en     km
en     km

អ្នកស្រី​ទេព​វ​ន្នី​ទទូច​ឱ្យ​ CPP​និង​CNRP​ ចរចា​គ្នា​ឲ្យ​បាន​ឆាប់​ដើម្បី​ផ្ដល់​សេរីភាព​ដល់​អ្នកស្រី​និង​សកម្មជន​សិទ្ធិ​មនុស្ស​(មានសំឡេង)

Share

ភ្នំពេញ​៖​ អ្នកស្រី​ ទេព​ វ​ន្នី​ សកម្មជន​ដីធ្លី​សហគមន៍​បឹង​កក់​ប្រាប់​អ្នក​សារព័ត៌មាន​ ខណៈ​ត្រូវ​នាំ​ខ្លួន​ចូល​តុលាការ​កំពូល​ព្រឹក​នៅ​ថ្ងៃ​ទី​១៨​ មក​រា​ នេះ​ថា​ ក្ដី​សង្ឃឹម​អ្នកស្រី​មាន​តែ​មួយ​គត់​នា​ពេល​នេះ​ គឺ​ការ​ចរចា​រវាង​គណបក្សកាន់អំណាច​និង​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ផ្ដល់​សេរីភាព​ដល់​អ្នកស្រី​និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​។​

boeng-kok
សកម្មភាពស្រ្ដីបឹងកក់ដែលតវ៉ាឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី

​ករណី​នេះ​អ្នកវិភាគ​យល់​ថា​ បើ​បក្ស​កាន់​អំណាច​មិន​ទាន់​រក​ចំណុច​ឈ្នះ​បក្ស​ប្រឆាំង​ឃើញ​ នោះ​ក្ដី​រំពឹង​ពី​សេរីភាព​សកម្មជន​សិទ្ធិ​មនុស្ស​ មន្ដ្រី​គ​.​ជ​.​ប​ និង​អ្នក​ផ្សេងៗ​ គ្មាន​សង្ឃឹម​នោះ​ទេ​។​ តែ​បក្ស​កាន់​អំណាច​អះអាង​ថា​ រដ្ឋអំណាច​ធ្វើការ​ដោយ​មិន​បំពាន​ច្បាប់​នោះ​ឡើយ​។​ 

​ខណៈ​តុលាការ​កំពូល​ សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​លើ​សំណុំរឿង​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​ ស្ដ្រី​ឆ្នើម​ចេញ​មុខ​តវ៉ា​រឿង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​សហគមន៍​បឹង​កក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ អ្នកស្រី​គ្មាន​ជំនឿ​លើ​តុលាការ​កម្ពុជា​នោះ​ទេ​ ព្រោះ​តុលាការ​នេះ​ធ្វើការ​ទៅ​តាមតែ​ការ​ចង់បានរ​របស់​បក្សនយោបាយ​តែ​ប៉ុណ្ណោះ​។

​អ្នក​ស្ត្រី​បន្ដ​ថា​ អ្វី​ដែល​អាច​នៅ​មាន​សង្ឃឹម​គឺ​មាន​តែ​ការ​ជួប​ចរចា​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ប៉ុណ្ណោះ​ ដើម្បី​ឲ្យ​មានការ​ដោះ​លែង​អ្នកស្រី​ សកម្មជន​សិទ្ធិ​មនុស្ស​ មន្ដ្រី​ គ​.​ជ​.​ប​ និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​។

​អ្នកស្រី​ ទេព​ វ​ន្នី​ ៖«​អ្វី​ដែល​យើងខ្ញុំ​សង្ឃឹម​គឺ​សង្ឃឹម​ទៅ​លើ​គណបក្ស​ទាំង​ពីរ​ដែល​គាត់​ជំនួប​គ្នា​នឹង​ធ្វើការ​ចរចា​យក​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ​ជា​ធំ​នោះ​ទើប​ពួក​ខ្ញុំ​មាន​សង្ឃឹម​មាន​សេរីភាព​»​។

tep-vny
អ្នកស្រី ទេព វន្នី ស្រ្ដីតំណាងហគមន៍បឹងកក់
​​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ ពោល​គឺ​ភ្លាមៗ​បន្ទាប់​ពី​សមត្ថកិច្ច​ចូល​ទៅ​បង្ក្រាប​ក្រុម​ស្ដ្រី​ សហគមន៍​បឹង​កក់​ដែល​នាំ​គ្នា​ប្រារព្ធ​ពិធី​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។

