​ដំឡើង​ប្រាក់បៀវត្ស​ នៅ​ឆ្នាំ​២០១៦ ​ដល់​១​លាន​៥​សែន​រៀល​

Share

​នៅ​ព្រឹក​ថ្ងៃ​ទី​ ៥​ ខែតុលា​នេះ​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ក្រោម​ប្រធានបទ​ «​កា​រលើ​កម្ពស់​អំណាច​គ្រូបង្រៀន​»​។​ ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ​ដែរ​ លោកគ្រូ​ អ្នកគ្រូ​ ប្រមាណ​ជាង​២០០​នាក់​ តំណាង​ឲ្យ​ទូ​ទាំង​ ២៣​ រាជធានី​ ខេត្ត​ បាន​ចូលរួម​ បង្ហាញ​ពី​ទុក្ខ​លំបាក​ និង​បាន​ស្នើរ​សុំ​តម្លើង​ប្រាក់ខែ​ នៅ​ឆ្នាំ​២០១៦​ ឲ្យ​បាន​ចំនួន​១​លាន​ប្រាំ​សែន​រៀល​ផង​ដែរ​។​

​គ្រូបង្រៀន​ជាង​២០០​នាក់​ មក​ពី​២៣​រាជធានី​ ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​សម្ដែង​ពី​ទុក្ខ​លំបាក​ និង​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​ដល់​១​លាន​៥​សែន​រៀល​ក្នុង​មួយ​ខែ​។​ ​ការ​ជួបជុំ​របស់​គ្រូបង្រៀន​នៅ​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​  រៀបចំ​ឡើង​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​។​

​លោកគ្រូ​អ្នកគ្រូ​ទាំងនោះ​លើក​ឡើង​ថា​ ប្រាក់ខែ​គ្រូបង្រៀន​បច្ចុប្បន្ន​ចំនួន​៦០​ម៉ឺន​រៀល​នេះ​ មិន​ទាន់​បាន​ជួយ​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​ នៅ​ក្នុង​ក្រុម​គ្រួសារ​ពួក​គាត់​ មាន​ភាពល្អ​ប្រសើរ​នៅឡើយ​។​

