en     km
en     km

ឧទ្យានុរក្ស​នារី​ស្ម័គ្រចិត្ត​៖ ​« ​ព្រៃ​ឈើ​ជា​សម្បត្តិ​ប្រជា​សហគមន៍​ ខ្ញុំ​ស្រឡាញ់​ស្ទើ​ស្មើ​​ជីវិត​តាំង​ពី​កុមារ​»​

Share

សំឡេង៖
 ភ្នំពេញ​៖​ យុវតីវ័យក្មេង​​ម្នាក់​​បាន​ក្លាយ​ខ្លួន​ជាឧទ្យា​នុរក្ស​នារី ព្រោះ​តែ​ទឹក​ចិត្ត​ស្រឡាញ់​​​ព្រៃ​ឈើ​ សត្វ​ព្រៃ​តាំង​ពី​វ័យ​កុមារ​ ហើយ​នាង​បាន​ចាត់​ទុក​ព្រៃ​ឈើ​ជា​សម្បត្តិ​រួម​​របស់​ប្រជា​សហគមន៍​ទាំង​មូល ​ដែល​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក​សំឡូត​ ​ខេត្ត​បាត់​ដំបង​។​ ទឹក​ចិត្ត​ស្រឡាញ់​ព្រៃ​ឈើ​ ចង់​ការពារ​ព្រៃ​ឈើ​ បាន​ធ្វើ​ឱ្យ​យុវ​សិស្ស​រូប​នេះ​ យក​ពេល​វេលា​ទំនេរ​ពី​ការ​សិក្សា​ មក​ស្ម័គ្រ​ចិត្ត​ផ្សងគ្រប់ឧបសគ្គ​​ដើម្បី​ចុះ​ល្បាត​ព្រៃ​និង​ការ​ពារ​ព្រៃ​ ចុះ​បង្រៀន​ប្រជា​ជន​នៅ​ក្នុង​សហ​គមន៍​ពី​សារៈ​សំខាន់​នៃ​ព្រៃ​ឈើ​ រួម​គ្នា​ការ​ពារ​កុំ​ឱ្យ​មាន​ករណី​កាប់​បំផ្លាញ​ព្រៃ​ រួម​ទាំង​បង្កើត​កម្ម​វិធី​សម្អាត​បរិស្ថាន​ជា​ដើម​នៅ​ក្នុង​ភូមិ​​ក្នុង​បំណង​លើក​សម្រស់​សហ​គមន៍​ដែល​ខ្លួន​រស់​នៅ​។​
Preoung-Poin-cover
​យុវតី ព្រឿង ភ័ណ្ឌ ពេលផ្តល់កិច្ចសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ WMC

យុវតី​មាន​សម្បុរ​ស្រអែម​ ​មាន​កម្ពស់​ជាង​មួយ​ម៉ែត្រ​ហុក​សិប មាន​ទឹក​មុខ​មាំ​អម​ដោយ​ស្នាម​ញញឹម​រុះ​រាយ​រាក​ទាក់​ក្នុង​ការ​និយាយ​ ​មាន​កាយ​វិការ​រហ័ស​រហួន​គូប​ផ្សំ​ដោយ​សំឡេង​ស្រទន់​មាន​ពី​ធម្ម​ជាតិ​ ​មាន​ឈ្មោះ​ថា ព្រឿង ភ័ណ្ឌ គឺ​ជា​ឧទ្យានុ​រក្ស​នារី​វ័យ​ក្មេង​ ​មាន​អាយុ​ ២០​ ​ឆ្នាំ​។ ភ័ណ្ឌ មាន​ស្រុក​កំណើត​នៅ​ភូមិ​សំឡូត​ ឃុំ​សំឡូត ស្រុក​សំឡូត​ ខេត្​តបាត់​ដំបង​ ហើយ​បច្ចុប្បន្ន​ជា​សិស្ស​ថ្នាក់​ទី​១២​ នៃ​​វិទ្យា​ល័យ​សំឡូត​ ​និង​ជា​​ឧទ្យានុ​រក្ស​នារី​ការពារ​តំបន់​ព្រៃ​សំឡូត​និង​សហ​គមន៍​អូរ​ទទឹង​។​ ភ័ណ្ឌ នាង​បាន​ចាត់​ទុក​ព្រៃ​ជា​សម្ប​ត្តិរបស់​មនុស្ស​ជាតិ​ទូ​ទៅ​ ​​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​មនុស្ស​ព្រម​ទាំង​ស្រឡាញ់​ព្រៃ​ឈើ​ស្ទើ​ស្មើ​ជីវិត​របស់​ខ្លួន​។ ការងារ​មួយ​នេះ រូប​គេ​បាន​ធ្វើ​វា​មាន​រយៈ​ពេល​ជាង​ ២ ទៅ​ហើយ​ចាប់​តាំង​ពី​ចូល​រៀន​នៅ​ថ្នាក់​វិទ្យា​ល័យ​។​

