en     km
en     km

​កម្មករ​៥​នាក់​នៅ​ខេត្ដកំពង់ស្ពឺ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ នៅ​ថ្ងៃ​ទី​១៨​មក​រា​នេះ​

Share

​បន្ទាប់​ពី​មានការ​ចាប់ខ្លួន​តំណាង​កម្មករ​៥​នាក់​ ដែល​ជាម​ន្ដ្រី​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ ក្នុង​ក្រុង​ច្បារមន​ ខេត្ដកំពង់ស្ពឺ​ ឃុំខ្លួន​អស់​មួយ​រយៈពេល​ នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ តុលាការខេត្ដ​បាន​សម្រេច​ដោះ​លែង​ អ្នក​ទាំង​៥​រូប​វិញ​ ជា​បណ្ដោះអាសន្ន​ ក្រោយ​ពី​មាន​ ការ​ពិភាក្សា​ គ្នា​រវាង​ប្រធាន​សហជីព​ ជាមួយ​និង​ភាគី​រដ្ឋាភិបាល​រួច​មក​។​

​លោក​ ប៉ាវ​ ស៊ី​ណា
​លោក​ ប៉ាវ​ ស៊ី​ណា

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ប៉ា​ ស៊ី​ណា​ ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ ថ្លែងប្រាប់​ វិទ្យុ​ស្ដ្រី​ នៃ​WMC​ នៅ​ថ្ងៃ​ ចន្ទ​ ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ បានឱ្យ​ដឹង​ថា​ តំណាង​កម្មករ​ទាំង​៥​នាក់​ ត្រូវ​បាន​តុលាការខេត្ដ​កំពង់ស្ពឺ​ សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ ជា​បណ្ដោះអាសន្ន​ហើយ​ កាលពី​វេលា​ ម៉ោង​៣​រសៀល​ នៅ​ថ្ងៃ​ច័ន្ទ​ នេះ​ បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ ប្រធាន​មន្ទី​ការងារ​ ខេត្ដ​ និង​អភិបាលខេត្ដ​កំពង់ស្ពឺ​រួច​មក​។​ «​តាម​អ្វី​ដែល​ជា​កិច្ច​ពិភាក្សា​រវាង​ខ្ញុំ​ ជាមួយ​លោក​ប្រធាន​មន្ទីរ​ការងារ​ រួម​ ទាំង​ឯកឧត្ដម​អភិបាលខេត្ដ​ គឺ​នៅ​ថ្ងៃ​ចន្ទ​នេះ​ និង​ឯកភាព​ថា​ នឹង​សម្របសម្រួល​ដោះ​លែង​មក​វិញ​»​។​ ​

​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ មន្ដ្រី​ជាន់​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ មានការ​សារ​ទរ​ចំពោះ​ដំណោះស្រាយ​នេះ​។​ ប៉ុន្ដែ​ លោក​មានការ​សោកស្ដាយ​ ចំពោះ​ការងារ​ របស់​ សមត្ថកិច្ច​កន្លង​មក​ ជុំវិញ​ការ​ចាប់ខ្លួន​អ្នក​ទាំង​ប្រាំ​រូប​នេះ​ ដោយ​លោក​លើក​ឡើង​ថា​ អ្នក​ដែល​ប្រើប្រាស់​អំពើ​ហិង្សា​មិន​ត្រូវ​បាន​ចាប់ខ្លួន​ ប៉ុន្ដែ​បែរជា​ទៅ​ចាប់​ជន​រង​គ្រោះ​ ដោយ​ការ​ ប្រើប្រាស់​អំពើ​ហិង្សា​ យក​ទៅ​ដាក់​ពន្ធ​ធនាគារ​ទៅ​វិញ​។​

​លោក​ អំ​ សំអាត​៖​ «​ការ​ទាមទារ​ នឹង​តវ៉ា​ យើង​មិន​ព្យាយាម​រក​ដំណោះស្រាយ​ បើជា​ព្យាយាម​ចាប់​ខ្ឡួ​ន​ ធ្វើការ​ គំរាមកំហែង​ ដើម្បី​មិន​អោយ​មានការ​តវ៉ា​ទៅ​វិញ​។​ យ៉ាងនេះ​ មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ​​ហើយ​ក៏​ជា​វប្បធម៌​មួយ​អាក្រក់​ ហើយ​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំង​អស់នោះ​បាន​ដែល​ បា៎ទ​»​។​

​ជាង​នេះ​ទៀត​ លោក​ អំ​ សំអាត​ ថា​ អ្នក​ទាំង​ប្រាំ​នាក់​ ខាងលើ​គួរតែ​ទទួល​បានការ​ លើកលែង​ ការ​ចោទប្រកាន់​ទាំងស្រុង​ជា​ជាង​ការ​សម្រេច​អោយ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​ អាសន្ន​។​ «​ពួក​គាត់​ខ្ញុំ​គិត​ថា​ មិន​មាន​កំហុស​អី​ទេ​ គួរតែ​មានការ​លើកលែង​ចោទប្រកាន់​ សម្រាប់​ពួក​ គាត់​។​ចឹ​ង​គ្រាន់​ថា​ ទន្ទឹម​នឹង​អោយ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ​ ក្រោយ​ពេល​ចៅក្រម​ ស៊ើបសួរ​ធ្វើការ​ស៊ើបអង្កេត​ យើ​សង្ឃឹមថា​ នឹង​មានការ​លើកលែង​ការ​ចោទប្រកាន់​ សម្រាប់​ ពួក​គាត់​។​ ហើយ​អាជ្ញាធរ​ខាង​រោងចក្រ​ ក៏​ដូច​ជា​ ខាង​ក្រសួង​ការងារ​ ព្យាយាម​ធ្វើ​យ៉ាងណា​ ដើម្បី​រក​ដំណោះស្រាយ​ ដើម្បី​អោយ​មាន​ដំណោះស្រាយ​ល្អ​សម្រាប់​ពួក​គាត់​ កុំអោយ​មាន​ ការ​តវ៉ា​ ឬ​កុ​ដ​កម្ម​បន្ដ​ទៅ​ទៀត​»​។​

សូម​បញ្ជាក់​ថា​ អ្នក​ទាំង​៥​រូប​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​ ១២​ខែមករា​ កន្លង​ទៅ​នេះ​ រួម​មាន​ លោក​ ខាត់​ ឡូត​ លោក​ ព្រុំ​ ប៊ុ​ន​ថន​.​ លោក​ ចាំ​ សំណាង​ លោក​ មុំ​ ណ​យ​ និង​ទី​លោក​ ថុ​នា​។​

សូម​រម្លឹក​ដែរ​ថា​ តំណាង​សហជីព​ប្រាំ​នាក់​ ដែល​ធ្វើការ​ នៅ​រោងចក្រ​ អ៊ែ​ជ្យា​យស៍​ ស្វេត​ធ័​រ​ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ឃាត់ខ្លួន​ ក្រោយ​ពេល​មានការ​ប៉ះទង្គិច​គ្នា​ រវាង​ក្រុម​កម្មករ​ និង​ក្រុម​ក្មេង​ទំនើង​គាំទ្រ​រោងចក្រ​ ស្រប​ពេល​ដែល​តំណាង​សហជីព​ទាំងនោះ​ កំពុង​ ទាមទារ​អត្ថប្រយោជន៍​និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ ជូន​ដល់​កម្មករ​៕

Share

Image
Image
Image