ភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងរៀបចំកម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ដើម្បីលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ ទីផ្សារមូលបត្រកម្ពុជា ដល់សាធារណជន នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ ២០១៦ ខាងមុខនេះ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់។
ការរៀបចំកម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជានេះ បើទូលាយឲ្យសាធារណជន ជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនចុះបញ្ចីលក់មូលបត្រ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីភាគហ៊ុនចុះបញ្ជីនិងសេវាពាក់ព័ន្ធនានា ក៏ដូចជាទទួលព័ត៌មានបន្ថែមពីការបើកគណនីជួញដូរមូលបត្រ និងការវិនិយោគមូលបត្រផងដែរ។
សូមជម្រាបថា កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុននេះ នឹងធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល ដោយមានការប្រគុំតន្ត្រី និងកម្មវិធីចាប់រង្វាន់ផ្សងសំណាងផ្សេងៗ ដល់អ្នកចូលរួម។ នេះបើតាមការឱ្យដឹងពី លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ថ្លែងនៅក្នុងពិធីអបអរសាទរនិស្សិតកម្ពុជាពីររូប ដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រឡងជួញដូរមូលបត្រអាស៊ានឆ្នាំ ២០១៥ ក្នុងចំណោមប្រទេសចំនួនប្រាំនៅក្នុងសហគមន៍អាស៊ាន ថ្ងៃទី ២៨ ខែមករានេះ៕