en     km
en     km

អ.ស.ប​ សន្យាបន្ត​ជួយ​ហ្វឹក​ហ្វឺន​ជំនាញ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ដល់ទ័ព​មួក​ខៀវ​កម្ពុជា

Share

ភ្នំពេញ៖ ក្រុមជំនាញវិស័យគ្រឿងផ្ទុះរបស់អង្គការសហប្រជាជាតិ (UNMAS) បង្ហាញឆន្ទៈបន្តជួយហ្វឹកហ្វឺនកងយោធាមួកខៀវកម្ពុជា ពាក់ព័ន្ធជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៨។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្ហាញជំហរក្នុងការបន្តជួយបណ្ដុះបណ្ដាលដល់កងយោធាមួកខៀវកម្ពុជានេះ ធ្វើឡើងក្រោយពីធីបិទបញ្ចប់វគ្គហ្វឹកហ្វឺនលើផ្នែកនេះ បន្ទាប់ពីហ្វឹកហ្វឺនរយៈពេលប្រាំបីសប្ដាហ៍នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ។

លោក​ អែន​ ឌ្រូ​ ស្តេត​មែន​ (Andrew Stedman) ​តំណាង​មន្ត្រីនៃក្រុមជំនាញវិស័យគ្រឿងផ្ទុះរបស់អង្គការសហប្រជាជាតិ ​​ ថ្លែងថា ការ​ហ្វឹក​ហ្វឺន​ឲ្យ​ដល់​សិក្ខា​កាម​កង​យោធា​មួកខៀវកម្ពុជា​ ក្នុងភារៈជាគ្រូបង្គោលលើ​ជំនាញ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​ដើម្បីឱ្យពួកគាត់ ​យក​ចំណេះ​ដឹង​លើ​វិស័យ​នេះ ទៅ​បង្រៀន​បន្ត​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ទាំង​ឡាយ ​មុន​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​បេសកកម្ម​រក្សា​សន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោក ​សែម ​សុវណ្ណនី ​អនុ​ប្រធាន​ទី២ ​អាជ្ញាធរ​មីន​កម្ពុជា​ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌ​លជាតិ​រក្សា​សន្តិភាព ​​សំដែង​នូវ​ក្តី​មោទនភាព​ចំពោះ​វត្ត​មាន​របស់​មន្ត្រី​ UNMAS ​និង​ក្រុម​គ្រូ ​TDI​ ​ចំនួន​ប្រាំ​រូប ​ដែល​បន្ត​ជួយ​ជ្រោម​ជ្រែ​ងបណ្តុះ​បណ្តាល​សមត្ថភាព​ឲ្យ​ដល់​កង​យោធពល​ខេមរភូមិន្ទ​  ពិសេស​គ្រូ​បង្គោល​កម្ពុជាលើជំនាញនេះ។ ​

ការបណ្ដុះបណ្ដាលលើ​ជំនាញ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះនេះ ពិតជាមានសារៈប្រយោជន៍ខ្លាំងមុន ​នឹងបញ្ជូនទៅ​កាន់​តំបន់​​បេសកកម្ម​ នៅ​សា​ធា​រណរដ្ឋ​ម៉ា​លី ដែលប្រឈមទៅនឹងហានីភ័យខ្ពស់ជាងគេ។

ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេស មានប្រមាណជាង ៥ម៉ឺននាក់ក្នុងនោះមានស្ត្រីជាង ២០០នាក់៕

Share

Image
Image
Image