en     km
en     km

​កសិករ​សេ​ដាក​ស៊ូ​ហត់នឿយ​រៀន​ដាំ​ដំណាំ​ដើម្បី​បើក​កសិដ្ឋាន​ផ្ទាល់ខ្លួន​

Share

​នា​ពេល​បច្ចុប្បន្ន​ ជំនាញ​កសិកម្ម​មិនសូវ​មាន​អ្នក​ចូល​សិក្សា​នោះ​ទេ​ ដោយ​មាន​អ្នកខ្លះ​បង្ហាញ​ទស្សនៈ​ថា​ ការ​រៀន​កសិកម្ម​ មិន​មាន​ប្រយោជន៍​ព្រោះ​គ្មាន​ទីផ្សារ​ការងារ​។​ ផ្ទុយ​ពី​គំនិត​របស់យុវជន​ដទៃ​ កញ្ញា​ ឈឹ​ម​ ចាន់​ធី​  បាន​ចំណាយពេល​ក្រោយ​ពី​បញ្ចប់​បរិញ្ញាបត្រ​នៅ​សាលា​ជាតិ​កសិកម្ម​ព្រែក​លៀប​ មក​ចុះ​ធ្វើការ​ ដាំ​ដុះ​ផ្ទាល់​នៅ​ក្នុង​កសិដ្ឋាន​របស់​អង្គការ​សេ​ដាក​ នៅ​ក្នុងភូមិ​ព្រៃ​ក្តួច​ ឃុំ​ត្រពាំង​ក្រ​ញូ​ង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ដើម្បី​មានចំណេះ​បន្ថែម​សម្រាប់​បើក​កសិដ្ឋាន​ផ្ទាល់ខ្លួន​។​ ចាន់​ធី​ ក៏​បាន​រៀប​ដាំ​ដំណាំ​ខ្ទឹម​ និង​ម្រះ​ផង​ដែរ​។​

​ដើម្បី​ឱ្យ​បាន​ជ្រាប​កាន់តែ​ច្បាស់​ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖

​បច្ចុប្បន្ន​ជា​អ្នកបច្ចេកទេស​ដាំ​ដុះ​បន្លែ​ សរីរាង្គ​របស់​អង្គការ​សេ​ដាក​ កញ្ញា​ឈឹ​ម​ ចាន់​ធី​ បាន​ប្រាប់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​កញ្ញា​ចាប់​ជំនាញ​ផ្នែក​កសិកម្ម​នេះ​ថា​ ដោយសារ​កញ្ញា​ស្រឡាញ់​ជំនាញ​នេះ​ ហើយ​ក្រុម​គ្រួសារ​ក្រីក្រ​ និង​មានការ​លើកទឹកចិត្ត​ពី​សំណាក់​ឪពុក​ម្តាយ​។​

​ជា​កូន​កសិករ​រស់នៅ​ភូមិ​ ត្រពាំង​ស្នោរ​ ឃុំ​ញ៉ែងញ៉ង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ នៅ​ពេល​នាង​មក​ស្នាក់​នៅ​ក្នុង​កសិដ្ឋាន​ត្រពាំង​ក្រ​ញូ​ង​នេះ​ កញ្ញា​ត្រូវ​រស់​ឆ្ងាយ​ពី​ផ្ទះ​ និង​ក្រុម​គ្រួសារ​ប្រហែល​ជាង​២០​គីឡូ​ដី​។​ កញ្ញា​បន្ថែម​ថា​ ក្រោយ​ពី​មក​រស់នៅ​ក្នុង​កសិដ្ឋាន​នេះ​ កញ្ញា​បាន​ចេះ​វិធី​ដាំ​ដុះ​ច្រើន​ជាង​មុន​ ជា​ពិសេស​ចេះ​ជាង​ពេល​រៀន​នៅ​សាលា​ ដែល​រៀន​បាន​ត្រឹម​ទ្រឹស្តី​ តែ​មក​ដល់ទី​នេះ​មានការ​អនុវត្ត​ផ្ទាល់​។​ «​និយាយ​ទៅ​នៅ​រៀន​ យើង​រៀន​តែ​ទ្រឹស្ដី​ទេ​ ប៉ុន្តែ​ពេល​មក​ទី​នេះ​យើង​អនុវត្ត​ផ្ទាល់​ ដូច​ជា​ការ​លើក​ការ​រង​ដាំ​បន្លែ​ ការ​ដាក់​ជី​ ធ្វើ​ជីកំប៉ុស​ទឹក​ ជីកំប៉ុស​គោក​ ហើយ​បច្ចេកទេស​ដាំ​ដុះ​អ្វី​យើង​ដាំ​ទាំងអស់​ យើង​រៀន​ដឹង​តែ​ដឹង​ គេ​ដាំ​យ៉ាងម៉េច​ យើង​មិន​ដឹងផង​ហ្នឹង​ តែ​ទី​នេះ​យើង​ដាំ​ខ្លួនឯង​តែ​ម្តង​»​។​

