en     km
en     km

អ្នកស្រី​ ចេ​ន​ សុភា​ បង្កើត​សិប្បកម្ម​ “​កី​តម្បាញ​ខ្មែរ​”​ ដើម្បី​រួមចំណែក​ជួយ​សហគមន៍​

Share

​ភ្នំពេញ​ ៖​ ស្ថាបនិក​ “​កី​តម្បាញ​ខ្មែរ​”​ អ្នកស្រី​ ចេ​ន​ សុភាព​ បាន​លាឈប់​ពី​តួនាទី​ប្រធាន​គ្រប់គ្រង​គម្រោង​របស់​អង្គការ​សង្គម​ស៊ី​វិល​ ចំនួន​ ០៤​ ដើម្បី​បើក​សិប្បកម្ម​ “​កី​តម្បាញ​ខ្មែរ​”​ បំណង​ផ្ដល់​ការងារ​ដល់​ស្ដ្រី​ និង​បុរស​ ក្នុង​សហគមន៍​ដែល​មានចំណេះ​ដឹង​តិច​តូច​ ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ ។

​ជា​បន្ដ​សូម​ស្ដាប់​ ជីវៈ​ព័ត៌មាន​របស់​ស្ថាបនិក​ “​កី​តម្បាញ​ខ្មែរ​”​ ដែល​រៀបរៀង​ដោយ​លោក​ លៀ​ ស៊ី​ណា​ ដូច​តទៅ​៖

អ្នកស្រី ចេន សុភាព ស្ថាបនិក កីតម្បាញខ្មែរ

 

​អ្នកស្រី​ ចេ​ន​ សុភាព​ ស្ថាបនិក​ “​កី​តម្បាញ​ខ្មែរ​”​ បាន​បង្កើត​សិប្បកម្ម​នេះ​ឡើង​ ក្រោយ​ពី​អ្នកស្រី​បាន​ចំណាយពេល​ជាង​ ១០​ឆ្នាំ​ ធ្វើ​ការងារ​ក្នុង​អង្គភាព​ សង្គម​ស៊ី​វិល​ ដែល​មិនមែន​រដ្ឋាភិបាល​ បំណង​រួមចំណែក​ក្នុង​ការ​ធ្វើ​ការងារ​សង្គម​ជួយ​អភិវឌ្ឍ​សហគមន៍​។​ មាន​កត្ដា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​អ្នកស្រី​ ចេ​ន​ សុភាព​ ស្ដ្រី​វ័យ​កណ្ដាល​រូប​នេះ​ សម្រេចចិត្ដ​លាឈប់​ពី​តំណែង​ប្រធាន​គ្រប់គ្រង​គម្រោង​ក្នុង​អង្គការ​ចំនួន​៤​ មក​ចាប់ផ្ដើម​ការងារ​ ជា​ម្ចាស់​សិប្បកម្ម​ “​កី​តម្បាញ​ខ្មែរ​”​។​

​អ្នកស្រី​ ចេ​ន​ សុភាព​៖«​ដោយសារ​ខ្ញុំ​ស្រឡាញ់​ ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​សហគមន៍​ ខ្ញុំ​ចង់​ជួយ​ស្ដ្រី​ និង​បុរស​ដែល​គាត់​មានចំណេះ​ដឹង​ទាបៗ​ ហើយ​គាត់​ធ្វើ​ម៉េច​គាត់​អាច​មាន​ម្ចាស់​ការ​លើ​ខ្លួន​គាត់​បាន​ មិនមែន​ជា​របរ​រកស៊ី​តែ​មួយ​មុខ​ទេ​។​ ខ្ញុំ​ចាប់ផ្ដើម​ការងារ​នេះ​កាលពី​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១៥​ បើ​គិត​មក​ដល់​ឥឡូវ​គឺ​ប្រហែល​ ២​ឆ្នាំ​ កន្លះ​ហើយ​»​។​

​ការ​លាឈប់​ពី​ការងារ​អង្គការក្រៅរដ្ឋាភិបាល​ ពីព្រោះ​តែ​អ្នកស្រី​ សុភាព​ ចង់​បង្ហាញ​សមត្ថភាព​ស្ដ្រី​ក្នុង​សង្គម​ ចង់​រួមចំណែក​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ និង​ម្យ៉ាង​អ្នកស្រី​ចង់​ធ្វើ​អ្នកដឹកនាំ​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​។​

