en     km
en     km

អ្នក​អភិរក្ស​ព្រៃឈើ​ និង​អ្នកវិភាគ​ ៖​ គេ​ត្រូវ​កោះហៅ​ឈ្មួញ​ធំៗ​ ពាក់ព័ន្ធ​កាប់​ព្រៃឈើ​ម​ ចោទសួរ​ជា​ជាង​ ឈ្មួញ​ថ្នាក់ទាប​

Share

ចាប់តាំងពី​បង្កើត​គណៈ​ក​ម្មា​ការ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ ដែល​បង្កើត​ឡើង​ដោយ​សម្តេច​នាយក​រដ្ឋ​ មន្ត្រី​ ហ៊ុន​ សែន​ កាលពី​ឆ្នាំ​ ២០១៥​ កន្លង​មក​គឺ​ រហូត​មក​ទល់​ពេល​នេះ​ មន្ត្រី​នៃ​គណៈ​ក​ម្មា​ការ​នេះ​ មិន​ទាន់​បញ្ជាក់​ពី​ទំហំ​ឈើ​ស្របច្បាប់​ ឬ​ឈើ​ខុសច្បាប់​បាន​ប៉ុន្មាន​ម៉ែត្រ​ដែល​ត្រូវ​បាន​រឹបអូស​ឱ្យ​ជាក់លាក់​នៅឡើយ​ទេ​។​ ក៏​ប៉ុន្តែ​ មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​អះអាង​ថា​  កាលពី​ថ្មីៗ​នេះ​ តុលាការខេត្ត​ត្បូងឃ្មុំ​ បាន​ចេញ​ ដីការ​កោះហៅ​ឈ្មួញ​រកស៊ី​កាប់​ឈើ​ថ្នាក់ទាប​ ៩​ នាក់​ ឱ្យ​ចូល​មក​បំភ្លឺ​ពាក់ព័ន្ធ​និង​ករណី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ជួញដូរ​ឈើ​ខុសច្បាប់​ នៅ​កម្ពុជា​។​

​តើ​តុលាការ​ចេញ​ដីការ​កោះហៅ​ឈ្មួ​ន​ឈើ​ ៩​ រូប​នេះ​ អាច​នឹង​បង្ហាញ​ពី​ឈ្មួញ​ឈើ​ធំ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ពីក្រោយ​បាន​ឬទេ​?​ តទៅ​នេះ​សូម​អ​ញ្ចើ​ញ​ស្តាប់​បទ​សេចក្ដីរាយការណ៍​របស់​ លោក​ ធូ​ វិ​រៈ​ ដូច​តទៅ​៖

 

មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​ការ​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា​បាន​រិះគន់​ គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថា​ បង្ក្រាប​បាន​តែ​អ្នក​រកស៊ី​ជួញដូរ​ឈើ​តូចតាច​ ខណៈ​ឈ្មួញ​ឈើ​ធំៗ​នៅ​តែ​រួចខ្លួន​ដដែល​។​

cover-Forest--Land-concession
រូបតំណាង

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ (ADHOC)​ ប្រចាំ​ខេត្ត​ត្បូងឃ្មុំ​ លោក​ នាង​ សុ​វ៉ា​ត​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ លោក​កំពុង​តាមដាន​ដំណើរការ​នៃ​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​ថា​ តើ​ឈ្មួញ​ឈើ​ទាំង​ ៩​ រូប​នោះ​ភាគច្រើន​ជា​មេការ​ឃ្លាំង​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដែរ​ឬ​អត់​?
​លោក​ សុ​វ៉ា​ត​ បន្ត​ថា​ តាម​ការ​អង្កេត​របស់​លោក​ ក្រុម​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅ​និង​ករណី​បំផ្លាញ​ព្រៃឈើ​ និង​ជួញដូរ​ព្រៃឈើ​ខុសច្បាប់​ ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ​ មិនមែន​មាន​ត្រឹមតែ​ ៩​ នាក់​នោះ​ទេ​។​