ChhimChanthy-pix-01​នៅ​ក្រោម​កម្ដៅថ្ងៃ​ ដៃ​កាន់​កាំបិត​ផ្គាក់​ត្រួស​ព្រៃ​ លី​ចបកាប់​ដី​រាល់ថ្ងៃ​ ដើម្បី​ធ្វើ​សួន​បន្លែ​ ជា​រឿង​ដែល​កម្រ​ឃើញ​មាន​ស្ត្រី​ណា​មាន​ចំណូលចិត្ត​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​ណាស់​ តែ​កញ្ញា​ ឈឹ​ម​ ចាន់​ធី​ រាង​តូច​ស្តើង​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​កសិកម្ម​នៅ​សាលា​កសិកម្ម​ព្រែក​លៀប​ បែរជា​ធ្វើការ​យ៉ាង​ស្និទ្ធ​ជាមួយ​ដី​ ដោយ​លើក​រង​ដាំ​បន្លែ​ជា​ច្រើន​មុខ​នៅ​ក្នុង​កសិដ្ឋាន​មួយ​នេះ​។​ «​មាន​ម្រះ​ !​ មាន​ខ្ទឹម​!​ មាន​ត្រប់​ ត្រចៀកជ្រូក​ ឆៃ​យ៉ា​ ហើយ​ចាក​ ដំឡូង​នេះ​គ្រាន់​ទង​ទេ​អ្នកគ្រូ​ »​។​

​នៅ​ក្នុង​កសិដ្ឋាន​ត្រពាំង​ក្រ​ញូ​ង​ នោះ​មាន​សភាព​ស្ងាត់ជ្រងំ​ ងាក​ជុំវិញ​ខ្លួន​មាន​តែ​បន្លែ​ពណ៌​បៃតង​ និង​ រុក្ខជាតិ​ជា​ច្រើន​មុខ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កសិដ្ឋាន​នេះ​ក៏​នៅ​ដាច់​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ​ស្រុក​ និង​ផ្លូវជាតិ​ ប្រហែល​១​គីឡូម៉ែត្រ​។​ កញ្ញា​ចាន់​ធី​និយាយ​ថា​ ទោះជា​រស់នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់​ ក៏​កញ្ញា​មិន​មាន​ភាព​ភ័យ​ខ្លាច​ដែរ​។​ កញ្ញា​បន្ថែម​ថា​ មិន​ខ្លាច​ ព្រោះ​ការ​រស់នៅ​ទី​នេះ​មាន​ ចាស់ទុំ​ប្រុស​ស្រី​រស់នៅ​ជាមួយ​ ហើយ​ពួក​គាត់​ជួយ​មើលថែ​ដូច​កូនចៅ​ ទើប​កញ្ញា​កក់ក្តៅ​ អាច​កាត់​បន្ថយ​ការ​នឹក​ផ្ទះ​។​«​វា​អត់​អ្វី​ទេ​ព្រោះ​នៅ​ទី​នេះ​មាន​អ៊ំ​ស្រី​ដូច​ថា​គាត់​ជា​មនុស្ស​ចាស់​ ចាស់ទុំ​នៅ​ទី​នេះ​ ហើយ​ណាមួយ​បង​គាត់​អ្នកគ្រប់គ្រង​ក៏​គាត់​ចិត្តល្អ​ និយាយ​ទៅ​ស្រឡាញ់​គ្នា​ដូច​បងប្អូន​អ​ញ្ចឹ​ង​នៅ​ទី​នេះ​»​។​