​អ្នកស្រី​ ចេ​ន​ សុភាព​៖«​មុន​នឹង​ខ្ញុំ​ចាប់ផ្ដើម​ហ្នឹង​ តាម​ពិត​នៅ​តែ​ស្រឡាញ់​ការងារ​ក្រៅ​អង្គការ​រដ្ឋាភិបាល​អ​ញ្ចឹ​ង​ តែ​ខ្ញុំ​ឈប់​ដោយសារ​ខ្ញុំ​គិត​ឃើញ​ថា​ ខ្ញុំ​អត់​ចង់​ធ្វើ​ជា​បុគ្គលិក​គេ​បន្ដ​ទៀត​ទេ​ បើ​ទោះបីជា​ខ្ញុំ​ធ្វើការ​មាន​តួនាទី​ជា​ប្រធាន​កម្មវិធី​ធំ​មួយ​ក៏​ដោយ​ ក៏​ខ្ញុំ​គិត​ថា​ ខ្ញុំ​នៅ​ក្រោម​ Donor​ ដែរ​ អ​ញ្ចឹ​ង​ខ្ញុំ​លែង​ចង់​ធ្វើការ​ជា​អ​ញ្ចឹ​ង​ បន្ដ​ទៀត​ ខ្ញុំ​គិត​ថា​ ត្រូវ​តែ​ចេញ​មក​ដើម្បី​បង្កើត​អ្វីមួយ​ដើម្បី​ជួយ​ដល់​សង្គម​ជាតិ​ខ្លួនឯង​»​។​

អ្នកស្រី ចេន សុភាព ថ្ងៃទួលពានម្ចាស់ជ័យលាភី ភាពជាអ្នកដឹកនាំឆ្នាំ២០១៧ ពីលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី កាលពីខែតុលា ឆ្នាំ២០១៧

 

​អ្នកស្រី​ ចេ​ន​ សុភាព​ មិនមែន​ជា​អ្នក​ដែល​ចេះ​តម្បាញ​នោះ​ទេ​ ក៏​ប៉ុន្ដែ​អ្នកស្រី​មានចិត្ដ​ស្រឡាញ់​វប្បធម៌​ ប្រពៃណី​ តម្បាញ​របស់​ខ្មែរ​។​ ទន្ទឹម​នឹង​ពេល​ដែល​អ្នកស្រី​កំពុង​បំពេញការងារ​តាម​អង្គការ​ អ្នកស្រី​សង្កេត​ឃើញ​ថា​ ផលិតផល​ប្រពៃណី​របស់​ខ្មែរ​ ពុំ​សូវ​មាន​លក់​លើ​ទីផ្សារ​ទេ​ ផ្ទុយ​ទៅ​វិញ​ គឺ​ឃើញ​តែ​ផលិត​ដែល​ស្រ​ដៀវ​របស់​ខ្មែរ​ ត្រូវ​បាន​នាំ​ចូល​ស្រុក​ទេស​យ៉ាង​សម្បើម​ ដែល​អ្នកស្រី​ថា​ គឺជា​ការ​ខាតបង់​សេដ្ឋកិច្ចជាតិ​។​

​អ្នកស្រី​ ចេ​ន​ សុភាព​ ៖«​ទាក់ទង​ផលិតផល​ក្នុងស្រុក​យើង​ឃើញ​ថា​ យើង​មាន​តែ​ផលិតផល​នាំ​ចូល​ដល់​ ៩០​ភាគរយ​ទៅ​ហើយ​ ផលិតផល​ក្នុងស្រុក​មាន​មិន​ដល់​ ១០​ភាគរយ​ទេ​ អ​ញ្ចឹ​ង​យើង​ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួនឯង​ និង​ការ​ផលិត​ក្នុងស្រុក​ខ្លួនឯង​ហ្នឹង​ មានការ​កើនឡើង​ជាង​មុន​ ហើយ​មានការ​ប្រើប្រាស់​ច្រើន​ជាង​មុន​ កុំ​ឲ្យ​ប្រើ​តែ​របស់​គេ​ ពីព្រោះ​ការ​ប្រើ​របស់​គេ​ គឺ​វា​អត់​បាន​ជួយ​ដល់​សេដ្ឋកិច្ច​របស់​យើង​ទេ​ តែ​យើង​នាំ​លុយ​ឲ្យ​គេ​រហូត​ តែបើ​យើង​ប្រើ​របស់​យើង​បាន​ច្រើន​វា​ជួយ​យើង​បាន​ច្រើន​ អ​ញ្ចឹ​ង​ហើយ​បានជា​ខ្ញុំ​សម្រេចចិត្ដ​បង្កើត​សិប្បកម្ម​នេះ​ឡើង​ ហើយ​ម្យ៉ាង​ខ្ញុំ​ចូល​ចិត្ដ​ស្លៀក​សម្លៀក​បំពាក់​ខ្មែរ​ផង​»​។​

