en     km
en     km

​ក្រសួងសុខាភិបាល​សន្យា​លុប​បំបាត់​ជំងឺ​ដង្កូវ​ព្រូន​ឲ្យ​ដល់​កម្រិត​ទាប​

Share

ភ្នំពេញ​៖​ក្រសួងសុខាភិបាល​កំណត់​ទិស​ដៅ​លុប​បំបាត់​ជំងឺ​ដង្កូវ​ព្រូន​ឲ្យ​បាន​កម្រិត​ទាប​ដើម្បី​កាត់​បន្ថយ​អត្រា​ឈឺ​និង​អត្រា​ស្លាប់​ឲ្យ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​និង​ទិស​ដៅ​អភិវឌ្ឍន៍​សហសវត្ស​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​និង​សុខ​មា​ភាព​ប្រជាពលរដ្ឋ​។​

ក្រសួងសុខាភិបាលកំណត់ទិសដៅកាត់បន្ថយអត្រាឈឺនិងអត្រាស្លាប់នៃជំងឺដង្កូវព្រូនក្នុងឆ្នំា២០១៨។Photo: Taken from the Internet.

​ក្រសួងសុខាភិបាល​បាន​កំណត់​ទិស​ដៅ​ប្រយុទ្ធ​នឹង​ជំងឺ​ដង្កូវ​ព្រូន​ឲ្យ​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​តាម​រយៈ​ផ្តល់​ថ្នាំ​ទម្លាក់​ព្រូន​ដល់​ក្រុម​គោលដៅ​ងាយ​រង​គ្រោះ​ដូច​ជា​កុមារ​ ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ស្ត្រី​ មាន​ផ្ទៃពោះ​និង​ស្ត្រី​ក្រោយ​សម្រាលកូន​។​

​ការ​ផ្តល់​ថ្នាំ​ទម្លាក់​ដង្កូវ​ព្រូន​មី​ប៉ែន​ដា​ហ្សូ​ល​ (Mebendazole)​ដល់​ក្រុម​គោលដៅ​ជាង​៥​លាន​នាក់​នៅ​តំបន់​ប្រឈម​នឹង​ជំងឺ​ព្រូន​នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក​។​លើស​ពី​នេះ​ក្រសួងសុខាភិបាល​ធ្វើ​យុទ្ធនាការ​ផ្តល់​ថ្នាំ​ទម្លាក់​ព្រូន​ដល់​កម្មករ​រោងចក្រ​និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ចំការ​ កៅស៊ូ​ក្នុង​ខេត្ត​កំ​ពង​ចាម​ ត្បូងឃ្មុំ​ មណ្ឌល​គី​រី​ រតនគីរី​ កំពង់ធំ​ ស្ទឹង​ត្រែង​ ក្រចេះ​និង​ព្រះ​វិហារ​សរុប​ជាង​៥​ម៉ឺន​នាក់​។​

​ក្រសួង​ក៏​បាន​ចុះ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​និង​ពិនិត្យ​លាមក​រក​មេរោគ​ព្រូន​ស៊ី​ស្តូ​ឬ​ជំងឺ​ព្រូន​ធំ​ពោះ​ក្នុងភូមិ​ដែល​មាន​ជំងឺ​ស៊ី​ស្តូ​ខ្ពស់​ក្នុង​ខេត្តក្រចេះ​និង​ស្ទឹង​ត្រែង​ដោយ​ក្រសួង​រក​ឃើញ​ថា​អត្រា​ប្រេ​ វ៉ាឡង់​ជំងឺ​ព្រូន​ស៊ី​ស្តូ​ក្នុង​កម្រិត​០,២​ភាគរយ​។​

​ជាមួយ​គ្នា​នេះ​ ក្រសួង​ក៏​រក​ឃើញ​ជំងឺ​ព្រូន​ថ្លើម​នៅ​កម្ពុជា​ដោយ​ត្រូវ​បាន​បញ្ចប់​ការ​គូស​ផែនទី​ជា​លទ្ធផល​បឋម​បង្ហាញ​ថា​អត្រា​ប្រេ​វ៉ាឡង់​ព្រូន​ថ្លើម​ទូ​ទាំង​ប្រទេស​មាន​១០,១​ភាគរយ​។​​ក្នុង​នោះ​អត្រា​ប្រ​វ៉ាឡង់​តាម​បណ្តា​ខេត្ត​ចន្លោះ​ពី​០,០​ភាគរយ​ក្នុង​ខេត្ត​កំ​ពង​ជិត​៤០​ភាគរយ​ក្នុង​ខេត្តស្ទឹងត្រែង​។​

