en     km
en     km

អ្នកវិភាគ​សាទរ​ចំពោះ​ការ​បង្ហាញ​ជំហរ​ឯករាជ្យ​របស់​នាយក​រដ្ឋមន្ដ្រី​ជាមួយ​វៀតណាម​ ប៉ុន្ដែ​ចង់​ឃើញ​ការ​អនុវត្ដ​ជាក់ស្ដែង​?

Share

ភ្នំពេញ​៖​ អ្នកវិភាគ​បង្ហាញ​ការ​សាទរ​ចំពោះ​ប្រសាសន៍​នាយក​រដ្ឋមន្ដ្រី​ ដែល​បាន​បង្ហាញ​ជំហរ​ឯករាជ្យ​របស់​សម្ដេច​ ដែល​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​បរទេស​ ដោយ​បូក​បញ្ចូល​ប្រទេស​វៀតណាម​ផង​ដែរ​។​

​ការ​បញ្ជាក់​ជំហរ​ដ៏​ជាក់លាក់​របស់​ប្រមុខ​រដ្ឋាភិបាល​ ធ្វើ​ឡើង​ប្រតិកម្ម​ទៅ​នឹង​ម្ចាស់​គណនី​ ហ្វេ​ស​ប៊ុ​ក​ ដែល​សរសេរ​ជា​អក្សរ​វៀត ណាម​មានឈ្មោះ​ថា​ Phạm​ Đức​ Hiển​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​ ៣១​ កក្កដា​ ថា​កម្ពុជា​ក្បត់​វៀត ណាម​។​

​ប៉ុន្ដែ​អ្នកវិភាគ​ ចង់​ឃើញ​ការ​អនុវត្ដ​ពិត​ជាក់ស្ដែង​ មិនមែន​ត្រឹមតែ​ការ​និយាយ​នោះ​ទេ​។​ តែ​ប្រការ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ កម្ពុជា​ពិតជា​មិន​បាន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ណាមួយ​ដោយ​រួម​ប្រទេស​វៀតណាម​។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

​ម្ចាស់​ ហ្វេ​ស​ប៊ុ​ក​ ដែល​មានឈ្មោះ​ថា​ Phạm​ Đức​ Hiển​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​ ៣១​ កក្កដា​ កន្លង​ទៅ​ថា​ លោក​ ហ៊ុន​ សែន​ ក្បត់​វៀតណាម​។​ ការ​រិះគន់​នេះ​ ត្រូវ​បាន​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ឆ្លើយ​តប​វិញ​ថា​៖«​ហេតុ​អ្វី​បានជា​លោក​និយាយ​ថា​ខ្ញុំ​ក្បត់​វៀតណាម​?​ តើ​វៀតណាម​ជា​ឪពុក​ខ្ញុំ​ ឬ​ជា​មហាក្សត្រ​ខ្ញុំ​ឬ​?​ លោក​ត្រូវ​ដឹង​ថា​ អ្នក​ដែល​ខ្ញុំ​ត្រូវ​ស្មោះត្រង់​គឺ​ជាតិខ្មែ​របស់ខ្ញុំ​ ព្រះមហាក្សត្រ​កម្ពុជា​ជាទី​សក្ការៈ​របស់ខ្ញុំ​ និង​ភរិយា​ជាទី​ស្រឡាញ់​របស់ខ្ញុំ​។​ វៀតណាម​មិនមែន​ជា​ចៅហ្វាយ​របស់ខ្ញុំ​ ដែល​ខ្ញុំ​ត្រូវ​ស្មោះ​ត្រង់នោះ​ទេ​»។​

​ជុំវិញ​ការ​ឆ្លើយ​តប​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ដូចនេះ​ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​សម្ដែង​ការ​សាទរ​ដែល​កម្ពុជា​បង្ហាញ​ជំហរ​ប្រកាន់​ឯករាជ្យ​ភាព​ មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​វៀតណាម​ មិន​ដូច​ការ​យល់​ឃើញ​កាលពីមុន​នោះ​ទេ​។​

​លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​យល់​ថា​ ការ​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នាយក​រដ្ឋមន្ដ្រី​ដូចនេះ​អាច​បណ្ដាល​មក​ពី​ពលរដ្ឋ​វៀតណាម​រូប​នោះ​ អាក់អន់ចិត្ដ​ដែល​កម្ពុជា​មិន​គាំទ្រ​សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​នា​ពេល​កន្លង​មក​ ។​