​ការ​ចាប់ផ្ដើម​សិប្បកម្ម​ កី​តម្បាញ​ខ្មែរ​ ដំណាក់កាល​ដំបូង​ គឺ​មានការ​លំបាក​ព្រោះ​ តែ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ មិនសូវ​ស្គាល់​អ្វី​ជា​ ស៊ឹង​ខ្មែរ​ នោះ​ទេ​។​

​អ្នកស្រី​ ចេ​ន​ សុភាព​៖«​កាលពីមុន​បង​ធ្វើ​ គឺ​ស៊ឹង​ខ្មែរ​ គ្មាន​តម្លៃ​ក្នុង​ការ​ប្រើប្រាស់​ទេ​ គឺ​អ្នក​ប្រើ​តិច​តូច​បំផុត​ អ្នក​ស្គាល់​តិច​តូច​បំផុត​ ដល់​ពេល​បង​ធ្វើ​ទៅ​ទីផ្សារ​ដើរ​ខ្លាំង​ គឺ​ដោយសារ​បង​ចាប់ផ្ដើម​ប្រើប្រាស់​ពី​ខ្លួនឯង​ ហើយ​បង​ធ្វើ​ទីផ្សារ​ខ្លាំង​ទៅ​ គឺ​មានការ​គាំទ្រ​ខ្លាំង​ ឥឡូវ​របស់​យើង​គឺ​តម្បាញ​មក​អាច​ប្រើ​បាន​គ្រប់​កម្មវិធី​ទាំងអស់​»​។​

​បច្ចុប្បន្ន​ មាន​ប្រជាពលរដ្ឋ​ជាង​ ១៥០​គ្រួសារ​ កំពុងធ្វើការ​ងារ​ក្នុង​វិស័យ​សិប្បកម្ម​ “​កី​តម្បាញ​ខ្មែរ​”​ របស់​អ្នកស្រី​ ចេ​ន​ សុភាព​ នៅ​តាម​សហគមន៍​ ដោយ​បាន​ផលិត​ ស៊ឹង​ខ្មែរ​ យក​មក​លក់​នៅ​សិប្បកម្ម​អ្នកស្រី​។​ មក​ដល់​ពេល​នេះ​ កី​តម្បាញ​ខ្មែរ​ បាន​ដំណើរការ​ជាង​ ២​ឆ្នាំ​ កន្លះ​ ដែល​មាន​អ្នកគាំទ្រ​ កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពីព្រោះ​តែ​គុណភាព​ នៃ​ស៊ឹង​ខ្មែរ​ ផា​មូង​ និង​ក្រ​ម៉ា​ របស់​សិប្បកម្ម​អ្នកស្រី​ មានគុណ​ភាពល្អ​ រួម​ផ្សំ​នឹង​សោ​ភ័​ណ្ឌ​ភាព​ ផលិតផល​របស់​ខ្មែរ​។​