មាន​ទី​លំ​នៅ​ជាប់​តំបន់​ព្រៃ​ភ្នំ ដាច់​ស្រយាល​ពី​ទី​រួម​ខេត្ត​បាត់​ដំបង កាល​វ័យ​កុមារ​ យុវតី​មាន​សំឡេង​ពិរោះ​រូប​នេះ​ ធ្លាប់​រត់​លេង ធ្លាប់​ច្រៀង​នៅ​តាម​ព្រៃ​ពេល​ឡើង​ភ្នំ​ចុះ​ភ្នំ​ជា​មួយ​បង​ប្អូន​និង​ឳពុក​។ ភ័ណ្ឌ បាន​ចាត់​ទុក​ព្រៃ​ជា​ទី​កម្សាន្ត​សម្រាប់​លំហែ​អារម្មណ៍​របស់​ខ្លួន​ធ្វើ​ឱ្យ​ជីវិត​ស្រស់​ថ្លា និង​មាន​ចិត្ត​មាន​ក្តី​ស្រមៃ​ចង់​ធ្វើ​ការងារ​ជា​អ្នក​អភិរក្ស​ព្រៃ​ឈើ​តាំង​ពី​វ័យ​កុមារ​៖ « ខ្ញុំ​ចូល​ចិត្ត​ព្រៃ​ឈើ ចូល​ចិត្ត​ច្រៀង​លេង​សប្បាយ​នៅ​ក្នុង​ព្រៃ ហើយ​ខ្ញុំ​សន្យា​ខ្លួន​ឯង​ថា​នឹង​ព្យាយាម​ការ​ពារ​ព្រៃ​នៅ​តំបន់​ដែល​ខ្ញុំ​រស់​នៅ​ ដើម្បី​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​ជំនាន់​… ខ្ញុំ​មាន​គំនិត​ថា​ស្រឡាញ់​ស្ទើ​ស្មើ​ជីវិត​តាំង​ពី​កុមារ​»​។

ព្រឿង ភ័ណ្ឌ
ព្រឿង ភ័ណ្ឌ ច្រៀងនៅក្នុងព្រៃសំឡូត ខេត្តបាត់ដំបង ខណៈនាងកំពុងចុះបំពេញការងារជាមួយក្រុមការងារ ដើម្បីដើរល្បាតព្រៃ

យុវតី ព្រឿង ភ័ណ្ឌ បាន​រៀប​រាប់​ពី​មូល​ហេតុ​ដែល​ជំ​រុញ​ចិត្ត​ឱ្យ​នាង​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ឧទ្យានុ​រក្ស​ថា​៖​ « រយៈ​ពេល​ជាង​ ១​ ​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជា​មួយ​អង្គ​ការ​ ម៉ាដក្ស ចូ​លី​ ភីត (Maddox Jolie-Pitt) ដែល​ជា​មូល​និធិ​របស់​អ្នក​ស្រី​ Angelina Jolie តារា​ហូ​លី​វូដ​ដ៏​ល្បី​របស់​អាមេរិច​បង្កើត​ឡើង​ដើម្បី​ការពារ​ព្រៃឈើ ​​សត្វ​ព្រៃ នៅ​តំបន់​ស្រុក​សំឡូត​ និង​សហគមន៍​អូរ​ទទឹង ស្ថិត​ក្នុង​ខេត្ដ​បាត់​ដំបង​។ ដំបូង​ឡើង​ខ្ញុំ​មិន​ដឹ​ងថា ព្រៃ​ឈើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ការងារ​ទាំង​នេះ​ ខ្ញុំ​ដឹង​ច្បាស់​ថា​ ព្រៃ​ឈើ​ជួយ​ការពារ​ខ្យល់​ព្យុះ ព្រៃ​ជា​ប្រភព​ទាក់​ទាញ​ទឹក​ភ្លៀង ទប់​ស្កាត់​គ្រោះ​រាំង​ស្ងួត​ ផ្តល់​ជម្រក​ដល់​សត្វ​ព្រៃ​ ជា​ពិសេស​ព្រៃ​ឈើ​បាន​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ពល​រដ្​ឋក្នុង​សហគមន៍​ដែល​ខ្ញុំ​រស់​នៅ​។ ​

