en     km
en     km

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ ចង់​ឲ្យ​មានការ​លើកទឹកចិត្ត​សិស្ស​និទ្ទេស​ A​ កាន់តែ​ខ្លាំង​

Share

​ភ្នំពេញ​៖​ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ យល់​ថា​ ក្រសួង​អប់រំ​គួរ​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ និង​វិស័យ​អប់រំ​ឲ្យ​ចូលរួម​ផ្ដល់​ការ​គាំទ្រ​ដល់​សិស្ស​ប្រឡង​បាន​និទ្ទេស​ A​។​ ក្រៅពី​ផ្ដល់​ការ​សិក្សា​ដោយ​ឥត​បង់ថ្លៃ​ហើយ​ សិស្ស​ដែល​ខិតខំ​សិក្សា​ទាំងនោះ​ គួរ​ទទួល​បាន​កន្លែង​ស្នាក់​នៅ​ និង​ការ​ថែទាំ​សុខភាព​បន្ថែម​ទៀត​។​ យ៉ាងណា​ក្រសួង​អប់រំ​ ឆ្លើយ​តប​ថា​ ក៏​មាន​សាលា​មួយ​ចំនួន​បាន​ផ្ដល់​កន្លែង​ស្នាក់​នៅ​សម្រាប់​សិស្ស​មក​ពី​តាម​ខេត្ដ​ដែរ​។​

​លោក​ លៀ​ ស៊ី​ណា​រាយការណ៍​៖​

 

​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ យល់​ថា​ ជា​រឿង​ល្អ​ដែល​មានការ​គាំទ្រ​ចំពោះ​សិស្ស​ដែល​ប្រឡង​បាន​និទ្ទេស​A​ ដោយ​ផ្ដល់​ជា​រង្វាន់​លើកទឹកចិត្ដ​ និង​ការ​ចូល​សិក្សា​ដោយ​ឥត​បង់ថ្លៃ​។​ តែ​យ៉ាងណា​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​យល់​ថា​ ក្រសួង​អប់រំ​ គួរ​ផ្ដល់​ការ​គាំទ្រ​ដល់​សិស្ស​ទាំងនោះ​ ឲ្យ​បាន​ធំ​ទូលាយ​ជាង​នេះ​ជា​ការ​ល្អ​។​

​លោក​ សន​ ជ័យ​ នាយក​ប្រិត​ប​ត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ជួយ​ដល់​សិស្ស​ពូកែ​ជា​ប្រព័ន្ធ​ គឺ​ល្អ​ប្រសើរ​ជាង​ការ​ដែល​ផ្ដល់​រង្វាន់​ជា​កញ្ចប់​។​ លោក​ពន្យល់​ថា​ ការ​ផ្ដល់​រង្វាន់​ជា​កញ្ចប់​នេះ​ គឺ​ពុំ​មាន​និរន្ដរភាព​ទៅ​ដល់​សិស្ស​ពូកែ​ឬ​ក៏​សិស្ស​ឆ្នើម​នោះ​ទេ​។​ កន្លង​មក​សិស្ស​ដែល​ប្រឡង​បាន​និទ្ទេស​ល្អ​ ពួក​គាត់​តែងតែ​ទទួល​បាន​នូវ​ការ​ចូល​រៀន​នៅ​ឧត្ដម​សិក្សា​ដោយ​ឥត​បង់ថ្លៃ​។​ ក៏​ប៉ុន្ដែ​ក្នុងអំឡុងពេល​ដែល​សិស្ស​កំពុង​សិក្សា​ ពួក​គេ​ក៏​ត្រូវការ​ ការ​ចំណាយ​ផ្សេងៗ​ផង​ដែរ​ ដែល​មាន​ដូច​ជា​ ការ​ស្នាក់​នៅ​ ការ​ថែទាំ​សុខភាព​ និង​ការ​ឧ​ប​ត្ថ​ម​ផ្សេងៗ​។​

