en     km
en     km

ឯកអគ្គរដ្ឋទូតអឺរ៉ុបបង្ហាញទិដ្ឋភាពនយោបាយ និងជំហររវាងអឺរ៉ុប-កម្ពុជា

Share

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ធ្នូ ក្នុងសន្និសីទកាសែតមួយនាស្ថានទូតសហភាពអឺរ៉ុបលោក ចក អេហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញពីស្ថានភាពទូទៅនៃទិដ្ឋភាពនយោបាយក្នុងប្រទេសកម្ពុជា បន្ទាប់ពីបក្សប្រឆាំងត្រូវបានរំលាយ។ ជាងនេះទៀត លោក ចច អេហ្គា ក៏បានបង្ហាញពីជំហររវាងសហភាពអឺរ៉ុប និងកម្ពុជាផងដែរ នាពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត។

ចង់ដឹងថា តើសហភាពអឺរ៉ុបយល់ឃើញយ៉ាងណាចំពោះស្ថានភាពនយោបាយ ក៏ដូចជាទំនាក់ទំនងរវាងកម្ពុជា និងអឺរ៉ុបនាពេលបច្ចុប្បន្នទៅអនាគត តទៅនេះសូមស្តាប់សេចក្តីរាយការណ៍របស់លោក​កែវ សុខា ដូចតទៅ ៖

 

                                             ​      លោក ចច អេហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(កណ្តាល)

ជាបឋមយើងផ្តើមលើកយកបញ្ហានយោបាយមកជំរាបជូនជាមុន។

លោក ចច អេហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្ដែងក្តីព្រួយបារម្ភចំពោះស្ថានភាពនយោបាយកម្ពុជានា រយៈ ៣ ខែចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានការរំលាយគណបក្សប្រឆាំង និងការបិទនូវប្រព័ន្ធផ្សាព្វផ្សាយមួយចំនួន ព្រមជាមួយការបិទអង្គការសង្គមស៊ីវិលជាដើម ដែលប្រការទាំងនេះលោកថា កម្ពុជាគឺកំពុងដើរប្រាសចាកពីគន្លងប្រជាធិបតេយ្យ។

លោក ចច អេហ្គា យល់ថាការរំលាយបក្សប្រឆាំង ការបិទប្រព័ន្ធផ្សាព្វផ្សាយ និងសង្គមស៊ីវិលកន្លងមកនេះ គឺជាការអនុវត្តច្បាប់ធ្វើឱ្យដោយអន្លើៗសំដៅទៅដល់ស្ថាប័នទាំងឡាយណា​ ដែលមាននិន្នាការតិចទានរដ្ឋាភិបាល។

ទាក់ទងនឹងទិដ្ឋភាពនយោបាយនេះដែរ តែផ្តោតលើការបោះឆ្នោតជាតិ​ ២០១៨ ខាងមុខនេះវិញ លោកឯកអគ្គរដ្ឋទូតសហ ភាពអឺរ៉ុបប្រចាំកម្ពុជាយល់ថា នឹងមិនមានការប្រព្រឹត្តទៅបានល្អប្រសើរនោះទេ។ មិនសូវល្អប្រសើរក៏ព្រោះថា ម្ចាស់ឆ្នោតមួយចំនួនដែលមានសមានចិត្តលើបក្សសង្គ្រោះជាតិនឹងមិនចេញទៅបោះឆ្នោតច្រើនទេ ដែលនេះជារូបភាពមិនគប់ប្រសើរឡើយក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យ។

