en     km
en     km

អ្នកវិភាគ​៖​កម្ពុជា​គួរ​មានការ​បោះ​ឆ្នោត​ប្រជាមតិ​បើ​បញ្ហា​អ្វីមួយ​មិន​ចុះសម្រុង​គ្នា​ គឺ​ដូច​ប្រទេស​ថៃ🔊​

Share

​ប្រទេស​ដែល​ប្រកាន់ខ្ជាប់​ គោលការណ៍​ប្រជាធិបតេយ្យ​ ពិតប្រាកដ​ គេ​សង្កេត​ឃើញ​ប្រទេស​នោះ​ គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​ ជា​ធំ​។​ ដើម្បី​ឆ្លើយ​តប​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ប្រទេស​ទាំងនោះ​ តែងតែ​ប្រើប្រាស់​មធ្យោបាយ​ងាយស្រួល​បំផុត​ ដែល​ជា​ការ​បញ្ចេញ​ឆន្ទៈ​ផ្ទាល់​របស់​ប្រជាជន​គឺ​ មិន​តាម​រយៈ​ដំណាង​របស់​ខ្លួន​ឡើយ​។​

ព្រះរាជាណាចក្រ​ថៃ​ ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា​ កាលពី​ថ្ងៃអាទិត្យ​ ទី​ ០៧​សីហា​ បាន​បោះ​ឆ្នោត​ប្រជាមតិ​ លើ​រដ្ឋធម្មនុញ្ញ​។
ព្រះរាជាណាចក្រ​ថៃ​ ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា​ កាលពី​ថ្ងៃអាទិត្យ​ ទី​ ០៧​សីហា​ បាន​បោះ​ឆ្នោត​ប្រជាមតិ​ លើ​រដ្ឋធម្មនុញ្ញ​។

នៅ​រយៈពេល​ថ្មីៗ​នេះ​ប្រទេស​អង់គ្លេស​ បាន​បោះ​ឆ្នោត​ប្រជាមតិ​ដើម្បី​សម្រេច​ពី​ជោគវាសនា​របស់​ប្រទេស​នេះ​ ដើរ​ចេញពី​សមាជិក​នៃ​សហភាព​អឺរ៉ុប​ ដែល​តាម​រយៈ​ការ​បោះ​ឆ្នោត​បង្ហាញ​ថា​ ប្រជាជន​អង់គ្លេស​ភាគច្រើន​បាន​ ឲ្យ​ប្រទេស​របស់​ខ្លួន​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​ មិន​ថា​ប្រទេស​ឆ្ងាយ​ពី​កម្ពុជា​ សូ​ម្បី​ប្រទេស​ជាប់​និង​កម្ពុជា​គឺ​រាជាណាចក្រ​ថៃ​ ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា​ កាលពី​ថ្ងៃអាទិត្យ​ ទី​ ០៧​សីហា​ បាន​បោះ​ឆ្នោត​ប្រជាមតិ​ លើ​រដ្ឋធម្មនុញ្ញ​។​

​រដ្ឋធម្មនុញ្ញ​ថៃ​ រៀបរៀង​ដោយ​ក្រុមប្រឹក្សា​យោធា​ គឺ​បន្ទាប់​ពី​បាន​ធ្វើ​រដ្ឋប្រហារ​រំលាយ​គណរដ្ឋមន្ដ្រី​របស់​លោក​ ស្រី​ យី​ង​ ឡាក់​ នៅ​ខែឧសភា​ ឆ្នាំ​២០១៤​។​ អ្នកវិភាគ​ និង​ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ សាទរ​ចំពោះ​ប្រទេស​ថៃ​ដែល​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ធ្វើ​សេចក្ដីសម្រេច​លើ​ ជោគវាសនា​របស់​ប្រទេស​ជាតិ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ប្រជាមតិ​ ដែល​ពួក​គាត់​ថា​ ជា​ការ​បង្ហាញ​ឆន្ទៈ​ដោយ​ផ្ទាល់​របស់​ម្ចាស់​ឆ្នោត​។​ ការ​បោះ​ឆ្នោត​ប្រជាមតិ​កាលពី​ថ្ងៃអាទិត្យ​ បញ្ជាក់​ថា​ប្រជាជន​ថៃ​ បាន​គាំទ្រ​រដ្ឋធម្មនុញ្ញ​របស់​ពួក​យោធា​ ទោះបី​មាត្រា​ខ្លះ​នៃ​រដ្ឋធម្មនុញ្ញ​នេះ​ មាន​ច​រិ​ក​រិ​ត្បិត​សេរីភាព​របស់​ពលរដ្ឋ​ក៏​ដោយ​។​ សូម​ស្ដាប់​សេចក្ដីរាយការណ៍​លម្អិត​ របស់​លោក​ លៀ​ ស៊ី​ណា​ ដូច​តទៅ​នេះ​៖