​នាយក​ប្រិត​ប​ត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​សុទិដ្ឋិនិយម​ថា​ ប្រសិនបើ​មានការ​ផ្ដល់​ជូន​ និង​គាំទ្រ​សិស្ស​ប្រឡង​បាន​និទ្ទេស​មាន​គ្រប់គ្រាន់​ នោះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​បន្ថែម​ទៀត​ដល់​សិស្ស​ ឲ្យ​ខិតខំ​សិក្សា​ ៖«​បាទ​អ​ញ្ចឹ​ង​វា​មិនមែន​តែ​ជា​រឿង​ដែល​ផ្ដល់​ឲ្យ​ពួក​គេ​តែ​មួយ​ជ្រុង​ទេ​។​ ធ្វើ​បែប​នេះ​វា​នឹង​បង្កើន​នូវ​ការ​ចាប់អារម្មណ៍​ ហើយ​និង​ជា​ការ​ឲ្យ​តម្លៃ​ពេញលេញ​ទៅ​សិស្ស​ពូកែ​ សិស្ស​បាន​និទ្ទេស​ល្អ​ នៅ​ក្នុង​ការ​ប្រឡង​»​។​

​លោក​ សន​ ជ័យ​ បន្ដ​ថា​ មូលហេតុ​ដែល​លោក​លើកយក​ចំណុច​នេះ​មក​ពីព្រោះ​តែ​ជា​រឿយៗ​សិស្ស​មួយ​ចំនួន​បាន​បោះបង់​ការ​សិក្សា​របស់​ខ្លួន​ចោល​ ពីព្រោះ​តែ​បញ្ហា​ជីវភាព​ ខណៈ​សិស្ស​ដែល​ប្រឡង​បាន​និទ្ទេស​ល្អ​ភាគច្រើន​បំផុត​ គឺជា​កូន​មក​ពី​គ្រួសារ​ក្រីក្រ​។​ លោក​បន្ថែម​ថា​ បើ​ក្រ​សួ​អប់រំ​ ពង្រីក​ទំហំ​នៃ​ការ​ជួយ​សិស្ស​ប្រឡង​បាន​និទ្ទេស​ល្អ​ បាន​កាន់តែ​ធំ​ទូលាយ​ វា​គឺជា​ការ​លើកមុខ​មាត់​របស់​រដ្ឋាភិបាល​ ដែល​បង្ហាញ​ពី​ការ​យកចិត្ដទុកដាក់​ពិតប្រាកដ​ ចំពោះ​សិស្ស​ខិតខំ​សិក្សា​ ៖«​នេះ​គេ​ហៅ​ថា​ ជួយ​ឲ្យ​ចប់​ចុង​ចប់​ដើម​ ឧទាហរណ៍​ថា​ សិស្ស​និទ្ទេស​ A​ បាន​អាហារូបករណ៍​ហើយ​ស្រាប់តែ​គ្រួសារ​គាត់​ជួប​ប្រទះ​បញ្ហា​អី​គាត់​អាច​ឈប់​ រឿង​នេះ​វា​អាច​កើតឡើង​។​ យើង​ចង់​ឃើញ​អាហារូបករណ៍​ដូច​បរទេស​ ដែល​គេ​ផ្ដល់​ជូន​និស្សិត​កម្ពុជា​យើង​ និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅ​ រៀន​លើ​គេ​ ស៊ី​លើ​គេ​ ដេក​លើ​គេ​ ជិះ​លើ​គេ​ទៀត​។​ អាហ្នឹង​ធ្វើ​ឲ្យ​គេ​មើលឃើញ​ថា​ អរ​ ពិតជា​ការ​លើកទឹកចិត្ដ​ដល់ទី​បញ្ចប់​»​។​