​ថ្លែង​នៅ​ក្នុង​វេទិកា​នៅ​ថ្ងៃនេះ​ គ្រូបង្រៀន​ម្នាក់​មក​ពីសា​លា​បឋម​សិក្សា​បាក់​ខែង​ គឺ​លោកគ្រូ​ ជាវ​ ប៊ុ​ន​ធេង​  បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​គាត់​ ចូលរួម​នៅ​ថ្ងៃនេះ​ ដោយសារ​តែ​រឿង​ ប្រាក់ខែ​គ្រូ​ ។​ លោកគ្រូ​ថា​ ប្រាក់ខែ​គាត់​ប​ច្ចុ​ប្ប​ ៦០​ម៉ឺន​រៀល​នេះ​ មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​គាត់​ ល្អ​ប្រសើរ​ទេ​ ។​ លោក​ថា​ រដ្ឋាភិបាល​ ត្រូវ​តែ​ដំឡើង​ ប្រាក់បៀវត្ស​បន្ថែម​ជូន​ទៅ​ដល់​ គ្រូបង្រៀន​។​
​លោកគ្រូ​ មាន​ប្រសាសន៍​បន្ថែម​ថា​ ដោយសារ​ តែ​ប្រាក់ខែ​គ្រូ​តិច​ គាត់​បាន​បង្ខំ​សិស្ស​ឲ្យ​រៀន​គួរ​ក្រៅ​ម៉ោង​ ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​។​ លោកគ្រូ​បន្ដ​ទៀត​ថា​ ការ​ពឹង​ទៅ​លើ​ប្រាក់​គួរ​ក្រៅ​ម៉ោង​ មួយ​មុខ​នេះ​ មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ លោកគ្រូ​ល្អ​ប្រសើរ​នោះ​ទេ​ ដូច​ជា​ពេល​ខ្លះ​កូន​ឈឺ​ថ្កាត់​ម្ដងៗ​ លោកគ្រូ​ មិន​មាន​ប្រាក់​គ្រប់គ្រាន់​ សម្រាប់​មើលជំងឺ​ឲ្យ​កូន​គាត់​ក៏​មាន​ដែរ​ «​តាម​ពិត​ការ​ប្រព្រឹត្ត​អំពើ​រាល់ថ្ងៃ​ហ្នឹង​ មិនមែន​ជា​អំពើ​ពុក​រលួយ​ទេ​ ក៏​ប៉ុន្ដែ​ វា​ជា​តម្រូវការ​របស់​លោកគ្រូ​អ្នកគ្រូ​។​ កាលណា​ប្រាក់ខែ​តែ​ប៉ុណ្ណឹង​ បើ​យើង​មិន​ធ្វើ​អ្វី​បន្ថែម​ ទៅ​លើ​ប្រាក់បៀវត្ស​យើង​ហ្នឹង​ យើង​មិន​អាចរ​ស់បាន​ទេ​ ។​ ដូច​រាល់ថ្ងៃ​យើង​មានការ​យក​លុយ​សិស្ស​លុយ​អី​ណឺង​ គឺជា​ការ​បង់​ បង្ខំ​ បង្ខំ​ បង្ខំចិត្ត​»​។​
poor-cambodian-teacher-cover
​ចំណែក​គ្រូបង្រៀន​មួយ​រូប​ទៀត​ មក​ពីសា​លា​បឋម​សិក្សា​អង្គ​ឈូក​ ខេត្តតាកែវ​ អ្នកគ្រូ​ ឃុន​ សុភាព​ មាន​ប្រសាសន៍​លើក​ឡើង​ស្រ​ដៀង​គ្នា​ដែរ​ ថា​ ប្រាក់ខែ​គ្រូបង្រៀន​សព្វថ្ងៃ​តិច​ មិន​អាច​ ឲ្យ​គ្រូ​មាន​លទ្ធភាព​គ្រប់គ្រាន់​ សម្រាប់​ចិញ្ចឹម​គ្រួសារ​ ក៏​ដូច​ជា​បង្កើន​ចំណេះដឹង​ នៅ​ក្នុង​ការ​ផ្ទេរ​ទៅ​ឲ្យ​សិស្ស​ជំនាន់​ក្រោយ​បាន​នោះ​ទេ​ «​ព្រោះ​អី​ ខ្ញុំ​ជា​គ្រូបង្រៀន​ទាំងអស់​ គ្នា​ហ្នឹង​ គឺ​បាន​ចែកពេល​សម្រាប់​ទៅ​បង្រៀន​សិស្ស​ និង​ចែកពេល​ទៅ​រក​ខាងក្រៅ​ ។​ បើ​អត់​ ទៅ​រក​ខាងក្រៅ​ទេ​ គឺ​អត់​អាច​បំពេញ​ក្រពះ​ខ្លួនឯង​បាន​ ហើយ​ចិញ្ចឹម​កូន​អត់​បាន​ទេ​ ។​ ព្រោះ​ ប្រាក់ខែ​តិចតួច​ណាស់​ សម្រាប់​ទំនិញ​ទីផ្សារ​យើង​ចាយ​អត់​គ្រប់​»​ ។​

