en     km
en     km

​កម្មករ​នៅ​ខេត្តតាកែវ​ឡើង​មក​តវ៉ា​នៅ​មុខក្រសួង​ការងារ​ឲ្យ​ជួយ​បន្ថែម​អត្ថប្រយោជន៍​១៣​ចំណុច​

Share

garment-worker-complaint-cover

កម្មករ​ កម្ម​ការ​នី​ បម្រើ​ការងារ​ក្នុង​រោងចក្រ​ ហុង​ សេន​ និង​ រោងចក្រ​យ៉ា​ដា​រ៉ុ​ង​ហ្វុ​ង​ក្នុង​ខេត្តតាកែវ​ ប្រមាណ​៣០០​នាក់​ បាន​មក​ជួបជុំ​គ្នា​នៅ​មុខក្រសួង​ការងារ​ នៅ​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​នេះ​ ដើម្បី​ស្នើ​សុំ​ដល់​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជួយ​អន្តរាគមន៍​ដល់​ម្ចាស់​រោងចក្រ​ទាំង​២​ខាងលើ​ ផ្តល់​អត្ថប្រយោជន៍​ចំនួន​១៣​ចំណុច​បន្ថែម​ដល់​កម្មករ​។​ (​លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័ត៌មាន​នេះ​)
​កម្មករ​ប្រមាណ​៣០០​នាក់​ មក​ពី​ខេត្តតាកែវ​ បាន​ធ្វើ​ដំណើរ​មក​តវ៉ា​នៅ​មុខក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១១​ ខែវិច្ឆិកា​នេះ​ ដើម្បី​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ទៅ​ភាគី​រោងចក្រ​ ឲ្យ​ផ្ដល់​អត្ថប្រយោជន៍​ចំនួន​១៣​ ចំណុច​ដល់​ពួក​គេ​។​

កម្ម​ការ​នីមួយ​រូប​ អ្នកស្រី​ សុខ​ ដា​លី​ន​ បាន​លើក​ឡើង​ថា​ ការ​ដែល​កម្មករ​ កម្ម​ការ​នី​ ផ្ទុះ​ការ​តវ៉ា​បែប​នេះ​ គឺ​ដើម្បី​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​ជួយ​បន្ថែម​អត្ត​ប្រយោជន៍​ចំនួន​១៣​ចំណុច​ដល់​កម្មករ​ ដូច​ជា​ប្រាក់​ថ្លៃ​បាយ​ និង​ប្រាក់​ធ្វើ​ដំណើរ​ជាដើម​ ។​ អ្នកស្រី​បន្ថែម​ថា​ ប្រាក់ខែ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ សព្វ​ថ្ងៃនេះ​ មិន​បាន​ឆ្លើយ​តប​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ និង​ថ្លៃ​ទឹក​ ភ្លើង​ដែល​ចេះ​តែ​ឡើងថ្លៃ​ជា​បន្តបន្ទាប់​នោះ​ទេ​ ។​ អ្នកស្រី​ សុខ​ ដា​លី​ន​៖​ «​ជីវភាព​របស់ខ្ញុំ​សព្វ​ថ្ងៃនេះ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ព្រោះ​ខ្ញុំ​មានកូន​ច្រើន​ ហើយ​ការ​ចំណាយ​ទៅ​លើ​កូន​រៀន​ ចំណាយ​ទៅ​លើ​ការ​ហូប​ចុក​ ការ​ស្លៀកពាក់​ផ្សេងៗ​ជាមួយ​ប្រាក់ខែ​ប៉ុណ្ណឹង​គឺ​ចាយ​មិន​គ្រាន់​នោះ​ទេ​»​។​

​ចំណែក​កម្ម​ការ​នីមួយ​រូប​ទៀត​ កញ្ញា​ កាន​ ភូម​ផួ​ង​ និយាយ​ថា​ រោងចក្រ​ ហុង​ សេន​ និង​ យ៉ា​ដា​រ៉ុ​ង​ហ្វុ​ង​ មានការ​គាបសង្កត់​លើ​កម្លាំង​ពលកម្ម​របស់​កម្មករ​ ដោយ​តម្រូវ​ឲ្យ​កម្មករ​ធ្វើការ​ឲ្យ​បាន​គ្រប់​តាម​ចំនួន​ដែល​រោងចក្រ​កំណត់​ និង​មានការ​រឹត​ត្បឹ​ត​ចំពោះ​ការ​សូម​ច្បាប់​ឈប់​សម្រាក​ បើ​ទោះបីជា​កម្មករ​ កម្ម​ការ​នី​ត្រូវការ​ពិនិត្យ​សុខភាព​ ឬ​ពិនិត្យ​ផ្ទៃពោះ​ក៏​ដោយ​។​