​នៅ​ក្នុង​ចម្ការ​បន្លែ​ ដែល​មាន​ផ្ទៃដី​ប្រហែល​ជាង​ ២០​អា​ ដែល​ចម្រុះ​ទៅ​ដោយ​ដំណាំ​ជា​ច្រើន​ប្រភេទ​ ដូច​ជាដើម​ត្រប់វែង​ ដាំ​ជា​ជូរៗ​ និង​កំពុង​មាន​ចេញ​ផ្លែ​ធំៗ​  ឯ​ត្រសក់ផ្អរ​ និង​ម្រះ​វារ​ឡើងទ្រើង​ដែល​ធ្វើ​ពី​សំណាញ់​មាន​ធ្លាក់​ផ្លែ​រយោង​ មាន​ទំហំ​ធំៗ​ មួយ​ផ្លែ​សឹង​ស្មើ​កន្លះ​គីឡូក្រាម​។​

​កញ្ញា​ថា​ នាង​សប្បាយចិត្ត​ណាស់​ព្រោះ​ដំណាំ​នាង​នាំ​ឱ្យ​ទទួល​បាន​ផល​ និង​ គុណភាព​មិន​ចាញ់​ដំណាំ​ប្រើប្រាស់​ជីគីមី​។​ «​និយាយ​ទៅ​ខ្ញុំ​មាន​មោទនភាព​ ព្រោះ​បន្លែ​ដែល​ខ្ញុំ​ដាំ​បាន​ ខ្ញុំ​ប្រៀបធៀប​ទៅ​បន្លែ​ទីផ្សារ​វា​សឹងតែ​ប្រហាក់ប្រហែល​គ្នា​ហើយ​បន្លែ​គេ​ គេ​ប្រើ​ជាតិ​គីមី​ ទាំង​ថ្នាំពុល​ ទាំង​ជីគីមី​ហើយ​យើង​ធម្មជាតិ​ទាំងអស់​ ហើយ​ដល់​ពេល​អ​ញ្ចឹ​ង​បន្លែ​សឹង​ប្រហែល​គ្នា​អ​ញ្ចឹ​ង​ ខ្ញុំ​សប្បាយចិត្ត​ណាស់​»​។​

​ក្រោយ​ពី​ចំណាយពេល​អស់​ជាង​មួយ​ឆ្នាំ​មក​ ចាន់​ធី​ថា​ នាង​អាច​យល់​ដឹង​វិធី​ដាំ​ដំណាំ​ជា​ច្រើន​ប្រភេទ​ដោយ​មិន​ចាំបាច់​ប្រើ​ជីគីមី​ ក៏​ដំណាំ​នោះ​ផ្តល់​ផល​រហ័ស​។​ កញ្ញា​បាន​លើក​ជា​ឧទាហរណ៍​ពី​ការ​ដាំ​ខ្ទឹម​ខ្យល់​ថា​ ដើម្បី​ដាំ​ដំណាំ​នោះ​ឱ្យ​ទទួល​បាន​ផល​លឿន​ និង​មាន​សុខភាព​ល្អ​ កសិករ​ គួរ​បំបែក​ដើម​ខ្ទឹម​ពី​គុម្ព​ចាស់​ដោយ​ជ្រើសរើស​ដើម​ណា​ ដែល​មាន​សុខភាព​ល្អ​ ដើម​វា​ធំៗ​ រួច​យក​ទៅ​ដាំ​លើ​រង​ដែល​កសិករ​ត្រៀម​ជា​ស្រេច​។​ កញ្ញា​បន្ត​ថា​ នៅ​ពេល​យក​ទៅ​ដាំ​ កសិករ​គួរតែ​ដាំ​ឱ្យ​ត្រង់​ជួរ​ ដូច​ជា​ស្ទូងស្រូវ​ ឬ​ជួរ​ពោត​ ដើម្បី​ឱ្យ​កសិករ​ងាយស្រួល​ធ្វើ​ស្មៅ​។​ «​ដាំ​ហើយ​អ​ញ្ចឹ​ង​យើង​ស្រោច​ទឹក​រាល់ថ្ងៃ​អ​ញ្ចឹ​ង​ទៅ​ ដល់​ពេល​បាន​មួយ​អាទិត្យ​អ​ញ្ចឹ​ង​យើង​ស្រោច​ជី​ទឹក​ ឬ​ក៏​បាញ់​ជី​ទឹក​អ​ញ្ចឹ​ង​ទៅ​ មួយ​អាទិត្យ​បាញ់​ម្តង​វា​ឆាប់​ល្អ​»​។​