ចំណែកការគោរពសិទ្ធិមនុស្សនារយៈពេលថ្មីៗនេះវិញ លោក ចច អេហ្គា សង្កត់ធ្ងន់ធ្ងរថា ការគោរពសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជា គឺមិនសូវជាមានរូបភាពល្អប្រសើរប៉ុន្មាននោះទេ។ តែយ៉ាងលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរូបនេះ ក៏មិនទាន់អាចវាយតម្លៃជារួមចំពោះបញ្ហាសិទ្ធិមនុស្សជាទូទៅថា មានភាពធ្លាក់ចុះ ឬក៏ល្អប្រសើរ។ តែយ៉ាងណាលោកកត់សម្គាល់ឃើញថា បញ្ហាសិទ្ធមនុស្សនៅកម្ពុជាក៏មានភាពល្អប្រសើរដោយសណ្ឋានៗរបស់វាផងដែរ។ មានន័យថា ការគោរពសិទ្ធមនុស្សលើផ្នែកអប់រំ ពោលគឺការជំរុញឱ្យពលរដ្ឋទទួលបានការសិក្សាស្មើៗគ្នា ពិសេសការចូលរៀនរបស់សិស្សស្រី គឺមានលក្ខណៈល្អប្រសើរច្រើន។ មួយវិញទៀត ការយល់ដឹងពីសិទ្ធស្តីពីការថែទាំសុខភាព និងការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ក៏មានភាពល្អប្រសើរគួរឱ្យកត់ សម្គាល់ដែរ។ យ៉ាងណាលោកឯកអគ្គរដ្ឋទូតយល់ថា រដ្ឋាភិបាលគឺត្រូវពង្រឹងកិច្ចការជាច្រើនទៀតដើម្បីធ្វើយ៉ាងណាឱ្យការគោរពសិទ្ធមនុស្សមានភាពល្អប្រសើរជាងនេះ។

ងាកមកទំនាក់ទំនងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុប ក្នុងស្ថានភាពដាំក្បាលចុះប្រជាធិបតេយ្យ ការគោរពសិទ្ធមនុស្សវិញ លោក ចក អេហ្គា មានប្រសាសន៍ថា​ ក្រុមអធិការកិច្ចរបស់សហភាពអឺរ៉ុបបានដឹងយ៉ាងច្បាស់ពីបញ្ហាសិទ្ធមនុស្សក្នុងប្រទេសកម្ពុជា។ ក្រុមនេះនឹងធ្វើការត្រួតពិនិត្យឡើងវិញលើរឿងរ៉ាវដែលកើតមានឡើងក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅកំណត់ដាក់វិធានការសមស្របណាមួយលើកម្ពុជា ។ លោកបន្តថា សហភាពអឺរ៉ុបបានផ្តល់លក្ខខណ្ឌពិសេសមួយដល់កម្ពុជាក្នុងការនាំចូលទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធចូលសហភាពអឺរ៉ុប។ ការនាំចូលទំនិញទៅកាន់ទីផ្សារអឺរ៉ុប កម្ពុជាបានជាប់ក្នុងលក្ខខណ្ឌតម្រូវ ដោយរដ្ឋភាគីកម្ពុជាត្រូវគោរពសិទ្ធមនុស្ស ដែលមានចែងក្នុងសន្ឋិសញ្ញាអន្តរនោះ។

ឆ្លើយតបនឹងសំនួរចំពោះការរឹតត្បឹតការនាំចូលទំនិញពីកម្ពុជាចូលទឹកដីអឺរ៉ុប តើអាចមានការរឹតត្បឹត ឬមិនរឹតត្បឹតយ៉ាងណានោះ លោក​ ចច អេហ្គា បំភ្លឺថា គឺអាស្រ័យលើការធ្វើអធិការកិច្ចរបស់មន្រ្តីសហភាពអឺរ៉ុបដែលលទ្ធផលនឹងចេញនាពេលឆាប់ខាងមុខនេះ។

រីឯជំនួយរបស់សហភាពអឺរ៉ុបដែលផ្តល់ដល់កម្ពុជា មានក្នុងកិច្ចព្រមព្រៀងកន្លងមកនោះ គឺសហភាពអឺរ៉ុបនឹងបន្តផ្តល់ឱ្យដោយមិនបានបង្កក់ ឬផ្តាច់ជំនួយនោះទេ។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់កម្ពុជាចំនួន ៤១០លានអឺរ៉ូស្មើប្រមាណជាង ៥០០លានដុល្លារអាមេរិក។ ជំនួយនេះមានរយៈ៧ឆ្នាំ គឺពីឆ្នាំ២០១៤ ដល់ ២០២០ ផ្តោតលើវិស័យអត្ថិភាពសំខាន់ៗចំនួន ៤ធំៗ ទី១ វិស័យ អប់រំ ទី២ វិស័យកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ ជុលផល ទី៣ ការធ្វើកំណែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈ និងទី៤ គឺការធ្វើកំណែទម្រង់វិមជ្ឈការ។

 

 

Share

Image
Image
Image