 

​គឺជា​ការ​បើក​ទំព័រ​ថ្មី​មួយ​របស់​រាជាណាចក្រ​ថៃ​  ដែល​សម្រេច​ឱ្យ​មាន​ ការ​បោះ​ឆ្នោត​ប្រជាមតិ​ លើ​ ចំនុច​២​ គឺ​ Yes​ និង​ No​ មាន​ន័យ​ថា​ តើ​អ្នក​ព្រម​ ឬ​មិន​ព្រម​ទេ​ លើ​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ ហើយ​ បើ​មិន​គាំទ្រ​ គឺ​ ត្រូវ​ទុកជា​មោឃៈ​ ឬ​ រុះរើ​ឡើង​វិញ​។​

​តាម​លទ្ធផល​គឺ​ភាគច្រើន​នៃ​អ្នកបោះឆ្នោត​ប្រជាមតិ​ បាន​គាំទ្រ​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ដែល​រៀបរៀង​ដោយ​ គណៈកម្មាធិការ​ពួក​យោធា​ថៃ​ដណ្តើម​អំណាច​ពី​គណៈរដ្ឋមន្ត្រី​របស់​លោកស្រី​ យី​ង​ឡាក់​។​ លទ្ធផល​ បាន​បង្ហាញ​ថា​ ៦១,៤៥%​ បាន​បោះ​ឆ្នោត​ពេញចិត្ត​រដ្ឋធម្មនុញ្ញ​នេះ​។​

​ការ​បោះ​ឆ្នោត​ប្រជាមតិ​នៅ​ថៃ​គឺជា​ព្រឹត្តិការណ៍​មួយ​ អាច​ជះ​ឥទ្ធិពល​មក​លើ​ ប្រទេស​កម្ពុជា​ ទោះបី​តិច​ ឬ​ច្រើន​ ក្ដី​។

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​ បាន​ផ្ដល់​បទ​សំ​ម្ភា​សន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​ ០៨​សីហា​ ថា​ ក្នុង​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​ការ​ធ្វើ​ប្រជាមតិ​ក្នុង​ការ​ធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី​ ឬ​បោះ​ឆ្នោត​ លើ​បញ្ហា​អ្វីមួយ​ គឺជា​រឿង​សំខាន់​ណាស់​ ដែល​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​លើ​លទ្ធិប្រជាធិបតេយ្យ​  ក្នុង​ប្រទេស​នីមួយៗ​។​ លោក​ថា​ ការ​ធ្វើ​ដូចនេះ​មាន​សារៈសំខាន់​ណាស់​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អាច​បញ្ចេញ​មតិយោបល់​ និង​ ប្រើប្រាស់​សិទ្ធិ​នៃ​ឆន្ទៈ​នយោបាយ​របស់​ខ្លួន​បាន​ពេញលេញ​។​

​លើស​ពី​នេះ​លោក​ថា​ វា​ក៏​មាន​អត្ថប្រយោជន៍​ដល់​សង្គម​ជាតិ​ ច្រើន​ផង​ដែរ​ ដូច​ជា​អាច​ធ្វើ​ឲ្យ​អ្នកនយោបាយ​ដែល​ទាស់ទែង​គ្នា​ អាច​បញ្ចប់​ជម្លោះ​ ពី​គំនិត​របស់​ខ្លួន​ដែល​ប្រឆាំង​គ្នា​ ងាក​មក​បំពេញ​តាម​ ការ​ចង់បាន​របស់​ពលរដ្ឋ​វិញ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​ធ្វើ​ប្រជាមតិ​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​មេដឹកនាំ​នៃ​ប្រទេស​នោះ​ផង​ដែរ​ ដែល​អាច​ធ្វើ​ឲ្យ​មេដឹកនាំ​កាត់​បន្ថយ​ការ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ហួស​ព្រំដែន​ ។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ប្រទេស​មួយ​គឺ​សំខាន់​ជាងគេ​គឺ​សម្រាប់​ប្រជាជន​ សម្រាប់​ប្រជាពលរដ្ឋ​ អ​ញ្ចឹ​ង​បាន​រឿង​ធំៗ​ខ្លះ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ក៏​ដោយ​ គឺ​គេ​ទាមទារ​ឲ្យ​មានការ​ធ្វើ​ប្រជាមតិ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នក​សម្ដែង​ឆន្ទៈ​របស់​ពួក​គាត់​ ជា​ជាង​ពួក​អ្នកនយោបាយ​ ៣​ ៤​រយ​នាក់​ អង្គុយ​ជំនុំ​គ្នា​ហើយ​សម្រេច​រឿង​ហ្នឹង​»​។​