​ទន្ទឹម​ហ្នឹង​នេះ​ដែរ​ប្រធាន​ស្ដីទី​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោក​ ស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ មាន​ប្រសាសន៍​ ឲ្យ​ដឹង​ថា​ គោលបំណង​សំខាន់​ដែល​រៀបចំ​ឲ្យ​មាន​ទិវា​គ្រូបង្រៀន​កម្ពុជា​ នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​លើកកម្ពស់​សិទ្ធិ​អំណាច​គ្រូបង្រៀន​ និង​គុណភាព​អប់រំ​នៅ​កម្ពុជា​ឲ្យ​ប្រសើរ​ជាង​មុន​។​ លោកស្រី​ បន្ដ​ថា​ ដើម្បី​ លើកកម្ពស់​សិទ្ធិ​អំណាច​គ្រូបង្រៀន​ និង​ចង់​ស្ដារ​ឲ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា​ដំណើរការ​ទៅ​ប្រសើរ​ ដើម្បី​ប្រកួតប្រជែង​នៅ​អាស៊ាន​ លុះត្រាតែ​ប្រាក់បៀវត្ស​លោកគ្រូ​ អ្នកគ្រូ​ បាន​គ្រប់គ្រាន់​ «​សព្វ​ថ្ងៃនេះ​យើង​ឃើញ​ថា​ ក្រសួង​អប់រំ​ ក៏​ដូច​រាជរដ្ឋាភិបាល​ មិន​ដែល​យកចិត្តទុកដាក់​ មិន​ដែល​យកចិត្តទុកដាក់​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ ដែល​គាត់​ខំប្រឹង​ប្រែង​បង្ហាត់បង្រៀន​ ។​ គាត់​ឈរ​ជា​ថ្នាក់ដឹកនាំ​មួយ​ ក៏​គាត់​ឆ្លងកាត់​វិស័យ​អប់រំ​ដែរ​ ។​ ដូច្នេះ​បើសិនជា​គាត់​ចង់​ស្ដារ​ ចង់​ឲ្យ​គុណភាព​អប់រំ​ដំណើរការ​ទៅ​ប្រសើរ​ ដើម្បី​ប្រកួតប្រជែង​នៅ​អាស៊ាន​ លុះត្រាតែ​គាត់​ឲ្យ​ប្រាក់បៀវត្ស​លោកគ្រូ​ អ្នកគ្រូ​ យើង​គ្រប់គ្រាន់​ ទើប​គាត់​មាន​ពេលវេលា​ក្នុង​ការ​ដែល​គាត់​ រៀបចំ​ឯកសារ​ ដើម្បី​បង្រៀន​សិស្ស​ ផ្ដល់​ចំណេះដឹង​ដល់​សិស្ស​។​ ប៉ុន្ដែ​សព្វ​ ថ្ងៃ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​អប់រំ​ដែរ​ គាត់​ចង់​ឲ្យ​គ្រូបង្រៀន​ហ្នឹង​មានមុខ​របរ​ទី​ពីរ​ ទី​បី​ ទី​បួន​ ។​ បើសិនជា​លោកគ្រូ​អ្នកគ្រូ​មិន​មានមុខ​របរ​ទី​ ទី​ពីរ​ ទី​បី​ទេ​ គឺ​លោកគ្រូ​ អ្នកគ្រូ​យើង​ ត្រូវ​ប្រឈម​នឹង​ជីវភាព​របស់​គាត់​ធ្ងន់ធ្ងរ​»​ ។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ វិទ្យុ​ស្ដ្រី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចំពោះ​សំណើ​របស់​ក្រុម​គ្រូបង្រៀន​បាន​ទេ​ នៅ​ថ្ងៃនេះ​។​