លោក​ថា​៖«​ក្រុម​ឈ្មួញ​អាច​ មាន​ពី​ ៣០​ ទៅ​ ៥០​ នាក់​ឯណោះ​។​ លោក​ថា​ ជុំវិញ​ករណី​នេះ​ លោក​នឹង​តាមដាន​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​បន្ត​ទៀត​ផង​ដែរ​»​។​

ចំណែក ​ប្រធាន​អង្គការ​កិច្ច​ការងារ​ពិសេស​សិទ្ធិ​មនុស្ស​ លោក​ អ៊ួ​ច​ ឡេ​ង​ មាន​ប្រសាសន៍​ថា​ ការ​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល​នេះ​ គឺ​គ្រាន់តែ​ធ្វើ​ឱ្យ​ល្អមើល​ប៉ុណ្ណោះ​ ហើយ​ការ​កោះហៅ​ឈ្មួញ​ឈើ​ ៩​ រូប​នេះ​ ដែល​ភាគច្រើន​ជា​មេការ​ឃ្លាំង​ស្តុក​ឈើ​ម​សាកសួរ​នៅ​ពេល​នេះ​ទំនងជា​មិន​អាច ​ចាប់​ឈ្មួញ​ឈើ​ធំៗ​មក​ផ្តន្ទាទោស​តាម​បាន​ឡើយ​។​

លោក​បន្ត​ថា​៖​ «​ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​មាន​ ប្រសិទ្ធភាព​នោះ​ រាជ​ដ្ឋា​ល​ ភិ​បាល​ត្រូវ​តែ​បិទ​រោង​សប្ប​កម្ម​កែ​ច្នៃ​គ្រឿ​សង្ហា​រម​ធំៗ​ឲ្យ​អស់​ ព្រោះ​កន្លែង​ទាំងនេះ​គឺជា​ឬ​ស​គល់​នៃ​ការ​នាំ​ចេញ​ឈើ​ទៅ​ក្រៅប្រទេស​»​។​

ជុំវិញ​បញ្ហា​នេះ​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ បាន​អះអាង​ថា​ គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ទទួល​បាន​ជោគជ័យ​ច្រើន​ក្នុង​ការ​បង្ក្រាប​ ហើយ​លោក​ថា​ ចំពោះ​ការ​រិះគន់​របស់​សង្គម​ស៊ី​វិល​ គឺ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ​។​

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ អេ​ង​ ហ៊ី​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ គឺ​គណៈកម្មកា​នេះ​ បាន​ទប់ស្កាត់​មិន​ឱ្យ​មានការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស​នៅ​តាម​ច្រករបៀង​ទៀត​ឡើយ​។​ លោក​បន្ថែម​ថា​ គណៈកម្មការ​នេះ​ កំពុង​បន្ត​ការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្ម​  ដោយ​មិន​ត្រូវ​រើសអើង​ ក្រុម​នេះ​ ឬ​ក្រុម​នោះ​ឡើយ​។​

លោក​មាន​ប្រសាសន៍​ថា​៖​ «​ការ​រិះគន់​របស់​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើ​ឡើ​នៅ​ពេល​នេះ​ថា​ គ្រាន់តែ​ជា​សិទ្ធ​ក្នុង​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ​»​។​