​ទោះបី​យ៉ាងណា​ ក្រសួង​បានឱ្យ​ដឹង​ថា​ កត្តា​ប្រឈម​ចំពោះ​ការ​ខ្វះខាត​ថវិកា​ក្នុង​លើកទឹកចិត្ត​ដល់​មន្ត្រី​អនុវត្ត​សកម្មភាព​ត្រូវ​បាន​កាត់​បន្ថយ​ពី​មូលនិធិ​ម្ចាស់​ជំនួយ​។​ថវិកា​វិនិយោគ​ការងារ​ប្រយុទ្ធ​នឹង​ ជំងឺ​ដង្កូវ​ព្រូន​នៅ​មាន​កម្រិត​និង​មិន​ទូលំទូលាយ​ក្នុង​ការ​អនុវត្តន៍​សកម្មភាព​យុទ្ធសាស្ត្រ​នេះ​ទេ​។​

​ក្រសួង​ថា​ការ​ផ្តល់​ថ្នាំ​ទម្លាក់​ព្រូន​ជា​ទៀងទាត់​ដល់​ប្រជាជន​គោលដៅ​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៅ​មាន​កំរិត​និង​ជួប​ការ​លំបាក​និង​ថវិកា​ពុំ​ទាន់​មាន​លទ្ធភាព​ ដើម្បី​ស្រាវជ្រាវ​រក​ការ​ចម្លង​ព្រូន​ពី​សត្វ​ទៅ​មនុស្ស​។​

​សម្រាប់​ឆ្នាំ​២០១៨​នេះ​ក្រសួងសុខាភិបាល​បាន​កំណត់​ទិស​ដៅ​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​ដង្កូវ​ព្រូន​ក្នុង​ពង្រឹង​និង​ពង្រីក​ការ​គ្របដណ្តប់​ការ​ផ្តល់​ថ្នាំ​ទម្លាក់​ព្រូន​ដល់​ក្រុម​គោលដៅ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​និង​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​ជំងឺ​ព្រូន​ឆ្លង​តាម​ដី​និង​ព្រូន​ស៊ី​ស្តូ​ហើយ​បន្ត​តាមដាន​កា​រវិ​ឌ្ឍ​ន៍​នៃ​ប្រ​វ៉ាឡង់​ជំងឺ​ស៊ី​ស្តូ​ក្នុង​ខេត្តក្រចេះ​និង​ស្តឺ​ង​ត្រែង​។​

