en     km
en     km

អ្នក​នាំ​ពាក្យ​​ក្រសួង​យុត្តិធម៌​​បដិសេធ​​របាយការណ៍​​អង្គការ​​លី​កាដូ​​ ដែល​​ថា​​កម្ពុជា​​មាន​​អ្នក​ទោស​​នយោបាយ​

Share

ភ្នំពេញ ៖ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ គឹ​ម​ សន្តិភាព​ បដិសេធ​ចំពោះ​របាយការណ៍​របស់​អង្គការ​ លី​កាដូ​(​ LICADHO​ )​ ដែល​បាន​ចេញផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ថា​ ចំនួន​អ្នកទោស​នយោបាយ​ដែល​បាន​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាន់តែ​មានការ​កើន​ទ្បើ​ង​យ៉ាង​ខ្លាំង​ ។​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូប​នេះ​លើក​ឡើង​ថា​ កម្ពុជា​គ្នាន​អ្នកទោស​នយោបាយ​នោះ​ទេ​ ។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​!

 

Ministry-justice-pre

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ គឹ​ម​ សន្តិភាព​បាន​ច្រានចោល​ចំពោះ​ការ​លើក​ទ្បើ​ង​របស់​អង្គការ​លី​កាដូ​ថា​ កម្ពុជា​មានការ​កើន​ទ្បើ​ង​ចំនួន​អ្នកទោស​នយោបាយ​ ។​ លោក​បញ្ជាក់​បាន​ថា​ កម្ពុជា​គ្មាន​អ្នកទោស​នយោបាយ​ម្នាក់​នោះ​ទេ​ នៅ​ក្នុង​ពន្ធនាគារ​ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំងអស់​ទូ​ទាំង​ប្រទេស​ គឺ​មាន​តែ​អ្នក​ជាប់​ឃុំ​ក្នុង​បទ​ចោទ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ​ ។​ លោក​គឹ​ម​ សន្តិភាព​ បញ្ជាក់​ទៀត​ថា​ អង្គការ​លី​កាដូ​ កំពុង​ដើរ​ចេញ​ឆ្ងាយ​ពី​វិជ្ជាជីវៈ​ និង​លក្ខន្តិកៈ​របស់​ខ្លួន​ហើយ​ ។​

​នា​ពេល​ថ្មីៗ​នេះ​អង្គការ​លី​កាដូ​ បាន​ចេញផ្សាយ​របាយការណ៍​ថា​ ចាប់តាំងពី​ខែឧសភា​ ឆ្នាំ​២០១៥​មក​ ការ​បំភិតបំភ័យ​របស់​រាជរដ្ឋាភិបាល​មក​លើ​អ្នក​រិះគន់​ គឺ​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ទ្បើ​ង​ ។​ ហើយ​ចំនួន​អ្នកទោស​នយោបាយ​ដែល​បាន​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាន់តែ​មានការ​កើន​ទ្បើ​ង​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​អាជ្ញាធរ​កាន់តែ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ដើម្បី​បំបិទ​សំ​ទ្បេ​ង​មតិ​រិះគន់​ ។​

​នៅ​ក្នុង​របាយការណ៍​នោះ​បាន​បន្ត​ថា​ ក្នុង​ចំណោម​អ្នកទោស​ទាំងអស់​នោះ​ មនុស្ស​មួយ​ចំនួន​គឺជា​អ្នក​ធ្វើ​យុទ្ធនាការ​ផ្នែក​បរិស្ថាន​ ព្រះសង្ឃ​ សិស្ស​-​និស្សិត​ សកម្មជន​ សមាជិក​រដ្ឋសភា​ និង​ព្រឹទ្ធសភា​មក​ពី​គណបក្សជំទាស់​ និង​អ្នកធ្វើការ​ងារ​ផ្នែក​សិទ្ធិ​មនុស្ស​ ។​ អ្នក​ទាំង​អស់នោះ​ត្រូវ​បាន​គេ​ឃុំ​ ដោយ​ផ្អែក​លើ​បទ​លើ្ម​ស​ព្រហ្មទណ្ឌ​ជា​ច្រើន​ខុសៗ​គ្នា​ ប៉ុន្តែ​ជា​រួមការ​ជាប់​ឃុំ​របស់​អ្នក​ទាំងនោះ​ បង្ហាញ​ពី​ការ​រឹត​បន្តឹង​លើ​ផ្នែក​នយោបាយ​កាន់តែ​ខ្លាំង​ទ្បើ​ងៗ​ក្នុង​ប្រទេស​កម្ពុជា​ ។​

​បន្ទាប់​ពី​មាន​របាយការណ៍​របស់​អង្គការ​លី​កាដូ​ចេញផ្សាយ​ថា​ កម្ពុជា​មានការ​កើន​ទ្បើ​ង​ចំនួន​អ្នកទោស​នយោបាយ​ហើយ​នោះ​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ គឹ​ម​ សន្តិភាព​ក៏​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ អង្គការ​លី​កាដូ​(Licadho)​ កំពុង​ដើរ​ចេញ​ឆ្ងាយ​ពី​វិជ្ជាជីវៈ​ និង​លក្ខន្តិកៈ​របស់​ខ្លួន​ ។​