​មិន​ថា​បោះ​ឆ្នោត​ប្រជាមតិ​លើ​ រដ្ឋធម្មនុញ្ញ​ សូ​ម្បី​បោះ​ឆ្នោត​ លើ​ការ​កែទម្រង់​ប្រទេស​ ឬ​ និន្នាការ​អ្វីមួយ​ ដែល​មាន​ភាព​ចម្រូងចម្រាស់​ខ្លាំង​ គឺ​ប្រទេស​ប្រកាន់​របប​ សេរី​ពហុបក្ស​ និង​ ប្រជាធិបតេយ្យ​ពិតៗ​ គឺ​ត្រូវធ្វើ​ ដូចនេះ​ ហើយ​ ជាក់ស្ដែង​ប្រទេស​អង់គ្លេស​ គេ​បាន​ធ្វើ​ដូចនេះ​ហើយ​ខណៈ​ប្រទេស​នេះ​ ត្រូវ​ដកខ្លួន​ចេញពី​សមាជិកភាព​នៃ​សហភាព​អឺរ៉ុប​។​

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​យល់​ថា​ ការ​ធ្វើ​ប្រជាមតិ​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​គឺជា​រឿង​សំខាន់​ ហើយ​ចាំបាច់​ជាទី​បំផុត​ ដើម្បី​បង្ហាញ​ថា​ ប្រទេស​នោះ​ ពិតជា​បាន​គោរព​លទ្ធិប្រជាធិបតេយ្យ​ ប្រាកដ​។​ លោក​បណ្ឌិត​បន្ដ​ថា​ ការ​ធ្វើ​បែប​នេះ​គឺ​មាន​សារៈសំខាន់​ក្នុង​ការពារ​ការ​ពី​កេង​ប្រ​វ័​ញ​ខាង​ នយោបាយ​ពី​អ្នកមាន​អំណាច​លើ​ប្រជាពលរដ្ឋ​ ហើយ​មិនតែប៉ុណ្ណោះ​ក៏​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ​អាច​ បញ្ចេញមតិ​យោបល់​របស់​ខ្លួន​បាន​ពេញលេញ​។​​

លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

លោក​ បណ្ឌិត​ មាស​ នី​ បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ដោយសារ​តែ​ មិន​ធ្លាប់​ មានការ​បោះ​ឆ្នោត​ប្រជាមតិ​លើ​រដ្ឋធម្មនុញ​ ដោយ​ប្រជាពលរដ្ឋ​ដូច្នេះ​ហើយ​បាន​ រហូត​មក​ដល់​បច្ចុប្បន​ អ្នកនយោបាយ​ខ្មែរ​តែងតែ​ទាស់ទែង​គ្នា​ មិន​ឈប់​។​ ក្រៅពី​នេះ​លោក​យល់​ឃើញ​ថា​ ជួនកាល​មក​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​មិន​ធ្លាប់​ត្រូវ​បាន​សើរើ​ពិនិត្យ​ឡើង​វិញ​បានជា​ បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្រែកយំ​មិន​ដាច់​។​