​កញ្ញា​ កាន​ ភូម​ផួ​ង​៖​ «​រោងចក្រ​ហ្នឹង​គាប់សង្កត់​កម្មករ​ខ្លាំង​ណាស់​។​ ឧទាហរណ៍​ បើ​កំណាត់​ចំនួន​២​ពាន់​អ​ញ្ចឹ​ង​ ប្រសិនបើ​យើង​ដេរ​មិន​បាន​ គេ​ប្រជុំ​ជេរ​ពួក​យើង​ ហើយ​ពេល​ដែល​យើង​ដេរ​បាន​ចំនួន​អាវ​ហ្នឹង​ឡើង​ទៀត​ហើយ​ ហើយ​បើ​អ្នក​ពោះធំ​វិញ​គ្រាន់តែ​ដាក់​ច្បាប់​ទៅ​សំរាល​ក៏​ដាច់​លុយ​ដែរ​»​។​

garment-worker-complaint-02

​សហជីព​ដែល​ដឹកនាំ​ការ​តវ៉ា​ លោក​ ទួន​ សា​រ៉ែ​ន​ អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ លើក​ឡើង​ថា​ ការ​ទាមទារ​នេះ​ គឺជា​លើក​ទី​២​ហើយ​ដែល​កម្មករ​សម្រេចចិត្ត​ឡើង​មក​ទាមទារ​ឲ្យ​ក្រសួង​ការងារ​ជួយ​ដោះស្រាយ​ ដោយ​ការ​ស្នើ​លើក​ដំបូង​ ខាង​ក្រសួង​ការងារ​មិន​បាន​ធ្វើការ​ដោះស្រាយ​អ្វី​ជា​ដុំ​កំ​ផួ​ន​នោះ​ទេ​ ចំណែកឯ​អាជ្ញាធរ​ខេត្តតាកែវ​ ក៏​មិន​បាន​ជួយ​ដោះស្រាយ​ដល់​កម្មករ​នោះ​ដែរ​ ។​ លោក​បន្ត​ថា​ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​នោះ​ទេ​ កម្មករ​ នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​នេះ​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​ ។​ លោក​ ទួន​ សា​រ៉ែ​ន​៖​ «​ការ​តវ៉ា​នេះ​គឺ​ជាង​កន្លះ​ខែ​មក​ហើយ​មិន​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ធ្វើ​អើពើ​នោះ​ទេ​ ជា​ពិសេស​អាជ្ញាធរ​ដែនដី​តែ​ម្តង​ មិន​ដែល​ធ្វើការ​ដោះស្រាយ​ដើម្បី​បញ្ឈប់​បញ្ហា​នោះ​ទេ​។​ ហើយ​ថ្ងៃនេះ​យើង​សង្ឃឹមថា​ ឯកឧត្តម​រដ្ឋមន្ត្រី​នឹង​ជួយ​ជំរុញ​ ប៉ុន្តែ​ថ្ងៃនេះ​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ទេ​ កម្មករ​ទាំងនេះ​មិន​ត្រលប់​ទៅ​ផ្ទះ​វិញ​ឡើយ​»​។​

​ចំណែក​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ដែល​មាន​វត្ត​មាននៅ​មុខក្រសួង​ការងារ​ដែរ​នោះ​ បាន​លើក​ឡើង​ថា​ ចំពោះ​បញ្ហា​នេះ​ សហជីព​របស់​លោក​បាន​ផ្ញើ​អ៊ី​ម៉ែ​ល​ ទៅ​កាន់​អ្នកបញ្ជា​ទិញ​រួចរាល់​ហើយ​ ដោយ​ទី​១​ស្នើ​សូម​ដល់​អ្នកបញ្ជា​ទិញ​ដាក់​សម្ពាធ​ដល់​និយោជក​ឲ្យ​ចរចា​ជាមួយ​តំណាង​កម្មករ​ សហជីព​ជុំវិញ​សំណើ​ទាំង​១៣​ចំណុច​ ទី​២​ ជំរុញ​ដល់​និយោជក​ ឲ្យ​យល់ព្រម​ទទួលយក​កម្មករ​ដែល​រោង​បាន​បញ្ឈប់​ និង​ទី​៣​ ស្នើ​ដល់​អ្នកបញ្ជា​ទិញ​ជំរុញ​ដល់​និយោជក​ដក​ពាក្យបណ្តឹង​ និង​ទម្លាក់​បទ​ចោទ​ផ្សេងៗ​ ដែល​និយោជក​ធ្លាប់​ប្តឹង​សហជីព​ ។​ លោក​បញ្ជាក់​ថា​ អ្នកបញ្ជា​ទិញ​នឹង​ឆ្លើយ​តប​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​

​លោក​ ប៉ាវ​ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​
​លោក​ ប៉ាវ​ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​