​បន្ថែម​ពី​នេះ​លោក​យល់​ថា​ ជា​រឿយៗ​ទាំង​ពលរដ្ឋ​កម្ពុជា​ ក៏​ដូច​ជា​ពលរដ្ឋ​វៀតណាម​តែងតែ​យល់​ថា​ សម្ដេច​ ហ៊ុន​ សែន​ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​វៀតណាម​ ព្រោះ​គេ​យល់​ថា​វៀតណាម​ជា​អ្នក​ជួយ​ឲ្យ​នាយក​រដ្ឋមន្ដ្រី​មាន​អំណាច​ដល់​សព្វថ្ងៃ​។​

​ជាង​នេះ​ទៅ​ទៀត​លោក​ថា​ ដោយសារ​ចំនួន​ពលរដ្ឋ​វៀតណាម​រស់នៅ​កម្ពុជា​ដោយ​ខុសច្បាប់​មាន​ច្រើន​សន្ធឹកសន្ធាប់​ហើយ​អាជ្ញាធរ​គ្មាន​វិធាន ការ​ផង​នោះ​ រួម​ផ្សំ​នឹង​ការ​ចាប់ខ្លួន​អ្នក​រិះគន់​ពី​បញ្ហា​ព្រំដែន​ដាក់គុក​ទៀត​ ទើប​បានជា​ពលរដ្ឋ​ខ្មែរ​បង្ហាញ​ជំនឿ​ថា​ កម្ពុជា​ពិត​ស្ថិត​នៅ​ក្រោម​ឥទ្ធិ ពល​របស់​វៀតណាម​។​ ប៉ុន្ដែ​លោក​ថា​ ពេល​នេះ​ពលរដ្ឋ​ទាំងអស់​ត្រូវ​ចាំ​មើល​ការ​អនុវត្ដន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​សិន​ ទើប​អាច​វាយតម្លៃ​ទៅ​មុខ​ទៀត​ ។​ លោក​ សូ​ ច​ន្ថា​៖«​ចំពោះ​រឿង​នេះ​ក្នុង​នាម​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ត្រូវ​ចាំ​មើល​តទៅ​ទៀត​ដែល​លើក​ឡើង​បែប​នេះ​ ជា​ការ​ពិត​ឬ​ក៏​គ្រាន់​ជា​វោហា​សាស្ដ្រ​នយោបាយ​  ហើយ​យើង​ត្រូវ​ចាំ​មើល​បន្ដ​ទៀត​ពី​សកម្មភាព​របស់​លោក​ការពារ​ខ្មែរ​ឬ​ក៏​ការពារ​បរទេស​»​។​

សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា
សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា

​ដូច​គ្នា​នេះ​ដែរ​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​មាន​ប្រសាសន៍​ថា​ ការ​ចោទប្រកាន់​របស់​ពលរដ្ឋ​វៀតណាម​លើស​ម្ដេច​នាយក​រដ្ឋមន្ដ្រី​ដូច្នេះ​ គឺ​អាច​បណ្ដាល​មក​ពី​ការ​បង្ហាញ​ជំហរ​កម្ពុជា​កាន់តែ​រឹង​មាំ​ងាក​ទៅ​រក​ប្រទេស​ចិន​ដែល​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​អាក់អន់ចិត្ដ​។​  
​ជាមួយ​គ្នា​នេះ​លោក​ថា​ មាន​ផ្នែក​ជា​ច្រើន​ដែល​មតិ​សាធារណៈ​យល់​ឃើញ​ថា​ កម្ពុជា​ហាក់ដូច​រណប​វៀតណាម​ ដូច​ជា​ រាល់ពេល​ដែល​មាន​ស្ថានការណ៍​នយោបាយ​តានតឹង​ គេ​តែង​សង្កេត​ឃើញ​មាន​អ្នកកា​ទូត​កម្ពុជា​ ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​វៀតណាម​ ហើយ​ត្រឡប់​មក​វិញ​តែងតែមាន​ព្រឹត្ដិការណ៍​អ្វីមួយ​កើត​ឡើងជា​អន្លើ​។​

មួយវិញទៀត​លោក​ថា​ ដូច​ជា​ការ​ចេញ​សារ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ជាមួយ​វៀតណាម​ ហើយនឹង​ការ​ដែល​អាជ្ញាធរ​បង្ហាញ​ការ​ការពារ​មិន​ឲ្យ​មានការ​ប៉ះពាល់​ទៅ​លើ​ទី​សក្ការៈ​របស់​ពលរដ្ឋ​វៀតណាម​ជាដើម​។​