​លោក​ បណ្ឌិត​ មាស​ នី​៖«​ ជួនកាល​ពេល​ខ្លះ​អំពើ​អ​យុ​ត្ដិ​ធ​ម៍​ទាំងឡាយ​ ក្នុង​សង្គម​ ចេះ​តែ​កើត​មាន​បន្ដបន្ទាប់​ញឹកញាប់​ដូច​ស្រុក​យើង​ ជួនកាល​វា​អាច​បណ្ដាល​មក​ពី​រដ្ឋធម្មនុញ្ញ​ហ្នឹង​ដែរ​ មក​ពី​យើង​តែង​គិត​ថា​អ្វីៗ​ដែល​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​ សុទ្ធតែ​ត្រូវ​ទាំងអស់​។​ ចឹ​ង​ខ្ញុំ​គិត​ថា​វា​សំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​ អណ​ត្ដិ​នេះ​ក៏​ដូច​ជា​ រដ្ឋាភិបាល​អណ​ត្ដិ​ក្រោយៗ​ទៀត​ ខ្មែរ​យើង​គួរតែ​យក​រដ្ឋធម្មនុញ្ញ​មក​ពិនិត្យ​ឡើង​វិញ​ថា​ មាន​អ្វី​បានជា​ធ្វើ​ឲ្យ​អ្នកនយោបាយ​ចេះ​តែ​ទាស់ទែង​គ្នា​ដល់​សព្វថ្ងៃ​»​។​

​រាជាណាចក្រ​ថៃ​ ធ្លាប់​កើត​មាន​ រដ្ឋប្រហារ​ចំនួន​ ១៩​ លើក​មក​ហើយ​។​ រាជាណាចក្រ​នេះ​ បាន​បែកបាក់​គ្នា​ កាន់តែ​ខ្លាំង​ឡើង​ រយៈពេល​មួយ​ទស​វត្ស​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​ពួក​យោធា​ បាន​ឡើង​កាន់​អំណាច​ ដោយ​រដ្ឋប្រហារ​នៅ​ឆ្នាំ​ ២០០៦​ ទម្លាក់​លោក​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ ពី​តំណែង​នាយក​រដ្ឋមន្ដ្រី​ និង​ មាន​អំពើ​ចលាចល​ក្នុង​សង្គម​ រហូត​មាន​រដ្ឋប្រហារ​ថ្មី​ទៀត​ នៅ​ឆ្នាំ​ ២០១៤​ ទម្លាក់​គណរដ្ឋមន្ដ្រី​របស់​លោក​ ស្រី​ យី​ង​ ឡាក់​ ប្អូនស្រី​បង្កើត​របស់​លោក​ ថា​ក់​ ស៊ី​ន​ ។​

​ពួក​យោធា​បាន​ឡើង​កាន់​អំណាច​រដ្ឋបាល​ស៊ី​វិល​ ហើយ​បាន​សម្រេច​ បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​ ដែល​ខ្លួន​គេ​ផ្ទាល់​បាន​រៀបរៀង​ឡើង​ សំដៅ​ ឲ្យ​ច្បាប់​កំពូល​ថ្មី​នេះ​ មាន​ភាព​ប្រកដប្រជា​ និង​ ឆ្លុះ​បញ្ចាំង​ថា​ រាជាណាចក្រ​នេះ​មាន​ស្ដេច​ សោយរាជ្យ​ គ្រប់គ្រង​ប្រទេស​ ដោយ​មាន​អំណាច​បរ​បូ​រលើ​គណបក្ស​នយោបាយ​ទាំងអស់​។​

​ប៉ុន្ដែ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ ត្រូវ​បាន​បក្សនយោបាយ​មួយ​ចំនួន​រិះគន់​ថា​ មាន​លក្ខណ​រឹតត្បិត​ សេរីភាព​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​របស់​ពលរដ្ឋ​។​ យ៉ាងណា​ក៏​ដោយ​រដ្ឋធម្មនុញ្ញ​ដ៏​ច​ម្រោ​ង​ចម្រាស់​នេះ​ ត្រូវ​បាន​ ដាក់​ឲ្យ​ប្រជាជន​ថៃ​ ធ្វើ​សេចក្ដីសម្រេច​ដោយ​ផ្ទាល់​ គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​ប្រជាមតិ​ ដោយ​បាន​បញ្ជាក់​ថា​ ប្រជាជន​ថៃ​ ត្រូវ​ចូលរួម​ចំណែក​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រទេស​ជាតិ​។​ លទ្ធផល​បង្ហាញ​ថា​ ពលរដ្ឋ​ថៃ​ ជាង​ ៥០​ ភាគរយ​ គាំទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​។​ តាម​រយៈ​លទ្ធផល​នេះ​ បញ្ជាក់​ទៀត​ថា​ រាជាណាចក្រ​នេះ​នឹង​បោះ​ឆ្នោត​ជ្រើសរើស​សភា​ យ៉ាង​ពិតប្រាកដ​នូវ​ចុង​ ឆ្នាំ​ ២០១៧៕

Share

Image
Image
Image