​ជុំវិញ​រឿង​នេះ​ដែរ​ មន្ដ្រី​សម្របសម្រួល​ បណ្ដាញ​រួបរួម​គណនេយ្យ​ភាព​សង្គម​ នៅ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​ធ្វើការ​តាមដាន​ក្នុង​រឿង​នេះ​ លោក​ សន​ ជ័យ​ ក៏​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ ឲ្យ​មានការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​គ្រូបង្រៀន​ ឲ្យ​មាន​ជីវភាព​ស្មើៗ​គ្នា​ និង​ប្រហាក់​ ប្រហែល​គ្នា​ដែរ​ «​សព្វ​ថ្ងៃនេះ​គ្រូបង្រៀន​មាន​ជីវភាព​មិន​ដូចៗ​គ្នា​ទេ​ ដោយសារ​តែ​មុខ​វិជ្ជា​ដែល​គាត់​បង្រៀន​ហ្នឹង​ វា​ខុស​គ្នា​ ចឹ​ង​ប្រាក់​ចំណូល​របស់​គាត់​ក៏​ខុស​គ្នា​ដែរ​ ។​ ខ្ញុំ​ឧទាហរណ៍​ថា​ ដូច​ជា​ គ្រូ​មុខ​វិជ្ជា​គណិត​ គីមី​ ជីវៈ​ នៅ​តំបន់​ទីប្រជុំជន​ បាទ៎​ មាន​មួយទៀត​មុខ​វិជ្ជា​ខ្មែរ​ អី​ជាដើម​ហ្នឹង​។​ នៅ​តំបន់​ទីប្រជុំជន​ហ្នឹង​គឺ​ លោកគ្រូ​ អ្នកគ្រូ​ ដែល​គាត់​អាច​បង្រៀន​គួរ​លើ​មុខ​វិជ្ជា​ រូបវិទ្យា​ គីមី​ ជីវៈ​ គណិត​ ខ្មែរ​អី​អី​ជាដើម​ហ្នឹង​ គាត់​មាន​លទ្ធភាព​នៅ​ក្នុង​ការ​រក​ប្រាក់​ចំ​ណួ​ល​បន្ថែម​បាន​ តាម​រយៈ​ការ​បង្រៀន​គួរ​ ។​ ប៉ុន្ដែ​ដូច​ជា​គ្រូ​ប្រវត្តិវិទ្យា​ គេហៈ​វិជ្ជា​ ភូមិវិទ្យា​ ជា​ពិសេស​មុខ​វិជ្ជា​ ដែល​មិន​មិន​ប៉ះពាល់​ ជាមួយ​ថ្នាក់​វិទ្យាសាស្ដ្រ​ហ្នឹង​ គឺ​ពួក​គាត់​មិនមែន​លទ្ធភាព​ នៅ​ក្នុង​ការ​រក​ប្រាក់​បន្ថែម​តាម​រយៈ​ការ​បង្រៀន​គួរ​អី​ណឹ​ង​បាន​ទេ​។​ ចឹ​ង​ធ្វើ​ឲ្យ​យើង​មើលឃើញ​ថា​ គ្រូបង្រៀន​សព្វថ្ងៃ​ហ្នឹង​មាន​ស្ថានភាព​ខុសៗ​គ្នា​ ចឹ​ង​វា​ជា​គម្លាត​មួយ​ដែរ​។​ ហើយ​ ថ្ងៃក្រោយ​នេះ​ យើង​ចង់​ឃើញ​ថា​ ជីវភាព​លោកគ្រូ​ អ្នកគ្រូ​ហ្នឹង​គាត់​មាន​ស្ថានភាព​ ជីវភាព​ហ្នឹង​ ស្មើៗ​គ្នា​ ប្រហាក់ប្រហែល​គ្នា​ តាម​រយៈ​ការ​តម្រូវ​ឲ្យ​មានការ​ដំឡើង​ប្រាក់បៀវត្ស​សម្រាប់​គ្រូ​ បង្រៀន​ហ្នឹង​ដែរ​បាទ​»​។​

​យ៉ាងណា​ក៏​ដោយ​ចុះ​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ ថ្លែង​ក្នុង​សន្និសីទកាសែត​ ស្ដី​ពី​ការ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​ នា​ទីស្ដីការក្រសួង​អប់រំ​ កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ថា​ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​ ក្រសួង​មាន​ផែនការ​ដំឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន​នៅ​ឆ្នាំ​២០១៦​ ខាង​មុខ​។​ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​មិន​ទាន់​បញ្ជាក់​ថា​ នឹង​ដំឡើង​ប៉ុន្មាន​នោះ​ទេ​។​

Share

Image
Image
Image