ChhimChanthy-pix-02កញ្ញា​ចាន់​ធី​បញ្ជាក់​ថា​ ការ​ដាំ​ដំណាំ​ខ្ទឹម​ងាយស្រួល​ក្នុង​ការ​ថែទាំ​ ព្រោះ​ដំណាំ​នេះ​មាន​ក្លិន​ហាង​ ដូច្នេះ​មិនសូវ​មាន​សត្វល្អិត​មក​យាយី​នោះ​ទេ​។​ កញ្ញា​បន្ថែម​ថា​ មុន​នឹង​ដាក់​ដាំ​ខ្ទឹម​ កសិករ​គួរ​ដាក់​ជីសរីរាង្គ​ប្រភេទ​គោក​បាច​ទ្រាប់​លើ​រង​ ហើយ​មិន​ត្រូវ​ឱ្យ​រង​ខ្ទឹម​ជាំ​ទឹក​នោះ​ទេ​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ខ្ទឹម​រលួយ​។​ «​ដាំ​ត្រង់​ជួរ​អ​ញ្ចឹ​ង​ដើម្បី​ស្រណុក​ជ្រំ​ធ្វើ​ជើង​ បំផុសដី​ឱ្យ​វា​ល្អ​អ​ញ្ចឹ​ង​ទៅ​លើក​រង​ ដើម្បី​ជីវា​ដក់​ជាប់​នៅ​ក្នុង​រង​ កុំឱ្យ​ភ្លៀង​មក​ ទឹក​ហូរ​យក​ជី​ទៅ​បាត់​ ហើយ​ណាមួយ​លើក​អ​ញ្ចឹ​ង​ វា​ស្អាត​ស្រណុក​យើង​បោចស្មៅ​អ​ញ្ចឹ​ង​ទៅ​»​។​

​ដោយសារ​នៅ​ក្នុង​ចម្ការ​មាន​រង​ដំណាំ​ម្រះ​ដែល​ធ្លាក់​ផ្លែ​រយីងរយោង​ អ្នកកាសែត​ក៏​ស្នើ​ឱ្យ​កញ្ញា​ ចាន់​ធី​ ប្រាប់​ពី​វិធី​ដាំ​ដំណាំ​ម្រះ​បន្ថែម​ទៀត​។​ ចំណែកឯ​កញ្ញា​ ចាន់​ធី​ ក៏​មិន​លាក់​ចំណេះដឹង​ដែល​ខ្លួន​មាន​ដែរ​ ដោយ​កញ្ញា​បាន​រៀបរាប់​ថា​ ចំពោះ​ម្រះ​ក៏​ងាយស្រួល​ក្នុង​ការ​ដាំ​ដុះ​ដែរ​។​ កញ្ញា​ថា​នៅ​ពេល​ដែល​ម្រះ​ដុះ​ចេញ​ជាវ​ល្លិ៍​ ត្រូវធ្វើ​ទ្រើង​ឱ្យ​វា​តោង​ឡើង​។​ កញ្ញា​ថា​ ការ​ធ្វើ​ទ្រើង​នេះ​កញ្ញា​ទើប​ចេះ​បច្ចេកទេស​ថ្មី​ ដោយ​ប្រើ​សំណាញ់​ក្រឡា​ល្អិត​។​