លោក​បណ្ឌិត​ មាស​ នី​ បញ្ជាក់​ថា​ ប្រសិនជា​អ្នកនយោបាយ​ខ្មែរ​ពិតជា​ប្រកាន់​យក​នូវ​គោល​គំនិត​ដូចដែល​បាន​ប្រកាស​នា​ពេល​នេះ​មែន​ វា​ជា​រឿង​ល្អ​ដែល​ជា​គំរូ​សម្រាប់​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​យ៉ាង​ប្រាកដ​។​ ប៉ុន្តែ​លោក​ថា​ អ្វី​ក៏​ដោយ​គឺ​ត្រូវ​ដើរ​ទន្ទឹម​នឹង​សកម្មភាព​។​ លោក​ មាស​ នី​៖«​ខ្ញុំ​គិត​ថា​ប្រសិនជា​អ្នកដឹកនាំ​ខ្មែរ​ប្រកាន់​យក​នូវ​គោល​គំនិត​ហ្នឹង​មែន​វា​ជា​ការ​ល្អ​ ហើយ​ជា​គំរូ​មួយ​ដែល​នាំ​ប្រទេស​ទៅ​រក​ការ​ឯកភាព​ជាតិ​ ប៉ុន្ដែ​បើ​ស្ថាន​ការ​ផ្ទៃ​ពេល​បច្ចុប្បន្ន​មិន​មាន​ភាព​ធូ​ស្រាល​ទេ​ នៅ​តែ​មានការ​ចាប់ចង​ឬ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​ឬ​បក្ស​ប្រឆាំង​នៅ​តែ​មាន​ខ្ញុំ​គិត​ថា​អ្វី​ដែល​មាន​និង​អ្វី​ដែល​លើក​ឡើង​គឺ​មិន​ស្របគ្នា​ទេ​»

លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម។

​ចំណែក​លោក​ សួ​ស​ យ៉ា​រ៉ា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ សូមកុំ​យក​រឿង​ការ​អនុវត្ដ​នីតិរដ្ឋ​មក​ឡូ​កឡំ​ជាមួយ​និង​អធិ បតេយ្យភាព​របស់​ប្រទេស​ ព្រោះ​វា​មិន​ត្រឹមត្រូវ​នោះ​ទេ​ ។​ ​លោក​បន្ថែម​ថា​ តាំងពី​អតីតកាល​មក​សម្ដេច​ក៏​បាន​ប្ដេជ្ញា​ចិត្ដ​រួច​ហើយពី​ការ​រក្សា​អធិ បតេយ្យភាព​របស់​កម្ពុជា​ ហើយ​តទៅ​អនាគត​កម្ពុជា​ក៏​នៅ​តែ​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន​ជា​និច្ច​។​ លោក​ សួ​ស​ យ៉ា​រ៉ា​៖«​អ្នក​លើក​ទស្សនៈ​វិភាគ​នេះ​គឺ​ខុស​ហើយ​ គេ​លើក​ឡើង​ពី​អធិបតេយ្យភាព​គេ​មិន​និ​យ​យា​ពី​ការ​អនុវត្ដ​និ​តិ​រដ្ឋ​ក្នុង​ប្រទេស​យើង​ទេ​ ចឹ​ង​អ្វី​ដែល​វិភាគ​សុំ​វិភាគ​ទៅ​លើ​អធិបតេយ្យ​របស់​ជាតិ​ អ​ញ្ចឹ​ង​រឿង​ពីរ​ខុសស្រឡះ​ ហើយ​ការយ​កមក​ឡូ​កឡំ​គ្នា​មិន​ត្រឹមត្រូវ​ទេ​»​។​

​គួរ​ម្លឹ​កថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ដែល​សរសេរ​មក​នោះ​ដែរ​ថា​ ប្រសិនជា​អ្នក​រស់នៅ​កម្ពុជា​ស្របច្បាប់​ អ្នក​ត្រូវ​តែ​គោរព​ច្បាប់​របស់​កម្ពុជា​ ប៉ុន្ដែ​ប្រសិនជា​អ្នក​រស់នៅ​កម្ពុជា​មិន​ស្របច្បាប់​ អ្នក​ត្រូវ​តែ​ចាក​ចេញពី​កម្ពុជា​។​ សារ​របស់​សម្ដេច​ត្រូវ​បាន​សាធារណៈជន​សាទរ​យ៉ាង​ខ្លាំង​ផង​ដែរ​៕​​

Share

Image
Image
Image