​យុវតី ​រូប​នេះ​ ​បាន​រៀប​រាប់​បន្ត​ទៀត​ថា​ ​សព្វ​ថ្ងៃ​ប្រសិន​បើ​ពុំ​មាន​ការ​ការ​ពារ​នោះ​ទេ​ ​ព្រៃឈើ​នឹង​បាត់​បង់​អស់​ជា​ពុំខាន​ ព្រោះ​បច្ចុប្បន្ន​មាន​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​កាប់​ឈើ​ព្រៃ​យ៉ាង​ច្រើន​ ​ហើយ​បើ​ការពារ​ព្រៃ​ឈើ​បាន​ល្អ​ នោះ​ព្រៃ​នឹង​អាច​គង់​វង្ស​ និង​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បាន​យ៉ាង​ច្រើន​។​

ភ័ណ្ឌ ​ ​បាន​បញ្ជាក់​ថា​៖​ ​«​ចំណេះ​ដឹង​ដែល​ខ្ញុំ​បាន​រៀន​ ខ្ញុំ​បាន​អនុវត្ត​ន៍​ផ្ទាល់​នៅ​ក្នុង​ព្រៃ​ ​ការងារ​ទាក់ទង​នឹង​ព្រៃ​ឈើ​ និង​ការងារ​នៅ​ក្នុង​សហគម​ន៍​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​ ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​យក​វា​ទៅ​អនុវត្ត​ជា​មួយ​ការ​សិក្សា​ ហើយ​ការងារ​របស់​ខ្ញុំ​បាន​ជួយ​ដល់​សង្គម​ និង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បាន​យ៉ាង​ច្រើន​»​។​ ​ការងារ​ស្ម័គ្រ​ចិត្ត​ការពារ​ព្រៃ​មិន​បាន​ផ្តល់​លុយ​កាក់​បាន​ច្រើន​ដល់​ ​ភ័ណ្ឌ​ ​នោះ​ទេ​ ក្រៅ​ពី​ប្រាក់​ឧបត្ថម្ភ​ការ​ធ្វើ​ដំណើរ​បន្តិច​បន្តួច​ ប៉ុន្តែ​ឧទ្យានុ​រក្ស​នារី​វ័យ​ក្មេង​រូប​នេះ​គិត​ថា​ ការ​ងារ​ទាំង​នោះ​បាន​ជួយ​បង្រៀន​ឱ្យ​ខ្លួន​មាន​ភាព​ក្លាហ៊ាន​ ​យល់​ដឹង​ច្រើន​ពី​ការងារ​នៅ​ក្នុង​សង្គម​ ​និង​ជា​ការ​ងារ​មួយ​ដែល​ជួយ​អភិរក្ស​ព្រៃ​ឈើ​ ​សត្វ​ព្រៃ​របស់​កម្ពុជា​ឱ្យ​បាន​គង់​វ​ង្ស​សម្រាប់​ថ្ងៃ​ខាង​មុខ​ ​និង​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​បាន​ស្គាល់​ព្រៃ​ឈើ​នៅ​កម្ពុជា​។ ​

edited
​ព្រឿង​ ​ភ័ណ្ឌ​ ​ពេល​កំពុង​​ប្រឡង​ច្រៀង​ក្នុង​ កម្មវិធី​ Th​e​ Cambodia​ ​Idol​ ក្នុងវគ្គ Judge Audition

ឧទ្យានុ​រក្ស​វ័យ​ក្មេង​រូប​នេះ​ បា​ន​ឱ្យ​ដឹង​ពី​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ ​ក្នុង​មួយ​សប្តាហ៍​រូប​គេ​នឹង​ក្រុម​ការងារ​ មាន​សមាជិក​ទាំងអស់​ចំនួន​ ​១៥​ ​នាក់​ក្នុង​នោះ​មាន​តែ​ឧទ្យានុ​រក្ស​នារី​តែ​ ​២​ ​នាក់​ ​ត្រូវ​ចុះ​ទៅ​ដើរ​ល្បាត​ព្រៃ​ម្តង​ៗ​។​ ​ព្រៃ​ឈើ​ដែល​ ​ភ័ណ្ឌ​ នឹង​ក្រុម​ការងារ​ត្រូវ​ចុះ​ល្បាត​មាន​ផ្ទៃដីទំហំ​ជាង​ ​៣០​ ​ហិចតា​ ​ត្រូវ​ដើរ​រយៈ​ពេល​មួយ​ថ្ងៃ​ពេញ​ ដោយ​បែងចែកគ្នា​ជា​ពី​រ​ក្រុម​។​ ប្រសិន​បើ​មាន​ជួប​ករណី​កាប់​ឈើ​ព្រៃ​ ​ឧទ្យានុរក្ស​ទាំង​អស់​មា​ន​សិទ្ធិ​ឃាត់​ខ្លួន​ជា​បន្ទាន់​ ដើម្បី​ធ្វើ​របាយការណ៍​ផ្សេង​​ៗ ​និង​ផ្តល់​ព័ត៌មាន​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