​ចាន់​ធី​បញ្ជាក់​ថា​ការ​ដាក់​សំណាញ់​ក្រឡា​ល្អិត​នេះ​ វា​ចំណេញ​ ព្រោះ​កសិករ​មិន​ចំ​បាច់​ចំណាយ​ឈើ​ច្រើន​ធ្វើ​ទ្រើង​ ហើយ​ពិសេស​ជាង​នេះ​ ម្រះ​មានការ​លូតលាស់​លឿន​ និង​ឆាប់​ផ្តល់​ផល​។​ «​ធ្វើ​ទ្រើង​ឱ្យ​ជាប់​គ្នា​អ​ញ្ចឹ​ង​ទៅ​ ហើយ​ដាក់​សំណាញ់​ឱ្យ​វា​ឡើង​ ខុស​គ្នា​ត្រង់​អា​ដាក់​បែប​បុរាណ​អត់​សូវ​ឡើង​ទេ​ ហើយ​ផ្លែ​ក៏​អត់​ច្រើន​ដូច​អានេះ​ដែរ​ អា​ទ្រើង​ថ្មី​ដែល​លោកគ្រូ​បង្រៀន​បាន​ផ្លែ​ច្រើន​ជាង​ ឡើងជា​ហើយ​បាន​ផ្លែ​ច្រើន​ទៀត​ ចា៎​ វា​មាន​កម្លាំង​ទប់​ ហើយ​ណាមួយ​ដូច​ថា​ពេល​យើង​ដាក់​ស្មៅ​ដាក់​អ្វី​គ្រប់​អ​ញ្ចឹ​ង​ទៅ​ វា​ត្រជាក់​គល់​»​។​

​ក្នុង​ផ្ទៃដី​ជាង​២០​អានេះ​ កញ្ញា​ ចាន់​ធី​ បាន​ប្រាប់​ថា​ នាង​អាច​ប្រមូលប្រាក់​ជិត​១​លាន​រៀល​ជា​រៀង​រាល់​ខែ​។​ កញ្ញា​ថា​នាង​សប្បាយចិត្ត​ណាស់​ ហើយ​ទៅ​ថ្ងៃ​អនាគត​ កញ្ញា​ក៏​មាន​គម្រោង​បើក​បង្រៀន​ដល់​កសិករ​នៅ​ក្នុងភូមិ​ស្រុក​របស់​នាង​ និង​បើក​កសិដ្ឋាន​ផ្ទាល់ខ្លួន​ផង​ដែរ​។​ «​ព្រោះ​អ្វី​ខ្ញុំ​ស្រឡាញ់​ការ​ដាំ​ដុះ​ អ​ញ្ចឹ​ង​ខ្ញុំ​ចង់​ប​ង្តើ​ត​ farm​ តែ​ទាល់តែ​យូរ​បន្តិច​ ព្រោះ​មិន​ទាន់​សន្សំ​លុយ​បាន​ផង​»​។​

​ទោះ​ជួប​ការ​លំបាក​ដោយ​ត្រូវ​នៅ​ក្រោម​កម្ដៅថ្ងៃ​ ធ្វើការ​នឿយហត់​យ៉ាងណា​ក៏​ដោយ​ ក៏​កញ្ញា​ ចាន់​ធី​ នៅ​តែ​លើកទឹកចិត្ត​ដល់​កសិករ​ និង​សិស្ស​និស្សិត​ ឱ្យ​ចាប់អារម្មណ៍​សិក្សា​ជំនាញ​កសិកម្ម​ ដោយ​ព្យាយាម​ដាំ​ដុះ​ដាំ​ដំណាំ​ និង​ចិញ្ចឹមសត្វ​តាម​បែប​ធម្មជាតិ​ ដើម្បី​ទទួល​បាន​អាហារ​សុវត្ថិភាព​ សម្រាប់​ខ្លួនឯង​ និង​ក្នុង​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​ ដើម្បី​ជៀសវាង​ការ​នាំ​ចូល​ផលិតផល​បរទេស​ និង​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​។​ «​បើសិនជា​យើង​ដាំ​បន្លែ​ធម្មជាតិ​បាន​អ​ញ្ចឹ​ង​ អ្នក​ទទួលផល​ទាំង​យើង​ហូប​ខ្លួនឯង​ ទាំង​អ្នកទិញ​ មាន​សុខភាព​ល្អ​ មិន​ប៉ះពាល់​សុខភាព​អ​ញ្ចឹ​ង​ទៅ​ ណាមួយ​មិន​យក​ទំនិញ​មក​ពី​ប្រទេស​គេ​ផង​ ដូច​បន្លែ​យើង​សព្វថ្ងៃ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ២០០​ តោន​ ក្នុង​មួយ​ថ្ងៃ​ មិន​តិច​ ហើយ​បើ​យើង​ដាំ​បាន​ទៅ​ វា​ជួយ​​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ពី​វៀតណាម​»៕

Share

Image
Image
Image