​លោក​ គឹ​ម​ សន្តិភាព​ បន្ត​ថា​ក្នុង​ក្រមព្រហ្មទណ្ឌ​ ក៏​ដូច​ជា​ច្បាប់ព្រហ្មទណ្ឌ​ពិសេស​ដទៃ​ទៀត​របស់​កម្ពុជា​គ្មាន​មាត្រា​ណាមួយ​ចែង​អំពី​អំពើ​ ដែល​ជា​បទល្មើស​នយោបាយ​នោះ​ទេ​ ដោយ​លោក​បាន​ចោទ​ជា​សំនួរ​ទៅ​អង្គការ​លី​កាដូ​ថា​ តើ​អង្គការ​លី​កាដូ​បង្កើត​របាយការណ៍​របៀប​នេះ​ទ្បើ​ង​ក្នុង​ចេតនា​អ្វី​ពិតប្រាកដ​?​ លោក​ក៏​បាន​ស្នើ​ឱ្យ​អង្គការ​លី​កាដូ​ ពិនិត្យ​មើល​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទ្បើ​ង​វិញ​ជា​ពិសេស​មាត្រា​២៤​ និង​មាត្រា​៣០​ ដោយ​សូម​ឱ្យ​អង្គការ​លី​កាដូ​រក្សា​នូវ​ជំហរ​ និង​អនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​នាម​ជា​ NGO​ ។​

​ជុំវិញ​បញ្ហា​នេះ​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​មាន​ប្រសាសន៍​ថា​ អ្នកនយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​បញ្ហា​ប្រឈម​ទៅ​នឹង​ការ​ចោទប្រកាន់​ផ្នែក​នយោបាយ​ ដោយ​បង្វែរ​ទោស​នយោបាយ​ទៅ​ជា​ទោស​ព្រហ្មទណ្ឌ​ផ្សេងៗ​។​ សាស្ត្រាចារ្យ​សូ​ ច​ន្ថា​ បន្ត​ថា​ អ្នកវិភាគ​ ឬ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​បាន​រិះគន់​ទៅ​លើ​រាជរដ្ឋាភិបាល​តែងតែ​ប្រឈម​ខ្លាំង​ជាមួយ​ភាគី​ រដ្ឋាភិបាល​ដែល​ជា​គន្លង​ដើរ​ផ្ទុយ​ពី​គន្លង​ប្រជាធិបតេយ្យ​ឬ​នីតិរដ្ឋ​ជាដើម​។​ «​ខ្ញុំ​គិត​ថា​បើសិនជា​រដ្ឋាភិបាល​បន្ត​បង្វែរ​ទោស​នយោបាយ​ឬ​ក៏​ទោស​ផ្សេងៗ​ទៅ​ជា​ទោស​ព្រហ្មទណ្ឌ​ សម្រាប់​អ្នកនយោបាយ​នោះ​ខ្ញុំ​គិត​ថា​អ្នក​ដែល​នឹង​ត្រូវ​ជាប់​ទោស​នឹង​កើន​ទ្បើ​ង​បន្ត​ទៀត​ ហើយ​អ្វី​ដែល​បញ្ហា​ចោទ​គឺ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ សេរីភាព​នៃ​ការ​គិត​របស់​ពលរដ្ឋ​ត្រូវ​បាន​រឹតត្បិត​..​ »​ ។​​

​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ ទទូច​ឱ្យ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ពេញលេញ​ដោយ​ផ្តល់​សេរីភាព​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ មិន​ថា​អ្នកនយោបាយ​ឬ​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ទេ​ ត្រូវ​តែ​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​បាន​បញ្ចេញមតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ ជា​ពិសេស​មិន​ត្រូវ​បង្វែរ​ស្ថានភាព​ទោស​អ្នកនយោបាយ​ទៅ​ជា​ទោស​ព្រហ្មទណ្ឌ​នោះ​ទេ​ ព្រោះ​ការ​បន្ត​ធ្វើ​ដូចនេះ​នឹង​ធ្វើ​ឱ្យ​សង្គម​កាន់តែ​មាន​អ្នកទោស​កាន់តែ​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា​ ។​

​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​លី​កាដូ​ ដែល​បាន​ចុះ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​បានឱ្យ​ដឹង​ថា​ ចាប់ពី​ខែឧសភា​ ឆ្នាំ​២០១៥​ រហូត​មក​ដល់​ខែឧសភា​ ឆ្នាំ​២០១៦​នេះ​មាន​ចំនួន​អ្នកទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​២៩​រូប​ហើយ​ ។​ អ្នក​ទាំង​អស់នោះ​ ត្រូវ​បាន​គេ​ឃុំ​ដោយ​ផ្អែក​លើ​បទល្មើស​ព្រហ្មទណ្ឌ​ជា​ច្រើន​ខុសៗ​គ្នា​ ៕

Share

Image
Image
Image