​តែ​សម្រាប់​អ្នកវិភាគ​មើលឃើញ​ថា​ ទំនង​មិន​អាច​នឹង​ទៅ​រួច​ទេ​ បើ​គណបក្សកាន់អំណាច​មិន​ទាន់​រក​ចំណុច​ដែល​សម្លាប់​ជីវិត​នយោបាយ​របស់​បក្ស​ប្រឆាំង​ឃើញ​នោះ​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​និង​នយោបាយ​មាន​ប្រសាសន៍​ថា​ បញ្ហា​នយោបាយ​នៅ​កម្ពុជា​ គ្មាន​ជម្រើស​អ្វី​ ដែល​ល្អ​ប្រសើរ​ជាង​ការ​ជជែក​គ្នា​នោះ​ទេ​ ប៉ុន្ដែ​លោក​ថា​ ការ​អង្គុយ​ជជែក​គ្នា​ប្រព្រឹត្ដ​ទៅ​បាន​លុះត្រា​បក្សនយោបាយ​ទាំង​២​ មិន​យក​ផលប្រយោជន៍​បក្សពួក​ខ្លួន​ម​កបាំងមុខ​ ហើយ​យក​បញ្ហា​ជាតិ​ជា​ធំ​។​

kim-sok
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម

​លោក​សង្កត់ធ្ងន់​ថា​ បញ្ហា​មន្ត្រី​ សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ​ មើល​មិនឃើញ​ពី​អនាគត​នៃ​សេរីភាព​ដូចនេះ​ លោក​ថា​ បក្ស​កាន់​អំណាច​គ្មាន​បាន​ផល​ចំណេញ​អ្វី​ទេ​ ផ្ទុយ​ទៅ​វិញ​គឺ​បាន​ត្រឹមតែ​ការ​ថ្កោលទោស​និង​អស់ជំនឿ​ ពី​ពលរដ្ឋ​ក៏​ដូច​ជា​សហ​គម​អន្ដរជាតិ​ប៉ុណ្ណោះ​។​  លោក​ គឹ​ម​ សុខ​ ៖«​មាន​ន័យ​ថា​ គាត់​រក​មិន​ទាន់​ឃើញ​គន្លឹះ​ណា​ឈ្នះ​ដោយ​សុវត្ថិភាព​ ឬ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ចុះ​ខ្សោយ​បើ​ទោះជា​មិន​បែកបាក់​ក៏​ដោយ​ បើ​គាត់​រក​មិនឃើញ​គន្លឹះ​បែប​ហ្នឹង​ គាត់​នឹង​មិន​ជជែក​ដែល​គេ​ហៅ​ថា​ ដើម្បី​ដោះស្រាយ​ការ​ទាស់ទែង​គ្នា​និង​នាំ​អ្នក​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព​បាន​ទេ​»​។​

​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​បន្ដ​ថា​ ប្រសិនបើ​បក្ស​កាន់​អំណាច​នៅ​តែ​បន្ដ​ភាព​រឹងរូស​របស់​ខ្លួន​ដែល​មិន​ព្រម​ចរចា​គ្នា​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​អ្នកទោស​មនសិការ​ទាំងអស់​នោះ​ទេ​ គឺជា​ការ​បង្ហាញ​កាន់តែ​ច្បាស់​ថា​ គណបក្ស​ដឹកនាំ​ប្រទេស​ មិន​បាន​ផ្ដល់​តម្លៃ​ដល់​ពលរដ្ឋ​របស់​ខ្លួន​និង​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ​។​