​ក្នុង​ទិស​ដៅ​នេះ​ក្រសួងសុខាភិបាល​ក៏​បង្កើត​យុទ្ធសាស្ត្រ​អង្កេត​តាមដាន​ករណី​សង្ស័យ​ជំងឺព្រូនអំបោះ​ឬ​ព្រូន​ជើងដំរី​ជា​ករណី​ថ្មី​ដោយ​ចុះ​ផ្សព្វផ្សាយ​តាម​សហគមន៍​និង​សាលារៀន​។​ពង្រីក​ការ​ស្រាវ​ ជ្រាវ​ដើម្បី​រក​ប្រភេទ​ជំងឺ​ព្រូន​ឆ្លង​តាម​រយៈ​ការ​បរិភោគ​ចំណីអាហារ​ចំអិន​មិន​ឆ្អិត​ល្អ​។​ពិសេស​ជំងឺ​ព្រូន​ថ្លើម​និង​ព្រូន​តេ​ញ៉ា​ឬ​ស៊ី​ស្ទី​សែក​កូ​ស៊ី​ស​នៅ​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សា​ ស្ត្រ​និង​បាណក​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា​ជំងឺ​ដង្កូវ​ព្រូន​ជា​ប្រភេទ​ជំងឺឆ្លង​តាម​រស់នៅ​មិន​ស្អាត​និង​បរិភោគ​ចំណីអាហារ​មិន​ឆ្អិន​ល្អ​។​លោក​វេជ្ជបណ្ឌិត​បន្ត​ថា​ជំងឺ​ដង្កូវ​ព្រូន​នេះ​ក្រសួង​បាន​កំណត់​ផែនការ​កាត់​បន្ថយ​អត្រា​ឈឺ​និង​អត្រា​ស្លាប់​ក្នុង​សូចនាករ​ជាតិ​របស់​រាជរដ្ឋាភិបាល​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​៖«​ជំងឺ​ព្រូន​នឹង​ជំងឺឆ្លង​ទាក់ទង​នឹង​រឿង​អនាម័យ​។​ទាក់ទង​អនាម័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​អត់​មាន​ទិស​ដៅ​កំណត់​ជាក់លាក​ទេ​ថា​ត្រូវ​កាត់​បន្ថយ​ប៉ុន្មាន​ភាគរយៗ​ប៉ុន្តែ​វា​ចូលរួម​សូចនាករ​អភិវឌ្ឍន៍​សហសវត្ស​ជាតិ​របស់​យើង​ទៅ​ជា​ចំនួន​កុមារ​ស្លាប់​កុមារ​រស់​ជាដើម​។​»

​យ៉ាងតិច​មនុស្ស​៨​នាក់​ស្លាប់​នៅ​ខេត្ត​កំ​ពង​ធំ​បន្តបន្ទាប់​គ្នា​ករណី​បរិភោគ​សាច់​ជ្រូកព្រៃ​និង​សាច់​ឈ្លូស​ឆៅ​ដែល​មាន​ពង​ដង្កូវ​ព្រូន​ឈ្មោះ​«​ទ្រី​ស៊ី​ណែ​ឡា​»​កាលពីដើម​ខែតុលា​ ឆ្នាំ​ ២០១៧​។​

​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​នេះ​រួម​មាន​ក្អួតចង្អោរ​ រាករូស​ ក្អួត​ អស់កម្លាំង​ និង​គ្រុនក្តៅ​។​ អ្នក​ផ្ទុកមេរោគ​នេះ​ អាច​ឈឺពោះ​នៅ​ក្នុង​រយៈពេល​១​ទៅ​២​ថ្ងៃ​ ហើយ​អាច​មាន​អាការ​គ្រុនក្តៅ​ ក្អ​ត​ ហើម​មុខ​ ឈឺសន្លាក់​ ឈឺ​សាច់ដុំ​ រមាស់​ស្បែក​ រាក​ឬ​ទល់លាមក​។​ រោគ​សញ្ញា​ធ្ងន់ធ្ងរ​ អ្នកជំងឺ​ពិបាកធ្វើ​ចលនា​និង​បង្ក​បញ្ហា​ដល់​បេះដូង​និង​ដង្ហើម​ហើយ​នៅ​ពេល​ដង្កូវ​នេះ​រាតត្បាត​ចូល​ក្នុង​សរីរាង្គ​សួត​ បេះដូង​ ថ្លើម​និង​ខួរក្បាល​ក្រោយ​រយៈពេល​២​ទៅ​៨​ស​ប្តា​ហ៍​អ្នកជំងឺ​អាច​ស្លាប់​បាន​។​

​ដើម្បី​ទប់ស្កាត់​ជំងឺ​ដង្កូវ​ព្រូន​«​ទ្រី​ស៊ី​ណែ​ឡា​»​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ អ្នក​ទទួលទាន​គួរ​ច​ង្អិ​ន​សត្វ​សាច់​ឱ្យ​បាន​ឆ្អិន​ល្អ​មុន​ទទួលទាន​។​ ចំណែក​មន្ត្រី​ជំនាញ​គួរ​ត្រួតពិនិត្យ​សាច់សត្វ​ឱ្យ​បាន​ប្រសិទ្ធិ​ភាព​ មុន​អនុញ្ញាត​ឱ្យធ្វើ​ការ​នាំ​ចូល​និង​ចរាចរ​លក់​លើ​ទីផ្សារ​៕

Share

Image
Image
Image