en     km
en     km

​ការ​ចុះបញ្ជី​ និង​ការ​ត្រួតពិនិត្យ​យានយន្ត​ជា​កត្តា​ដែល​ធ្វើ​មាន​សុវត្ថិភាព​ចរាចរណ៍​

Share

traffin-in-phnompehn

​នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ទី​ ០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​ ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ និង​ដឹក​ជញ្ជូន​ទេសចរណ៍​ប្រទេស​ជប៉ុន​ ក្នុង​គោលបំណង​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ថ្មីៗ​ទាក់ទង​នឹង​ការ​ចុះបញ្ជី​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ ធ្វើ​យ៉ាងណា​ឲ្យ​មាន​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ​។​

​ការ​ពិភាក្សា​នេះ​រៀបចំ​ឡើង​ដោយ​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​កម្ពុជា​ ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ និង​ដឹក​ជញ្ជូន​ទេសចរណ៍​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ទី​ ០៦​ ខែវិច្ឆិកា​នេះ​។​

​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោកស្រី​ មិន​ មាន​វី​ បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ ប្រភេទ​យានយន្ត​ ដែល​បាន​ជួសជុល​មិន​ត្រឹមត្រូវ​ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​ចរាចរណ៍​ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លោកស្រី​ថា​ បញ្ហា​នេះ​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់​។​ «​ប្រភេទ​នៃ​យានយន្ត​បាន​បង្ក​នូវ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ និង​សម្រាប់​បញ្ហា​បរិស្ថាន​ផង​ដែរ​ ជាមួយនឹង​ការ​ជួសជុល​មិន​ត្រឹមត្រូវ​ ជាមួយនឹង​លក្ខខណ្ឌ​មួយ​ចំនួន​ វា​ប៉ះពាល់​គ្រោះថ្នាក់​ឧ​ប​ទ្ទេវ​ហេតុ​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​អ្វី​ដែល​ជា​ការ​សំខាន់​ថែម​ទៀត​នោះ​ គឺ​ប្រព័ន្ធ​នៃ​ការ​ចុះបញ្ជី​ និង​ត្រួតពិនិត្យ​ ត្រូវ​បាន​ប្រើប្រាស់​ជាង​១០​ឆ្នាំ​មក​ហើយ​ ហើយ​វា​មិន​ស្រប​ទៅ​តាម​ភាព​រីក​លូតលាស់​ចម្រើន​នៃ​យានយន្ត​ និង​ការ​គ្រប់គ្រង​យានយន្ត​ និង​ប្រព័ន្ធ​គ្រប់គ្រង​។​ ដូច្នេះ​ហើយ​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ​គួរ​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់​»​។​

​លោកស្រី​បន្ត​ថា​ សិក្ខាសាលា​នៅ​ថ្ងៃនេះ​ផ្តោត​ជា​សំខាន់​ទៅ​លើ​សកម្មភាព​ថ្មីៗ​នានា​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើ​ង​ នូវ​ការ​ចុះបញ្ជី​យានយន្ត​នឹង​រដ្ឋបាល​ នៃ​ការ​ត្រួតពិនិត្យ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​ប្រទេស​ជប៉ុន​ នៅ​ក្នុង​គម្រោង​មួយ​នេះ​។​ លោកស្រី​ថា​៖​ «​ការ​ចុះបញ្ជី​យានយន្ត​នឹង​ការ​ត្រួតពិនិត្យ​យានយន្ត​ ជា​កត្តា​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើ​ង​នូវ​សុវត្ថិភាព​ចរាចរណ៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​តាម​ឲ្យ​ទាន់​នូវ​កំណើន​នៃ​យានយន្ត​ និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ភ្ជាប់​ជាមួយនឹង​ខេត្ត​ និង​បណ្តា​ភ្នាក់ងារ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​ ដូច​ជា​អគ្គនាយកដ្ឋាន​ពន្ធដា​ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋ​ករ​នៃ​កម្ពុជា​ និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ចុះបញ្ជី​ ដែល​មាន​ទំនាក់ទំនង​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាន់កាប់​កម្មសិទ្ធិ​នៃ​យានយន្ត​»​។​

​ទាក់ទង​ករណី​ខាងលើ​នេះ​ដែរ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ចាន់​ តារា​ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​សុក្រ​ ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ដែរ​ថា​ ពេល​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចំនួន​៦​កន្លែង​។​ លោក​ថា​ ក្នុង​ការ​ត្រួតពិនិត្យ​យានយន្ត​នេះ​ រាល់​យានយន្ត​តាម​បណ្តា​ខេត្ត​ទាំងអស់​ អាច​ទៅ​ធ្វើការ​ត្រួតពិនិត្យ​បាន​ទៅ​លើ​ទីតាំង​ទាំង​៦​នោះ​ មាន​រាជធានី​ភ្នំពេញ​ ២​កន្លែង​ ក្នុង​នោះ​១​នៅ​កន្លែង​ចាស់​ គឺ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជិត​ស្នងការដ្ឋាន​រាជធានី​ ហើយ​១​កន្លែង​ទៀត​នៅ​តាម​ផ្លូវ​ទៅ​ចំការ​ដូង​ស្ទឹង​មាន​ជ័យ​ និង​នៅ​កំពង់ចាម​ សៀមរាប​ បាត់ដំបង​ និង​ក្រុងព្រះសីហនុ​ ហើយ​ទិស​ដៅ​អនាគត​នឹង​មាន​កន្លែង​ត្រួតពិនិត្យ​ប​ច្ចេស​ទេស​យានយន្ត​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​។​

​លោក​ចាន់​ តារា​ បន្ត​ថា​ គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៣​រហូត​មក​ដល់​បច្ចុប្បន្ន​ យានយន្ត​ដែល​បាន​មក​ត្រួតពិនិត្យ​បច្ចេកទេស​មាន​ចំនួន​៣​លាន​គ្រឿង​ រីឯ​យានយន្ត​ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ គឺ​លោក​មិន​អាច​ប៉ាន់ស្មាន​បាន​នោះ​ទេ​។​

​សូម​ជម្រាប​ថា​ ក្នុង​សិក្សា​សាលា​នេះ​ ក្រុម​ន្ត្រី​ឲ្យ​ដឹង​ថា​ អ្នក​ប្រើប្រាស់​យានយន្ត​ដែល​មិន​បាន​យក​ទៅ​ចុះបញ្ជី​ និង​មិន​បាន​យក​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ គឺជា​ការ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ ហើយ​អ្នក​ទាំងនោះ​នឹង​ត្រូវ​ទទួល​ការ​ពិន័យ​។​ ប៉ុន្តែ​ក្រុម​មន្ត្រី​មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ពិន័យ​នោះ​មាន​កម្រិត​ណា​នោះ​ទេ​៕

Share

Image
Image
Image