ទោះបី​យ៉ាងណា​ក៏​ដោយ​ជុំវិញ​ការ​ចេញ​ដីការ​កោះហៅ​ឈ្មួញ​រកស៊ី​កាប់​ព្រៃឈើ​ចំនួន​ ៩​ រូប​នេះ​ ឱ្យទៅ​បំភ្លឺ​នៅ​តុលាការ​នេះ​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ទាំង​ពីរ​ខាងលើ​ក៏​ពុំ​ទាន់​សន្តិ​ដ្ឋា​ន​ថា​ គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ឬ​ក៏​តុលាការ​អាច​នឹង​បង្ហាញ​មេ​ឈ្មួញ​ឈើ​ធំៗ​ដែល​ជាប់​ពាក់ព័ន្ធ​និង​ការ​កាប់​ បំផ្លាញ់​ព្រៃឈើ​ និង​ការ​ជួញដូរ​ឈើ​ខុសច្បាប់​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​។​ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ទាំងនេះ​អះអាង​ ថា​ពួក​គេ​នឹង​សាកសួរ​ ឈ្មួញ​ រកស៊ី​កាប់​ឈើ​ទាំង​ ៩​ នាក់​នេះ​ដោយ​ យក​ទុកដាក់​បំផុត​។​

ប្រហាក់ប្រហែល​គ្នា​នេះ​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​ ឈ្មួញ​រកស៊ី​ឈើ​ ៩​ នាក់​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​ជួញដូរ​ឈើ​ខុសច្បាប់​ពិតប្រាកដ​មែន​ ហើយ​កាត់ទោស​តែ​ ៩​ នាក់​នេះ​ ឱ្យ​ជាប់​ពន្ធនាគារ​ ដោយ​មិន​បាន​វែកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​នោះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ​គ្រាន់តែ​កុំឱ្យ​លុយ​បែក​ខ្ចាយ​ទៅ​ណា​ច្រើន​ពេក​ប៉ុណ្ណោះ​ ហើយ​យន្តការ​នេះ​មិន​ខុស​គ្នា​កាលពី​៥​ឆ្នាំ​មុន​នោះ​ដែរ​។​

លោក​រំឭក​ថា​ កាលពី​ ៥​ ទៅ​ ៦​ ឆ្នាំ​មុន​ រាជរដ្ឋាភិបាល​ក៏​ធ្លាប់​មាន​យន្តការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​ខ្លាំងក្លា​ដែរ​ ប៉ុន្តែ​ជា​លទ្ធផល​ពេល​នោះ​គ្រាន់តែ​លុប​បំបាត់​ក្រុម​ឈ្មួញ​ឈើ​គ្មាន​អំណាច​ និង​តូចតាច​ ហើយ​ឈ្មួញ​ឈើ​ដែល​មាន​អំណាច​ឥទ្ធិពល​មួយ​ចំនួន​នៅ​តែ​អាច​កាប់​បំផ្លាញ់​ព្រៃឈើ​ និង​ជួញដូរ​ឈើ​ខុសច្បាប់​បាន​រហូត​មក​ទល់​ពេល​នេះ​។​

លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​៖​ «​ប្រ​សិន​ចាប់​តែ​ឈ្មួញ​ឈើ​តែ​ ៩​ នាក់​ បាន​ន័យ​ភាព​អយុត្តិធម៌​នៃ​ឧក្រិដ្ឋកម្ម​ព្រៃ​នៅ​តែ​អនុវត្ត​មិន​បាន​ល្អ​ប្រសើរ​នៅឡើយ​។​ ខ្ញុំ​គិត​ថា​ដូច​ជា​មិន​ទាន់​អស់​ទេ​ អ្នក​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ​វា​មាន​ច្រើន​ជាង​ហ្នឹង​ទៀង​»​។​

កាលពី​ថ្ងៃ​ទី​ ២៥​ កុម្ភៈ​ កន្លង​ទៅ​  នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​ក្រសួងបរិស្ថាន​ថ្មី​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ប្រើ​អាវុធ​បំពាក់​លើ​ឧទ្ធម្ភាគចក្រ​ បង្ក្រាប​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ ប្រសិនបើ​ពួក​គេ​នៅ​តែ​រឹងទទឹង​មិន​ព្រម​បញ្ឈប់​សកម្មភាព​ជួញដូរ​ឈើ​ខុសច្បាប់​៕​

Share

Image
Image
Image