​ការ​ងារ​ជា​ អ្នក​ការពារ​ព្រៃ​ប្រឈម​មុខ​ច្រើន​ នឹង​គ្រោះ​ថ្នាក់​ ​រាប់​ទាំ​ងការ​ធ្វើ​ដំណើរ​ និង​ការ​គំរាម​កំហែង​ពី​ជន​ប្រព្រឹត្ត​ល្មើស​កាប់​ឈើ​ ជា​ពិសេស​ក្នុង​នាម​ជា​ស្ត្រី​ពេល​ដែល​ចុះ​ទៅ​បំពេញ​ការងារ​ម្តង​ៗ​ ​កន្លង​នៅ​តែង​ជួប​អ្នក​កាប់​ឈើ​ព្រៃ​មក​ពី​តំបន់​ឆ្ងាយ​ៗ​ ហើយ​ពិបាក​ហាម​ឃាត់​អ្នក​ទាំង​នោះ​ឱ្យ​បញ្ឈប់​សកម្មភាព​កាប់​ឈើ​។​ ​ប៉ុន្តែ​ទី​បំផុត​ ការ​និយាយ​បញ្ចុះ​បញ្ចូល​លើក​ហេតុផល​ពន្យល់​ផ្សេង​ៗ​ពី​ក្រុម​ឧទ្យា​នុរក្ស​ ​បាន​ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្ត​ល្មើស​ទទួល​យក​ ​និង​មិន​ធ្វើ​សកម្ម​ភាព​កាប់​ឈើ​ព្រៃ​បន្ត​។​ ​ភ័ណ្ឌ​ ​បាន​ឱ្យ​ដឹង​ថា​ ការ​ងារ​ដែល​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​ ​រូប​គេ​មិន​ដែល​ត្អូញ​ត្អែរ​ ​ហត់​នឿយ​ ​​ឬ​ភ័យ​ខ្លាច​នោះ​ទេ​ ​ព្រោះ​ការងារ​ទាំង​នោះ​ ​មាន​ការ​លើក​ទឹក​ចិត្ត​គាំ​ទ្រ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ពិសេស​គឺ​មាន​ម្តាយ​ឪពុក​។​​

លោក​ ​ព្រឿង​ ​សុផៃ​ ​ជាប​​ង​ប្រុស​ ​ភ័ណ្ឌ​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ ​«​ទាំង​ម្តាយ​ឳពុក​ ​ទាំង​បង​ប្អូន​ទាំង​អស់​ តែង​គាំទ្រ​ការងារ​របស់​ប្អូន​ស្រី​ខ្ញុំ​ជា​និច្ច​ ​ការងារ​ជា​ឧទ្យានុ​រក្ស​បាន​ជួយ​ដល់​សង្គម​យ៉ាង​ច្រើន​ ក៏​ដូចជា​ប្រជាជន​រស់​នៅ​សហគមន៍​តំបន់​សំឡូត​ ទាំ​ង​មូល​។​ … ឱ្យ​តែ​ធ្វើ​ការងារ​ជួយ​សង្គម​ទាក់ទង​ទៅ​នឹង​ជួយ​ប្រជាជន​ ​ជួយ​ការពារ​ព្រៃ​ ​ការពារ​ធម្មជាតិ​ជា​ដើម​ ​ម្តាយ​ឪពុក​គាត់​តែង​គាំទ្រ​ជានិច្ច​ ​ព្រោះ​ម្តាយ​ខ្ញុំ​ក៏​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ព្យា​បាល​ជំងឺ​ឱ្យ​ពល​រដ្ឋ​នៅ ​តំបន់​នោះ​ដែរ​»​។​