​តាំងពី​ដើម​រៀង​មក​ភាគច្រើន​បំផុត​ ឪពុក​ ម្ដាយ​ តែងតែ​ផ្ដល់​តម្លៃ​ដល់​កូនប្រុស​ច្រើន​ជាង​កូនស្រី​ មិន​ថា​ ទាំង​ការ​សម្រេចចិត្ដ​ ឬ​សិទ្ធិ​ក្នុង​ការ​បាន​ចូល​រៀនសូត្រ​នោះ​ទេ​។​ តែ​អ្នក​សម្រាប់​ស្ដ្រី​ ស្ថាបនិក​សិប្បកម្ម​ “​កី​តម្បាញ​ខ្មែរ​”​ កូន​ខ្មែរ​សែ​ចិន​រូប​នេះ​ អះអាង​ថា​ នេះ​គឺជា​ទម្លាប់​ដែល​ខុសឆ្គង​បំផុត​។​ អ្នកស្រី​បញ្ជាក់​ថា​ ស្ដ្រី​ ភាគច្រើន​គឺ​មាន​សមត្ថភាព​ ក៏​ប៉ុន្ដែ​ព្រោះតែ​ផ្នត់គំនិត​សង្គម​ ដែល​ថា​ ស្ដ្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​ បាន​ក្លាយជា​ គុក​ដាក់​ស្ដ្រី​មិន​អនុញ្ញាត​ ឲ្យ​ស្ដ្រី​បាន​ចេញ​មក​បង្ហាញ​សមត្ថភាព​ក្នុង​សង្គម​ ហើយ​ព្រោះតែ​រនាំង​គុក​ដ៏​រឹង​មាំ​ ដែល​ចាក់ស្រេះ​ក្នុង​ ឬ​ស​គល់​ នៃ​គោល​គំនិត​ និង​ទឹកចិត្ដ​ចាស់ៗ​ ដ៏​សែន​ជ្រៅ​ដូចនេះ​ហើយ​ ទើប​នាំ​ឲ្យ​ស្ដ្រី​ បាត់បង់​សកម្មភាព​ក្នុង​សង្គម​ ហើយ​ក្លាយជា​ស្ដ្រី​មេផ្ទះ​តែ​មួយ​មុខ​ ដែល​រង់ចាំ​ពឹង​តែ​កម្លាំង​ប្ដី​។​

​ស្ថាបនិក​សិប្បកម្ម​ “​កី​តម្បាញ​ខ្មែរ​”​ រូប​នេះ​ សង្កត់ធ្ងន់​ថា​ ភាព​ស្រណុក​ គឺ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្ទក់​ខួរក្បាល​ ហើយ​មិន​អាច​ក្លាយជា​គំរូ​ល្អ​សម្រាប់​កូនៗ​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​បាន​ទេ​។​ អ្នកស្រី​ សុភាព​ ចង់​ឃើញ​ស្ដ្រី​បង្ហាញ​ថាមពល​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​ជា​អ្នកដឹកនាំ​ដោយ​ខ្លួនឯង​ ដោយ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ទំនេរ​ច្រើន​ និង​រង់ចាំ​ពឹង​លើ​តែ​កម្លាំង​ប្ដី​ តែ​មួយ​មុខ​នោះ​ទេ​។​

​អ្នកស្រី​ ចេ​ន​ សុភាព​៖«​ខ្ញុំ​លើកទឹកចិត្ដ​ យើង​ធ្វើ​មនុស្ស​ស្រី​យើង​ត្រូវ​តែ​ តែ​មានចំណេះ​ជំនាញ​ខ្លួនឯង​ យើង​មើល​មិនឃើញ​ទេ​ វាសនា​របស់​មនុស្ស​ម្នាក់ៗ​ ហើយ​ណាមួយ​ទៅ​បើ​យើង​មាន​បញ្ហា​អី​មួយ​អត់​បាន​នៅ​ជុំ​គ្នា​ ហើយ​បើ​យើង​ផ្ដេកផ្ដួល​អត់​ធ្វើ​អី​ យើង​បាន​អី​ចិញ្ចឹម​កូន​ យើង​បាន​អី​ចិញ្ចឹម​ខ្លួនឯង​ អ​ញ្ចឹ​ង​យើង​ជា​មនុស្ស​ស្រី​ រៀន​មិន​បាន​ខ្ពស់​ ត្រូវ​មាន​ជំនាញ​ ត្រូវ​មានអី​មួយ​ពិតប្រាកដ​សម្រាប់​ជួយ​ខ្លួនឯង​ ខ្ញុំ​អត់​ចង់​និយាយ​រៀន​ដល់​ថ្នាក់ខ្ពស់ៗ​ទេ​ តែបើ​យើង​រៀន​បាន​ខ្ពស់​យើង​មានការ​ងារ​ វា​កាន់តែ​អស្ចារ្យ​ទៀត​ហើយ​ យើង​ពូកែ​ហើយ​ តែបើ​យើង​បណ្ដែតបណ្ដោយ​ខ្លួនឯង​ទៅ​ សួរ​ថា​ តើ​យើង​ដឹកនាំ​ខ្លួនឯង​ម្ដេច​បាន​ ។​ បើ​និយាយ​ពី​ភាព​ជា​អ្នកដឹកនាំ​គឺ​ត្រូវ​ដឹកនាំ​ខ្លួនឯង​ឲ្យ​បាន​សិន​ បើ​យើង​អ​ញ្ចឹ​ង​ យើង​ទៅ​ដឹកនាំ​កូន​យ៉ាងម៉េច​ យើង​មិនបាច់​និយាយ​ដល់​ទៅ​ដឹកនាំ​សហគមន៍​ទេ​ ត្រឹមតែ​កូន​ក្នុង​គ្រួសារ​ ២​ ទៅ​៣​នាក់​ក៏​ដោយ​ ហើយ​សម្រាប់​ខ្ញុំ​ជា​កូនច្បង​គេ​ ខ្ញុំ​ខ្លាច​ណាស់​ ខ្ញុំ​ប្រយ័ត្ន​គ្រប់មុខ​ ពាក្យ​ថា​ខ្លាច​ខ្ញុំ​ហ្នឹង​ គឺ​ខ្ញុំ​ខ្លាច​ ខ្ញុំ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ផ្ដល់​គំរូ​មិនល្អ​ល់​ប្អូន​ខ្ញុំ​»​។​