​លោក​ ប៉ាវ​ ស៊ី​ណា​៖​ «​អ្នកបញ្ជា​ទិញ​គេ​មិន​ជំទាស់​នោះ​ទេ​ គឺ​គេ​គោរព​បទដ្ឋាន​អន្តរជាតិ​ ដូច្នេះ​ ប្រសិនបើ​អ្នកបញ្ជា​ទិញ​ដែល​មានឈ្មោះ​ដូច​ជា​ផូ​ម៉ា​ និង​អេ​ឌី​ដាស​ ដែល​ជា​លំដាប់​អ្នកបញ្ជា​ទិញ​ពិភពលោក​ តែ​បែរជា​មិន​បាន​យកចិត្ត​ក្នុង​ការ​ដោះស្រាយ​នូវ​អ្វី​ជា​ការ​ស្នើ​សូម​នោះ​ទេ​ វា​នឹង​ជៈ​ឥទ្ធិពល​ទៅ​ដល់​ក្រុមហ៊ុន​ទាំងមូល​ ដោយសារ​យើង​មាន​ដៃគូរ​នៅ​ខាងក្រៅ​ អ​ញ្ចឹ​ង​ពួក​គេ​មិន​នៅ​ស្ងៀម​នៅ​ពេល​ដែល​យើង​ស្នើ​សុំ​ទៅ​គេ​ឲ្យ​ជួយ​ជំរុញ​បន្ថែម​»​។​

​វិទ្យុ​ស្ត្រី​ នៃ​ WMC​ បាន​ទាក់ទង​លោក​ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែរ​ ប៉ុន្តែ​លោក​មិន​ទទួល​ទូរ​សព្ទ​ ។​ បើ​តាម​សម្ដី​របស់​តំណាង​កម្មករ​ និង​សហជីព​ដែល​ក្រសួង​ការងារ​កោះ​ប្រជុំ​នៅ​ថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា​ ភាគី​ក្រសួង​នឹង​ដោះស្រាយ​រឿង​នេះ​នៅ​ថ្ងៃ​សុក្រ​ទី​១៣​ខាង​មុខ​ ដោយ​នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទាំង​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ ។​

​សូម​ជម្រាប​ថា​ កម្មករ​ កម្ម​ការ​នី​ នៃ​រោងចក្រ​ ហុង​ សេន​ និង​ រោងចក្រ​ យ៉ា​ដា​រ៉ុ​ង​ហ្វុ​ង​ ស្ថិត​ក្នុង​សង្កាត់​រកា​ក្រៅ​ ក្រុង​ដូង​កែវ​ ខេត្តតាកែវ​ មាន​ចំនួន​សរុប​ប្រមាណ​៣០០០​នាក់​ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​រោងចក្រ​តាំងពី​ថ្ងៃ​ទី​២៩​ខែតុលា​ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១៣​ចំណុច​ពី​ថៅកែ​រោងចក្រ​ តែ​ភាគី​រោងចក្រ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​នោះ​ទេ​ ទើប​នៅ​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​នេះ​ តំណាង​កម្មករ​ប្រមាណ​៣០០​នាក់​ បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើ​ដល់​ក្រសួង​ការងារ​ ជួយ​អន្តរាគមន៍​ដាក់​សម្ពាធ​ដល់​ភាគី​រោងចក្រ​ ត្រូវ​ផ្តល់​នូវ​អត្ត​ប្រយោជន៍​ចំនួន​១៣​ចំណុច​បន្ថែម​ដល់​កម្មករ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​សមរម្យ​។​

​សូម​បញ្ជាក់​ថា​ លក្ខខណ្ឌ​ការងារ​ចំនួន​១៣​ចំណុច​ រួម​មាន​ ទី​១​ ស្នើ​សុំ​ដល់​ក្រុមហ៊ុន​ផ្តល់​ថ្លៃ​អាហារ​ថ្ងៃត្រង់​ចំនួន​២​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​ ទី​២​សុំ​ដល់​ក្រុមហ៊ុន​ផ្តល់​ថ្លៃ​មធ្យោបាយ​ធ្វើ​ដំណើរ​ចំនួន​៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ទី​៣​សុំ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ អាច​ទៅ​ពិនិត្យ​សុខភាព​ ដោយ​ត្រូវ​រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល​ និង​ចំណុច​ទី​៤​សុំ​ឲ្យ​ក្រុមហ៊ុន​បន្ថែម​ប្រាក់​ថ្លៃ​បាយ​ពី​ម៉ោង​៤​ដល់​ម៉ោង​៦​ពេល​ល្ងាច​ ក្នុង​មួយ​ម៉ោង​២​ពាន់​រៀល​ និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត​៕

Share

Image
Image
Image