​បញ្ហា​នេះ​គណបក្សកាន់អំណាច​នៅ​តែ​ប្រកាន់​ជំហរ​ថា​ ខ្លួន​ធ្វើការ​គឺ​យក​ច្បាប់​ជា​ធំ​មិន​ធ្វើ​អ្វី​ដែល​ជ្រុល​ហួស​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឡើយ​។

​លោក​ ឈឹ​ម​ ផល​វរុណ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​ជួប​ចរចា​គ្នា​រវាង​អ្នកនយោបាយ​ បក្ស​កាន់​អំណាច​នៅ​តែ​គោរព​និង​ផ្ដល់​តម្លៃ​ជា​និច្ច​។​ ក៏​ប៉ុន្ដែ​គណបក្ស​នេះ​មិន​ព្រម​ឲ្យ​កិច្ច​សន្ទនា​ ស្ថិត​ក្រោម​ល្បិច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចង់​បង្គាប់បញ្ជា​បក្ស​កាន់​អំណាច​ធ្វើ​អ្វី​រំលោភ​បំពាន​ឯករាជ្យ​ភាព​របស់​តុលាការ​នោះ​ឡើយ​។​ លោក​ ឈឹ​ម​ ផល​វរុណ​ ៖«​ដូច្នេះ​ការ​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​ឬ​អ្នកនយោបាយ​ណាមួយ​ ដែល​ចង់​ឲ្យ​គណបក្ស​ជួប​ជជែក​គ្នា​ក្នុង​គោលដៅ​ចង់​ឲ្យ​ដោះ​លែង​ទណ្ឌិត​ឬ​ក៏​ដោះ​លែង​ពិរុទ្ធជន​ដែល​កំពុង​ឃុំឃាំង​នៅ​ពន្ធនាគារ​គឺជា​សិទ្ធិ​របស់​អ្នក​ប៉ុន្ដែ​សិទ្ធិ​នេះ​កំពុង​តែ​ស្ថាប័នរដ្ឋ​បំពាន​នូវ​គោលការណ៍​ច្បាប់​ហើយ​ដូច្នេះ​មិនបាច់​សង្ឃឹម​ទេ​»​។​

chhim-phalvarun
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ ៣​លើក​មក​ហើយ​។​ ការ​ចាប់ខ្លួន​របស់​អ្នកស្រី​គឺ​ធ្វើ​ឡើង​លើក​ទី​មួយ​នៅ​ក្នុង​ឆ្នាំ​២០១២​ គឺ​ត្រូវ​ឃុំខ្លួន​អស់​រយៈពេល​ ១​ខែ​ ៣​ថ្ងៃ​។​ លើក​ទី​២​ គឺ​នៅ​ឆ្នាំ​២០១៤​ ដែល​កាលនោះ​ត្រូវ​ឃុំខ្លួន​អស់​រយៈពេល​ ៥​ខែ​ ១​ថ្ងៃ​ និង​ការ​ឃុំខ្លួន​លើក​នេះ​គឺជា​លើក​ទី​៣​ ដែល​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ជាង​ ៤​ខែ​ហើយ​ បើ​គិតដល់​ថ្ងៃ​ទី​ ១៨​ ខែមករា​ ២០១៧​នេះ​។​

tep-vanny-1
អ្នកស្រី ទេព វន្នី កាលពីទទួលរង្វាន់ស្រ្ដីក្នុងភាពជាអ្នកដឹកនាំ របស់អង្គការ Vital Voices

អ្នកស្រី​ ទេព​ វ​ន្នី​ ធ្លាប់​បាន​ទទួល​ពានរង្វាន់​ជា​ច្រើន​កន្លង​មក​ ដែល​ក្នុង​នោះ​ក៏​មាន​ ពានរង្វាន់​ដ៏​ធំ​មួយ​ពី​សហរដ្ឋអាមេរិក​ផង​ដែរ​ គឺជា​ពានរង្វាន់​ស្ត្រី​ក្នុង​ភាព​ជា​មេដឹកនាំ​៕

Share

Image
Image
Image