​មក​ដល់​ពេល​នេះ​អ្នកស្រី​ ចេ​ន​ សុភាព​ មាន​អាយុ​ ៣៧​ឆ្នាំ​ មានកូន​ប្រុស​ម្នាក់​ និង​មាន​ស្វាមី​ជាម​ន្ដ្រី​ជា​ការ​មួយ​រូប​។​ ព្រោះតែ​ការ​ប្រឡូក​ក្នុង​សង្គម​បាន​ច្រើន​ឆ្នាំ​ និង​ភាព​ឈ្លាសវៃ​របស់​អ្នកស្រី​ផង​ បាន​នាំ​ឲ្យ​អ្នកស្រី​ដឹកនាំ​សិប្បកម្ម​ “​កី​តម្បាញ​ខ្មែរ​”​ ដើរទៅ​មុខ​យ៉ាង​រលូន​ និង​មាន​អ្នកគាំទ្រ​ជា​ច្រើន​។​ ទំនង​មក​ពី​ បទ​ព​សោធន៍​ការងារ​សង្គម​ជា​ច្រើន​ឆ្នាំ​ និង​បទ​ពិសោធន៍​ នៃ​ការ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ផង​ បាន​នាំ​ឲ្យ​អ្នកស្រី​ ចេ​ន​ សុភាព​ ប្រកួត​ឈ្នះ​តំណែង​ភាព​ជា​អ្នកដឹកនាំ​ប្រចាំឆ្នាំ​២០១៧​ ក្រោម​ប្រធានបទ​ “​ការ​បង្កើត​បរិយាកាស​ ដើម្បី​ឲ្យ​មនុស្ស​ម្នាក់ៗ​ អាច​ក្លាយជា​អ្នកដឹកនាំ​”​ និង​ឈ្នះ​ពានរង្វាន់​ចំនួន​ ៣​ផ្សេង​ទៀត​ ដែល​មាន​ដូច​ជា​ មេដៃ​ជា​ឯកអគ្គរាជទូត​ភាព​ជា​អ្នកដឹកនាំ​ ឆ្នាំ​២០១៧​ ពី​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​។​

​សិប្បកម្ម​ “​កី​តម្បាញ​ខ្មែរ​”​ មាន​ផលិត​បី​ប្រភេទ​ រួម​មាន​ ស៊ឹង​ខ្មែរ​ ផា​មូង​ខ្មែរ​ និង​ក្រ​ម៉ា​ខ្មែរ​ ដែល​ធ្វើ​ឡើង​ដោយ​ស្ដ្រី​ក្នុង​សហគមន៍​។​ សម្រាប់​សិប្បកម្ម​ កី​តម្បាញ​ខ្មែរ​ បាន​ធ្វើ​ការងារ​ជាមួយ​សហគមន៍​ដោយ​ផ្ទាល់​នៅ​ ខាង​កោះដាច់​ និង​កោះ​ឧ​ញ៉ា​តី​ ខេត្ដកណ្ដាល​។​ សិប្បកម្ម​កី​តម្បាញ​ខ្មែរ​ មាន​ពីរ​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ ទីតាំង​ទី​១​ ស្ថិត​នៅ​ម្ដុំ​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ និង​ទីតាំង​ទី​២​ ស្ថិត​នៅ​ផ្សារ​សូ​រិ​យ៉ា​ ជាន់​ទី​៤៕

Share

Image
Image
Image