នៅ​ពេល​សួរ​ទៅ​កាន់​ ​ភ័ណ្ឌ​​​ ​ថា​តើ​នៅ​ថ្ងៃ​អនាគត​ ​ភ័ណ្ឌ​ ​ធ្វើ​ការងារ​ជា​ឧទ្យានុ​រក្ស​បន្ត​ ​ឬ​មាន​គោល​បំ​ណង​ចង់​ធ្វើការ​អ្វី​ផ្សេង​?​ ​យុវ​តី​រូប​នេះ​ និយាយ​អម​ដោយ​ស្នាម​ញញឹម​ថា​៖​ ​«​ក្រៅ​ពី​ការងារ​អភិរក្ស​ព្រៃ​ ​ខ្ញុំ​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​ដ៏​ល្បី​ម្នាក់​ ព្រោះ​ការងារ​ជា​សិល្បៈ​ធ្វើ​ឱ្យ​ខ្លួ​ន​រីក​រាយ​ ​ព្រម​ទាំង​អាច​ជួយ​ដល់​មនុស្ស​នៅ​ក្នុង​សង្គម​បាន​ដែរ​ ហើ​យក​ន្លង​ទៅ​ខ្ញុំ​ធ្លាប់​ច្រៀង​លេ​ងជា​មួយមិត្ត​ភក្តិ​រួម​ការ​ងារ​ ខ្ញុំ​ចូល​ចិត្ត​ច្រៀង​ទោះ​នៅ​ក្នុង​ព្រៃ​ក្តី​ ​ឬ​ទីក​ន្លែង​ផ្សេង​ៗ​ ហេតុ​នេះ​ហើយ​ទើប​ជំរុញ​ចិត្ត​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ចម្រៀង​អាជីព​មួយ​នៅ ​ថ្ងៃ​អនាគត​​»​។​

Preoung-Poin-3
យុវតី​ ​ព្រឿង​ ​ភ័ណ្ឌ​ ​និង បងប្រុសរបស់នាង

ដើម្បី​ឱ្យ​ក្តី​ប្រាថ្នា​របស់​ខ្លួន​ក្លាយ​ជាការ​​ពិត​យុវតី​ ​ព្រឿង​ ​ភ័ណ្ឌ​ ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​បេក្ខ​ភាព​កំពុង​ចូលរួម​ប្រឡង​ច្រៀង​ក្នុង​ កម្មវិធី​ Th​e​ Cambodia​ ​Idol​ ​កំពុង​មាន​ការ​គាំទ្រ​ពី​ទស្សនិក​ជន​ ​និង​គណៈ​កម្មា​ការ​វាយ​តម្លៃ​ក្នុង​កម្ម​វិធី​នេះ​ នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ល្បី​មួយ​នៅ​ក្នុង​ប្រទេស​។​ ​នាង​នៅ​តែ​ប្រកាន់​គោល​ជំហរ​ដ៏​រឹង​ប៉ឹង​របស់​ខ្លួន​ថា​ ​បើ​ទោះ​បីរូ​ប​គេ​ក្លាយ​ជា​អ្នក​ច្រៀង​នៅ​ថ្ងៃ​ណា​មួយ​ក្តី​ ការងារ​ការពារ​ព្រៃ​ឈើ​នាង​មិន​បោះ​បង់​ចោល​ឡើយ​ ​នៅ​តែ​បន្ត​ធ្វើ​ដដែល​ ​​ព្រោះ​ ​ភ័ណ្ឌ​ ​ស្រឡាញ់​ព្រៃ​ឈើ​តាំង​ពី​កុមារ​ ហើយ​មិន​ចង់​ឃើញ​ព្រៃឈើ​បាត់បង់​ឡើយ​។​

បេក្ខ​ភាព​ប្រឡង​ចម្រៀង​ក្នុង ​កម្មវិធី​ ​The​ ​Cambodia​ ​Idol​ ​រូបនេះ​ ​មាន​បង​ប្អូន​ស្រី​ប្រុស​ចំនួន​ ​៦​ នាក់​រស់​នៅ​ក្នុង​គ្រួសារ​មាន​ជីវភាព​មធ្យម​។​ ​ភ័ណ្ឌ​ ​ជាស្រី​ ​ទី​៤​ ​ក្នុង​គ្រួសារ​ មា​ន​ម្តាយ​ឪពុក​ជាក​សិករ​។​ ​ក្រៅ​ពី​ប្រកបរបរ​ធ្វើ​ស្រែ​ចំការ​ ម្តាយ​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ សហគមន៍​​​​ ​ចំណែក​ឳពុក​ក៏​ឆ្លៀត​ពី​ការងារ​ស្រែ​ចម្ការ​ធ្វើ​ជា​ប្រជា​សហគមន៍​ការពារ​ ព្រៃ​ឈើ​ក្នុង​តំបន់​ផង​ដែរ​៕​

Share

Image
Image
Image