​ជា​ការ​ឆ្លើយ​តប​ លោក​ ឌី​ ខាំ​ប៊ូ​លី​ មន្ដ្រី​នាំពាក្យ​ ក្រសួង​អប់រំ​ មាន​ប្រសាសន៍​ថា​ ក្រសួង​មិន​ទាន់​អាច​ក្ដាប់​ខ្លឹមសារ​រួម​បាន​នៅឡើយ​ទេ​។​ ពីព្រោះ​តែ​សាកលវិទ្យាល័យ​នីមួយៗ​ មាន​ករណី​ផ្សេងៗ​គ្នា​ ដែល​ពួក​គេ​បាន​កំណត់​។​ តែ​យ៉ាងណា​លោក​បញ្ជាក់​ថា​ តាម​គ្រឹះ​ដ្ឋា​ន​ឧត្ដម​សិក្សា​រដ្ឋ​មួយ​ចំនួន​ ក៏​បាន​ផ្ដល់​ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត​ក្រីក្រ​ មក​ពី​តាម​ខេត្ដ​ឆ្ងាយៗ​ផង​ដែរ​ ដែល​គេ​ហៅ​ថា​ អន្តេវាសិកដ្ឋាន​។​ លោក​បន្ដ​ថា​ មិនមែន​មាន​តែ​សាលា​រដ្ឋ​ទេ​ សូ​ម្បី​តែ​សាលា​ឯកជន​ និង​តាម​អង្គការ​មួយ​ចំនួន​ក៏​មាន​ដែរ​ ៖«​សាលា​មួយ​ចំនួន​ក៏​គេ​មាន​ផ្ដល់​ជា​អន្តេវាសិកដ្ឋាន​ ជូន​ទៅ​ដល់​និស្សិត​ដែល​ឡើង​មក​រៀន​ នៅ​ភ្នំពេញ​ដែរ​។​ មិន​ត្រឹមតែ​សាល​រដ្ឋ​ទេ​ សូ​ម្បី​តែ​សាលា​ឯកជន​ សូ​ម្បី​តែ​អង្គការ​មួយ​ចំនួន​ ក៏​បាន​ផ្ដល់​ជា​ អន្តេវាសិកដ្ឋាន​ ដែរ​ ហើយ​កិច្ចការ​ទាំងអស់​នេះ​ សុទ្ធតែ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ​។​ មានការ​ជំរុញ​ និង​លើកទឹកចិត្ដ​ពី​ក្រសួង​ នៅ​ក្នុង​ការ​ផ្ដល់​ជូន​សេវា​បន្ថែម​ជូន​ទៅ​ដល់​និស្សិត​មក​ពី​តាម​បណ្ដា​ខេត្ដ​ឆ្ងាយៗ​»​។​

​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ហៅ​ថា​ បាក់​ឌុ​ប​ បាន​បញ្ចា​ប់​កាលពី​ថ្ងៃ​ទី​២០-២១​ ខែសីហា​ ឆ្នាំ​២០១៨​។​ សម័យ​ប្រឡង​ឆ្នាំ​នេះ​ មាន​បេក្ខជន​សរុប​ ១​សែន​ ១​ម៉ឺន​ ៥​ពាន់​ ២៦៨​នាក់​ (១១៥២៦៨​នាក់​)​ ហើយ​សិស្ស​ស្រី​មាន​ជាង​ ៥​ម៉ឺន​ ៨​ពាន់​ ១៥៨​នាក់​ (៥៨១៥៨​នាក់​)​។​ រយៈពេល​ពីរ​ថ្ងៃ​នៃ​ការ​ប្រឡង​នេះ​ មាន​បេក្ខជន​អវត្ដមាន​សរុប​ ១​ពាន់​ ៨៩៩​នាក់​ (១៨៩៩​នាក់​)​ ហើយ​ក្នុង​នោះ​មាន​សិស្ស​ស្រី​ ៧៤៤​នាក់​។​ ក្នុង​ចំណោម​សិស្ស​ជាង​ ១​សែន​នាក់​ មាន​សិស្ស​ចំនួន​ ៧​ម៉ឺន​ ៦​ពាន់​ ០៣៤​នាក់​ (៧៦០៣៤​នាក់​)​ បាន​ប្រឡង​ជាប់​ នៅ​ក្នុង​នោះ​ សិស្ស​ប្រឡង​ជាប់​និទ្ទេស​ A​ មាន​ចំនួន​៤០៨​នាក់​ ហើយ​ ១៩៤​នាក់​ជា​ស្ដ្រី​ ចំណែក​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ B​ មាន​ចំនួន​ ២២២២​នាក់​ ហើយ​ ១១៣០​នាក់​ជា​ស្ដ្រី​ ដោយឡែក​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ C​ មាន​ចំនួន​ ៦០៤១​នាក់​ ហើយ​ ៣៣៣៧​នាក់​ជា​ស្ដ្រី​៕

Share

Image
Image
Image